បទ​វិភាគ៖ ហេតុ​អ្វី​ប្រៀប​ធៀប​កម្ពុជា​ទៅ​នឹង​លេខ​សូន្យ?

សម័យ​ខ្មែរ​ក្រហម​បាន​រលំ​រលាយ​ទៅ​អស់​រយៈពេល ៣៥​ឆ្នាំ​ហើយ។ របប​នៃ​អ្នក​កាន់​អំណាច​អាវ​ខ្មៅ​នោះ ពិត​ជា​ដំណាក់​កាល​ដ៏​ខ្មៅ​ងងឹត​មួយ​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា ដែល​បាន​រុញ​ច្រាន​កម្ពុជា អោយ​ធ្លាក់​ចុះ​ដល់​ចំណុច​សូន្យ។ កម្ពុជា បាន​រួច​ផុត​ពី​របប​នេះ​នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ហើយ​ចាប់​ផ្ដើម​កសាង​ប្រទេស​កម្ពុជា ឡើង​វិញ ដោយ​ចាប់​ផ្ដើម​ពី​លេខ​សូន្យ​នោះ​ឯង។
ដោយ ជុន ច័ន្ទបុត្រ
2014.02.06
ជន​ពិការ សង្គ្រោះ​ជាតិ ៦១០ ជន​ពិការ​ជិះ​រទេះ​មក​ចូល​រួម​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នា​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៣។
RFA/Mom Sophon

ដោយ​ហេតុ​នេះ​ហើយ បាន​ជា​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា តែង​តែ​រំលឹក​ពី​គុណ​របស់​ខ្លួន​ដែល​បាន​បណ្ដេញ​របប​ខ្មែរ​ក្រហម ក្រោម​ជំនួយ​របស់​វៀតណាម ហើយ​តែង​តែ​ប្រៀប​ធៀប​ការ​រីក​ចម្រើន​នានា​នៃ​ប្រទេស​កម្ពុជា ទៅ​នឹង​សម័យ​ខ្មែរ​ក្រហម​នោះ។

តើ ៣៥​ឆ្នាំ​ក្រោយ​របប​ខ្មែរ​ក្រហម​នេះ កម្ពុជា ល្មម​ឈប់​ប្រៀប​ធៀប​សន្ទុះ​នៃ​ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ ទៅ​នឹង​លេខ​សូន្យ​នៃ​របប​ខ្មែរ​ក្រហម​នោះ​ឬ​នៅ?

ឪពុក​ម្តាយ​ទាំង​ឡាយ​តែង​តែ​ប្រដៅ​កូន​ចៅ​អោយ​យក​គំរូ​តាម​អ្នក​គ្រាន់​បើ អ្នក​ចេះ​កសាង​ខ្លួន​អោយ​បាន​រីក​ចម្រើន ប្រកប​ការងារ​រក​ស៊ី​មាន​បាន។ មាន​ភាគ​តិច​ណាស់​ដែល​ប្រដៅ​កូន​ចៅ​អោយ​ធៀប​ខ្លួន​ទៅ​នឹង​ជន​ឃោរឃៅ ឬ​ជន​ដែល​ជំរុញ​ប្រទេស​ជាតិ​អោយ​ធ្លាក់​ដល់​លេខ​សូន្យ​នោះ។ ហើយ​ស្ទើរ​តែ​គ្មាន​សោះ​តែ​ម្តង ដែល​ស្រែក​ទារ​គុណ​ពី​កូន​ចៅ​ម្តង​ហើយ​ម្តង​ទៀត ពី​ការ​ដែល​គាត់​ជួយ​អោយ​បាន​រស់​ធៀប​នឹង​លេខ​សូន្យ​នោះ។ តែ​ទោះ​ជា​យ៉ាង​ណា កូន​ចៅ​ភាគ​ច្រើន​តែង​តែ​ដឹង​គុណ​ឪពុក​ម្តាយ​ជានិច្ច ទោះ​បី​ជា​គាត់​បាន​ជួយ​ទំនុក​បម្រុង​អោយ​មាន​បាន​ប៉ុណ្ណា ឬ​មិន​រីក​ចម្រើន​យ៉ាង​ណា​ក៏ដោយ​ចុះ។ ធ្វើ​ម៉េច បើ​ខំ​ហើយ​វា​មិន​ទៅ​មុខ រក​ដំបូល​ជ្រក​មិន​ចង់​បាន​យ៉ាង​ណា ក៏​ចេះ​តែ​តស៊ូ​ទ្រាំ​ស៊ី​អត់​ស៊ី​ឃ្លាន​ជាមួយ​គ្នា​ទៅ។

ក៏ប៉ុន្តែ ការ​ស្រែក​ប្រដៅ​របស់​មេ​ដឹក​នាំ​នៅ​កម្ពុជា សព្វថ្ងៃ មិន​ខុស​អី​ពី​ការ​ស្រែក​ពពាយ​នាយ​លក់​ថ្នាំ​ស្រែង​របស់​សត្វ​គីង្គក់​ឡើយ។ ប្រមុខ​រដ្ឋាភិបាល​សព្វថ្ងៃ ទន្ទឹម​នឹង​ខំ​បណ្ដុះ​គំនិត​ប្រជាពលរដ្ឋ​អោយ​ប្រៀប​ធៀប​ទៅ​នឹង​លេខ​សូន្យ​នៃ​របប​ខ្មែរ​ក្រហម ហើយ​អោយ​ស៊ូ​រស់​ក្នុង​ស្ថានភាព​ខ្វះ​មុខ​ខ្វះ​ក្រោយ ខ្លួន​ឯង​បែរ​ជា​នាំ​គ្នា​ស្រវា​មាន​ស្រវា​បាន​កប់​ក្តោង ហាក់​មិន​គិត​ដល់​ប្រជាពលរដ្ឋ​ដែល​ក្រ​លំបាក​នៅ​ជុំវិញ​ខ្លួន​ទាំងអស់។ សួន​ច្បារ​ក្នុង​ក្រុង​ក៏​លក់។ លុយ​ជំនួយ​បរទេស​ក៏​លួច។ ឈើ​ក្នុង​ព្រៃ​ក៏​កាប់។ ដី​នៅ​ឯ​ស្រែ​ក៏​ហ៊ុមព័ទ្ធ​យក។ ឯ​ដី​ក្នុង​ក្រុង​វិញ បើ​រឹប​អូស​យក​ខ្លួន​ឯង​មិន​បាន ក៏​រឹប​អូស​យក​ទៅ​ជួល​អោយ​ឈ្មួញ​បរទេស ទោះ​ជា​ដី​នោះ​មាន​ប្រជាពលរដ្ឋ​កំពុង​រស់​នៅ​ក៏ដោយ។ ធ្វើ​យ៉ាង​ណា​អោយ​តែ​បាន​លុយ​ចូល​ក្នុង​ហោប៉ៅ​ខ្លួន​ឯង និង​បក្ខពួក​របស់​ខ្លួន។

តើ​អ្នក​កាន់​អំណាច​ទាំង​នោះ​បាន​កាត់​បន្ថយ​ការ​លោភលន់​ខ្លះ ឬ​ក៏​ទ្រាំ​ស៊ី​អត់​ស៊ី​ឃ្លាន​ជាមួយ​ប្រជាពលរដ្ឋ ដោយ​ធៀប​ខ្លួន​ឯង​ទៅ​នឹង​ការ​រស់​នៅ​ក្រោម​របប​លេខ​សូន្យ​ខ្មែរ​ក្រហម ដែល​ខ្លួន​ធ្លាប់​ក្រីក្រ​លំបាក ធ្លាប់​ធ្វើ​ជា​ទាហាន​ខ្មែរ​ក្រហម​ដែរ​ឬ​ទេ? បើ​ធ្លាប់​បាន​គិត​ប្រៀប​ធៀប​ខ្លួន​ឯង​ទៅ​នឹង​លេខ​សូន្យ អ្នក​ទាំង​នោះ​ប្រហែល​ជា​មិន​នាំ​គ្នា​ត្រេក​ត្រអាល​ក្នុង​ការ​បង្កើត​វប្បធម៌​បង្អួត​ឡាន​វីឡា វប្បធម៌​ដណ្ដើម​កាន់​កាប់​ដី​រាប់​រយ​រាប់​ពាន់​ហិកតារ​មួយ​ខ្លួនៗ និង​វប្បធម៌​បំផ្លាញ​សម្បត្តិ​ធម្មជាតិ​យ៉ាង​ងងើល​បែប​នេះ​ទេ។

នេះ​ជា​អ្វី​ដែល​គេ​មើល​ឃើញ​ថា កំពុង​កើត​ឡើង​នៅ​ក្នុង​សង្គម​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នេះ។ ទោះ​ជា​កើត​ទាន់ ឬ​មិន​ទាន់​របប​ខ្មែរ​ក្រហម​ក៏ដោយ នរណា​ក៏​ដឹង​ក៏​ឮ​ដែរ​ថា កម្ពុជា ធ្លាប់​ចាក​ចេញ​ពី​ចំណុច​សូន្យ។ ក៏ប៉ុន្តែ ៣៥​ឆ្នាំ​កន្លង​មក​នេះ កម្ពុជា បាន​ទទួល​ការ​ជ្រោមជ្រែង​ច្រើន​ណាស់​ពី​សហគមន៍​អន្តរជាតិ។ បើ​គិត​ត្រឹម​តែ​ពី​ក្រោយ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស នៅ​ឆ្នាំ​១៩៩១ មក​ទល់​បច្ចុប្បន្ន​នេះ សហគមន៍​អន្តរជាតិ បាន​ជួយ​កម្ពុជា តាម​គ្រប់​រូបភាព។ កម្ពុជា លែង​ចាប់​ផ្ដើម​ពី​បាត​ដៃ​ទទេ ឬ​ពី​លេខ​សូន្យ​ទៀត​ហើយ។

ជាង​ម្ភៃ​ឆ្នាំ​ហើយ​ដែល​ក្រុម​ប្រទេស​អ្នក​ផ្តល់​ជំនួយ​ដល់​កម្ពុជា បាន​ជួយ​ថវិកា​ជា​ទៀង​ទាត់។ ក្នុង​មួយ​ឆ្នាំៗ​ជាង ៥០០​លាន​ដុល្លារ។ ឆ្នាំ​ខ្លះ​រហូត​ដល់​ជាង ១​ពាន់​លាន​ដុល្លា​សហរដ្ឋ​អាមេរិក ឯណោះ។ ប្រាក់​ជំនួយ​បរទេស​ទាំង​នេះ គឺ​សម្រាប់​ជួយ​ផ្តល់​សេវា​សំខាន់ៗ​មួយ​ចំនួន​នៅ​កម្ពុជា រួម​មាន សេវា​សុខាភិបាល សេវា​អប់រំ ដូច​ជា​សង់​សាលា​រៀន កសាង​កម្មវិធី​សិក្សា​អោយ​មាន​គុណភាព ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ មាន​ដូច​ជា សាងសង់​ផ្លូវ ស្ពាន និង​ការ​អភិវឌ្ឍ​ជនបទ​ជាដើម។ នេះ​មិន​ទាំង​ទាន់​គិត​ពី​លុយ​ដែល​បាន​មក​ពី​ការ​កាប់​ព្រៃ​ឈើ និង​ការ​លក់​សម្បត្តិ​ធម្មជាតិ​ដទៃ​ទៀត និង​លុយ​ខ្ចី​បរទេស ថា​យក​មក​កសាង​ជាតិ និង​មក​សង់​ការិយាល័យ​ដ៏​ធំ​ស្កឹមស្កៃ​របស់​ខ្លួន​រាប់​ពាន់​លាន​ដុល្លារ​ទៀត​ផង។ មិន​ដឹង​ថា​ខ្មែរ​ត្រូវ​សង​គេ​ប៉ុន្មាន​តំណ​មនុស្ស​ទេ ទើប​រួច​ខ្លួន​នោះ។

បើ​និយាយ​ពី​ការ​ដឹង​គុណ​វិញ តាម​ស្ថានភាព​ជាក់ស្តែង​នៅ​កម្ពុជា រាស្ត្រ​ប្រហែល​ជា​មាន​គុណ​ទៅ​លើ​អ្នក​ដឹក​នាំ ឬ​មន្ត្រី​ធំៗ​ជាង​អ្នក​ដឹក​នាំ​មាន​គុណ​ទៅ​លើ​រាស្ត្រ។ បើ​ទុក​ជា​មេ​ដឹក​នាំ​ខ្មែរ​ទៅ​សុំ​លុយ​គេ ក៏​យក​មុខ​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ​ខ្វះខាត​ទៅ​ជា​សំអាង​ដែរ។ គឺ​ដោយសារ​ប្រជាពលរដ្ឋ​កម្ពុជា នេះ​ហើយ ដែល​សហគមន៍​អន្តរជាតិ​គេ​អាណិត គេ​សុខ​ចិត្ត​ផ្តាច់​ពី​មាត់​ពី​ក យក​មក​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ។ មិន​មែន​គេ​យក​មក​អោយ​លោក​អ្នក​កាន់​ការ​ទៅ​ចាយ​វាយ​បម្រើ​ជីវិត​ដ៏​ហ៊ឺហា សង់​វីឡា​បួន​ប្រាំ​នោះ​ទេ។ អ្នក​ខ្លះ​មាន​ផ្ទះ​នៅ​ក្នុង​ក្រុង​សឹង​ប៉ុន​សណ្ឋាគារ​ហើយ នៅ​មិន​ឆ្អែត​ទេ ទៅ​សង់​ប្រាសាទ​នៅ​ក្រៅ​ក្រុង​ថែម​ទៀត។

ក្រៅ​ពី​មាន​គុណ​លើ​អ្នក​ដឹក​នាំ ប្រជារាស្ត្រ​ខ្មែរ​ហាក់​ដូច​ជា​អត់ធ្មត់ និង​មាន​ការ​សន្តោស​ប្រណី​ច្រើន​ណាស់​ទៅ​លើ​ក្រុម​អ្នក​ដឹក​នាំ​ទាំង​នោះ។ ដើរ​សួរ​មើល​ចុះ លើក​លែង​តែ​អ្នក​ដែល​បាន​ផល​ប្រយោជន៍​ពី​អំពើ​ទាំង​នោះ​ចេញ អ្នក​ណា​ក៏​ដឹង​ច្បាស់​ថា មេ​ដឹក​នាំ​លក់​សម្បត្តិ​ធម្មជាតិ មេ​ដឹក​នាំ​លួច​លុយ​ជំនួយ​បរទេស​ដែរ។ គឺ​ដឹង​តាំង​ពី​មុន​អង្គការ​ឃ្លាំ​មើល​ពិភពលោក គ្លូបាល់ វីតណេស (Global Witness) ចេញ​របាយការណ៍​ស្តី​អំពី​សែស្រឡាយ​អ្នក​លួច​ជាតិ និង​មុន​ការ​បែក​ការ​រឿង​លួច​លុយ គ្លូបាល់ ហ្វាន់ (Global Fund) នៅ​ក្រសួង​សុខាភិបាល ទៅ​ទៀត ត្បិត​ពួក​គាត់​មើល​ឃើញ​ការ​លួច​កិប​កេង​ទាំង​នោះ​ស្រស់ៗ​ផ្ទាល់​នឹង​ភ្នែក តាម​ការ​ធ្វើ​ការ​ជាមួយ​គ្នា ឬ​មើល​ឃើញ​ការ​កាប់​បំផ្លាញ​ធនធាន​ធម្មជាតិ​ទាំង​នោះ​យ៉ាង​អានាធិបតេយ្យ​នៅ​តាម​សហគមន៍​ដែល​ពួក​គាត់​រស់​នៅ។ ជាពិសេស​ទៅ​ទៀត ពួក​គាត់​ដឹង​ដោយសារ​ពួក​គាត់​ពិសារ​បាយ​នឹង​ចាន មិន​មែន​នឹង​ត្រឡោក​ដូច​គេ​ធ្លាប់​គិត​នោះ​ទេ។ លទ្ធផល​សន្លឹក​ឆ្នោត​នា​ពេល​ថ្មីៗ​នេះ ជា​តឹកតាង​ស្រាប់។

នៅ​មាន​រឿង​ដទៃ​ទៀត​ដែល​អ្នក​ដឹក​នាំ និង​មន្ត្រី​រដ្ឋាភិបាល តែង​តែ​ទាមទារ​អោយ​ប្រជាពលរដ្ឋ​ដឹង​គុណ​ជា​ញឹកញយ​ណាស់​ដែរ។ នោះ គឺ​ការ​ដែល​រដ្ឋាភិបាល​បាន​ផ្តល់​សិទ្ធិ​ខ្លះៗ ក្រោម​ការ​ត្រួត​ពិនិត្យ និង​ឃ្លាំ​មើល​យ៉ាង​តឹងរ៉ឹង ដូច​ជា​សិទ្ធិ​ក្នុង​ការ​ទទួល និង​ផ្សាយ​ព័ត៌មាន​ឯករាជ្យ សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​តាម​ការ​ធ្វើ​បាតុកម្ម​ជាដើម។ តាម​ពិត សិទ្ធិ​ទទួល និង​ផ្សព្វផ្សាយ​ព័ត៌មាន​ដោយ​មិន​មាន​ការ​រារាំង ជា​សិទ្ធិ​ជា​មូលដ្ឋាន​ដែល​មាន​ចែង​ក្នុង​សេចក្តី​ប្រកាស​ជា​សកល អំពី​សិទ្ធិ​មនុស្ស ហើយ​ដែល​កម្ពុជា ព្រម​ទទួល​យក ថា​ជា​ច្បាប់​របស់​ជាតិ។ បើ​គ្រាន់​តែ​ផ្តល់​នូវ​សិទ្ធិ​មូលដ្ឋាន​អោយ​ប្រជាពលរដ្ឋ មិន​ទាំង​ទាន់​បាន​ផង តើ​នៅ​ចង់​ទារ​គុណស្រ័យ​អី​ទៀត?

មេ​ដឹក​នាំ​បែប​នេះ នៅ​ប្រទេស​ខ្លះ​គេ​ប្រាកដ​ជា​បោះ​ឆ្នោត​បណ្ដេញ​ចេញ​ពី​តំណែង​បាត់​តាំង​ពី​យូរ​យារ​ណាស់​ទៅ​ហើយ។ ក៏ប៉ុន្តែ និយាយ​តាម​ពិត​ទៅ ប្រជាពលរដ្ឋ​ខ្មែរ​នាំ​គ្នា​បោះ​ឆ្នោត​ទម្លាក់​មេ​ដឹក​នាំ​បច្ចុប្បន្ន​នេះ​តាំង​ពី ២០​ឆ្នាំ​មុន​ឯណោះ គឺ​តាំង​ពី​ការ​បោះ​ឆ្នោត​ក្រោម​ការ​គ្រប់គ្រង​របស់​អ៊ុនតាក់ (UNTAC) នៅ​ឆ្នាំ​១៩៩៣ នោះ​ម៉្លេះ។ ក៏ប៉ុន្តែ គឺ​យុទ្ធសាស្ត្រ​ក្រាញ​ននៀល​មិន​ព្រម​ចុះ​ចេញ​ពី​តំណែង​តាម​គ្រប់​វិធី ដោយ​មិន​គោរព​ឆន្ទៈ​របស់​រាស្ត្រ រួម​និង​ការ​អត់ធ្មត់​យោគយល់​របស់​រាស្ត្រ​ខ្មែរ​ទេ ដែល​រដ្ឋាភិបាល​មុខ​ដដែលៗ​នេះ​អាច​មាន​វត្តមាន​ដល់​សព្វថ្ងៃ​បាន។ ដូច​នេះ តើ​នរណា​គួរ​ដឹង​គុណ​នរណា?

បើ​សង្កេត​អោយ​ដិតដល់​ទៅ ប្រជាពលរដ្ឋ​ខ្មែរ​មាន​តម្រូវ​ការ​តិចតួច​ណាស់​ក្នុង​ជីវិត។ គាត់​គ្មាន​ចិត្ត​លោភលន់ ហើយ​ក៏​ឆាប់​អនុគ្រោះ​ណាស់​ដែរ។ ពួក​គាត់​មិន​ចាំ​បាច់​មាន​វីឡា​បួន​ប្រាំ ឬ​ដី​រាប់​រយ​ហិកតារ​ដូច​មេ​ដឹក​នាំ​ទេ។ អោយ​តែ​មាន​ដំបូល​ជ្រក មាន​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន មាន​សុខ​សន្តិភាព​ក្នុង​ប្រទេស ដើម្បី​អោយ​យុវជន​ជា​កូន​ចៅ​អាច​រៀន​សូត្រ មាន​ការងារ​ធ្វើ​ល្មមៗ អ្នក​ស្រុក​អាច​រស់​នៅ​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត​បាន​ជា​មធ្យម គាត់​មិន​ជា​ទាមទារ​អ្វី​ធំ​ដុំ​ជាង​នេះ​ទៀត​ទេ។ នរណា​ក៏ដោយ អោយ​តែ​អាច​ធានា​បាន​ប៉ុណ្ណេះ ទុក​ជា​មិន​ទៅ​ចែក​សារុង​ពុម្ព​អោយ​គាត់​មួយ ឬ​អោយ​ប៊ីចេង​មួយ​កញ្ចប់​ក្នុង​ប្រាំ​ឆ្នាំ​ម្តង ក៏​ពួក​គាត់​អាច​នឹង​បោះ​ឆ្នោត​អោយ​ដែរ។

បើ​ចង់​ប្រៀប​ធៀប​វិញ ចង់​ដឹង​ថា តើ​កម្ពុជា មាន​ការ​រីក​ចម្រើន​បែប​ណា​នោះ គួរ​ប្រៀប​ធៀប​កម្ពុជា ទៅ​នឹង​ប្រទេស​ជិត​ខាង​ក្នុង​តំបន់។ មិន​ចាំ​បាច់​ទៅ​ធៀប​ជា​មួយ​នឹង​ប្រទេស​ខ្លាំងៗ​ក៏​បាន​ដែរ កុំ​អោយ​វា​ដូច​ជា​អន់​ជាង​គេ​ពេក។ មើល​ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា ដែល​ធ្លាប់​តែ​នៅ​ក្រោម​ការ​កាន់​អំណាច​ផ្តាច់​ការ​របស់​ពួក​យោធា​អស់​រយៈ​ជាង​កន្លះ​សតវត្ស ហើយ​ទើប​នឹង​ងាក​មក​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​ពីរ​ឆ្នាំ​មុន​នេះ​សោះ ឥឡូវ​ក៏​ស្រាប់​តែ​គេ​ប្រគល់​សិទ្ធិ និង​ផ្តល់​ឱកាស​អោយ​ប្រជាជន​គេ​យ៉ាង​ទូលំទូលាយ។ ផ្នែក​ខ្លះ ដើរ​លឿន​ជាង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​មួយ​ដ៏​ខ្លី។

ស្ថាប័ន​អាស៊ី​សេរី ផ្នែក​ភាសា​ភូមា ជា​ឧទាហរណ៍ ត្រូវ​បាន​រដ្ឋាភិបាល​ភូមា អនុញ្ញាត​អោយ​ផ្សាយ​ទូរទស្សន៍​ដោយ​ផ្ទាល់​ពី​រដ្ឋធានី​វ៉ាស៊ីនតោន ទៅ​កាន់​ប្រទេស​នេះ។ នៅ​កម្ពុជា វិញ តាំង​ពី​មាន​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស ត្រួសត្រាយ​ផ្លូវ​អោយ​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​ជាង ២០​ឆ្នាំ​មក​នេះ​នៅ​តែ​ក្រ ស្ទើរ​តែ​រក​តែ​ហ្រ្វេកង់​អោយ​វិទ្យុ ឬ​ទូរទស្សន៍​ឯករាជ្យ​មួយ​មិន​បាន​ផង។

ពី​ដំបូង អ្នក​តាម​ដាន​នយោបាយ​នៅ​ភូមា និង​សហគមន៍​អន្តរជាតិ នៅ​មាន​ការ​ស្រពេចស្រពិល​ខ្លាច​ការ​ផ្លាស់​ប្ដូរ​នៅ​ភូមា ដើរ​តាម​គំរូ​កម្ពុជា។ នេះ គឺ​មាន​ន័យ​ថា គេ​ខ្លាច​ក្រែង​ភូមា គ្រាន់​តែ​ដោះ​អាវ​ផ្តាច់​ការ​ចេញ រួច​យក​អាវ​ប្រជាធិបតេយ្យ​មក​គ្រប​លើ​ដង​ខ្លួន​ជន​ផ្តាច់​ការ​ដដែល ក្នុង​គោល​បំណង​ស្វែង​រក​ការ​ទទួល​ស្គាល់ និង​បាន​ទទួល​ជំនួយ​ពី​សហគមន៍​អន្តរជាតិ ដូច​មេ​ដឹក​នាំ​នៅ​កម្ពុជា ដែរ។ ក៏ប៉ុន្តែ ភូមា បាន​ធ្វើ​អោយ​ការ​មន្ទិល​សង្ស័យ​របស់​សហគមន៍​អន្តរជាតិ សាប​រលាប​បន្តិច​ម្តងៗ។ ថ្វី​ត្បិត​តែ​ភូមា នៅ​មាន​ការងារ​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ ដូច​ជា​បញ្ហា​ជម្លោះ​សាសនា​ជាដើម ក៏​ភូមា បាន​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​លឿន បន្ទាប់​ពី​ប្រទេស​នេះ​បាន​បញ្ចប់​ការ​កាន់​អំណាច​ផ្តាច់​ការ​របស់​ពួក​យោធា​នៅ​ឆ្នាំ​២០១១។

នៅ​ចុង​ឆ្នាំ​២០១៣ នេះ ភូមា បាន​ប្រកាស​ដោះ​លែង​អ្នក​ទោស​នយោបាយ​ទាំងអស់។ ក្នុង​ការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​វិញ ក៏​ភូមា បាន​កែលំអ​ជាង​នៅ​កម្ពុជា។ បើ​ពិនិត្យ​មើល​ការ​ស្រាវជ្រាវ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ កាល​ពី​ឆ្នាំ​២០១២ ភូមា ជាប់​ចំណាត់​ថ្នាក់​លេខ​១៧២ ក្នុង​ចំណោម​ប្រទេស​ដែល​អង្គការ​នេះ​ស្រាវជ្រាវ​ទាំង ១៧៤​ប្រទេស។ កាល​ពី​ឆ្នាំ​២០១២ នោះ ភូមា សឹង​តែ​ជា​ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ​ជាង​គេ​លើ​ពិភពលោក។ គឺ​ពុក​រលួយ​ជាង​កម្ពុជា ដែល​ទទួល​ចំណាត់​ថ្នាក់​លេខ​១៥៧ ទៅ​ទៀត។ មួយ​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ក្នុង​ឆ្នាំ​២០១៣ ស្រាប់​តែ​កម្ពុជា ដណ្ដើម​បាន​តំណែង​ជា​ប្រទេស​ពុក​រលួយ​ជាង​ភូមា ដោយ​ធ្លាក់​ដល់​លេខ​១៦០ ទៅ​វិញ។ ភូមា ក៏​ទៅ​ជា​គ្រាន់​បើ​ជាង​កម្ពុជា ដោយ​បាន​ឡើង​បាន​ចំណាត់​ថ្នាក់​លេខ​១៥៧ វិញ។

ដូច្នេះ ការ​ដែល​រដ្ឋាភិបាល​កម្ពុជា ចេះ​តែ​យក​សន្ទុះ​នៃ​ការ​រីក​ចម្រើន​នៅ​កម្ពុជា ទៅ​ប្រៀប​ធៀប​នឹង​លេខ​សូន្យ​នៃ​របប​ខ្មែរ​ក្រហម​នោះ ប្រហែល​អាច​ជា​ការ​ប៉ុនប៉ង​បង្វែរ​ចំណាប់​អារម្មណ៍ កុំ​អោយ​ប្រជាពលរដ្ឋ​អាក់​អន់​ចិត្ត​ពេក និង​មើល​ឃើញ​ការ​រីក​ចម្រើន​នៃ​ប្រទេស​ដទៃ​ទៀត ឬ​អាច​គ្រាន់​តែ​ជា​ការ​រំលេច​អោយ​ឃើញ​នូវ​គុណ​របស់​ខ្លួន​ដែល​ខំ​ក្រាញ​កាន់​អំណាច​ដល់​ពេល​នេះ។

នៅ​ក្នុង​យុគ​សម័យ​កុំព្យូទ័រ​ទៅ​ហើយ ទោះ​ជា​មាន​ការ​រារាំង និង​ការ​ខិតខំ​បង្វែរ​សាច់​រឿង​យ៉ាង​ណា​ក្តី ប្រជាពលរដ្ឋ​នៅ​តែ​អាច​មាន​លទ្ធភាព​ស្វែង​រក​ព័ត៌មាន​ពិត​បាន​ជានិច្ច។ ក្នុង​បរិបទ​នេះ របរ​រក​ស៊ី​លក់​ថ្នាំ​ស្រែង​របស់​គីង្គក់​នោះ អាច​លែង​កាក់​កប​ទៀត​ហើយ។ ត្បិត​បើ​ស្រែក​ពពាយ​នាយ​តាម​វិទ្យុ​ទូរទស្សន៍​របស់​ខ្លួន គេ​នាំ​គ្នា​បិទ​ចោល។ ហើយ​បើ​ប្រើ​កូន​ក្អុក​កូន​ក្អាត់ អោយ​ជួយ​ពពាយ​នាយ​លក់​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម ដែល​គេ​អាច​មាន​ប្រតិកម្ម​តប​វិញ គេ​មិន​ត្រឹម​តែ​មិន​ទិញ​ទេ គេ​នាំ​គ្នា​ជេរ​ប្រទេច​ដាក់​បណ្ដាសា​ថែម​ទៀត​ផង។ ដូច្នេះ អាច​ល្មម​ដល់​ពេល​ដែល​គីង្គក់​ដឹង​ខ្លួន​ថា ការ​ខំ​ស្រែក​ពពាយ​នាយ​លក់​ថ្នាំ​ស្រែង​របស់​ខ្លួន លែង​មាន​ប្រសិទ្ធភាព​ត​ទៅ​ទៀត​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។