តើមូលហេតុអ្វីបានជាប្រជាពលរដ្ឋស្ថិតនៅក្នុងភាពជាយុវវ័យ ចូលរួមយ៉ាងសកម្ម ហើយស្ម័គ្រចិត្តក្លាយខ្លួនជាអ្នកអង្កេតការណ៍ក្រៅក្របខ័ណ្ឌដោយខ្លួនឯងយ៉ាងដូច្នេះ?
កាលពីថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ នាថ្ងៃទី២៨ កក្កដា កន្លងទៅនេះ ប្រជាពលរដ្ឋ ជាពិសេសយុវវ័យតែម្តង ហាក់មានកាតព្វកិច្ច និងតួនាទីជាច្រើនក្នុងការដើរតួយ៉ាងសំខាន់ចូលរួមគាំទ្រឃោសនាគណបក្សនយោបាយដែលខ្លួនស្រឡាញ់ ចូលរួមអង្កេតការណ៍ រាយការណ៍ ថតរូប ថតវីដេអូ ឃ្លាំមើលសន្លឹកឆ្នោត និងចែកចាយព័ត៌មានបន្តគ្នាតាមបណ្ដាញសង្គមហ្វេសប៊ុក (FACEBOOK) ជាដើម។
ជាក់ស្តែង ប្រជាពលរដ្ឋក៏ដូចជាយុវជន បានរាយការណ៍បន្តគ្នាអំពីស្ថានការណ៍មិនប្រក្រតីនានា ដែលកើតមានឡើងជុំវិញខ្លួនគេ ហើយបាននាំគ្នាជួយគ្នាទៅវិញទៅមក ដោយគិតថា ខ្មែរត្រូវជួយខ្មែរដូចគ្នា បើគ្មានការយកចិត្តដាក់ និងមិនអើពើពីថ្នាក់ដឹកនាំ ឬរាជរដ្ឋាភិបាល។
ផ្ទុយពីការបោះឆ្នោតមុនៗ បណ្ដាសកម្មភាពទាំងអស់របស់យុវជនលើកនេះ ហាក់មិនមានការផុសផុលបែបនេះទេ បើប្រៀបធៀបទៅនឹងការបោះឆ្នោតចំនួន ៤អាណត្តិកន្លងទៅនេះ ដែលការបោះឆ្នោតដំបូងបានចាប់ផ្ដើមឡើងតាំងពីឆ្នាំ១៩៩៣។ សន្ទុះយ៉ាងខ្លាំងក្លាក្នុងនីតិកាលទី៥ នេះ កើតមានឡើងដោយឯកឯងពីឆន្ទៈផ្ទាល់របស់ប្រជាពលរដ្ឋ ជាពិសេស គឺយុវជនតែម្តង។
ការមានសកម្មភាពចូលរួមដោយផ្ទាល់របស់យុវវ័យនោះ ទី១ ដោយសារការខ្វះទំនុកចិត្ត ឬភាពកក់ក្តៅពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចដែលមិនបានអនុវត្តរបបប្រជាធិបតេយ្យអោយបានពេញលេញ។ ប្រព័ន្ធច្បាប់ គតិយុត្តិ ប្រព័ន្ធតុលាការ ការអនុវត្តច្បាប់របស់ថ្នាក់ដឹកនាំនានា បានជំរុញអោយប្រជាពលរដ្ឋអស់ជំនឿ និងគ្មានទំនុកចិត្តទាំងស្រុងទៅលើប្រសិទ្ធភាពរបស់ច្បាប់ទៀតឡើយ។ ត្រង់ចំណុចនេះ អ្នកណាក៏ដឹងដែរថា សកម្មជនស្នេហាជាតិមួយចំនួន ដែលក្នុងនោះរួមមាន សកម្មជនការពារព្រៃឈើ សកម្មជនការពារសិទ្ធិកម្មករកម្មការិនីជាដើម បានស្លាប់បាត់បង់ជីវិតដោយអយុត្តិធម៌ បូករួមផ្សំនឹងរឿងក្តីជាច្រើនទៀត ដែលនៅជាប់គាំងមិនទាន់ដោះស្រាយ ឬមិនទាន់វែកមុខជនល្មើសយកមកផ្ដន្ទាទោសនៅឡើយ។
បញ្ហាមួយទៀត គឺនៅក្នុងថ្ងៃបោះឆ្នោតទៀតសោត ប្រជាពលរដ្ឋជាច្រើនដែលបាត់ឈ្មោះ រកឈ្មោះមិនឃើញ ឈ្មោះស្ទួន និងឈ្មោះខ្លួនត្រូវបានគេបោះជំនួស បានឈររង់ចាំដំណោះស្រាយ ដើម្បីមានសិទ្ធិអាចបោះឆ្នោតបាន ប៉ុន្តែនៅទីបំផុត គ្មានដំណោះស្រាយទេ ក្រៅតែពីការជំរុញអោយហៅទូរស័ព្ទទៅកាន់លេខគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលប្រព័ន្ធទូរស័ព្ទពិបាកហៅចូល ឬមិនលើកទូរស័ព្ទទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយ នៅមានភាពមិនប្រក្រតីជាច្រើនទៀតដែលប្រជាពលរដ្ឋមើលឃើញជាក់ស្តែងនៅតាមមណ្ឌល និងការិយាល័យបោះឆ្នោតនានា ដូចជា ទឹកខ្មៅជ្រលក់ដៃអាចលាងជម្រះបាន ការពង្រាយកងកម្លាំងប្រដាប់អាវុធដោយមិនបានបញ្ជាក់មូលហេតុ ជនជាតិដទៃមានសិទ្ធិបោះឆ្នោតជាដើម។
យុវវ័យក៏បានរកឃើញថា មានភាពលម្អៀង ឬមិនស្មើភាពគ្នាក្នុងប្រព័ន្ធផ្សព្វផ្សាយ បានធ្វើអោយប្រជាពលរដ្ឋភាគច្រើនមិនអាចទទួលយកព័ត៌មានពិត។ ប្រព័ន្ធផ្សព្វផ្សាយ ដូចជាបណ្ដាញសារព័ត៌មាន វិទ្យុ និងទូរទស្សន៍ក្នុងស្រុកមួយចំនួន មិនបានបំពេញតួនាទីជាអ្នកផ្តល់ព័ត៌មានពិតជាក់ស្ដែង ដោយគ្មានភាពលម្អៀងឲ្យប្រជាពលរដ្ឋងាយធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវនោះទេ។ តួយ៉ាង ក្នុងរយៈពេលយុទ្ធនាការឃោសនាបោះឆ្នោត និងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ដែលទើបកន្លងទៅថ្មីៗនេះ បណ្ដាញសារព័ត៌មាន វិទ្យុ និងទូរទស្សន៍ក្នុងស្រុក បានផ្សាយតែព័ត៌មានបរិហារ ឬបង្ហាញតែពីចំណុចអវិជ្ជមានបក្សម្ខាងទៀតអោយប្រជាពលរដ្ឋមានការយល់ខុសនឹងទង្វើទាំងនោះ។
ឧទាហរណ៍ជាក់ស្តែង បណ្ដាញសារព័ត៌មាន វិទ្យុ និងទូរទស្សន៍ក្នុងស្រុកដែលជាម្ចាស់ផ្ទះ ហាក់មិនបានយកចិត្តទុកដាក់ និងមិនបានចាក់ផ្សាយការវិលត្រឡប់របស់ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដូចបណ្ដាញសារព័ត៌មានអន្តរជាតិដែលមិនមែនជាម្ចាស់ស្រុកទៅវិញ។ ផ្ទុយទៅវិញ ការមិនបានផ្សព្វផ្សាយព័ត៌មានពិត ហើយបែរជាទៅកាឡៃ ឬបំភ្លៃរឿងទាំងអស់នេះទៀត តួយ៉ាងដូចជាការបង្កើតខ្សែវីដេអូឯកសារមួយស្តីពីភាពអនាធិបតេយ្យរបស់យុវជនដែលជាអ្នកគាំទ្រគណបក្សប្រឆាំងជើងខ្លាំងមួយនេះទៅវិញ។
ច្រើនជាងនេះទៅទៀត ស្ថានភាពសង្គម និងបរិយាកាសដែលគេរស់នៅ ក៏ជាចំណែកមួយក្នុងការឆ្លុះបញ្ចាំងអំពីតថភាពពិតជាក់ស្តែង ក្នុងនោះមានអំពើពុករលួយអំពើអយុត្តិធម៌ ការរំលោភបំពានពីសំណាក់អ្នកមានអំណាចទៅលើប្រជាពលរដ្ឋតូចតាច សេរីភាពបញ្ចេញមតិយោបល់មិនបានទូលំទូលាយ ការបំពានដីធ្លីផ្ទះសម្បែងប្រជាពលរដ្ឋដោយមិនបានដោះស្រាយអោយបានសមរម្យជាដើម។ល។
ការរួមចំណែករបស់យុវវ័យមួយទៀត គឺការប្រើប្រាស់បណ្ដាញសង្គមផ្សេងៗ ជាពិសេស គឺបណ្ដាញសង្គមហ្វេសប៊ុក ដែលជាទីពេញនិយមរបស់យុវវ័យក្នុងការទទួលយកព័ត៌មាន ផ្សព្វផ្សាយព័ត៌មានយ៉ាងឆាប់រហ័សនូវអ្វីដែលខ្លួនបានប្រទះឃើញ។ ច្រើនជាងនោះទៅទៀត ក៏មានប្រជាពលរដ្ឋ ជាពិសេសយុវវ័យបានឆ្លើយឆ្លងជជែកគ្នាលើបណ្ដាញនេះថា បើមិនមានហ្វេសប៊ុក គង់អីមើលទូរទស្សន៍ស្រុកខ្មែរច្បាស់ជាដូចកង្កែបក្នុងអណ្ដូង ឬដូចអ្នកពិការភ្នែកយ៉ាងដូច្នេះឯង។
បន្ថែមពីនេះទៀត ការរៀនពីបទពិសោធន៍របស់អ្នកនយោបាយនៅកម្ពុជា មួយចំនួនធំ បានធ្វើអោយ យុវវ័យចងចាំ និងយល់ដឹងច្រើនពីបញ្ហានយោបាយ។ ការយល់ដឹងកាន់តែច្បាស់ពីបញ្ហានយោបាយនេះ កាន់តែធ្វើអោយប្រជាពលរដ្ឋរាងចាល និងមិនងាយជឿទុកចិត្តទៅលើការសន្យារបស់នយោបាយភាគច្រើននៅកម្ពុជា ដែលចេះយកចិត្តពីដំបូង តែក្រោយមកមិនខ្ចីអើពើ ឬឈឺឆ្អាលសុខទុក្ខរាស្ត្រ ដែលជាម្ចាស់ឆ្នោតឡើយ។ តាមរយៈបទពិសោធន៍ទាំងនេះ បានធ្វើអោយប្រជាពលរដ្ឋចេះគិតវែងឆ្ងាយពីអនាគតប្រទេសជាតិ និងផលប្រយោជន៍រួមជាសំខាន់ ដោយការចាប់ផ្ដើមរួមគ្នា ទោះគ្នាតិចក្តី ច្រើនក្តី។ ការចូលរួមនេះ មិនមែនកើតចេញពីអំណាចទឹកប្រាក់នោះទេ គឺកើតចេញពីឆន្ទៈផ្ទាល់ ដោយគិតថា ល្មមដល់ពេលដែលប្រជាពលរដ្ឋជាម្ចាស់ឆ្នោតត្រូវខ្វល់ខ្វាយ និងតាមដានតំណាងរាស្ត្រដែលពួកគេបានបោះឆ្នោតអោយ។
សរុបសេចក្តីមក ការក្រោកឈរឡើង ការយល់ដឹងពីតម្លៃនៃសន្លឹកឆ្នោត និងសិទ្ធិជាម្ចាស់ឆ្នោតនេះ នឹងបន្តផុសផុលតទៅទៀតតាមឆន្ទៈរបស់ប្រជាពលរដ្ឋ ស្របទៅតាមសង្គមជាក់ស្តែងដែលគេបានជួបប្រទះ។ ប្រជាពលរដ្ឋទាំងក្មេង ចាស់ ប្រុសស្រី នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើគណបក្សនយោបាយដែលខ្លួនគាំទ្រ និងជ្រើសយក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។