នៅឆ្នាំ២០១៣ នេះ កម្ពុជា នឹងអាចបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀតរវាងតួអង្គសំខាន់ គឺ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។ តើក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ នេះ ការបង្កើតរដ្ឋាភិបាលនឹងអាចជាប់គាំងទៀតឬយ៉ាងណា?
នៅឆ្នាំ២០១៣ នេះ អ្នកនយោបាយខ្មែរអាចនឹងបង្កើតប្រវត្តិសាស្ត្ររបស់ខ្លួនលើកទី៣ គឺការប្រកាសមិនទទួលស្គាល់លទ្ធផលរបស់គណបក្សរបស់គណបក្សប្រឆាំងក្រោយពេលបោះឆ្នោត ដែលលទ្ធផលនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនទាន់បង្ហើបឲ្យដឹងពីអាសនៈនៅឡើយ។
គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេនោះ បានប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតភ្លាមៗ។ ការប្រកាសរបស់គណបក្សនេះ ស្របគ្នានឹងអង្គការសង្គមស៊ីវិលមួយចំនួន ដែលធ្វើការឃ្លាំមើលការបោះឆ្នោត បានរកឃើញភាពមិនប្រក្រតីនៅថ្ងៃបោះឆ្នោតកាលពីថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ មានរាប់រយករណី។ ការប្រកាសមិនទទួលស្គាល់លទ្ធផលរបស់គណបក្សប្រឆាំង ដោយសារតែមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា អះអាងថា គណបក្សនេះឈ្នះឆ្នោត រីឯខាងគណបក្សសង្គ្រោះជាតិ វិញ អះអាងថា ខ្លួនឈ្នះឆ្នោតដែរ។
តើការប្រទាញប្រទង់គ្នារបស់គណបក្សធំពីរ ដែលមានសំឡេងច្រើនរៀងខ្លួន អាចធ្វើឲ្យសង្គមកម្ពុជា ជួបនូវវិបត្តិនយោបាយដូចកាលពីអាណត្តិទី១ ឆ្នាំ១៩៩៣ ដែលកម្ពុជា បានរៀបចំការបោះឆ្នោតជាលើកដំបូង ដោយរៀបចំដោយអង្គការសហប្រជាជាតិ ហៅថា អ៊ុនតាក់ (UNTAC) និងការបោះឆ្នោតអាណត្តិទី៣ កាលពីឆ្នាំ២០០៣ ដែរទេ?
ការបោះឆ្នោតនីតិកាលទី៥ នេះ តាមមើលទៅ ក៏មិនអាចគេចផុតពីភាពជាប់គាំងខាងវិបត្តិនយោបាយបានដែរ។ មានទឡ្ហីករណ៍ជាច្រើនដែលវិបត្តិនយោបាយនឹងកើតមាន ដោយសារតែបង្កើតរដ្ឋាភិបាលថ្មីមិនបាន ក្រោយពី គ.ជ.ប ប្រកាសលទ្ធផលជាផ្លូវការនៅខែសីហា ខាងមុខ ទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសគាំទ្រតាមសំណើគណបក្សប្រឆាំង ដើម្បីបង្កើតគណៈកម្មការចម្រុះធ្វើការស៊ើបអង្កេតទៅលើដំណើរការបោះឆ្នោត កាលពីថ្ងៃទី២៨ កក្កដា ក្ដី ប្រសិនបើគណៈកម្មការនេះធ្វើការស៊ើបអង្កេតមិនបានគ្រប់ជ្រុងជ្រោយ និងមិនឯករាជ្យនោះ។
ផ្ទុយទៅវិញ ប្រសិនបើគណៈកម្មការចម្រុះមានសភាពមកពីស្ថាប័នឯករាជ្យច្បាស់លាស់ មកពីតំណាងអង្គការសង្គមស៊ីវិលធ្វើការទាក់ទងនឹងការបោះឆ្នោត និងមកពីតំណាងអង្គការសហប្រជាជាតិ មែននោះ គណៈកម្មការមួយនេះជាគន្លឹះដ៏សំខាន់ក្នុងការដោះស្រាយភាពជាប់គាំងនយោបាយរបស់កម្ពុជា នៅនីតិកាលទី៥ នេះ។
ជាងនេះទៅទៀត លោក ហ៊ុន សែន បានបន្ទន់ជំហររបស់ខ្លួនក្រោយការបោះឆ្នោត ហើយលោកបានបង្ហាញមុខជាលើកដំបូងកាលពីថ្ងៃទី៣១ កក្កដា បន្ទាប់ពីលោកបានបាត់មុខអស់រយៈពេលប្រមាណ ១សប្ដាហ៍កន្លងមក។ ការបង្ហាញមុខរបស់ លោក ហ៊ុន សែន នៅពេលនេះ បានបង្ហាញអំពីឆន្ទៈចង់បង្រួបបង្រួមជាតិរវាងអ្នកនយោបាយខ្មែរ និងចង់ដោះស្រាយបញ្ហាចម្រូងចម្រាសនៃលទ្ធផលបោះឆ្នោតនេះ។
លោក ហ៊ុន សែន ប្រកាសថា លោកគាំទ្រក្នុងការបង្កើតគណៈកម្មការចម្រុះ ដើម្បីស៊ើបអង្កេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត។ លើសពីនេះទៅទៀត នៅដំណាក់កាលចុងក្រោយ បើសិនជាគណៈកម្មការចម្រុះនេះ ដោះស្រាយមិនបាន លោកសុខចិត្តឆ្លៀតពេលត្បិតត្បៀតរបស់លោកជួបប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ដើម្បីរកដំណោះស្រាយនយោបាយសមស្របមួយ។
ការចេញមុខប្រកាសរបស់ លោក ហ៊ុន សែន នៅពេលនេះ មានមតិជាច្រើនចោទសួរថា តើ លោក ហ៊ុន សែន មានឆន្ទៈចង់ផ្សះផ្សាជាតិ និងបង្រួបបង្រួមជាតិពិតប្រាកដ ឬយ៉ាងណា? ឬមួយក៏ដោយសារតែគណបក្សប្រជាជនរបស់លោកធ្លាក់សំឡេងឆ្នោត ហើយលោកដឹងយ៉ាងច្បាស់ថា ការចូលរួមប្រជុំសភា និងការបង្កើតរដ្ឋាភិបាលជាប់គាំង ប្រសិនបើគណបក្សប្រឆាំងមិនចូលរួមប្រជុំ?
បញ្ហានេះ រដ្ឋធម្មនុញ្ញបានចែងយ៉ាងច្បាស់ថា សភាអាចកោះប្រជុំដំបូងរបស់ខ្លួនបាន លុះត្រាណាមានសមាជិកយ៉ាងតិច ១២០រូប។ ដូច្នេះ បើសិនជាសភាប្រជុំលើកដំបូងរបស់ខ្លួនមិនបានទេ ការបង្កើតរដ្ឋាភិបាលថ្មីក៏មិនអាចទៅរួចដែរ។
ម្យ៉ាងវិញទៀត ការប្រកាសរបស់ លោក ហ៊ុន សែន ថាចង់បង្រួបបង្រួមជាតិនេះ ក៏ស្របទៅនឹងគោលបំណងរបស់ លោក សម រង្ស៊ី ដែរ ដែលលោកបានប្រកាសថា លោកមិនចង់យកខ្មែរណាមួយជាសត្រូវនោះទេ។ ហើយនៅមុនបោះឆ្នោតប្រមាណ ១សប្ដាហ៍ ក្រោយពេល លោក សម រង្ស៊ី បានវិលចូលមាតុប្រទេសវិញ លោក សម រង្ស៊ី បានព្យាយាមដាក់លិខិតទៅក្រុមប្រឹក្សាធម្មនុញ្ញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងដាក់ទៅប្រធានរដ្ឋសភាជាដើម ដើម្បីសុំឲ្យលោកមានសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ។ នៅពេលនោះ លោក ហ៊ុន សែន មិនបន្ទន់ឥរិយាបថបន្ថែមទៀតទេ ដើម្បីធ្វើការសម្របសម្រួលនយោបាយជូន លោក សម រង្ស៊ី នោះ។
មួយវិញទៀត ការបន្ទន់ឥរិយាបថរបស់ លោក ហ៊ុន សែន នៅពេលនេះ ជាការបន្ទន់ឥរិយាបថមួយ ដើម្បីឈានទៅបង្កើតរដ្ឋាភិបាលថ្មីបាន ហើយលោកនឹងរៀបចំយុទ្ធសាស្ត្រនយោបាយរបស់លោកបន្តទៀត ក្នុងការដឹកនាំប្រទេស ប្រសិនបើគណៈកម្មការស៊ើបអង្កេតរកឃើញថា គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោត ដូចដែល លោក ខៀវ កាញារីទ្ធ បានប្រកាសមែននោះ។
ផ្ទុយទៅវិញ ប្រជាពលរដ្ឋកម្ពុជា មិនចង់ឲ្យកម្ពុជា ដើរនៅលើគន្លងនយោបាយចាស់នោះទេ ដែលធ្វើឲ្យអ្នកនយោបាយនៅបក្សផ្សេងគ្នាប្រឈមមុខតានតឹងដាក់គ្នា ហើយធ្វើឲ្យជាប់គាំងនយោបាយនោះ។
ដានប្រវត្តិសាស្ត្ររបស់កម្ពុជា ធ្លាប់មានចំនួនពីរលើកមកហើយ គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី១ ឆ្នាំ១៩៩៣ ដែលរៀបចំឡើងដោយ អ៊ុនតាក់។ ក្រោយពីបោះឆ្នោត គណបក្សប្រជាជន របស់ លោក ហ៊ុន សែន ចាញ់ឆ្នោត គណបក្សហ៊្វុនស៊ិនប៉ិច ដែលមានសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាប្រធានគណបក្ស។ ក្រោយពីប្រកាសលទ្ធផលដោយ អ៊ុនតាក់ នៅកាលនោះ លោក ហ៊ុន សែន បានប្រកាសបដិសេធលទ្ធផល បន្ទាប់មកក៏សុំបង្កើតជាសហនាយករដ្ឋមន្ត្រី។
ដើម្បីដោះស្រាយភាពតានតឹងរវាងភាគីទាំងពីរ ព្រះមហាវីរក្សត្រ សម្ដេច នរោត្ដម សីហនុ ព្រះបរមកោដ្ឋ បានចេញមុខក្នុងការសម្របសម្រួលរកដំណោះស្រាយពីភាពតានតឹង ដោយព្រះអង្គមិនចង់ឲ្យកម្ពុជា ធ្លាក់ក្នុងសង្គ្រាមទៀត។ នៅទីបំផុត សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ក៏យល់ព្រមតាមព្រះរាជតម្រិះរបស់ព្រះបិតារបស់ព្រះអង្គ គឺធ្វើតាមសំណើរបស់ លោក ហ៊ុន សែន។ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ធ្វើជានាយករដ្ឋមន្ត្រីទី១ និង លោក ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីទី២។
ទោះបីជាយ៉ាងណាក៏ដោយ ការបោះឆ្នោតនៅកម្ពុជា នេះ មានបញ្ហាកើតមានដូចគ្នានេះម្ដងទៀតនៅអាណត្តិទី៣ ឆ្នាំ២០០៣ ដែលរៀបចំឡើដោយ គ.ជ.ប។ ការបោះឆ្នោតលើកទី៣ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៧៣អាសនៈ គណបក្សហ៊្វុនស៊ិនប៉ិច បាន ២៦អាសនៈ និងគណបក្ស សម រង្ស៊ី បាន ២៤អាសនៈ។ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្ស សម រង្ស៊ី មិនទទួលយកលទ្ធផលបោះឆ្នោតនេះទេ ដោយចោទប្រកាន់ថា ការបោះឆ្នោតធ្វើឡើងមិនយុត្តិធម៌ មិនតម្លាភាព មិនត្រឹមត្រូវ និងសេរី។
គណបក្សហ៊្វុនស៊ិនប៉ិច របស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងគណបក្ស សម រង្ស៊ី របស់ លោក សម រង្ស៊ី បានបង្កើតសម្ព័ន្ធភាពជាមួយគ្នា ក្រោយការបោះឆ្នោតឆ្នាំ២០០៣ នោះ ដាក់ឈ្មោះថា សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ។ នៅពេលនោះ កម្ពុជា បានជាប់គាំងនយោបាយ។ ក៏ប៉ុន្តែ នៅឆ្នាំ២០០៤ លោក ហ៊ុន សែន ដើម្បីចង់បង្កើតរដ្ឋាភិបាលថ្មីបាននោះ លោកបានប្រើយុទ្ធសាស្ត្រនយោបាយបំបែកសម្ព័ន្ធអ្នកប្រជាធិបតេយ្យ ដោយទាញយកគណបក្សហ៊្វុនស៊ិនប៉ិច របស់សម្ដេចក្រុមព្រះ បែកចេញពី លោក សម រង្ស៊ី ទៅបង្កើតរដ្ឋាភិបាលចម្រុះជាមួយគ្នា បន្ទាប់ពីជាប់គាំងនយោបាយជាង ១១ខែមក។ រដ្ឋាភិបាលថ្មីនីតិកាលទី៣ នេះ បានបង្កើតឡើងនៅក្នុងខែកក្កដា ឆ្នាំ២០០៤។
ទន្ទឹមនឹងនេះ នៅក្នុងបរិបថនយោបាយកម្ពុជា បច្ចុប្បន្ន ដានប្រវត្តិសាស្ត្ររបស់កម្ពុជា អាចនឹងវិលជាន់ដានប្រវត្តិសាស្ត្រចាស់ជាថ្មីម្ដងទៀត ប្រសិនបើគណៈកម្មការចម្រុះដែលបង្កើតឡើងដើម្បីធ្វើការស៊ើបអង្កេតភាពមិនប្រក្រតីដំណើរការបោះឆ្នោត កាលពីថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ ដែលធ្វើឡើងមិនយុត្តិធម៌ទេនោះ។ ដោយហេតុថា គណបក្សដែលជាប់ឆ្នោតទាំងពីរ ឥឡូវនេះ គឺគណបក្សប្រជាជនកម្ពុជា អះអាងថា ខ្លួនបាន ៦៨អាសនៈ គណបក្សសង្គ្រោះជាតិ បាន ៥៥អាសនៈ។ ដោយឡែក គណបក្សសង្គ្រោះជាតិ វិញ អះអាងថា ខ្លួនឈ្នះឆ្នោតទទួលបាន ៦៣អាសនៈយ៉ាងតិច គណបក្សប្រជាជនកម្ពុជា ទទួលបាន ៦០អាសនៈ។
នៅគ្រាដែលគណបក្សទាំងពីរកំពុងប្រទាញប្រទង់គ្នាអំពីលទ្ធផលបណ្ដោះអាសន្ននេះ ខាង គ.ជ.ប វិញ មិនទាន់ប្រកាសលទ្ធផលបោះឆ្នោតបណ្ដោះអាសន្ន ពីចំនួនអាសនៈពិតប្រាកដរបស់គណបក្សដែលជាប់ឆ្នោតទាំងពីរនៅឡើយ ដែលបញ្ហានេះ តាមមើលទៅខុសពីអាណត្តិមុនៗទាំងអស់ ដែល គ.ជ.ប បានប្រកាសលទ្ធផលបែងចែកជាអាសនៈភ្លាមៗ ក្រោយពីការបោះឆ្នោតភ្លាមនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។