បទ​វិភាគ៖ តើ​ការ​ប្រជុំ​សភា​អាណត្តិ​ទី៥ អាច​កើត​មាន​ទេ?

ការ​បោះ​ឆ្នោត​រើស​សមាជិក​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ បាន​ចប់​ទៅ​ហើយ។ ការ​ប្រកាស​លទ្ធផល​ជា​ផ្លូវ​ការ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត មិន​ទាន់​បាន​ធ្វើ​នៅ​ឡើយ​ទេ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​ថា ប្រភព​ព័ត៌មាន​របស់​ខ្លួន​បាន​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​សំឡេង​គាំទ្រ​ច្រើន​ជាង​គណបក្ស​សង្គ្រោះ​ជាតិ។

0:00 / 0:00

បើ​ចែក​ជា​អាសនៈ​នៅ​ក្នុង​រដ្ឋសភា គឺ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​អាសនៈ​ចំនួន ៦៨ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទទួល ៥៥​អាសនៈ។ ប៉ុន្តែ គណបក្ស​សង្គ្រោះ​ជាតិ បាន​បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផល​ដែល​ប្រកាស​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នេះ​ទេ។ តើ​គណបក្ស​នយោបាយ​ទាំង​ពីរ​ដែល​ឈ្នះ អាច​រួម​គ្នា​ចូលរួម​ប្រជុំ​សភា​ថ្មី​ឬ​ទេ?

ការ​កោះ​ប្រជុំ​បង្កើត​រដ្ឋសភា​អាណត្តិ​ទី៥ ក្រោយ​ការ​បោះ​ឆ្នោត​ចំនួន ៦០​ថ្ងៃ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ប្រហែល​ជា​ជួប​បញ្ហា​ជាច្រើន ដោយសារ​គណបក្ស​នយោបាយ​ដែល​ទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី២៨ កក្កដា បាន​ដណ្ដើម​គ្នា​ឈ្នះ និង​កំពុង​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក។

គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា ឈ្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នេះ​ដោយ​បាន​កៅអី​ចំនួន ៦៨ នៅ​ក្នុង​រដ្ឋសភា ក្នុង​ចំណោម​កៅអី​ទាំង ១២៣ របស់​រដ្ឋសភា និង​មាន​សំឡេង​គ្រប់គ្រាន់​ដើម្បី​បង្កើត​រដ្ឋាភិបាល​ម្នាក់​ឯង​បាន។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ វិញ ក៏​បាន​អះអាង​ថា​ឈ្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នេះ​ដែរ ដោយ​បាន​ទទួល​អាសនៈ​ចំនួន ៦៣ ក្នុង​ចំណោម​កៅអី​ទាំង ១២៣ របស់​រដ្ឋសភា ហើយ​មាន​សំឡេង​គាំទ្រ​គ្រប់គ្រាន់​ដើម្បី​បង្កើត​រដ្ឋាភិបាល​ម្នាក់​ឯង​បាន​ដែរ។ នេះ​ជា​បញ្ហា​មួយ កើត​ឡើង​ដូច​មនុស្ស ២​នាក់ ដណ្ដើម​គ្នា​ដេក​កណ្ដាល​អីចឹង។

គណបក្ស​សង្គ្រោះ​ជាតិ បាន​ទាមទារ​ឲ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ស្រាវជ្រាវ​មួយ​ឯករាជ្យ ដើម្បី​អង្កេត ពិនិត្យ​ឡើង​វិញ​ភាព​មិន​ប្រក្រតី​កើត​មាន​ក្នុង​ការ​បោះ​ឆ្នោត និង​បាន​លើក​ឡើង​ថា បើ​សិន​ជា​ការ​បោះ​ឆ្នោត​រើស​សមាជិក​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ ប្រព្រឹត្ត​ដោយ​ត្រឹមត្រូវ មាន​តម្លាភាព​នោះ គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ដាច់​ច្រើន​ជាង ៦៣​កៅអី​ទៅ​ទៀត។ ពីព្រោះ​នៅ​ទី​ណា​ក៏​គេ​ឮ​តែ​ពាក្យ​ថា​ដូរ​ដែរ។ គណបក្ស​សង្គ្រោះ​ជាតិ បាន​កំណត់​ថា គណៈកម្មការ​ស្រាវជ្រាវ​នោះ​មាន​រយៈពេល ១​ខែ ដើម្បី​ធ្វើ​ការងារ និង​ប្រកាស​លទ្ធផល​ដែល​ពួក​គេ​រក​ឃើញ។ គណបក្ស​សង្គ្រោះ​ជាតិ បាន​កំណត់​ទៀត​ថា សមាស​ភាព​របស់​គណៈកម្មការ​ស្រាវជ្រាវ​នោះ គឺ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ប្រជាជន​កម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន។

មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​បដិសេធ​ថា រឿង​បង្កើត​គណៈកម្មការ​ស្រាវជ្រាវ​ឯករាជ្យ​នោះ គឺ​ហួស​ពី​សមត្ថកិច្ច​របស់ គ.ជ.ប ហើយ។ ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា បាន​និយាយ​ចេញ​ជា​ចំហ​អំពី​ការ​គាំទ្រ​ការ​បង្កើត​គណៈកម្មការ​ស្រាវជ្រាវ​ឯករាជ្យ​នោះ​ដោយ លោក ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹង​ថា លោក​ស្វាគមន៍​ការ​បង្កើត​គណៈកម្មការ​ស្រាវជ្រាវ​ឯករាជ្យ​មួយ​ដែល​មាន​សមាស​ភាព​ដូច​ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បើ​សិន​ជា គ.ជ.ប យល់​ថា​ចាំបាច់។ មិន​តែ​ប៉ុណ្ណោះ លោក ហ៊ុន សែន បាន​និយាយ​ចេញ​ជា​សាធារណៈ​អំពី​ការ​ត្រៀម​ខ្លួន​ជួប​ចរចា​ជាមួយ​អ្នក​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​រៀប​ចំ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​រដ្ឋសភា​ទៀត​ផង។

ពិត​មែន​តែ​មាន​ការ​ខ្វែង​គំនិត​គ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ លើ​ចំនួន​តួលេខ​អ្នក​ឈ្នះ​ការ​បោះ​ឆ្នោត​នេះ តែ​ជា​ចុង​ក្រោយ ការ​សម្រប​សម្រួល​មុខ​ជា​កើត​មាន​មិន​ខាន​ក្រោយ​ពេល​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ប្រកាស​លទ្ធផល​ជា​ផ្លូវ​ការ។ បើ​មាន​ការ​ជួប​ប្រជុំ​សម្រប​សម្រួល​រវាង​គណបក្ស​ឈ្នះ​ឆ្នោត​ទាំង​ពីរ​ពិត​មែន ការ​ប្រជុំ​សភា​អាណត្តិ​ទី៥ ប្រហែល​ជា​មិន​មាន​ការ​លំបាក​ទេ។

រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា ចែង​ថា សម័យ​ប្រជុំ​សភា​ដំបូង​ត្រូវ​តែ​មាន​សមាជិក​សភា​ថ្មី​យ៉ាង​តិច ១២០​រូប​ចូលរួម។ ដូច្នេះ ការ​ប្រជុំ​នោះ​ត្រូវ​តែ​មាន ដើម្បី​ប្រកាស​សុពលភាព​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ថ្មី។ ការ​ងឿក​ឡាំប៉ា​មិន​ចូលរួម​ប្រជុំ​របស់​គណបក្ស​មាន​អាសនៈ​តិច​នៅ​ក្នុង​រដ្ឋសភា ធ្លាប់​កើត​មាន​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​២០០៣ និង​ឆ្នាំ​២០០៨ កន្លង​មក។ តែ​ចុង​ក្រោយ នៅ​តែ​ដោះស្រាយ​បាន ដោយ​តំណាង​រាស្ត្រ​គណបក្ស​ជាប់​ឆ្នោត​នៅ​តែ​មក​ចូលរួម​ប្រជុំ។

ការ​ធ្វើ​បាតុកម្ម​តវ៉ា​ដើម្បី​ទាមទារ​លក្ខខណ្ឌ​ផ្សេងៗ​ពី​សំណាក់​គណបក្ស​នយោបាយ អាច​កើត​មាន​មុន​ពេល​រដ្ឋសភា​ថ្មី​ប្រជុំ ប៉ុន្តែ នោះ​គ្រាន់​តែ​ជា​ការ​ទាមទារ​ចំណែក​នៃ​អំណាច​ដែល​គណបក្ស​ចង់​បាន​ប៉ុណ្ណោះ។ ប៉ុន្តែ បាតុកម្ម​នោះ​មិន​អាច​ឈាន​ទៅ​ដល់​ការ​បង្ហូរ​ឈាម​គ្នា​តាម​ផ្លូវ និង​បង្ក​ជា​សង្គ្រាម ឬ​កោលាហល​សង្គម​បាន​ឡើយ ពីព្រោះ​ប្រជាជន​កម្ពុជា កាន់​ព្រះពុទ្ធ​សាសនា ហើយ​ឆ្អែត​ជាមួយ​សង្គ្រាម​កាប់​សម្លាប់​គ្នា​ច្រើន​ដង​ច្រើន​ឆ្នាំ​ទៅ​ហើយ។ ដូច្នេះ ប្រជាពលរដ្ឋ​កម្ពុជា ចំនួន ៩​លាន​នាក់ ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​នោះ ប្រហែល​ជា​មិន​គាំទ្រ​ឲ្យ​មាន​ការ​ដូរ រហូត​ដល់​មាន​ការ​បង្ហូរ​ឈាម​គ្នា​តាម​ផ្លូវ​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។