បទ​វិភាគ៖ ហេតុ​អ្វី​បក្ស​ប្រឆាំង​ព្រម​ធ្វើ​ច្បាប់​បោះ​ឆ្នោត​ថ្មី​ស្រប​តាម​បក្ស​ប្រជាជន?

ដោយ ទីន ហ្សាការីយ៉ា
2015.03.24
ប្រជុំ​សភា ៦២០ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា លើក​ដៃ​អនុម័ត​ច្បាប់​បោះ​ឆ្នោត​ថ្មី កាល​ពី​ថ្ងៃ​ទី​១៩ មីនា ២០១៥ នា​វិមាន​រដ្ឋ​សភា។
RFA/Tin Zakariya

ការ​ធ្វើ​កំណែ​ទម្រង់​ការ​បោះឆ្នោត​នៅ​ក្រោយ​វិបត្តិ​ជាប់​គាំង​នយោបាយ​ក្រោយ​ការ​បោះឆ្នោត​សាកល​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣ នោះ គឺ​ជា​ផែនការ​ចំពោះ​មុខ​ដែល​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​ចាប់​ដៃ​គ្នា​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​បោះ​ឆ្នោត​ថ្មី នៅ​បន្ទាប់​ពី​មាន​កិច្ច​ព្រមព្រៀង​បញ្ចប់​ជម្លោះ​នយោបាយ​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ។

ការ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នេះ ទោះបីជា​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​មាន​ទិស​ដៅ​រួម​មួយ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​សេចក្ដី​ព្រាង​ច្បាប់​បោះ​ឆ្នោត និង​ច្បាប់​រៀបចំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ល្អ​ប្រសើរ​ឡើង និង​ជៀសវាង​ការ​ជាប់​គាំង​នយោបាយ​នៅ​ក្រោយ​បោះឆ្នោត តែ​ការ​ធ្វើ​ច្បាប់​ថ្មី​នេះ គណបក្ស​ទាំង​ពីរ​មាន​វិធីសាស្ត្រ​រៀងៗ​ខ្លួន ដើម្បី​ទាញ​យក​ផលប្រយោជន៍​​បក្ស​ខ្លួន។ តែ​យ៉ាង​នេះ​ក្ដី ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ហាក់​មាន​ប្រៀប​ជាង​គណបក្ស​សង្គ្រោះ​ជាតិ ពិសេស​គឺ​តុលាការ​បាន​ចាប់​សកម្មជន​គណបក្ស​ប្រឆាំង​ជា​បន្តបន្ទាប់​នៅ​ខណៈ​បក្ស​ទាំង​ពីរ​ធ្វើ​ច្បាប់​នេះ។

តើ​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ជា​ការ​គាបសង្កត់​គណបក្ស​ប្រឆាំង​ឲ្យ​សម្រប​តាម​គណបក្ស​កាន់​អំណាច​ក្នុង​ការ​ធ្វើ​ច្បាប់​នេះ ឬ​យ៉ាង​ណា?

​សេចក្ដី​ព្រាង​សេចក្ដី​ស្នើ​ច្បាប់​ចំនួន​ពីរ​ដ៏​ចម្រូងចម្រាស​ដែល​គណបក្ស​ទាំង​ពីរ​បាន​ធ្វើ​ឡើង​តាម​កិច្ចព្រមព្រៀង​នយោបាយ​នោះ ត្រូវ​បាន​សភា​បាន​អនុម័ត​យ៉ាង​ប្រញាប់ប្រញាល់​រួច​រាល់​ដូច​ការ​គ្រោង​ទុក។

សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ។ ច្បាប់​ទាំង​ពីរ​នេះ ត្រូវ​បាន​ក្រុម​ការងារ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​រៀបចំ​ធ្វើ​នៅ​ក្រោយ​ពេល​មាន​កិច្ច​ព្រមព្រៀង​ដំណោះស្រាយ​នយោបាយ​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៤។

ការ​ធ្វើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ អង្គការ​សង្គម​ស៊ីវិល សំដែង​ការ​គាំទ្រ និង​សប្បាយ​ចិត្ត ព្រោះ​មិន​ចង់​ឲ្យ​មាន​ការ​ជាប់​គាំង​នយោបាយ​នៅ​ក្រោយ​ពេល​បោះឆ្នោត ឬ​មាន​ការ​បង្ហូរ​ឈាម​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ ក្នុង​ពេល​ធ្វើ​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត​ទៀត​ឡើយ។ ក៏​ប៉ុន្តែ​ក្ដី​សង្ឃឹម​របស់​ប្រជាពលរដ្ឋ ពិសេស​ក្រុម​អង្គការ​ធ្វើ​ការ​ទាក់ទង​នឹង​ការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត សំដែង​ពី​ការ​ខក​ចិត្ត​ទៅ​វិញ នៅ​ពេល​ច្បាប់​ថ្មី​ទាំង​ពីរ​ត្រូវ​បាន​សភា​អនុម័ត​កាលពី​ថ្ងៃ​ទី​១៩ មីនា នោះ។

តើ​មូល​ហេតុ​អ្វី​បាន​ប្រជាពលរដ្ឋ​មួយ​ចំនួន និង​អង្គការ​សង្គម​ស៊ីវិល​មិន​ពេញ​ចិត្ត​នឹង​ច្បាប់​បោះ​ឆ្នោត​ថ្មី ហើយ​ថា​ច្បាប់​នេះ​អាក្រក់​ជាង​ច្បាប់​ចាស់​ទៅ​វិញ?

ជា​កា​ពិត​មុន​នឹង​និយាយ​ពី​អង្គការ​សង្គម​ស៊ីវិល​មិន​ស្វាគមន៍​មាត្រា​មួយ​ចំនួន​នៅ​ក្នុង​ច្បាប់​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នេះ យើង​ត្រូវ​ក្រឡេក​មើល​ពី​ដំណើរ​ដើមទង​នៃ​ការ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​របស់​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​ពី​ដើម​ទី​មក គឺ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជំទាស់​ទៅ​នឹង​មាត្រា​ខ្លះ​ដែល​សង្គម​ស៊ីវិល​យល់​ថា ជា​ចំណុច​បិទ​សិទ្ធិ​សេរីភាព និង​គាប​សង្កត់​នេះ​ដែរ ហើយ​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​មិន​ឯកភាព​តាម​គណបក្ស​ប្រជាជន​កម្ពុជា ដែរ រហូត​ដល់​ដំណាក់កាល​ចុង​ក្រោយ គេ​បញ្ជូន​សេចក្ដី​ព្រាង​ច្បាប់​នេះ​ឲ្យ​មេដឹកនាំ​គណបក្ស​ជា​អ្នក​សម្រេច។

ជា​លទ្ធផល​ចុង​ក្រោយ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​យល់​ព្រម​តាម​អ្វី​ដែល​ខាង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ស្នើ​ឡើង​ស្ទើរ​តែ​ទាំង​អស់។ ចំណុច​សំខាន់ៗ​ទាំង​នោះ គណបក្ស​សង្គ្រោះ​ជាតិ ក៏​ជំទាស់​មិន​ព្រម​ឲ្យ​ដាក់​បញ្ចូល​ដែរ ដូចជា​ចំណុច​ដាក់​ទោស​អង្គការ​សង្គម​ស៊ីវិល ការ​មិន​ព្រម​ឲ្យ​មន្ត្រី​យោធា តុលាការ មាន​សិទ្ធិ​ចូលរួម​ឃោសនា​បោះឆ្នោត​នៅ​ក្រៅ​ម៉ោង​ធ្វើការ មិន​ចង់​ឲ្យ​បន្ថយ​រយៈពេល​ថ្ងៃ​ឃោសនា​បោះ​ឆ្នោត បញ្ហា​មិន​ចង់​ដាក់​រឿង​ដាក់​ទោស​បេក្ខភាព​តំណាងរាស្ត្រ​ផ្សារភ្ជាប់​ទៅ​គណបក្ស​នយោបាយ មិន​ចង់​ឲ្យ​មាន​ការ​ផាក​ពិន័យ​អ្នក​សង្កេតការណ៍​ស្ម័គ្រចិត្ត និង​ករណី​ផ្សេងៗ​មួយ​ចំនួន​ទៀត។

នៅ​ទីបំផុត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​យល់ព្រម​តា​ការ​ស្នើ​ឡើង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដដែល និង​ឈាន​ដល់​សភា​យក​ច្បាប់​នេះ​មក​ជជែក​ពិភាក្សា​គ្នា និង​អនុម័ត​តែ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្លាប់​តែ​តតាំង​ជំទាស់​ទៅ​នឹង​ចំណុច​ដែល​មិន​ល្អ​នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​កន្លង​មក​នោះ ការ​ពិភាក្សា និង​អនុម័ត​លើក​នេះ មិន​ខុស​ពី​គណបក្ស​ប្រជាជន​កម្ពុជា ឡើយ រង់ចាំ​តែ​លើកដៃ​អនុម័ត​នៅ​ពេល​ប្រធាន​រដ្ឋ​សភា​បាន​ប្រកាស​អនុម័ត​ដោយ​តំណាងរាស្ត្រ​ទាំង​អស់​លើក​ដៃ​គាំទ្រ និង​អនុម័ត​ភ្លាមៗ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី វិញ បាន​ឆ្លើយ​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ពេល​សភា​បាន​សម្រាក​ពី​អង្គប្រជុំ​នោះ​ថា លោក​យល់​ថា ច្បាប់​ទាំង​ពីរ​នេះ​មិន​ល្អ ១០០% ទេ ហើយ​លោក​ក៏​មិន​ជំទាស់​ទៅ​នឹង​ការ​ស្នើ​សុំ​ឲ្យ​លុប​មាត្រា​មួយ​ចំនួន​ចោល​របស់​អង្គការ​សង្គម​ស៊ីវិល​ដែរ ក៏ប៉ុន្តែ​លោក​បញ្ជាក់​ថា នៅ​ក្នុង​កាលៈទេសៈ​នេះ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​តែ​យល់​ព្រម​អនុម័ត ហើយ​ថា ច្បាប់​នេះ​នឹង​អាច​ធ្វើ​វិសោធនកម្ម​វិញ​បាន​នៅ​ពេល​ណា​មួយ​ដែល​អាច​ធ្វើ​ទៅ​បាន។

នៅ​ត្រង់​ចំណុច​នេះ បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​មាន​ចំណុច​ខ្សោយ​របស់​ខ្លួន​ដែល​សាធារណជន​អាច​មើល​ឃើញ​បាន​យ៉ាង​ងាយ ទោះបីជា​ព្យាយាម​ការពារ​ថា ច្បាប់​ថ្មី​នេះ​ល្អ​ជាង​ច្បាប់​ចាស់ ទោះ​បី​ជា​សង្គម​ស៊ីវិល​លើក​ពី​ចំណុច​អាក្រក់ និង​ពី​ការ​គាប​សង្កត់​នៅ​ក្នុង​ច្បាប់​នេះ​យ៉ាង​ណា​ក៏ដោយ។

ប្រហែល​ជា​អាច​មាន​រឿង​ពី​ក្រោយ​ឆាក​មួយ​ចំនួន អ្វី​ដែល​ជំរុញ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ បង្ខំ​បែប​នេះ។ ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុផល​ទាំង​ឡាយ​ដែល​គេ​អាច​មើល​ឃើញ​ច្បាស់​នោះ គឺ​សកម្មជន​របស់​គណបក្ស​នេះ​ចំនួន ១១​នាក់ ត្រូវ​បាន​តុលាការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ និង​ជាពិសេស សំណុំរឿង​ធ្វើ​បាតុកម្ម​ថ្ងៃ​ទី​១៥ កក្កដា ដែល​តុលាការ​សើរើ​ឡើង​វិញ ទោះ​ក្រោយ​ពី​មាន​កិច្ច​ព្រមព្រៀង​ថ្ងៃ​ទី​២២ កក្កដា តុលាការ​បាន​ដោះលែង​តំណាងរាស្ត្រ​ទាំង ៧​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ វិញ​ក្ដី។

​នៅ​ទី​បំផុត មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ត្រូវ​បាន​តុលាការ​ចាប់​ខ្លួន​ចោទ​ប្រកាន់​ពី​បទ​ជា​អ្នក​ដឹកនាំ​កុប្បកម្ម និង​បង្ក​ឲ្យ​មាន​ហិង្សា​នៅ​ក្បែរ​ស្ពាន​នាគ​ជិត​ទីលាន​ប្រជាធិបតេយ្យ ទាក់ទង​នឹង​ការ​ធ្វើ​បាតុកម្ម​កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ២០១៤។

ក្រៅ​ពី​នេះ​ទៀត មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា លោក មាជ សុវណ្ណារ៉ា អាច​មាន​ការ​សម្របសម្រួល​នយោបាយ​ដោះលែង​វិញ​នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ។ តែ​នៅ​មុន​ពេល​សភា​អនុម័ត​ច្បាប់​ទាំង​ពីរ​កាល​ពី​ថ្ងៃ​ទី​១៩ មីនា លោក ហ៊ុន សែន បាន​ព្រម​មាន​ថា នឹង​មិន​មាន​ការ​ដោះលែង ហើយ​ទុក​ឲ្យ​តុលាការ​ជា​អ្នក​សម្រេច។

ការ​គ្រប់គ្រង​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​សង្គម​កម្ពុជា ដែល​មេដឹកនាំ​គណបក្ស​នេះ បាន​គ្រប​ដណ្ដប់​លើ​ស្ថាប័ន​រដ្ឋ​ទាំង​មូល ទោះ​បី​ជា​រដ្ឋធម្មនុញ្ញ​បាន​ចែង​ពី​ការ​បែងចែក​ស្ថាប័ន​កំពូល​របស់​រដ្ឋ​ទាំង​បី​ក៏​ឲ្យ​ដាច់​ពី​គ្នា​ក៏ដោយ។

ក្រៅ​ពី​នេះ​ទៀត នរណា​ក៏​ដឹង​ដែរ​ថា លោក ហ៊ុន សែន មាន​ឥទ្ធិពល​គ្របដណ្ដប់​លើ​ស្ថាប័ន​រដ្ឋ​ទាំង​មូល​ទៅ​ហើយ។ បញ្ហា​នេះ​ចង់​មិន​ចង់ គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​ធ្វើ​ច្បាប់​នេះ​ទៅ​តាម​អ្វី​ដែល​ខ្លួន​ចង់​បាន​នោះ​ឡើយ។

សំណុំរឿង​សកម្មជន​របស់​ខ្លួន​នៅ​ក្នុង​ដៃ​របស់​តុលាការ ដែល​គេ​ឯង​មើល​ឃើញ​ថា ស្ថាប័ន​មួយ​នេះ​មិន​ឯករាជ្យ​ទៅ​ហើយ​នោះ ឥឡូវ​នេះ លោក ហ៊ុន សែន កំពុង​ចោទ​ប្រកាន់​មេដឹកនាំ​កំពូល​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ជា​អ្នក​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​មិន​សម្រេច​ទៀត។ ករណី​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ជា​បន្តបន្ទាប់​នេះ ហាក់​ដូច​ជា​ការ​ចាប់​ខ្លួន​ដើម្បី​ធ្វើ​ជា​ចំណាប់​ខ្មាំង​នៅ​ក្នុង​ការ​តថ្លៃ​ធ្វើ​សេចក្ដី​ព្រោង​ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ។

​លើស​ពី​នេះ​ទៀត ចង់​មិន​ចង់ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវតែ​រួម​ដៃ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ការពារ​ច្បាប់​ទាំង​ពីរ​នេះ ទោះបីជា​សង្គម​ស៊ីវិល​ផ្ដល់​អនុសាសន៍ និង​ស្នើ​ឲ្យ​ដក​ចេញ​មាត្រា​មួយ​ចំនួន​យ៉ាង​ក៏ដោយ។ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ត្រឹម​ថា ខ្លួន​កែ​បាន​តែ​ប៉ុណ្ណឹង គឺ​មិន​អាច​ធ្វើ​តាម​ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ ឬ​សង្គម​ស៊ីវិល ១០០% បាន​ទេ។ បញ្ហា​នេះ មើល​ទៅ​ហាក់​ដូចជា​គ្រាន់តែ​ជា​លេស​ដោះស្រាយ​របស់​គណបក្ស​នេះ​តែប៉ុណ្ណោះ ត្បិត​កិច្ចព្រមព្រៀង​រវាង​គណបក្ស​ទាំង​ពីរ​កាល​​ពី​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៤ បាន​ចង​គណបក្ស​សង្គ្រោះ​ជាតិ រួច​ទៅ​ហើយ។ ព្រោះ​ថា បើសិនជា​នៅ​រឹង​ទទឹង​មិន​សម្រប​តាម​គណបក្ស​ប្រជាជន​កម្ពុជា ចង់​បាន​ទេ​នោះ ច្បាប់​ថ្មី​នេះ​នឹង​មិន​អាច​បង្កើត​បាន​នោះ​ឡើយ ហើយ​ការ​បោះ​ឆ្នោត​លើក​ក្រោយ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ដែល​នៅ​ជា​ធរមាន នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ទៀត​នៅ​អាណត្តិ​ក្រោយ ដោយ​ផ្អែក​លើ​កិច្ចព្រមព្រៀង​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ជា​មូលដ្ឋាន ហើយ​លោក ហ៊ុន សែន ជា​ញឹកញយ ក៏​ថ្លែង​ពី​បញ្ហា​នេះ​ដែរ បើ​ច្បាប់​ថ្មី​មិន​កើត​ឡើង​ទេ គ.ជ.ប ចាស់​នៅ​តែ​អាច​បន្ត​រៀបចំ​ការ​បោះ​ឆ្នោត​ទៀត​បាន​ដដែល។

បញ្ហា​មួយ​ទៀត សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ជាប់​ទ្រុង​នៅ​ឡើយ បើ​ហ៊ាន​ជំទាស់​ខ្លាំង ហើយ​មក​រួម​កម្លាំង​ជាមួយ​សង្គម​ស៊ីវិល​ក្នុង​ការ​កែប្រែ​​សេចក្ដី​ព្រាង​ច្បាប់​ថ្មី​នោះ វប្បធម៌​សន្ទនា​រវាង​គណបក្ស​ទាំង​ពីរ​អាច​ប្រេះឆា ស្រួល​មិន​ស្រួល តុលាការ​របស់​លោក ហ៊ុន សែន អាច​សើរើ​សំណុំ​រឿង​លោក កឹម សុខា វិញ​ក៏​ថា​បាន ទោះបី​ជា​មាន​អភ័យឯកសិទ្ធិ​ក៏ដោយ ព្រោះ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មួយ​រួប​លោក ចាន់ ចេង ជា​ឧទាហរណ៍​ស្រាប់ គឺ​តុលាការ​ខែត្រ​កណ្ដាល បាន​កាត់ទោស​លោក​ដោយ​ទាញ​យក​សំណុំ​រឿង​ចាស់​មក​សើរើ​ដូច​គ្នា។

ផ្ទុយ​ទៅ​វិញ ការ​នៅ​ស្ងៀមស្ងាត់ និង​សម្រប​តាម​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ធ្វើ​សេចក្ដី​ស្នើ​សេចក្ដី​ព្រាង​ច្បាប់​ទាំង​ពីរ​នេះ ដើម្បី​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា បន្ធូរ​ដៃ​ខ្លះ ឬ​អាច​ប្រើ​ប្រាស់​វប្បធម៌​សន្ទនា​ដែល​មាន​ស្រាប់​ក្នុង​ការ​ដោះស្រាយ​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ វិញ។

ទោះបីជា​លោក ហ៊ុន សែន អះអាង​ថា ការ​ចាប់​ខ្លួន​នេះ ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​ក៏ដោយ ក៏ប៉ុន្តែ​នៅ​នាទី​ចុង​ក្រោយ លោក ហ៊ុន សែន អាច​ក្រឡាស់​នៅ​នាទី​ចុង​ក្រោយ​ក៏​ថា​បាន គឺ​តុលាការ​នឹង​អាច​ដោះលែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​អស់​វិញ​ក៏​ថា​បាន ព្រោះ​បទពិសោធន៍​នេះ នៅ​មិន​ទាន់​រសាត់​ទៅ​ឆ្ងាយ​ពី​ការ​ចងចាំ​របស់​ប្រជាពលរដ្ឋ​នៅ​ឡើយ​នោះ គឺ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ៧​រូប​ត្រូវ​បាន​តុលាការ​ដោះលែង​វិញ បន្ទាប់​ពី​មាន​កិច្ច​ព្រមព្រៀង​នយោបាយ​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ពោល​គឺ​នៅ​បន្ទាប់​ពី​ការ​បើក​ភ្លើង​ខៀវ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ។

ម្យ៉ាង​ទៀត​ការ​ចាប់​ខ្លួន​នេះ នរណា​ក៏​ដឹង​ដែរ​ថា ជា​រឿង​នយោបាយ ហើយ​តុលាការ​ក៏​ស្ថិត​នៅ​លើ​ក្រឡា​អុក​របស់​អ្នកនយោបាយ​គណបក្ស​កាន់​អំណាច​ដែរ។ លោក ហ៊ុន សែន ប្រើ​យុទ្ធសាស្ត្រ​បែប​នេះ ក្រៅពី​ការ​ចង់​បាន​សេចក្ដី​ព្រាង​ច្បាប់​នេះ មាន​ទំនោរ​ទៅ​តាម​អ្វី​ដែល​គណបក្ស​លោក​ចង់​បាន​នោះ គឺ​លោក​ចង់​បង្ហាញ​ឲ្យ​ប្រជាពលរដ្ឋ​ឃើញ​ពី​ភាព​ទន់​ខ្សោយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​ដៃគូ​ប្រកួត​ស្លាប់​រស់​នៅ​អាណត្តិ​ទី​៦ ក៏ប៉ុន្តែ​យុទ្ធសាស្ត្រ​បែប​នេះ​មិន​សន្មត​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ទទួលជោគជ័យ ឬ​យ៉ាង​ណា​នោះ​ទេ​នៅ​ពេល​បោះ​ឆ្នោត?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។