គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សបានដឹកនាំប្រទេសអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ នៅក្នុងការបោះឆ្នោតនីតិកាលទី៥ គណបក្សនេះ បានងាកមកចាប់អារម្មណ៍នឹងយុវជន ដោយកៀរគរពួកគេឲ្យចូលរួមក្នុងក្បួនឃោសនាបោះឆ្នោត។
តើគណបក្សប្រជាជនកម្ពុជា កំពុងតែរៀបចំឲ្យយុវជនជាបន្តវេនដឹកនាំក្នុងស្ថាប័នរដ្ឋាភិបាលពីមនុស្សចាស់ក្រោយពេលគណបក្សនេះឈ្នះឆ្នោត ឬយ៉ាងណា?
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥នេះ គណបក្សប្រជាជនកម្ពុជា ហាក់បីដូចជាផ្លាស់ប្ដូរយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការទាក់ទាញយកការគាំទ្រពីយុវជន និងពីប្រជាពលរដ្ឋទូទៅ។ បញ្ហានេះ តាមមើលទៅគណបក្សប្រជាជនកម្ពុជា បានចាប់យកក្រុមយុវជនជាក្រុមគោលដៅរបស់ខ្លួនក្នុងការប្រកួតប្រជែងបោះឆ្នោតលើកនេះ។
មានទឡ្ហីករណ៍ជាច្រើនដែលគណបក្សប្រជាជនកម្ពុជា បានចាប់យកក្រុមយុវជនមកចូលរួមក្នុងសកម្មភាពឃោសនាបោះឆ្នោតរបស់ខ្លួននោះ។ ក៏ប៉ុន្តែការចូលរួមនេះ ក្រុមយុវជនហាក់កំពុងត្រូវគណបក្សប្រជាជនកម្ពុជា ប្រើប្រាស់ ដើម្បីចំណេញរឿងនយោបាយរបស់ខ្លួនទេ មិនមែនគណបក្សនេះ គិតគូរពីយុវជនក្នុងការបន្តវេនពីមនុស្សចាស់នោះទេ ពីព្រោះថា រចនាសម្ព័ន្ធតាំងពីនៅក្នុងជួរបក្ស និងការដាក់ឲ្យឈរឈ្មោះតំណាងរាស្ត្រនោះ គណបក្សនេះមិនបានបញ្ចូលឈ្មោះយុវជនឲ្យបានច្រើននៅឡើយ។
ជាងនេះទៅទៀតនេះ អនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន និងជានាយករដ្ឋមន្ត្រី បានប្រើមធ្យោបាយជាច្រើន ដើម្បីឲ្យយុវជនចាប់អារម្មណ៍មកលើខ្លួនលោក និងគណបក្សប្រជាជនកម្ពុជា មានដូចជា លោក ហ៊ុន សែន បានបង្កើតក្រុមនិស្សិតចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋតាមរយៈគោលនយោបាយចាស់សកម្មភាពថ្មី ដែលលោក ហ៊ុន សែន ចំណាយលុយដែលលោកអះអាងថា ជាលុយផ្ទាល់ខ្លួនរាប់សិបលានរៀលក្នុងមួយខែទៅលើយុវជនទាំងនេះ។
លោក ហ៊ុន សែន បានចាត់ទុកថា សកម្មភាពនេះ ជារឿងជួយដល់សង្គម និងជាការផ្ដល់ឱកាសឲ្យយុវជនមានការងារធ្វើនៅតាមស្ថាប័នរដ្ឋក្រោយពីបំពេញបេសកកម្មនេះ តាមរយៈប្រឡងចូលធ្វើជាមន្ត្រីរាជការ។ យុវជនស្ម័គ្រចិត្តជាង ២ពាន់នាក់ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់កូនលោកផ្ទាល់ គឺលោក ហ៊ុន ម៉ានី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាដើម។
កម្មវិធីនេះជាគម្រោងជួយរកការងារអោយយុវជនមែនទែន ឬក៏ជាឆាកល្ខោនមួយដែលគេរៀបចំឡើងក្នុងគោលដៅពង្វក់ចិត្តយុវជនអោយគាំទ្រគណបក្សប្រជាជនកម្ពុជា?
នៅថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតលើកដំបូង កាលពីថ្ងៃទី២៧ មិថុនា នោះ គណបក្សនេះបានរៀបចំក្បួនយុវជនរាប់ពាន់នាក់ចូលរួម។ ក្នុងនោះយុវជនស្ម័គ្រចិត្តវាស់វែងដីធ្លីក៏ចូលរួមដង្ហែឃោសនាដែរ។ យុវជនទាំងនោះ បានស្រែកថា ជយោសម្ដេច ហ៊ុន សែន និងគាំទ្រលោក ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ជាដើម។
ការសម្ដែងការគាំទ្ររបស់ក្រុមយុវជនមួយចំនួននៅពេលនេះ មើលទៅដូចជាការសម្ដែងការដឹងគុណរបស់យុវជនទៅលើអ្នកមានគុណជួយផ្ដល់ការងារ និងផ្ដល់ឱកាសផ្សេងៗ អោយពួកខ្លួនដូច្នោះដែរ។
ក៏ប៉ុន្តែការពិតវាអាចផ្ទុយពីនេះ ពីព្រោះរបាយការណ៍ស្រាវជ្រាវរបស់ក្រុមលោក កែម ឡី បានបង្ហាញថា សព្វថ្ងៃនេះមានយុវជនជាង ៤លាននាក់ ក្នុងចំណោមយុវជនទាំងនេះ មានចន្លោះពី ៥% ទៅ ៦% ទេ ដែលបានចូលរៀននៅថ្នាក់មហាវិទ្យាល័យ។ យុវជនដែលមិនមានការសិក្សាខ្ពស់អាយុពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ មានចំនួន ២២% គ្មានការងារធ្វើ។ ក៏ប៉ុន្តែយុវជនដែលបញ្ចប់ការសិក្សានៅថ្នាក់មហាវិទ្យាល័យនោះ មានតែ ២០% ទេ ដែលមានការងារធ្វើត្រូវនឹងជំនាញរបស់ខ្លួនដែលរៀននោះ ចំនួន ៨០% ទៀត ធ្វើការមិនត្រូវនឹងជំនាញរបស់ខ្លួនទេ។ បញ្ហានេះ ដោយសារតែទីផ្សារការងារចង្អៀតនិងខ្វះព័ត៌មាន។
រីឯនៅតាមក្រសួង មន្ទីររបស់រដ្ឋវិញ រដ្ឋាភិបាលមិនទាន់មានកម្មវិធីផ្ដល់ឱកាសឲ្យយុវជនធ្វើកម្មសិក្សានៅតាមស្ថាប័នរដ្ឋទាំងនោះទេ ដើម្បីឲ្យយុវជនមានបទពិសោធន៍ការងារបន្ទាប់ពីបញ្ចប់ ការសិក្សា និងមានឱកាសធ្វើការងារពេញសិទ្ធិនៅតាមស្ថាប័នរដ្ឋាភិបាល ក្រោយពេលធ្វើកម្មសិក្សានោះនៅឡើយ។
ជាងនេះទៅទៀត ប្រសិនបើគណបក្សប្រជាជនកម្ពុជា លើកកម្ពស់យុវជនមែននោះ នៅក្នុងអាណត្តិដឹកនាំប្រទេសរបស់ខ្លួនកន្លងមកនោះ រដ្ឋាភិបាលបានផ្ដល់តួនាទីឲ្យយុវជនច្រើននៅក្នុងស្ថាប័នរដ្ឋាភិបាលបាលបាត់ទៅហើយ។ ប៉ុន្តែស្ថាប័នរដ្ឋនីមួយៗ ភាគច្រើនជាមនុស្សមានវ័យចំណាស់ដដែល ដែលជាអ្នកធ្វើការសម្រេចចិត្តកំពូលនោះ។
គណបក្សប្រជាជនកម្ពុជា ហាក់ចាប់អារម្មណ៍ខ្លាំងទៅលើយុវជន ជាពិសេសការបន្តវេនដឹកនាំ ប៉ុន្តែ កម្រិតលើកទឹកចិត្តនេះមានត្រឹមតែសែស្រឡាយ សាច់ញាតិរបស់មេដឹកនាំបច្ចុប្បន្ននៃគណបក្សនេះទេ។ ក្នុងនោះ មានកូនប្រុសបង្កើត និងកូនប្រសាលោកនាយករដ្ឋមន្ត្រី ធ្វើការងារជាមួយយុវជនបច្ចុប្បន្ននេះ ត្រូវបានតែងតាំងជាបេក្ខជនតំណាងរាស្ត្រក្នុងការប្រកួតបោះឆ្នោតនីតិកាលទី៥នេះ។
យុវជនទាំងនោះរួមមាន លោក ហ៊ុន ម៉ានី ជាកូនប្រុសបង្កើតលោក ហ៊ុន សែន ឈរជាបេក្ខជនតំណាងរាស្ត្រលេខរៀងពេញសិទ្ធិទី៤ ខែត្រកំពង់ស្ពឺ លោក ឌី វិជ្ជា កូនប្រសាលោក ហ៊ុន សែន និងជាកូនប្រុសអតីតអគ្គស្នងការនគរបាលជាតិ លោក ហុក ឡងឌី ជាបេក្ខជនតំណាងរាស្ត្របម្រុងនៅខែត្រស្វាយរៀង និងលោក ជាម ច័ន្ទសោភ័ណ្ឌ ជាបេក្ខជនបម្រុងនៅខែត្របាត់ដំបង ជាកូនរបស់លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសវនកម្មនៃរដ្ឋសភា និងជាមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា។
នរណាក៏មើលឃើញដែរថា គណបក្សប្រជាជនកម្ពុជា ជាពិសេសក្នុងអាណត្តិនេះ មានផែនការផ្ទេរមរតកឲ្យកូនចៅរបស់ខ្លួនច្បាស់លាស់ណាស់ ហើយផែនការនេះ កំពុងតែអនុវត្តជាបណ្ដើរៗហើយ តាមរយៈការបញ្ចូលកូនចៅរបស់ខ្លួនឲ្យមានតួនាទីបន្តិចម្ដងៗនៅក្នុងជួររដ្ឋាភិបាល និងនៅស្ថាប័នសភានៅពេលខាងមុខជាដើម។
មួយវិញទៀត ការបញ្ចូលយុវជនទៅក្នុងរឿងនយោបាយរបស់គណបក្សប្រជាជនកម្ពុជា នេះ ជាចរន្តនយោបាយមួយ ដើម្បីបង្កើនអំណាចគ្រួសារនិយម ដោយហេតុថា បេក្ខជនតំណាងរាស្រ្តជាយុវជននោះ មិនមែនជាយុវជនចេញពីកូនប្រជារាស្ត្រសាមញ្ញនោះទេ។ ទាក់ទងនឹងបញ្ហានេះ មានសំណួរជាច្រើនបានចោទសួរថា តើយុវជនខ្មែរគ្មានសមត្ថភាពក្នុងការធ្វើនយោបាយឬ បានជាមិនមានឱកាសចូលធ្វើជាបេក្ខជនតំណាងរាស្ត្រនៅក្នុងគណបក្សប្រជាជនកម្ពុជា?
ចំពោះចម្លើយនៃសំណួរនេះ គឺមិនមែនយុវជនជាកូនប្រជារាស្ត្រសាមញ្ញគ្មានសមត្ថភាពនោះទេ យុវជនជាច្រើនមានចំណេះដឹងខ្ពង់ខ្ពស់ ខ្លះបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយ សេដ្ឋកិច្ច នីតិសាស្ត្រ ឬច្បាប់ មកពីបរទេសទៀត ប៉ុន្តែពួកគាត់មួយចំនួនមិនមានឱកាសក្នុងការចូលធ្វើនយោបាយដោយសារគ្មានបក្សពួកនៅក្នុងគណបក្សធំមួយនេះ។
និយាយជារួមទៅ កៅអីសភានៅសល់ច្រើនទៀតរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ឲ្យយុវជន ប៉ុន្តែគណបក្សប្រជាជនមិនយកយុវជននោះ ទី១អាចថា មិនទុកចិត្តទី២ ពួកគាត់គ្មានសែស្រឡាយនៅក្នុងបក្ស និងទី៣ សំខាន់នោះគឺគណបក្សប្រជាជនកម្ពុជា មានគោលនយោបាយមិនបោះបង់សមាជិកចាស់ៗរបស់ខ្លួនដែលបានតស៊ូជាមួយគ្នានោះទេ ទោះបីជាចូលនិវត្តន៍ទៅហើយក្ដី គណបក្សនេះផ្ដល់ការងារឲ្យធ្វើរហូតដល់ថ្ងៃទទួលមរណភាព។
នៅត្រង់ចំណុចនេះ មានអតីតអភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា លោក ហ៊ុន ណេង អតីតអភិបាលខែត្រកំពង់ចាម ជាបងប្រុសបង្កើតលោក ហ៊ុន សែន និងអតីតអភិបាលខែត្រមួយចំនួនទៀត។ គណបក្សប្រជាជនកម្ពុជា បានផ្លាស់ប្ដូរតួនាទីពួកគាត់ទាំងនេះឲ្យមកឈរជាបេក្ខជនតំណាងរាស្ត្រវិញ ទោះបីជាអតីតអភិបាលក្រុង ឬអតីតអភិបាលខែត្រមួយចំនួន មានអាស្រូវមិនល្អក្នុងការបំពេញតួនាទីរបស់ខ្លួនកន្លងមកក្ដី។
ករណីនេះ អតីតអភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា ទទួលរងនូវការរិះគន់ជាច្រើនពីសំណាក់អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ក្នុងការអភិវឌ្ឍទីក្រុង ធ្វើឲ្យមានការបណ្ដេញចេញនៅសហគមន៍បឹងកក់ បុរីកីឡា និងសហគមន៍ផ្សេងៗទៀត។ ក្រៅពីនេះ លោក កែប ជុតិមា ត្រូវបានកាសែតក្នុងស្រុកចុះផ្សាយថា លោកទទួលរងនូវបណ្ដឹងនៅតុលាការក្រោមបទចោទប្រកាន់ថា យកដីរបស់ឈ្មួញឈ្មោះ សុគន្ធារី ហៅយាយក្រពើលក់ជាដើម។
ទោះបីជាយ៉ាងណាក៏ដោយ ការផ្លាស់ប្ដូរមនុស្សចាស់ជំនួសមកវិញ ជាយុវជនឲ្យបន្តធ្វើការនេះ ជាចរន្តនយោបាយស៊ីជម្រៅមួយរបស់គណបក្សប្រជាជនកម្ពុជា ពីព្រោះថា ករណីនេះជារូបភាពខាងក្រៅមើលឃើញថា គណបក្សនេះកំពុងស្រវាយកយុវជនឲ្យចូលរួមក្នុងឆាកនយោបាយជាបណ្ដើរៗហើយ ដោយលោក ហ៊ុន ម៉ានី កូនលោក ហ៊ុន សែន ឈរជាតំណាងដ៏សកម្មមួយធ្វើការជិតស្និទ្ធជាមួយយុវជន។ ចំនួនយុវជនគ្រប់អាយុបោះឆ្នោតនៅកម្ពុជា មានប្រមាណ ៣លាននាក់។
នេះអាចជាកម្លាំងចលករមួយដ៏សំខាន់ សម្រាប់ធ្វើឲ្យរបត់នយោបាយសង្គមមានការផ្លាស់ប្ដូរបានដែលគណបក្សនយោបាយនានា ចាត់ទុកថា ជាគន្លឹះចម្បង ក្នុងការដណ្ដើមអោយមកគាំទ្រខាងគណបក្សខ្លួន។
សរុបសេចក្ដីទៅ សកម្មភាពផ្ដល់ឱកាសការងារអោយយុវជនធ្វើនាពេលនេះរបស់គណបក្សប្រជាជន ហាក់ដូចជាល្ខោនមួយឈុតដែលគេរៀបចំសំដែងនៅលើឆាកមុនការបោះឆ្នោតតែប៉ុណ្ណោះ។ នៅពីក្រោយឆាកវិញ គឺយុវជនដែលជាសែស្រឡាយមេដឹកនាំរបស់គណបក្សប្រជាជនឯណោះទេ ដែលជាអ្នកសម្ដែងមែនទែននៅលើឆាកនយោបាយពិតប្រាកដក្រោយការបោះឆ្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
