ប្រទេសកម្ពុជា បានផ្លាស់ប្ដូររបបគ្រប់គ្រងថ្មីនៅក្រោយពីរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថា របបខ្មែរក្រហមដួលរលំ ដែលរបបនេះមនុស្សនៅទូទាំងសាកលលោកបានស្គាល់ថា ជារបបផ្ដាច់ការ កាប់សម្លាប់ និងរំលោភសិទ្ធិមនុស្ស។
មិនយូរប៉ុន្មាន កម្ពុជាបានប្រែក្លាយមុខមាត់ ធ្វើឲ្យអន្តរជាតិបានស្គាល់ជាថ្មីម្ដងទៀត ក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ជារបបប្រជាធិបតេយ្យសេរីពហុបក្ស ហើយរៀបចំបោះឆ្នោតដោយសេរីលើកដំបូងរបស់ខ្លួននៅឆ្នាំ១៩៩៣ ដែលរដ្ឋាភិបាលបានបើកឲ្យប្រជាពលរដ្ឋបញ្ចេញមតិ និងធ្វើបាតុកម្មជាដើម រហូតបានសង់ទីលានប្រជាធិបតេយ្យសម្រាប់ជាកន្លែងសម្ដែងមតិរបស់សាធារណជន។
តើមូលហេតុអ្វីបានជារដ្ឋាភិបាលបិទទីលានប្រជាធិបតេយ្យមិនឲ្យធ្វើបាតុកម្ម និងសម្ដែងមតិទៅវិញ?
ប្រទេសកម្ពុជា បានបើកទំព័រប្រវត្តិសាស្ត្រថ្មីក្រោយពីប្រទេសនេះមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងទទួលយករបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ក្រោយពីកម្ពុជា បានផ្លាស់ប្ដូររបបគ្រប់គ្រងរួចមក បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា បាត់បង់នូវភាពភ័យខ្លាចបន្តិចម្ដងៗ និងហ៊ានបញ្ចេញមតិនៅទីសាធារណៈ ពីរឿងនយោបាយ បញ្ហារំលោភសិទ្ធិមនុស្ស និងការរំលោភបំពានផ្សេងៗទៀត។
នៅក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ មានសកម្មជនការពារសិទ្ធិមនុស្ស តំណាងសហជីពកម្មករ និងឥស្សរជននយោបាយមួយចំនួន បានពលីជីវិតដើម្បីទាមទារសិទ្ធិសេរីភាពឲ្យកម្ពុជា ដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យ ដោយការដឹកនាំធ្វើបាតុកម្ម និងការតស៊ូមតិផ្សេងៗទៅកាន់រដ្ឋាភិបាល។
អ្វីដែលប្រជាពលរដ្ឋចង់បានអំពីពីការបោះឆ្នោតពីមួយអាណត្តិទៅមួយអាណត្តិនោះ គឺចង់បានការរីកចម្រើន រួមទាំងសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ ការគោរពសិទ្ធិមនុស្ស ដើម្បីឲ្យមាគ៌ាកម្ពុជា ឆ្ពោះទៅកាន់នីតិរដ្ឋពិតប្រាកដ។ ក៏ប៉ុន្តែតើនីតិរដ្ឋនៅកម្ពុជា ជានីតិរដ្ឋក្លែងក្លាយ ឬក៏ជានីតិរដ្ឋពិតប្រាកដ?
នីតិរដ្ឋគឺសំដៅលើរដ្ឋដែលមានច្បាប់គ្រងគ្រងល្អ ចេញពីគោលការណ៍សកលនៃឧត្ដមគតិយុត្តិធម៌ ពីតម្លៃសកលនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ហើយច្បាប់ទាំងនោះគេត្រូវគោរពអនុវត្តឲ្យបានត្រឹមត្រូវក្នុងប្រព័ន្ធមួយដែលមានការត្រួតពិនិត្យ និងការទទួលខុសត្រូវ មានយុត្តិធម៌យ៉ាងជាក់លាក់។
សកម្មភាពរបស់រដ្ឋាភិបាលបច្ចុប្បន្ន ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តជាតិរិះគន់ថា រដ្ឋាភិបាលឯកបក្សនីតិកាលទី៥នេះ បានដើរផ្ទុយពីលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ ដើម្បីការពារអំណាចរបស់ខ្លួន និងបក្សពួករបស់ខ្លួន រដ្ឋាភិបាលហាក់ដូចជាហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាង ទោះបីជាទង្វើនោះមានការថ្កោលទោសសហគមន៍អន្តរជាតិក៏ដោយ។
ការដែលរដ្ឋាភិបាលព្រួយបារម្ភ និងឈានទៅដល់ការបិទទីលានប្រជាធិបតេយ្យនោះ តាមមើលគឺរដ្ឋាភិបាលភ័យខ្លាចការធ្វើបាតុកម្ម ទោះបីជាក្រុមបាតុករទាំងអស់ធ្វើបាតុកម្មដោយសន្តិវិធីក៏ដោយ ពីព្រោះថា សន្ទុះធ្វើបាតុកម្មនៅក្រោយការបោះឆ្នោតថ្ងៃ២៨ កក្កដា ឆ្នាំ២០១៣ បានផុសកក្រើកឡើងនៅកម្ពុជា ពិសេសនៅទីក្រុងភ្នំពេញ។
តើមូលហេតុអ្វីបានជារដ្ឋាភិបាលភ័យខ្លាចចំពោះសកម្មភាពបាតុកម្ម និងធ្វើការទប់ស្កាត់នោះ?
ការបះបោរធ្វើបាតុកម្មរបស់សហគមន៍ក្រីក្រ កម្មកររោងចក្រ គណបក្សសង្គ្រោះជាតិ និងប្រជាពលរដ្ឋរងគ្រោះដីធ្លី គឺជាបញ្ហាដ៏ធំមួយចាក់ចំបេះដូងរបស់រដ្ឋាភិបាល ដែលរដ្ឋាភិបាលត្រូវតែរកវិធីទប់ស្កាត់។ ទោះបីជាក្រុមបាតុករទាំងនោះទាមទារសិទ្ធិសេរីភាព ទាមទារដំឡើងប្រាក់ខែ ឬទាមទាររកយុត្តិធម៌សន្លឹកឆ្នោតក៏ដោយ ក៏ប៉ុន្តែរដ្ឋាភិបាលមិនបណ្ដោយឲ្យក្រុមបាតុករទាំងនោះធ្វើបាតុកម្មតាមអំពើចិត្តនោះឡើយ ទោះបីជាសិទ្ធិបញ្ចេញមតិ និងបាតុកម្មបានចែងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីបាតុកម្មដោយសន្តិវិធីក្ដី។
រដ្ឋាភិបាលបង្ក្រាប និងទប់ស្កាត់មិនឲ្យមានបាតុកម្មនោះ ហាក់ដូចជារដ្ឋាភិបាលមិនទុកចិត្តលើខ្លួនឯងផង និងមិនទុកចិត្តលើក្រុមបាតុករផង ដោយសាររដ្ឋាភិបាលបានឃើញបទពិសោធន៍ប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា ដូចជានៅប្រទេសលីបី ជាដើម ដែលប្រជាពលរដ្ឋបានធ្វើបដិវត្តទម្លាក់មេដឹកនាំតាមរយៈការធ្វើបាតុកម្មនេះ។
លើសពីនេះទៀត នៅក្នុងការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមាណ ៣០ឆ្នាំកន្លងមកនេះ មានបញ្ហាច្រើនកើតមាននៅក្នុងសង្គម ដូចជាការបណ្ដោយឲ្យមានការរំលោភដីធ្លី ភាពអយុត្តិធម៌ក្នុងសង្គម អំពើពុករលួយ តុលាការមិនឯករាជ្យជាដើម។ ក្រៅពីនេះទៀត រដ្ឋាភិបាលហាក់អសមត្ថភាពក្នុងការដំឡើងប្រាក់ខែដល់មន្ត្រីរាជការ កម្មករ និងករណីផ្សេងៗទៀត។
បញ្ហានេះចង់មិនចង់រដ្ឋាភិបាលត្រូវដណ្ដើមកាន់កាប់ទីលានប្រជាធិបតេយ្យ និងប្រែក្លាយទីលានប្រជាធិបតេយ្យដែលធ្លាប់តែជាទីកន្លែងសម្រាប់ឲ្យមហាជនបញ្ចេញមតិធ្វើការទាមទារផ្សេងៗនោះ បានក្លាយទៅជាទីលានគ្មានប្រជាធិបតេយ្យ ឬទីលែងប្រជាធិបតេយ្យ ឬទីលានប្រតាយប្រតប់ធិបតេយ្យ ឬជាតំបន់ហាមឃាត់ ដែលឡោមព័ទ្ធដោយបន្លាលួស និងការពារដោយកងកម្លាំងប្រដាប់អាវុធយ៉ាងតឹងរ៉ឹងជាទីបំផុត សម្រាប់តទល់ជាមួយក្រុមបាតុករ ឬក្រុមហែក្បួនឃោសនារបស់គណបក្សសង្គ្រោះជាតិ មិនខុសពីការត្រៀមប្រយុទ្ធនៅក្នុងសមរភូមិនោះឡើយ។
លើសពីនេះទៀត ការបង្ក្រាបទៅលើការហែក្បួនរបស់គណបក្សសង្គ្រោះជាតិ ក្រុមធ្វើបាតុកម្មផ្សេងៗ នៅពេលថ្មីៗនេះ អាជ្ញាធរក្រុងហាក់ប្រើយុទ្ធសាស្ត្របំបែកការជួបជុំ ប្រើធម៌ក្ដៅខុសប្លែកពីលើកមុនៗ ដោយមិនបាច់ប្រើដៃកងកម្លាំងនគរបាល ឬកងកម្លាំងរាជអាវុធហត្ថនោះទេ។ អាជ្ញាធរក្រុងបានបង្កើតក្រុមមួយទៀតដែលក្រុមនេះកាន់ដំបងឈើសម្រាប់តទល់ ឬវាយបង្ក្រាបការជួបជុំ។ ក្រុមនេះបានវាយសំពងទៅលើក្រុមមហាជនធ្វើការជួបជុំមិនរើសមុខឡើយ មិនថាប្រជាពលរដ្ឋ តំណាងរាស្ត្រ អ្នកសារព័ត៌មានជាតិ អ្នកសារព័ត៌មានជាជនបរទេសនោះទេ។ លើសពីនេះទៀត សូម្បីតែព្រះសង្ឃដែលពុទ្ធសាសនិកគោរព និងតំណាងឲ្យសាសនាព្រះពុទ្ធនោះ ក៏ក្រុមនេះហ៊ានវាយសំពងដែរ។
កាលពីថ្ងៃទី២ ឧសភា នៅខណៈគណបក្សសង្គ្រោះជាតិ បានបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុង ស្រុក ខណ្ឌ នោះ កងកម្លាំងសន្តិសុខក្រុងទាំងនោះបានវាយសំពងអ្នកសារព័ត៌មានរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ម្នាក់របួសធ្ងន់ ព្រះតេជព្រះគុណ លួន សុវ៉ាត និងអ្នកយកព័ត៌មានជាជនបរទេសមួយរូបទៀត។ ការប្រើអំពើហិង្សានេះ មិនមែនប្រើតិចតួចទេ ពួកគេកាន់ដំបងជាច្រើននាក់វាយសំពងទៅលើមនុស្សម្នាក់ស្ទើរស្លាប់ស្ទើររស់ រហូតដល់សន្លប់ ទើបក្រុមសន្តិសុខនោះបញ្ឈប់វាយសំពង។
ការប្រើប្រាស់អំពើហិង្សាបែបនេះ មិនមែនជាលើកទី១ទេ តែរដ្ឋាភិបាលវិញ ហាក់បីដូចជាធ្វើមិនដឹងមិនលឺ ទោះបីជាក្រុមមន្ត្រីសិទ្ធិមនុស្សជាតិ អន្តរជាតិ ពិសេសតំណាងអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់ការប្រើប្រាស់អំពើហិង្សា និងទាមទារឲ្យបើកទីលែងប្រជាធិបតេយ្យ ឲ្យទៅជាទីលានប្រជាធិបតេយ្យដូចដើមវិញក្ដី តែរដ្ឋាភិបាលហាក់បីដូចជាមិនអើពើអំពីការទទូចសុំនេះនៅឡើយ ទោះបីជារដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងលើសន្ធិសញ្ញា និងកតិកាសញ្ញានានារបស់អង្គការសហប្រជាជាតិ ដូចជាសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស កតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយជាដើម។
ការបណ្ដោយឲ្យកម្លាំងប្រដាប់អាវុធ ឬកងកម្លាំងសន្តិសុខដែលបង្កើតថ្មីរបស់សាលារាជធានីប្រើប្រាស់អំពើហិង្សានេះ អាចថា ជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក៏ថាបាន ពីព្រោះថា តាមមើលទៅការប្រើប្រាស់អំពើហិង្សានេះ ដើម្បីកំញើញឲ្យប្រជាពលរដ្ឋ ឬអ្នកសារព័ត៌មានបានឃើញនិងបាក់ស្បាត។ ពិសេសទៅទៀត នៅសម័យកាលបច្ចេកវិទ្យាទំនើបនេះ រដ្ឋាភិបាលមិនសប្បាយចិត្តនិងការប្រើប្រាស់ម៉ាស៊ីនថតរូបភាព និងសំឡេងយកមកផ្សព្វផ្សាយតាមបណ្ដាញសង្គម ឬផ្សព្វផ្សាយតាមវិទ្យុក្នុងស្រុក និងវិទ្យុបរទេសនោះឡើយ ដោយហេតុថា វានឹងធ្វើឲ្យប៉ះពាល់ដល់កិត្តិនាមរដ្ឋាភិបាលតែខ្លាំងថែមទៀតនៅលើឆាកអន្តរជាតិ នៅខណៈដែលគណបក្សសង្គ្រោះជាតិ បានចោទប្រកាន់ថា រដ្ឋាភិបាលឯកបក្សជារដ្ឋាភិបាលមិនស្របច្បាប់នោះ។
ម្យ៉ាងវិញទៀត រដ្ឋាភិបាលប្រើវិធីសាស្ត្រសព្វបែបយ៉ាងដើម្បីទប់ស្កាត់ការជួបជុំនេះ ទោះបីជាក្រុមបាតុករកន្លងមកធ្វើបាតុកម្មដោយអហិង្សាក្ដី រដ្ឋាភិបាលត្រូវតែបង្ក្រាប ពីព្រោះថា ការបង្ក្រាបពីចំនួនតិចនេះងាយនឹងទប់ស្កាត់ គឺមិនបណ្ដោយឲ្យធ្វើការជួបជុំសម្ដែងមតិដោយសេរីហើយមានចំនួនច្រើនលើសលប់ទាន់នោះទេ។ បើសិនជាទុកឲ្យជួបជុំគ្នាច្រើននោះ រដ្ឋាភិបាលភ័យខ្លាចក្រុមបាតុករដាក់សម្ពាធមកលើខ្លួន ដោយបិទច្រកចេញចូលសំខាន់ៗ នៅទីក្រុងភ្នំពេញ ហើយនៅពេលនោះ ក៏ពិបាកនឹងបំបែកដែរ ដែលប្រទេសមួយចំនួនបានធ្វើជាគំរូស្រាប់ មិនបាច់ងាកទៅមជ្ឈិមបូព៌ាទេ នៅប្រទេសថៃ ក្រុមបាតុករក៏ប្រើប្រាស់វិធីសាស្ត្របែបនេះដែរ ដើម្បីជាការតថ្លៃជាមួយរដ្ឋាភិបាលក្នុងការទាមទារឲ្យបោះឆ្នោតឡើងវិញ និងបញ្ហាផ្សេងៗទៀត។
បញ្ហាទាំងនេះ រដ្ឋាភិបាលហាក់បីដូចជាលែងខ្វល់អំពីការគោរពសិទ្ធិមនុស្ស និងការគោរពច្បាប់។ សំខាន់ឲ្យតែបង្ក្រាបបាតុករ និងកាន់កាប់ទីលានប្រជាធិបតេយ្យបានជារឿងជោគជ័យរបស់រដ្ឋាភិបាលទៅហើយ ក្រោមរូបភាពរក្សាសុវត្ថិភាព និងសន្តិសុខសណ្ដាប់ធ្នាប់សង្គម។ ក៏ប៉ុន្តែប្រសិនបើរដ្ឋាភិបាលប្រើយុទ្ធសាស្ត្របែបនេះមែន កេរ្តិ៍ឈ្មោះរបស់រដ្ឋាភិបាលដែលខំកសាង និងដឹកនាំប្រទេសប្រមាណ ៣០ឆ្នាំកន្លងនេះ ត្រូវបានញាំញី ខូចកិត្តិនាមនៅលើឆាកអន្តរជាតិនានីតិកាលទី៥នេះ នៅខណៈដែលស្ថានភាពនយោបាយកំពុងជាប់គាំងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។