បទ​វិភាគ៖ តើ​កម្មករ​អាច​ទទួល​បាន​ប្រាក់​ខែ​១០០​ដុល្លារ​ឬ​ទេ?

កិច្ច​ប្រជុំ​ពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​គោល​ដល់​កម្មករ​កម្មការិនី​រោងចក្រ​ពី ៦១​ដុល្លារ ទៅ​ដល់ ១០០​ដុល្លារ បាន​ធ្វើ​ឡើង​ជាច្រើន​លើក​ច្រើន​សារ ចាប់​តាំង​ពី​ចុង​ខែ​កុម្ភៈ មក​ដល់​ខែ​មីនា។

0:00 / 0:00

ថ្វី​ត្បិត​តែ​កិច្ច​ប្រជុំ​ក្រុម​ការងារ​ទំនាក់ទំនង​វិជ្ជាជីវៈ លើ​បញ្ហា​ប្រាក់​ឈ្នួល​គោល ទទួល​បាន​លទ្ធផល​ថា​នឹង​ដំឡើង​ប្រាក់​ឈ្នួល​គោល​ឲ្យ​កម្មករ​ចំនួន ១៤​ដុល្លារ​បន្ថែម​លើ ៦១​ដុល្លារ សរុប ៧៥​ដុល្លារ​ក្ដី ប៉ុន្តែ​និយោជក និង​ភាគី​សហជីព មិន​ទាន់​ត្រូវរ៉ូវ​គ្នា ហើយ​នៅ​មាន​ភាព​ប្រទាំង​ប្រទើស​មិន​ទាន់​រក​ចំណុច​រួម​បាន​នៅ​ឡើយ។

បញ្ហា​នេះ សហភាព​សហជីព​កម្មករ​នៅ​តែ​ព្រមាន​ជា​ដដែលៗ​ថា ប្រសិន​បើ​មិន​អាច​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​មិន​បាន ១០០​ដុល្លារ​ទេ​នោះ ការ​ប្រមូល​ផ្ដុំ​ធ្វើ​បាតុកម្ម​នឹង​អាច​កើត​មាន​ឡើង​ជាក់​ជា​មិន​ខាន។

បើ​ផ្អែក​ទៅ​លើ​ប្រាក់​ចំណូល​របស់​ថៅកែ​រោងចក្រ និង​ប្រាក់​ចំណាយ​ទៅ​លើ​ប្រាក់​ខែ​កម្មករ ការ​ទិញ​វត្ថុ​ធាតុ​ដើម និង​ការ​ចំណាយ​ចាំបាច់​ផ្សេងៗ​ទៀត ការ​ដំឡើង​ប្រាក់​ខែ​គោល​អោយ​ដល់ ១០០​ដុល្លារ​ក្នុង​មួយ​ខែ ពិត​ជា​អាច​ទៅ​រួច។

នៅ​ឆ្នាំ​២០១២ ទំហំ​ទឹក​ប្រាក់​បាន​មក​ពី​ការ​នាំ​ផលិតផល​នៃ​វិស័យ​កាត់​ដេរ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស មាន​ចំនួន​ច្រើន​ជាង​ពីរ​ដង​នៃ​ទំហំ​ទឹក​ប្រាក់​ចំណាយ​ទៅ​លើ​វត្ថុធាតុ​ដើម​នាំ​ចូល​មក​កម្ពុជា។

តួលេខ​ជាក់ស្ដែង​នៃ​ការ​នាំ​ចេញ​សរុប​នៃ​វិស័យ​កាត់​ដេរ មាន​ទឹក​ប្រាក់​ច្រើន​ជាង ៤​ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១២។ រីឯ​ការ​នាំ​ចូល​វត្ថុ​ធាតុ​ដើម​សម្រាប់​ផលិត​នៅ​កម្ពុជា វិញ មាន​ទឹក​ប្រាក់​ប្រមាណ ១.៧០០​លាន​ដុល្លារ​អាមេរិក។

បើ​ទូទាត់​ចំណាយ​ទាំង​នេះ​ចេញ​ទៅ រោងចក្រ​កាត់​ដេរ​ទាំងអស់​អាច​នៅ​សល់​ទឹក​ប្រាក់​ប្រមាណ ២​ពាន់​លាន​ដុល្លារ​អាមេរិក ទៀត ទុក​សម្រាប់​ចំណាយ​លើ​កម្រៃ​ផ្សេងៗ ទាក់ទង​នឹង​ការ​គ្រប់គ្រង ការ​ចំណាយ​ប្រតិបត្តិការ និង​ផល​ចំណេញ។ នេះ​បូក​បញ្ចូល​ទាំង​ការ​ចំណាយ​លើ​ប្រាក់​ខែ​កម្មករ​ប្រមាណ ៣០០​លាន​ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំ​ផង។

ក្រៅ​ពី​នេះ ការ​កាត់​បន្ថយ​ការ​ចំណាយ​ច្រើន​សម្រាប់​រោងចក្រ ដូចជា ថ្លៃ​ដឹក​ជញ្ជូន ការ​យក​កម្រៃ​ក្រៅ​ផ្លូវ​ការ​ផ្សេងៗ ក៏​ជា​ផ្នែក​មួយ​សំខាន់​សម្រាប់​ម្ចាស់​រោងចក្រ​លៃលក​ផ្ទេរ​ការ​ចំណាយ​នោះ​សម្រាប់​ដំឡើង​ប្រាក់​បៀវត្សរ៍​ដល់​កម្មករ​ដែរ។

ដូច្នេះ មាន​ន័យ​ថា បើ​ភាគី​ថៅកែ​រោងចក្រ​ចង់​ដំឡើង​ប្រាក់​ឈ្នួល​គោល​ឲ្យ​កម្មករ​នោះ គឺ​គេ​អាច​ដំឡើង​ដល់​លើស ១០០​ដុល្លារ​អាមេរិក ឯ​ណោះ​ក្នុង​មួយ​ខែ។ ដូច្នេះ ប្រការ​សំខាន់​មើល​ទៅ គឺ​ផ្អែក​ទៅ​លើ​ថា តើ​ថៅកែ​មាន​ចិត្ត​ចង់​ដំឡើង ឬ​មិន​ចង់​តែ​ប៉ុណ្ណោះ?

រីឯ​ក្រុម​កម្មករ​ឯណោះ​វិញ ប្រហែល​ជា​ពួក​គាត់​ទ្រាំ​លែង​បាន​ហើយ បាន​ជា​ចំនួន​អ្នក​តវ៉ា​កាន់​តែ​កើន​ឡើង​នៅ​រយៈពេល​ចុង​ក្រោយ​នេះ។

ការ​សិក្សា​ជាច្រើន បាន​រក​ឃើញ​ថា មូលហេតុ​ប្រាក់​ខែ​តិច​ធ្វើ​ឲ្យ​កម្មករ​មិន​អាច​រស់នៅ​បាន នៅ​ពេល​ដែល​តម្លៃ​ស្បៀង​អាហារ​កាន់​តែ​កើន​ខ្ពស់ ហើយ​មាន​កម្មករ​ជាង ៧០% ជួប​បញ្ហា​សុខភាព​មាន​ភាព​ស្គម​ស្គាំង និង​ស្លេក​ស្លាំង។ នេះ​ក៏​ជា​បញ្ហា​សំខាន់​ដែល​ធ្វើ​ឲ្យ​ចំនួន​កម្មករ​សន្លប់​កំឡុង​ពេល​បំពេញ​ការងារ​ប្រចាំ​ថ្ងៃ។ កម្មករ​មិន​ហ៊ាន​ចំណាយ​លុយ​ច្រើន​ទេ សម្រាប់​អាហារ​ទាំង​បី​ពេល។ ពួក​គេ​ហូប​តែ​លៀស​ហាល ហូប​ជ្រក់​ស្ពៃ ជ្រក់​ត្រសក់ ហូប​បាយ​ស្រូប​លាយ​ជាមួយ​ម្ហូប​នៅ​មុខ​រោងចក្រ។ ក្នុង​មួយ​ពេល ចំណាយ​ប្រហែល ១.៥០០​រៀល អី​ប៉ុណ្ណឹង។ និយាយ​ទៅ ពួក​គេ​ម្នាក់ៗ​ចំណាយ​លុយ​ប្រមាណ ៤​ពាន់​រៀល ជា​មធ្យម​សម្រាប់​អាហារ​ក្នុង​មួយ​ថ្ងៃ មាន​ន័យ​ថា កម្មករ​ម្នាក់​ចំណាយ​លើ​ចំណី​អាហារ​ប្រមាណ​ជាង ៤០​ដុល្លារ​ក្នុង​មួយ​ខែ។

ក្រៅ​ពី​នេះ កម្មករ​ក៏​មាន​កាតព្វកិច្ច​ធំ​មួយ​ទៀត គឺ​ផ្ញើ​លុយ​ទៅ​ផ្ទះ​សម្រាប់​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​នៅ​ឯ​ស្រុក​ស្រែ​ចម្ការ ឬ​នៅ​ផ្ទះ​របស់​ពួក​គាត់​ទៀត។ ម៉្លោះ​ហើយ សន្ទុះ​នៃ​ការ​តវ៉ា ទាមទារ ធ្វើ​បាតុកម្ម ធ្វើ​អី​រាល់​ថ្ងៃ​នេះ វា​នៅ​តែ​មាន ហើយ​មាន​កាន់​តែ​ច្រើន​ឡើង​ទៀត។ ហើយ​រឿង​ការ​ទារ​ដំឡើង​ប្រាក់​ឈ្នួល​គោល​នេះ​ទៀត​សោត ខាង​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា បាន​អះអាង​ហើយ​ថា ការ​ដំឡើង​ប្រាក់​ខែ​គោល ២០% ពិត​ជា​គ្មាន​បញ្ហា​ទេ អាច​ដំឡើង​ពី ៦១​ដុល្លារ ទៅ ៧៣​ដុល្លារ​អាមេរិក។ ប៉ុន្តែ​សហជីព​ផ្សេងៗ​ចង់​បាន​រហូត​ដល់ ១៥០​ដុល្លារ​អាមេរិក។ សមាគម​រោងចក្រ​កាត់​ដេរ​បាន​កត់​សម្គាល់​ថា កម្មករ​អាច​ទទួល​ប្រាក់​ខែ​ជា​មធ្យម​ប្រមាណ ១០០​ដុល្លារ​អាមេរិក ក្នុង​មួយ​ខែ នា​ពេល​បច្ចុប្បន្ន ដោយសារ​តែ​បទ​ពិសោធន៍​ការងារ ផលិតភាព​ខ្ពស់ និង​ការ​ធ្វើ​ការ​ថែម​ម៉ោង​របស់​កម្មករ។

ទន្ទឹម​នឹង​គ្នា​នេះ នូវ​ទាមទារ​ឲ្យ​រដ្ឋាភិបាល វិស័យ​ឯកជន ព្រម​ទាំង​សង្គម​ស៊ីវិល និង​សហជីព​សហការ​គ្នា ដើម្បី​ជួយ​លើ​ការ​ហ្វឹកហ្វឺន​បង្កើន​សមត្ថភាព​បច្ចេកទេស ដើម្បី​អោយ​សមស្រប​ប្រាក់​បៀវត្ស​ខ្ពស់​ហ្នឹង។

កម្មករ​កម្មការិនី​ធ្លាប់​បាន​គំរាម​ថា នឹង​ធ្វើ​មហា​បាតុកម្ម​ដើម្បី​ប្រមូល​ផ្ដុំ​សំឡេង​ទាមទារ​របស់​ពួក​គាត់​អោយ​ឮ​ខ្លាំង​ដល់​ថ្នាក់​លើ សុំ​អោយ​មាន​កិច្ច​អន្តរាគមន៍។ ប្រហែល​ជា​ពួក​គាត់​នៅ​តែ​ជឿ​ថា ទាល់​តែ​កង្កែប ហ៊ីង ស្រែក​យំ ទើប​តា​ព្រហ្ម​ព្រម​ផ្ដល់​ទឹក​ភ្លៀង​ឲ្យ បាន​ជា​ពួក​គាត់​នៅ​តែ​ចិត្ត​សឿង​ថា​នឹង​ធ្វើ​មហា​បាតុកម្ម រហូត​ដល់​សម្រេច​បាន​តាម​ការ​ទាមទារ​របស់​ពួក​គាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។