បទ​វិភាគ៖ ការ​ប្រៀបធៀប​របត់​នយោបាយ​រវាង​ប្រទេស​មីយ៉ាន់ម៉ា​និង​កម្ពុជា

ដោយ ឯក សិរី
2015.11.18
អ្នក​គាំទ្រ​អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ៦២០ អ្នក​គាំទ្រ​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ របស់ អ្នកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) អបអរ​សាទរ​ចំពោះ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត នា​ទីក្រុង​យ៉ាងហ្គន (Yangon) ប្រទេស​មីយ៉ាន់ម៉ា (Myanmar) កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
Photo AFP

ជោគជ័យ​របស់​ប្រធាន​បក្ស​ប្រឆាំង អ្នកស្រី អ៊ុង សាន ស៊ូជី (Aung san Suu kyi) ក្នុង​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​មីយ៉ាន់ម៉ា (Myanmar) កាល​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា នេះ គឺ​ជា​ប្រធានបទ​ដែល​កំពុង​ធ្វើ​ឲ្យ​រំជើប​រំជួល និង​បន្ថែម​កម្ដៅ​ថែម​ទៀត​នៅ​ក្នុង​រង្វង់​អ្នក​នយោបាយ​កម្ពុជា។

ជា​ការ​ពិត​ណាស់ ជោគ​ជ័យ​ក្នុង​ការ​បោះ​ឆ្នោត​ដែល​អាច​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​របត់​នយោបាយ​នៅ​ក្នុង​ប្រទេស ដែល​គ្រប់គ្រង​ដោយ​អំណាច​យោធា​អស់​រយៈពេល​ជាច្រើន​ទសវត្ស​នេះ គឺ​ជា​ករណី​កើត​ឡើង​ដោយ​លំបាក។ ការ​ផ្លាស់ប្ដូរ​នេះ​ទៀត​សោត នឹង​មិន​អាច​កើត​ឡើង​បាន​ឡើយ ប្រសិន​បើ​ពុំ​មាន​ការ​ចូលរួម​យ៉ាង​សកម្ម​ពី​សំណាក់​ប្រជាពលរដ្ឋ និង​ជាពិសេស​អ្នក​នយោបាយ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅ​ពី​ក្រោយ​ភាព​ជោគ​ជ័យ​របស់​គណបក្ស​ប្រឆាំង និង​ការ​អាច​ឈាន​ទៅ​រក​ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​ប្រទេស ប្រហែល​ក៏​មាន​វត្តមាន​ប្រមុខ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា ម្នាក់​ផង​ដែរ ពោល​ឲ្យ​ចំ គឺ​លោក​ប្រធានាធិបតី ថេន សេន (Thein Sein) ដែល​ចូលរួម​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នេះ។ ជា​ការ​ពិត​ណាស់ ប្រសិន​បើ​ពុំ​មាន​ការ​គាំទ្រ និង​ការ​បើក​ឱកាស​ពី​សំណាក់​លោក​ប្រធានាធិបតី ថេន សេន ក៏​ប្រហែល​ជា​គ្មាន​ការ​បោះ​ឆ្នោត​នៅ​មីយ៉ាន់ម៉ា នោះ​ដែរ។

តើ​កត្តា​អ្វី​ខ្លះ​ដែល​ជំរុញ​ឲ្យ​លោក​ប្រធានាធិបតី ថេន សេន បើក​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​ប្រទេស? ចុះ​ក្នុង​បរិបទ​អ្នក​នយោបាយ​កម្ពុជា អាច​មាន​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​ដែរ​ឬ​ទេ នៅ​ពេល​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត?

ក្នុង​ឋានៈ​ជា​ប្រធានាធិបតី និង​ជា​អ្នក​កែ​ទម្រង់​ម្នាក់ លោក ថេន សេន បាន​សម្រេច​សមិទ្ធផល​យ៉ាង​ច្រើន​ក្នុង​កំណែ​ទម្រង់​រដ្ឋ រហូត​ធ្វើ​ឲ្យ​អន្តរជាតិ ជាពិសេស​ប្រទេស​មហា​អំណាច​លោក​ខាង​លិច​ដក​ការ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច និង​ហុច​ដៃ​មក​រក​ប្រទេស​ប្រកាន់​របប​យោធា​និយម​នៅ​អាស៊ី​មួយ​នេះ។

ពិភពលោក​សាទរ​ការ​រៀបចំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី ដែល​ធ្វើ​ឲ្យ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ របស់ អ្នកស្រី អ៊ុង សាន ស៊ូជី បាន​ទទួល​ជ័យ​ជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​នេះ ហើយ​ក៏​កំពុង​រង់ចាំ​មើល​ថា តើ​នឹង​មាន​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​នៅ​មីយ៉ាន់ម៉ា ដែរ​ឬ​យ៉ាង​ណា? ប្រសិន​បើ​មាន​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​មែន អ្នក​ឈ្នះ​នឹង​ដឹក​នាំ​រដ្ឋាភិបាល ចំណែក​អ្នក​ចាញ់​នឹង​ក្លាយ​ជា​អ្នក​កំណែ​ទម្រង់​ជាតិ​ដែល​ប្រវត្តិសាស្ត្រ​នឹង​ចងចាំ។

កត្តា​សំខាន់​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​មាន​របត់​នយោបាយ​ផ្លាស់ប្ដូរ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ក្រោម​ការ​ដឹក​នាំ​របស់​លោក​ប្រធានាធិបតី ថេន សេន គឺ​ទី​មួយ ឆន្ទៈ​នយោបាយ។ ក្នុង​តំណែង​ជា​ប្រធានាធិបតី និង​ជា​អ្នក​កំណែ​ទម្រង់ លោក ថេន សេន ឈរ​នៅ​ចំ​ចំណុច​កណ្ដាល​រវាង​ប្រជាពលរដ្ឋ​ដែល​ស្រេក​ឃ្លាន​ចង់​បាន​ប្រជាធិបតេយ្យ ចង់​ឃើញ​ការ​ផ្លាស់ប្ដូរ និង​ម្ខាង​ទៀត​ជា​ក្រុម​ពួក​ឧត្តមសេនីយ៍​យោធា ដែល​ហ៊ាន​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​រក្សា​អំណាច។ ការ​ផ្លាស់ប្ដូរ​ណា​មួយ​ដែល​ធ្វើ​ឡើង​លឿន​ពេក ខ្វះ​ការ​ប្រុង​ប្រយ័ត្ន នឹង​អាច​មាន​រដ្ឋ​ប្រហារ​ពី​សំណាក់​ពួក​យោធា​កើត​ឡើង​ភ្លាមៗ​ជា​មិន​ខាន។ ហេតុ​នេះ​ហើយ ការ​ផ្លាស់ប្ដូរ​ណា​មួយ​នៅ​មីយ៉ាន់ម៉ា ចាំបាច់​ឲ្យ​មាន​ឆន្ទៈ​នយោបាយ​ស្រប​គ្នា​ពី​សំណាក់​ប្រធានាធិបតី ពួក​ឧត្ដមសេនីយ៍​យោធា និង​មេ​ដឹក​នាំ​បក្ស​ប្រឆាំង។

ហេតុ​ផល​មួយ​ទៀត គឺ​បរិបទ​ទុំ​ជោរ​នយោបាយ​នៅ​មីយ៉ាន់ម៉ា។ អស់​រយៈពេល​ជាច្រើន​ទសវត្ស​ដែល​ប្រជាជន​មីយ៉ាន់ម៉ា រស់នៅ​ក្រោម​ការ​គាប​សង្កត់​របស់​របប​យោធា។ ការ​ចង់​បាន​សិទ្ធិ​សេរីភាព​ប្រជាធិបតេយ្យ​ពេញលេញ​លាន់​ឮ​ទូទាំង​ប្រទេស​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា។ ក្នុង​បរិបទ​ពិភពលោក​បច្ចុប្បន្ន មីយ៉ាន់ម៉ា ដែល​ទទួល​ការ​គាប​សង្កត់​ពី​សំណាក់​សហគមន៍​អន្តរជាតិ មិន​អាច​នៅ​ឯកោ​កាត់​ផ្ដាច់​ពី​ពិភពលោក​ខាង​ក្រៅ​ទៀត​ឡើយ។ ទាំង​អ្នក​នយោបាយ និង​ទាំង​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា យល់​ច្បាស់​អំពី​សារសំខាន់​នៃ​ការ​ផ្លាស់ប្ដូរ ដើម្បី​នាំ​មីយ៉ាន់ម៉ា ទៅ​រក​ការ​រីក​ចម្រើន​ប្រកប​ដោយ​ចិរភាព។

ហេតុ​ផល​ទី​បី គឺ​នៅ​មីយ៉ាន់ម៉ា មាន​តួអង្គ​ឧត្តរាធិការី ឬ​អ្នក​ស្នង​បន្ត​នយោបាយ​ដ៏​លេចធ្លោ ប្រសិន​មាន​ការ​ផ្លាស់ប្ដូរ​ណា​មួយ​ក្នុង​ប្រទេស។ ក្នុង​បរិបទ​នយោបាយ​ដែល​ងាយ​ប្រេះ​បែក​ដូច​មីយ៉ាន់ម៉ា ចាំបាច់​ត្រូវ​មាន​អ្នក​ដឹក​នាំ​ដែល​រឹងមាំ មាន​បទ​ពិសោធន៍​ក្នុង​នយោបាយ។ អ្វី​ពិសេស​ទៅ​ទៀត​នោះ គឺ​ជា​អ្នក​នយោបាយ​ដឹក​នាំ​ប្រទេស​តាម​រយៈ​ការ​ផ្សះផ្សា​ជាតិ ដោយ​គ្មាន​ការ​សង​សឹក ក្រោយ​ការ​ចេញ​ពី​តំណែង​របស់​ថ្នាក់​ដឹក​នាំ​យោធា។ ក្នុង​ហេតុ​ផល​បែប​នេះ​ហើយ លោក​ប្រធានាធិបតី ថេន សេន អាច​សម្លឹង​ឃើញ អ្នកស្រី អ៊ុង សាន ស៊ូជី គឺ​ជា​បេក្ខជន​ដ៏​ស័ក្ដិសម​បំផុត​ក្នុង​ការ​បង្រួប​បង្រួម​ជាតិ និង​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស និង​អន្តរជាតិ។

កិត្យានុភាព​ជាតិ​ក្នុង​ឆាក​អន្តរជាតិ ក៏​អាច​ជា​ហេតុ​ផល​ជំរុញ​លោក​ប្រធានាធិបតី ថេន សេន សម្រេច​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​នៅ​មីយ៉ាន់ម៉ា ផង​ដែរ។ សៀវភៅ​ក្រោម​ចំណង​ជើង​ថា "នយោបាយ​ក្នុង​ចំណោម​ប្រជាជាតិ" (Politics among Nations) របស់​អ្នក​វិទ្យាសាស្ត្រ​នយោបាយ​ជនជាតិ​អាមេរិក ហាន់ ម៉ូរហ្គិនតៅ (Hans Morgenthau) ពន្យល់​ថា កត្តា​កិត្យានុភាព​ជាតិ​ក្នុង​ឆាក​អន្តរជាតិ ជា​កត្តា​ស្លាប់​រស់​ដែល​អាច​កំណត់​ភាព​ជោគ​ជ័យ និង​ភាព​បរាជ័យ​ក្នុង​នយោបាយ​ការ​បរទេស​របស់​ប្រទេស​ជាតិ​មួយ។ សម្រាប់​មីយ៉ាន់ម៉ា ដែល​ធ្លាប់​មាន​កេរ្តិ៍​ឈ្មោះ​មិន​ល្អ​ក្នុង​ឆាក​អន្តរជាតិ​កន្លង​មក ទាក់ទង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​បំបិទ​សិទ្ធិ​សេរីភាព អំពើ​ពុក​រលួយ និង​ការ​គ្រប់គ្រង​ប្រទេស​តាម​បែប​យោធា​និយម ចាំបាច់​បំផុត​ក្នុង​ការ​ស្ដារ​មុខ​មាត់​កិត្យានុភាព​ជាតិ​ក្នុង​ឆាក​អន្តរជាតិ​ឡើង​វិញ។ ចំណុច​ដំបូង​បង្អស់​ដើម្បី​ស្ដារ​កិត្យានុភាព​ប្រទេស​ឡើង​វិញ មីយ៉ាន់ម៉ា ត្រូវ​មាន​រដ្ឋាភិបាល​ដែល​កើត​ឡើង​ដោយ​ការ​បោះ​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ និង​ដែល​ទទួល​ស្គាល់​ពី​អន្តរជាតិ។

ចុះ​ក្នុង​បរិបទ​អ្នក​នយោបាយ​កម្ពុជា អាច​មាន​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​ដែរ​ឬ​ទេ នៅ​ពេល​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត?

នៅ​កម្ពុជា ប្រហែល​ជា​ខុស​ពី​បរិបទ​នយោបាយ​នៅ​មីយ៉ាន់ម៉ា។ ការ​ប្រៀបធៀប​នយោបាយ​កម្ពុជា ជាមួយ​មីយ៉ាន់ម៉ា អាច​មិន​ត្រឹមត្រូវ​ខ្លះ និង​ត្រឹមត្រូវ​ខ្លះ។

មិន​ត្រឹមត្រូវ​នៅ​ត្រង់​ថា កម្ពុជា បាន​ផ្លាស់ប្ដូរ​មក​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​តាំង​ពី​ឆ្នាំ​១៩៩៣ ខណៈ​ដែល​នៅ​មីយ៉ាន់ម៉ា គ្រប់គ្រង​រដ្ឋ​ដោយ​ពួក​យោធា​អស់​ជាច្រើន​ទសវត្ស។ យ៉ាង​ណា​មិញ ត្រឹមត្រូវ​នៅ​ត្រង់​ថា ប្រទេស​ទាំង​ពីរ​ស្ថិត​ក្នុង​ដំណាក់​កាល​អន្តរកាល​ប្រជាធិបតេយ្យ ឬ​ប្រជាធិបតេយ្យ​កូន​កាត់ ពោល​គឺ​ទាំង​កម្ពុជា និង​ទាំង​មីយ៉ាន់ម៉ា មាន​បញ្ហា​ដូច​គ្នា។ តួយ៉ាង​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស កង្វះ​ឯករាជ​ភាព​តុលាការ ការ​គ្រប់គ្រង​ដោយ​បក្ស​កាន់​អំណាច​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ជាពិសេស​វិទ្យុ ទូរទស្សន៍ និង​អំពើ​ពុក​រលួយ ជាដើម។

លើស​ពី​នេះ​ទៅ​ទៀត ភាព​ខុស​គ្នា​ត្រង់​ថា អ្នក​នយោបាយ​មីយ៉ាន់ម៉ា ពោល​ឲ្យ​ចំ គឺ​អ្នកស្រី អ៊ុង សាន ស៊ូជី សុខ​ចិត្ត​ជ្រើស​រើស​ការ​មិន​ចាក​ចេញ​ពី​ប្រទេស និង​ពី​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​ពេល​ទទួល​ការ​គំរាម​កំហែង​ពី​របប​យោធា។ ស្រប​ពេល​ដែល​លោក​ប្រធានាធិបតី ថេន សេន ហាក់​បង្ហាញ​ដោយ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​បើក​ឱកាស​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​ប្រទេស។ ចំណែក​នៅ​កម្ពុជា អ្នក​នយោបាយ​ព្យាយាម​ក្រាញ​អំណាច​ដោយ​ប្រើ​គ្រប់​មធ្យោបាយ និង​ជ្រើស​រើស​ការ​ចាក​ចេញ​ពី​ប្រទេស រត់​ចោល​អ្នក​គាំទ្រ​ប្រសើរ​ជាង​ការ​នៅ​ប្រឈម​នឹង​ការ​គំរាម​កំហែង​ចាប់​ចង។

នៅ​កម្ពុជា ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី ស្ថិត​នៅ​ក្រោម​សំណួរ​ដែល​ពិបាក​រក​ចម្លើយ ខណៈ​ដែល​ជា​ញឹកញាប់ គេ​តែង​ឮ​ការ​គំរាម​កំហែង​នឹង​អាច​មាន​សង្គ្រាម​ពី​ថ្នាក់​ដឹក​នាំ​គណបក្ស​កាន់​អំណាច ប្រសិន​បើ​គណបក្ស​នេះ​ចាញ់​ក្នុង​ការ​បោះ​ឆ្នោត។ ទោះ​ជា​យ៉ាង​ណា ការ​ផ្ទេរ​អំណាច​ណា​មួយ​អាច​កើត​ឡើង​នៅ​កម្ពុជា ទៅ​បាន ចាំបាច់​គណបក្ស​ប្រឆាំង​អាច​យក​ឈ្នះ​គណបក្ស​កាន់​អំណាច​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​ជា​មុន​សិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។