បទ​វិភាគ៖ តើ​អ្វី​ជំរុញ​ឲ្យ​កម្ពុជា​ផ្អាក​ធ្វើ​សមយុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​ជាមួយ​អាមេរិក?

ដោយ មាន ឫទ្ធិ
2017.02.04
សម​យុទ្ធ​កម្ពុជា អាមេរិក ៦២០ សកម្មភាព​កងទ័ព​ជើង​ទឹក​កម្ពុជា និង​អាមេរិក ចូល​រួម​ក្នុង​ពិធី​បើក​លំហាត់​សមយុទ្ធ​ខារ៉ាត់​កម្ពុជា ឆ្នាំ​២០១៥ នា​មូលដ្ឋាន​កងទ័ព​ជើងទឹក​សមុទ្រ​រាម ខេត្ត​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
RFA/Den Ayuthyea

គេ​នៅ​ចាំ​បាន​ថា នៅ​មិន​ដល់​មួយ​សប្ដាហ៍​ផង មុន​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​ថ្មី​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ប្រទេស​កម្ពុជា បាន​សម្រេច​ចិត្ត​ជា​ឯកតោ​ភាគី​យ៉ាង​តក់ក្រហល់ អំពី​ការ​ផ្អាក​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ប្រចាំ​ឆ្នាំ​ជាមួយ​អាមេរិក ដែល​មាន​ឈ្មោះ​ថា “ឆ្មាំ​អង្គរ”។

តាម​ប្រសាសន៍​របស់​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ឈុំ សុជាត ដែល​ថ្លែង​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​ក្នុង​ស្រុក និង​បរទេស​ថា ការ​ផ្អាក​នេះ​មាន​រយៈពេល​ពីរ​ឆ្នាំ គឺ​ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០១៨។ លោក​បាន​លើក​យក​ហេតុផល​ចំនួន​ពីរ​ធំៗ​ដែល​នាំ​ឲ្យ​កម្ពុជា សម្រេច​ចិត្ត​ដូច្នេះ។ ទី​មួយ៖ កម្ពុជា​កំពុង​ជាប់​រវល់​ធ្វើ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​គ្រឿង​ញៀន​ដែល​តម្រូវ​ឲ្យ​មាន​ការ​ចូលរួម​ពី​សំណាក់​កងកម្លាំង​យោធា និង​នគរបាល​ដើម្បី​បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿង​ញៀន​នានា នៅ​ទូទាំង​ផ្ទៃ​ប្រទេស។ ទី​ពីរ៖ ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​ដំណើរ​ការ​ការ​បោះឆ្នោត​ឃុំ-សង្កាត់ ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ។ ក៏​ប៉ុន្តែ ហេតុផល​ដ៏​សាមញ្ញ​ទាំង​ពីរ​ខាង​លើ​នេះ ហាក់បីដូចជា​ពិបាក​នឹង​ពន្យល់​ឲ្យ​គេ​ងាយ​នឹង​ជឿ និង​យល់​ស្រប​តាម​ណាស់។

តើ​អាច​មាន​ហេតុផល​អ្វី​ផ្សេង​ពី​នេះ​នៅ​ពី​ក្រោយ​ការ​ដែល​កម្ពុជា សម្រេច​ចិត្ត​យ៉ាង​ដូច្នេះ​ដែរ ឬ​ទេ?

គិត​ត្រឹម​ឆ្នាំ​២០១៦​ ប្រទេស​កម្ពុជា តែងតែ​រៀបចំ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ប្រចាំ​ឆ្នាំ​ជាមួយ​អាមេរិក សរុប​ចំនួន ៧​លើក​រួច​មក​ហើយ ដោយ​ពុំ​ដែល​មាន​ការ​អាក់ខាន​ណា​មួយ​គួរ​ឲ្យ​កត់សម្គាល់​ឡើយ បើ​ទោះ​បី​ជា​កម្ពុជា ធ្លាប់​ជាប់​រវល់​រៀបចំ​ដំណើរ​ការ​បោះឆ្នោត​ឃុំ-​សង្កាត់ កាល​ពី​ឆ្នាំ​២០១២ និង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​កាល​ពី​ឆ្នាំ​២០១៣ ក៏ដោយ។ សមយុទ្ធ​យោធា​នេះ​ធ្វើ​ឡើង​ក្រោម​គំនិត​ផ្ដួចផ្ដើម​នៃ​បេសកកម្ម​សន្តិភាព​ជា​សាកល (Global Peace Operations Initiatives-GPOI) ឆ្នាំ​២០១០ របស់​រដ្ឋាភិបាល​អាមេរិក ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​រួម​គ្នា​រវាង​ក្រសួង​ការពារ​ជាតិ និង​ក្រសួង​ការបរទេស​អាមេរិក ដើម្បី​ជួយ​បណ្ដុះបណ្ដាល​កង​រក្សា​សន្តិភាព ដោយ​ផ្ដោត​លើ​ការ​ផ្ដល់​ជំនួយ​មនុស្សធម៌ និង​ការ​ឆ្លើយ​តប​ចំពោះ​គ្រោះ​មហន្តរាយ។

កម្ពុជា និង​អាមេរិក បាន​ចាប់​ផ្ដើម​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​មួយ​ដែល​មាន​ឈ្មោះ​ថា “ឆ្មាំ​អង្គរ” ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០១០ ដែល​កាល​ពី​ដើម​ឡើយ​មាន​លក្ខណៈ​ជា​សមយុទ្ធ​យោធា​ពហុ​ជាតិ​សាសន៍​ដ៏​ធំ​បំផុត​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដោយ​មាន​ការ​ចូល​រួម​ពី​កងទ័ព​ជាង ១.០០០​នាក់ មក​ពី​បណ្ដា​ប្រទេស​ចំនួន ២៣ ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ តែ​ក្រោយ​មក សមយុទ្ធ​យោធា​នេះ​បាន​ប្រែ​ក្លាយ​ជា​សមយុទ្ធ​យោធា​ទ្វេ​ភាគី​រវាង​កម្ពុជា និង​អាមេរិក​វិញ។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​សមយុទ្ធ​កាល​នោះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​មាន​ប្រសាសន៍​ថា សមយុទ្ធ​យោធា​នេះ​បាន “បើក​នូវ​ទំព័រ​ថ្មី​មួយ​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​ប្រទេស​កម្ពុជា ទៅ​ក្នុង​តំបន់ និង​ពិភពលោក ហើយ​ក៏​នឹង​ពង្រឹង និង​ពង្រីក​សមត្ថភាព​កម្ពុជា ក្នុង​ការ​គាំទ្រ​បេសកកម្ម​សន្តិភាព​កែលំអ​កិច្ច​សហប្រតិបត្តិការ​ពហុភាគី ក៏​ដូចជា​ពង្រឹង​ទំនាក់​ទំនង​អន្តរជាតិ និង​ភាព​ជា​ដៃគូ​ប្រចាំ​តំបន់​ដើម្បី​បុព្វហេតុ​សន្តិភាព និង​មនុស្ស​ជាតិ​ផង​ដែរ”។

​មាន​ហេតុផល​ចម្បង​ចំនួន​បី​យ៉ាង​ដែល​គេ​មើល​ឃើញ​ជុំវិញ​ការ​សម្រេចចិត្ត​ផ្អាក​ធ្វើ​សមយុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​រួម​គ្នា​ជាមួយ​អាមេរិក ឈ្មោះ “​ឆ្មាំ​អង្គរ​” ជា​លក្ខណៈ​ឯកតោភាគី​របស់​កម្ពុជា​នេះ។ ហេតុផល​ទាំង​បី​នោះ គឺ​១ កម្ពុជា​ចង់​ស្ទាបស្ទង់​នយោបាយ​ការបរទេស​របស់​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក ទី​២ ការ​កើន​ឡើង​នៃ​ឥទ្ធិពល​របស់​ប្រទេស​ចិន និង​ទី​៣ ចរន្ត​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​ដែល​កំពុង​តែ​មាន​ទំនោរ​ងាក​ទៅ​រក​ប្រទេស​ចិន។

ហេតុផល​ទី​មួយ គឺ​ដោយសារ​តែ​ការ​សម្រេច​ចិត្ត​នេះ​ធ្វើ​ឡើង​យ៉ាង​តក់ក្រហល់​នៅ​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​ដែល​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក លោក ដូណាល់ ត្រាំ ធ្វើ​ពិធី​ស្បថ​ចូល​កាន់​តំណែង បើ​ទោះ​បី​ជា​មាន​ការ​គ្រោង​រៀបចំ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ប្រចាំ​២០១៧ នេះ​រួច​ហើយ​ក៏ដោយ​ក្ដី មាន​ការ​សង្ស័យ​ថា នេះ​អាច​ជា​សារ​មួយ​ដែល​រដ្ឋាភិបាល​ភ្នំពេញ ចង់​ប្រាប់​ដល់​រដ្ឋបាល​ថ្មី​របស់​លោក ដូណាល់ ត្រាំ ថា អាមេរិក​លែង​ជា​មហា​អំណាច​សំខាន់ និង​មាន​ឥទ្ធិពល​ខ្លាំង​ប្រចាំ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ក៏​ដូចជា​នៅ​កម្ពុជា ទៀត​ហើយ។ ម្យ៉ាង​វិញ​ទៀត ការ​សម្រេច​ចិត្ត​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ប្រចាំ​ឆ្នាំ​នេះ ដែល​ចង់ ឬ​មិន​ចង់​បាន ធ្វើ​ឲ្យ​អាមេរិក បាក់​មុខ​មាត់​នៅ​លើ​ឆាក​អន្តរជាតិ​នេះ ក៏​អាច​ជា​ចេតនា​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្នុង​ការ​លើក​យក​បញ្ហា​នេះ​មក​ធ្វើ​ជា​ចំណាប់​ថ្នូរ​សម្រាប់​យក​ទៅ​ចរចា​ជាមួយ​រដ្ឋបាល​អាមេរិក ពាក់ព័ន្ធ​នឹង​សំណើសុំ​លុបចោល​បំណុល​ជាង ៤៥០​លាន​ដុល្លារ​អាមេរិក ដែល​កម្ពុជា​បាន​ជំពាក់​អាមេរិក ចាប់​តាំង​ពី​សម័យ​សាធារណរដ្ឋ​ខ្មែរ ក្រោម​ការដឹកនាំ​របស់​រដ្ឋបាល​លោក​សេនាប្រមុខ លន់ នល់ មក​ម្ល៉េះ។

ទាំង​នៅ​មុន និង​នៅ​ក្រោយ​ការ​ប្រកាស​អំពី​ការ​សម្រេច​ចិត្ត​ផ្អាក​នេះ គេ​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន ហាក់​បាន​បង្កើន​យុទ្ធនាការ​ទាមទារ​ឲ្យ​អាមេរិក លុប​ចោល​បំណុល​ទាំង​នេះ​ដែល​ខ្លួន​ចាត់​ទុក​ថា ជា “បំណុល​កខ្វក់” និង​ជា​ផ្នែក​មួយ​រួម​ចំណែក​នាំ​ឲ្យ​មាន​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា។

ក្នុង​គោល​បំណង​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រដ្ឋាភិបាល​អាមេរិក ធ្លាប់​បាន​ស្នើ​ឲ្យ​ភាគី​កម្ពុជា ធ្វើ​ការ​ទូទាត់​សងបំណុល​ខ្លះ​ជា​មុន​សិន តាម​រយៈ​ការ​ចុះ​កិច្ច​ព្រមព្រៀង​ទ្វេ​ភាគី​មួយ ដោយ​មាន​ការ​កំណត់​ពេល​វេលា​ជាក់លាក់​នៃ​ការ​ទូទាត់​សង​បំណុល​នេះ មុន​ពេល​ដែល​ខ្លួន​ឈាន​ទៅ​សម្រេច​ធ្វើ​ការ​ពិចារណា ថា​តើ​ត្រូវ​លើក​លែង ឬ​លុបចោល​បំណុល​ទាំង​នេះ។ ក៏ប៉ុន្តែ សំណើ​នេះ​ក្រោយ​មក​ត្រូវ​បាន​ភាគី​កម្ពុជា ច្រាន​ចោល។

បច្ចុប្បន្ន បញ្ហា​នៃ​ការ​ទាមទារ​ឲ្យ​អាមេរិក​លុបចោល “បំណុល​កខ្វក់” នេះ រួម​ជាមួយ​នឹង​ការ​ព្យាយាម​លាតត្រដាង​បង្ហាញ​នូវ​រូបភាព​អវិជ្ជមាន​នានា ដែល​ប្រទេស​អាមេរិក ធ្លាប់​បាន​ធ្វើ​មក​លើ​ប្រទេស​កម្ពុជា នៅ​ពេល​អតីតកាល ដែល​រួម​មាន​ដូចជា ការ​គាំទ្រ​របស់​អាមេរិក និង​បស្ចិម​លោក​នៅ​ពី​ក្រោយ​រដ្ឋបាល​លោក​សេនាប្រមុខ លន់ នល់ ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្ដេច នរោត្តម សីហនុ ចេញ​ពី​អំណាច​កាល​ពី​ដើម​ឆ្នាំ​១៩៧០ និង​បេសកកម្ម​សម្ងាត់​របស់​អាមេរិក ក្នុង​ការ​ទម្លាក់​គ្រាប់បែក​សរុប​ជិត ៣​លាន​តោន (២.៧៥៦.៩៤១) មក​លើ​ទឹក​ដី​កម្ពុជា ដើម្បី​បណ្ដេញ​ពួក​វៀតកុង និង​មិន​ឲ្យ​ពួក​នេះ​ប្រើប្រាស់​ទឹក​ដី​កម្ពុជា ធ្វើ​ជា​ជម្រក និង​ជា​ឈ្នាន់​សម្រាប់​ធ្វើ​សង្គ្រាម​របស់​អតីត​ប្រទេស​វៀតណាម ខាង​ជើង ។ល។ បាន​ប្រែ​ក្លាយ​ជា​ប្រធានបទ​ដ៏​ក្ដៅ​គគុក​មួយ និង​ជា​សង្គ្រាម​ប៉ាកកា​ដែល​រដ្ឋាភិបាល​កម្ពុជា កំពុង​យក​មក​ប្រើប្រាស់ ដើម្បី​ដុត​បញ្ឆេះ​កំហឹង​ឲ្យ​រីក​រាល​ដាល​ក្នុង​ស្រទាប់​មហាជន ជាពិសេស​យុវជន-​យុវនារី​ខ្មែរ ក្នុង​គោលបំណង​ដើម្បី​ឲ្យ​ពួកគេ​ស្អប់​ខ្ពើម​អាមេរិក និង​ឈប់​គាំទ្រ​នូវ​អ្វី​ដែល​មាន​ប្រភព​ចេញ​មក​ពី​ប្រទេស​អាមេរិក ឬ​ដែល​រដ្ឋាភិបាល​អាមេរិក ឧបត្ថម្ភ តួ​យ៉ាង​មាន​ដូចជា​វិទ្យុ​អាស៊ីសេរី នេះ​ជាដើម។

ព្រម​ជាមួយ​គ្នា​នេះ​ទៀតសោត រដ្ឋាភិបាល​កម្ពុជា ក៏​មិន​ភ្លេច​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ខ្លួន​ធ្វើ​យុទ្ធនា​ការ​ឃោសនា​ឲ្យ​មហាជន​ទន្ទេញ​ចិត្ត​ស្អប់​គណបក្ស​នយោបាយ​នានា ដែល​មាន​និន្នាការ​ប្រឆាំង​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល លោក ហ៊ុន សែន ដោយ​យក​លេស​ថា អាមេរិក​ជា​អ្នក​នៅចាំ​ជួយ​ឧបត្ថម្ភ​ពី​ខាង​ក្រោយ។

ការ​ដែល​រដ្ឋាភិបាល​កម្ពុជា ព្យាយាម​ម្តង​ជា​ពីរ​ដង ស្នើ​ឲ្យ​អាមេរិក លុបចោល “បំណុល​កខ្វក់” ឲ្យ​ខាង​តែ​បាន​ដោយ​ប្រើប្រាស់​គ្រប់​មធ្យោបាយ​នេះ គឺ​ដើម្បី​ឲ្យ​មហាជន និង​ជនានុជន​ជំនាន់​ក្រោយ​យល់​ថា មាន​តែ​ខ្លួន​ទេ​ដែល​ហ៊ាន​ពុះពារ​តតាំង​ជាមួយ​អាមេរិក ទាមទារ​គ្រប់​កាលៈទេសៈ​ដើម្បី​បុព្វហេតុ​ត្រឹមត្រូវ​របស់​ជាតិ និង​ប្រជាជន​ជា​រួម។

ទាំង​អស់​នេះ​អាច​ជា​សេណារីយ៉ូ​ថ្មី​មួយ​ទៀត​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់​ទុក​យក​មក​ប្រើប្រាស់​ដើម្បី​បង្វែរ​ចំណាប់​អារម្មណ៍ និង​បិទ​បាំង​នូវ​ទង្វើ​នានា​របស់​ខ្លួន ដែល​រាប់​បញ្ចូល​ទាំង​បំណុល​ដែល​ខ្លួន​បាន​ខ្ចី​ពី​បរទេស​សរុប​មិន​តិច​ជាង ១០​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​ដែល​ភាគ​ច្រើន​នៃ​ទឹក​ប្រាក់​បំណុល​ទាំង​នេះ ត្រូវ​គេ​រក​ឃើញ​ថា បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ហោប៉ៅ​របស់​មន្ត្រី​រដ្ឋាភិបាល​គ្រាក់ៗ តាម​រយៈ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដល់​ឆ្អឹង​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ។

ហេតុផល​ទី​ពីរ គឺ​អាច​ដោយសារ​តែ​ឥទ្ធិពល​យ៉ាង​ជាក់ច្បាស់​របស់​ប្រទេស​ចិន មក​លើ​ប្រទេស​កម្ពុជា ដែល​កំពុងតែ​កើន​ឡើង​ឥត​ស្រាកស្រាន្ត បើ​ទោះ​បី​ជា​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា ធ្លាប់​បាន​បដិសេធ​រួច​ហើយ​ថា នេះ​មិន​មែន​ជា​ហេតុផល​ដែល​នាំ​ឲ្យ​កម្ពុជា សម្រេច​ផ្អាក​ការ​ធ្វើ​សមយុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​រួម​គ្នា​ជាមួយ​អាមេរិក ក៏ដោយ។

ជាក់ស្ដែង​កាល​ពី​ចុង​ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ ប្រទេស​កម្ពុជា និង​ប្រទេស​ចិន ទើប​តែ​បាន​បិទ​បញ្ចប់​សមយុទ្ធ​យោធា​រួម​គ្នា​ក្នុង​ទ្រង់ទ្រាយ​ធំ​មួយ​ឈ្មោះ​ថា “នាគ​មាស” ដែល​មាន​រយៈពេល​ដល់​ទៅ ៩​ថ្ងៃ ហើយ​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​សមយុទ្ធ​យោធា​ជាមួយ​អាមេរិក “ឆ្មាំ​អង្គរ” ដែរ។ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​សមយុទ្ធ​យោធា​ជាមួយ​ប្រទេស​ចិន ត្រូវ​បាន​ធ្វើ​ឡើង​ជា​លើក​ដំបូង​នៅ​កម្ពុជា សំដៅ​ពង្រឹង​បន្ថែម​ការ​ទំនាក់ទំនង​ក្នុង​វិស័យ​យោធា និង​កែលំអ​កិច្ច​សហប្រតិបត្តិការ និង​មិត្រភាព​រវាង​កម្ពុជា និង​ចិន។ ថ្លែង​ក្នុង​ពិធី​បិទ​បញ្ចប់​សមយុទ្ធ​យោធា​រួម​គ្នា​នេះ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ បាន​មាន​ប្រសាសន៍​ថា “សមយុទ្ធ​យោធា​នាគ​មាស​ឆ្នាំ​២០១៦" នេះ គឺ​ជា​សមិទ្ធផល​ថ្មី​មួយ​ក្នុង​ចំណោម​សមិទ្ធផល​ថ្មី​នានា ដែល​បាន​ប្រសូត​ចេញ​ពី​ទំនាក់ទំនង​ប្រកប​ដោយ​មិត្តភាព សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​យោធា​កម្ពុជា និង​ចិន ក្រោម​ក្របខ័ណ្ឌ ភាព​ជា​ដៃគូ​នៃ​កិច្ច​សហប្រតិបត្តិការ​ប្រកប​ដោយ​យុទ្ធសាស្ត្រ។ ក្នុង​ឆ្នាំ​២០១៦ នេះ​ដែរ ប្រទេស​ទាំង​ពីរ​ក៏​បាន​ធ្វើ​សមយុទ្ធ​យោធា​នាវាចរណ៍​រួម​គ្នា ជា​លើក​ដំបូង​ផង​ដែរ។

​ដោយ​ឡែក​កាល​ពី​ពាក់​កណ្ដាល​ខែ​តុលា ឆ្នាំ​២០១៦ នេះ​ដែរ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ជា​លើ​កដំបូង​មក​កាន់​ប្រទេស​កម្ពុជា ក្នុង​ឋានៈ​ជា​ប្រមុខរដ្ឋ លោក​ប្រធានាធិបតី​ចិន ស៊ីជិន ពីង (Xi Jinping) បាន​សន្យា​ផ្ដល់​ជំនួយ​ដល់​កម្ពុជា ជា​ទឹក​ប្រាក់​ចំនួន​ជាង ២៣៧​លាន​ដុល្លារ​អាមេរិក សម្រេច​លុបចោល​បំណុល​រដ្ឋ​ដែល​កម្ពុជា ជំពាក់​ចិន ចំនួន​ជិត ៩០​លាន​ដុល្លារ​អាមេរិក  និង​ផ្ដល់​ជំនួយ​បន្ថែម​សម្រាប់​គាំទ្រ​វិស័យ​យោធា​ដែល​មាន​ទឹកប្រាក់​ប្រមាណ​ជិត ១៥​លាន​ដុល្លារ​អាមេរិក។  គ្រាន់តែ​នៅ​ឆ្នាំ​២០១៦ នេះ ក្រុង​ប៉េកាំង បាន​ផ្ដល់​ជំនួយ​យ៉ាង​ហោច​ណាស់​ជាង ៦០០​លាន​ដុល្លារ​អាមេរិក ដល់​ប្រទេស​កម្ពុជា ដែល​ប្រការ​នេះ​ធ្វើ​ឲ្យ​ប្រទេស​ចិន ក្លាយ​ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​បំផុត​មួយ​នៅ​កម្ពុជា។ លោក ហ៊ុន សែន បាន​ចាត់​ទុក​ប្រទេស​ចិន គឺ​ជា “មិត្ត​​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​បំផុត” (most trustworthy friend) ខណៈ​ដែល​លោក​ប្រធានាធិបតី ស៊ីជិន ពីង បាន​ចាត់​ទុក​លោក ហ៊ុន  សែន ថា​ជា “មិត្ត​មិន​កែប្រែ​របស់​ចិន" (an ironclad friend)។

សម្រាប់​ប្រទេស​ចិន ការ​ផ្ដល់​ជំនួយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ដល់​ប្រទេស​កម្ពុជា ក្នុង​មួយ​ឆ្នាំៗ​បែប​នេះ មិន​មែន​ជា​រឿង​ចៃដន្យ​ឡើយ។ ប្រទេស​ចិន ត្រូវការ​កម្ពុជា ធ្វើ​ជា​សម្ព័ន្ធ​មិត្ត​ជិតស្និទ្ធ​យូរ​អង្វែង ទាំង​នៅ​លើ​ឆាក​អន្តរជាតិ និង​ទាំង​នៅ​ក្នុង​តំបន់ ដើម្បី​ឲ្យ​ប្រទេស​មួយ​នេះ​អនុវត្ត​តាម​មាគ៌ា​គោលនយោបាយ​ការបរទេស​របស់​ខ្លួន។ ជាក់ស្ដែង ម្ដង​ជា​ពីរ​ដង ប្រទេស​កម្ពុជា បាន​ព្យាយាម​រារាំង​មិន​ឲ្យ​មាន​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​អាស៊ាន​ណា​មួយ​ដែល​ថ្កោលទោស ឬ​ប្រឆាំង​នឹង​ប្រទេស​ចិន ពាក់ព័ន្ធ​នឹង​ជម្លោះ​ដែន​កោះ​នៅ​សមុទ្ទ​ចិន​ខាង​ត្បូង​ឡើយ។ ក្រៅ​ពី​នេះ គេ​នៅ​ចាំ​បាន​ផង​ដែរ​ថា កាល​ពី​ឆ្នាំ​២០០៩ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​លោក ស៊ីជិន ពីង ដែល​កាល​នោះ​លោក​គឺ​ជា​អនុ​ប្រធានាធិបតី មក​កាន់​ប្រទេស​កម្ពុជា ប្រទេស​កម្ពុជា​បាន​និរទេស​ជនជាតិ​ដើម​ភាគ​តិច អ៊ុយហ្គ័រ មូស្លីម (Muslim Uighurs) ដែល​ស្វែង​រក​សិទ្ធិ​ជ្រកកោន​ចំនួន ២០​នាក់​ទៅ​ប្រទេស​ចិន វិញ តាម​ការ​ស្នើ​សុំ​ពី​សម​ភាគី​ចិន បើ​ទោះ​ជា​មាន​ការ​ថ្កោលទោស​ជា​ទូទៅ​ពី​អន្តរជាតិ​ក៏ដោយ។ ជា​លទ្ធផល ប្រទេស​ចិន បាន​សន្យា​ផ្ដល់​ប្រាក់ ១​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា។

ដោយ​ឡែក​សម្រាប់​កម្ពុជា វិញ ការ​ងាក​ទៅ​ធ្វើ​ជា​សម្ព័ន្ធ​មិត្ត​ជិត​ស្និទ្ធ​ជាមួយ ប្រទេស​ចិន ដោយ​ចំហ​របស់​ខ្លួន​នៅ​ពេល​នេះ គឺ​មិនមែន​តែ​សម្រាប់​បម្រើ​ឲ្យ​ហេតុផល​អត្ថប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​មួយ​មុខ​ប៉ុណ្ណោះ​ទេ តែ​នៅ​មាន​ហេតុផល​អត្ថប្រយោជន៍​យុទ្ធសាស្ត្រ​ចម្បង​ចំនួន​ពីរ​ផ្សេង​ទៀត ដែល​គេ​មិន​អាច​មើល​រំលង​បាន។ អត្ថប្រយោជន៍​យុទ្ធសាស្ត្រ​ទី​មួយ គឺ​កម្ពុជា កំពុង​ប្រើប្រាស់​ចិន ដើម្បី​ទប់ទល់ ឬ​ធ្វើ​ឲ្យ​មាន​តុល្យភាព​ជាមួយ​នឹង​ឥទ្ធិពល​ដ៏​គួរ​ឲ្យ​បារម្ភ​ពី​សំណាក់​ប្រទេស​វៀតណាម ដោយសារ​តែ​ប្រជាជាតិ​ទាំង​ពីរ​ធ្លាប់​អរិភាព​ជាមួយគ្នា​ជា​យូរលង់​មក​ហើយ។ រី​ឯ​អត្ថប្រយោជន៍​យុទ្ធសាស្ត្រ​ទី​ពីរ គឺ​កម្ពុជា ក៏​កំពុង​ប្រើប្រាស់​ប្រទេស​ចិន ធ្វើ​ជា​បង​ធំ​សម្រាប់​បង្អែក ឬ​ជា​ឈ្នាន់​ដើម្បី​ទប់ទល់​នឹង​បស្ចិម​លោក នៅ​ពេល​ដែល​ខ្លួន​ទទួល​រង​នូវ​ការ​រិះគន់ ឬ​ការ​ថ្កោលទោស​ជុំវិញ​ករណី​រំលោភ​សិទ្ធិ​មនុស្ស ឬ​ការ​គំរាម​កាត់​ផ្ដាច់​ជំនួយ​ណា​មួយ ។ល។

ហេតុផល​ទី​បី គឺ​ចរន្ត​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​ដែល​កំពុង​តែ​មាន​ទំនោរ​ងាក​ទៅ​រក​ប្រទេស​ចិន​ដោយ​ចំហ និង​ឥត​លាក់លៀម។ បន្តិច​ម្តងៗ ប្រទេស​នានា ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​អាមេរិក ធ្លាប់​សង្ឃឹម​ថា អាច​នឹង​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​ខ្លួន​យ៉ាង​មាន​ប្រសិទ្ធភាព ក្នុង​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​ជាមួយ​ប្រទេស​ចិន នៅ​ក្នុង​ជម្លោះ​ដែន​កោះ​នៅ​សមុទ្ទ​ចិន​ខាង​ត្បូង រួម​ទាំង​សម្ព័ន្ធមិត្ត​ដ៏​យូរលង់​របស់​ខ្លួន​ផង​ដែរ​នោះ បាន​បោះបង់​ចោល​អាមេរិក ដោយ​ងាក​ទៅ​ចាប់​ដៃ​ជាមួយ​នឹង​ប្រទេស​ចិន វិញ។

ប្រទេស​ហ្វីលីពីន ជា​ឧទាហរណ៍ ដែល​ធ្លាប់​តែ​ជា​សម្ព័ន្ធ​មិត្ត​ចាក់​ទឹក​មិន​លេច​របស់​អាមេរិក ហើយ​ដែល​ធ្លាប់​ប្ដឹង​ប្រទេស​ចិន ទៅ​តុលាការ​អន្តរជាតិ​ជុំវិញ​ករណី​ជម្លោះ​ដណ្ដើម​ដែន​កោះ​ដ៏​រ៉ាំរ៉ៃ​នៅ​សមុទ្ទ​ចិន​ខាង​ត្បូង​នោះ បាន​ផ្លាស់ប្ដូរ​ជំហរ​របស់​ខ្លួន​គួរ​ឲ្យ​ភ្ញាក់ផ្អើល។ តាម​រយៈ​ប្រធានាធិបតី​ថ្មី​របស់​ខ្លួន គឺ​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ប្រទេស​ហ្វីលីពីន បាន​​សម្ដែង​ការ​ខឹងសំបារ​របស់​ខ្លួន​ជាមួយ​អាមេរិក ហើយ​បែរ​ជា​មក​ស្រឡាញ់​ចូល​ចិត្ត និង​ឱប​ក្រសោប​យក​ប្រទេស​ចិន វិញ។ លោក​ប្រធានាធិបតី​ហ្វីលីពីន បាន​ប្រកាស​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​នៅ​ឯ​មហាសាល​ប្រជាជន​នៅ​ទីក្រុង​ប៉េកាំង ថា “នៅ​ទីកន្លែង​នេះ ខ្ញុំ​សូម​ប្រកាស​អំពី​ការ​កាត់​ផ្ដាច់​សម្ពន្ធភាព​របស់​ខ្ញុំ​ចេញ​ពី​ប្រទេស​អាមេរិក"។

ដោយ​ឡែក ប្រទេស​វៀតណាម ដែល​ជា​គូ​ជម្លោះ​ដ៏​ស្រួចស្រាល់​មួយ​ទៀត​របស់​ប្រទេស​ចិន ជុំវិញ​ករណី​ជម្លោះ​ដណ្ដើម​ដែន​កោះ​នៅ​សមុទ្ទ​ចិន ខាង​ត្បូង​នោះ កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​សន្យា​ដោះស្រាយ​ជម្លោះ​ដែន​ទឹក​របស់​ខ្លួន​ជាមួយ​ប្រទេស​ចិន នេះ​ជា​លក្ខណៈ​ទ្វេ​ភាគី​វិញ​ដែរ ជា​ជាង​ធ្វើ​អន្តរ​ជាតូបនីយកម្ម​នៃ​វិវាទ​នេះ។

ជាមួយ​គ្នា​នេះ​ដែរ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) ទទួល​បាន​ការ​សាទរ​ពី​អ្នក​នយោបាយ​ម៉ាឡេស៊ី រួម​អាជីព​របស់​លោក​ថា លោក​ជា “មេដឹកនាំ​ដែល​មាន​ចក្ខុវិស័យ​យូរ​អង្វែង” សម្រាប់​ការ​ដែល​លោក​ដឹកនាំ​ប្រទេស “ងាក​ទៅ​រក​ប្រទេស​ចិន”។ ប្រទេស​ថៃ ទៀតសោត ក៏​បាន​យល់ព្រម​កសាង​មជ្ឈមណ្ឌល​ជួសជុល និង​ផលិត​គ្រឿង​សព្វាវុធ​ឲ្យ​កងទ័ព​ចិន ទៀត​ផង។

តាម​រយៈ​ហេតុផល​ចម្បង​ចំនួន​បី​ដូច​ដែល​បាន​វិភាគ​ត្រួសៗ​ពី​ខាង​លើ​នេះ គេ​អាច​ស្វែង​យល់​បាន​ច្រើន​អំពី​មូលហេតុ​នានា នៅ​ពី​ក្រោយ​ការ​ដែល​នាំ​ឲ្យ​កម្ពុជា សម្រេច​ចិត្ត​ផ្អាក​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ប្រចាំ​ឆ្នាំ​ជាមួយ​អាមេរិក ឈ្មោះ “ឆ្មាំ​អង្គរ” ដែល​ហេតុផល​ទាំង​អស់​នេះ​គឺ​ពិត​ជា​មាន​លើស​ពី​ការ​ថ្លែង​អះអាង​សម្អាង​ហេតុ​ពី​សំណាក់​ភាគី​កម្ពុជា៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។