បន្ទាប់ពីមានរឿងចម្រូងចម្រាសលើការបញ្ជូននិងទទួលជនភៀសខ្លួនពីប្រទេសអូស្ត្រាលី គ្រប់ស្ថាប័ននិងភាគីទាំងអស់បានប្រឆាំងលើកិច្ចព្រមព្រៀងដែលរដ្ឋាភិបាលកម្ពុជា បានសម្រេចនោះ។ ការទទួលជនភៀសខ្លួនពីអូស្ត្រាលី រដ្ឋាភិបាលកម្ពុជាត្រូវចំណាយទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ជនភៀសខ្លួនទាំងនោះ ដើម្បីធានាបាននូវការរស់នៅសមរម្យដូចគ្នានឹងការរស់នៅប្រទេសអូស្ត្រាលីដែរ។
ស្របពេលដែលរដ្ឋាភិបាលកម្ពុជា បានទទួលជំនួយអភិវឌ្ឍន៍ប្រមាណ ៤០លានដុល្លារអាមេរិក តាមរយៈការចុះកិច្ចព្រមព្រៀងទទួលជនភៀសខ្លួនពីប្រទេសអូស្ត្រាលីនោះ ប៉ុន្តែកិច្ចព្រមព្រៀងនេះ ប្រទេសកម្ពុជា អាចប្រឈមនឹងការចំណាយលើសលប់ ប្រសិនបើកម្ពុជាអះអាងថា ធានាជនភៀសខ្លួននោះអាចទទួលបាននូវរស់នៅសមរម្យ។
ការវាយតម្លៃរបស់ក្រុមអ្នកសេដ្ឋកិច្ចមួយចំនួនបានរកឃើញថា ប្រទេសកម្ពុជា ទំនងជាចំណាយលុយប្រមាណរាប់រយលានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលចំនួននេះអាចលើសជំនួយអភិវឌ្ឍន៍ដែលប្រទេសអូស្ត្រាលី សន្យាថា នឹងផ្ដល់ឲ្យកម្ពុជាចំនួន ១០ដង។
សារព័ត៌មានរបស់អូស្ត្រាលីឈ្មោះថា ឌឹ អេច្ឆ (The AGE) បានរាយការណ៍ថា តាមរយៈកិច្ចព្រមព្រៀងដែលចុះហត្ថលេខារវាងរដ្ឋាភិបាលអូស្ត្រាលី និងរដ្ឋាភិបាលកម្ពុជា ព្រមទទួលយកនូវជនភៀសខ្លួនប្រមាណ ១ពាន់នាក់ ដោយក្នុងនោះ អូស្ត្រាលីនឹងផ្ដល់ទឹកប្រាក់ចំនួន ៤០លានដុល្លារអាមេរិក ជាជំនួយអភិវឌ្ឍន៍ក្នុងរយៈពេល ៤ឆ្នាំ ហើយបន្ថែមទឹកប្រាក់ប្រមាណ ៨០លានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០១៥។
សារព័ត៌មានអូស្ត្រាលី ដដែលនេះបានគូសបញ្ជាក់ថា ក្រសួងអន្តោប្រវេសន៍អូស្ត្រាលី បានចំណាយលុយ ជាង ១ពាន់លានដុល្លារក្នុងមួយឆ្នាំលើមណ្ឌលឃុំឃាំងជនភៀសខ្លួននៅលើកោះចំនួនពីរ គឺកោះម៉ែនុស (Manus) និងកោះណាវរូ (Nauru)។ គោលនយោបាយរបស់លោក ថូនី អាប៊ត់ (Tony Abbott) គឺចង់កាត់បន្ថយការចំណាយដ៏លើសលប់នៃការទទួលជនភៀសខ្លួនពីបរទេស។
ចំណែកកោះណាវរូ ដែលប្រទេសអូស្ត្រាលី បានចុះកិច្ចព្រមព្រៀងគ្រោងនឹងបញ្ជូនមកប្រទេសកម្ពុជា បានចំណាយទឹកប្រាក់ជាង ៤០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំនៃរបាយការណ៍ប្រចាំឆ្នាំ សារពើពន្ធ២០១៤-២០១៥ របស់ប្រទេសអូស្ត្រាលី។ ទឹកប្រាក់នេះ គឺសម្រាប់ចំណាយលើចំណីអាហារ ការថែទាំសុខភាព ការអប់រំ និងការរ៉ាប់រងអាយុជីវិត ដែលធានាឲ្យជនភៀសខ្លួនដែលស្នាក់នៅប្រទេសអូស្ត្រាលី មានកម្រិតជីវភាពរស់នៅដូចប្រជាពលរដ្ឋអូស្ត្រាលីដែរ។
ចុះចំណែករដ្ឋាភិបាលកម្ពុជា អាចរ៉ាប់រងបានដូចរដ្ឋាភិបាលអូស្ត្រាលី បានដែរឬទេ?
ការចុះកិច្ចព្រមព្រៀងរវាងរដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍អូស្ត្រាលី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា កន្លងមក ជាថ្នូរនឹងទឹកប្រាក់ប្រមាណ ៤០លានដុល្លារអាមេរិក ដើម្បីឲ្យកម្ពុជាទទួលយកជនភៀសខ្លួនពីកោះណាវរូ មានជនភៀសខ្លួនប្រមាណ ១ពាន់នាក់ដែលកំពុងរស់នៅទីនោះ។
ប្រសិនបើកម្ពុជា អាចធានានូវការរស់សមរម្យស្រដៀងគ្នានឹងប្រទេសអូស្ត្រាលីដែរនោះ កម្ពុជានឹងត្រូវការលុយប្រមាណ ៤០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដូចដែលរដ្ឋាភិបាលអូស្ត្រាលី ធ្លាប់ចំណាយរៀងរាល់ឆ្នាំ ដើម្បីធានាបាននូវតម្រូវការមូលដ្ឋានសម្រាប់ជនភៀសខ្លួនទាំងនោះ។ បញ្ហាទាំងអស់នេះហើយ ទើបបានមជ្ឈដ្ឋាននានា បានប្រឆាំងនឹងការចុះហត្ថលេខាចុះកិច្ចព្រមព្រៀងរវាងប្រទេសអូស្ត្រាលី និងរដ្ឋាភិបាលកម្ពុជា។
ទាក់ទងបញ្ហានេះ អនុប្រធានទី១នៃរដ្ឋសភា លោក កឹម សុខា ក៏បានសរសេរលិខិតជាផ្លូវការស្នើឲ្យប្រទេសអូស្ត្រាលី ពិចារណាឡើងវិញលើការបញ្ជូនជនភៀសខ្លួនពីកោះណាវរូ មកកាន់កម្ពុជា ដោយសារតែមានការតវ៉ាជាច្រើនពីព្រះសង្ឃ សិស្ស បញ្ញវន្ត និងប្រជាពលរដ្ឋកម្ពុជា ប្រឆាំងនឹងការបញ្ជូនជនភៀសខ្លួនទាំងនោះ។ ម៉្យាងវិញទៀត ការទទួលជនភៀសខ្លួន កម្ពុជាអាចទទួលរងផលប៉ះពាល់អវិជ្ជមានលើកត្តាសេដ្ឋកិច្ច និងផលប៉ះពាល់សង្គម ជាពិសេសការគោរពសិទ្ធិមនុស្សនៅកម្ពុជា មិនត្រូវបានធានានៅឡើយ។
ទន្ទឹមនឹងនេះ ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិជាច្រើន ក្នុងនោះមានអង្គការឃ្លាំមើលពិភពលោក និងទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិជាដើម ក៏បានសំដែងក្ដីបារម្ភអំពីកិច្ចព្រមព្រៀងនេះ ដែលប្រទេសកម្ពុជា កំពុងមានបញ្ហាសិទ្ធិមនុស្ស និងការតវ៉ាប្រឆាំងនានាពីសំណាក់កម្មកររោងចក្រ ដើម្បីទទួលបាននូវការរស់នៅសមរម្យ។
ប៉ុន្តែរដ្ឋាភិបាលកម្ពុជាវិញ បានអះអាងថា ការទទួលជនភៀសខ្លួនពីប្រទេសអូស្ត្រាលីនោះ គឺពួកគេត្រូវរស់នៅស្មើគ្នានឹងកម្រិតជីវភាពរស់នៅដូចប្រជាពលរដ្ឋកម្ពុជាដែរ។ ការស្រាវជ្រាវដោយធនាគារពិភពលោកបានបង្ហាញថា បច្ចុប្បន្នចំណូលប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋកម្ពុជា មានជាង ១ពាន់ដុល្លារអាមេរិកក្នុងមួយឆ្នាំ ប៉ុន្តែបើកម្រិតជីវភាពអ្នកដែលរស់នៅទីក្រុងភ្នំពេញវិញ មានជាង ៣ពាន់ដុល្លារអាមេរិកក្នុងមួយឆ្នាំ។ បន្ថែមលើនេះ បើជនភៀសខ្លួនទាំងនោះប្រកបរបរចិញ្ចឹមជីវិតដូចជាធ្វើកសិកម្មដូចប្រជាពលរដ្ឋកម្ពុជា គ្រួសារជនភៀសខ្លួននីមួយត្រូវរកចំណូល យ៉ាងហោចណាស់ ២ពាន់ដុល្លារអាមេរិកក្នុងមួយឆ្នាំ ដើម្បីរស់នៅមានជីវភាពសមរម្យនៅក្នុងប្រទេសកម្ពុជា។
ដោយឈរលើមូលដ្ឋានស្រាវជ្រាវនេះ មានន័យថា រដ្ឋាភិបាលកម្ពុជា អាចប្រឈមនឹងការចំណាយទឹកប្រាក់ប្រមាណ ២០ម៉ឺនដុល្លារអាមេរិក ទៅ ៣០ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំដើម្បីធានាឲ្យជនភៀសខ្លួនទាំងនោះអាចរស់នៅ មានជីវភាពស្រដៀងគ្នានឹងជីវភាពប្រជាពលរដ្ឋកម្ពុជា។ ទឹកប្រាក់ទឹកមិនទាន់បូកបញ្ចូលការចំណាយលើការអប់រំ សុខភាព និងសេវាធានារ៉ាប់រងអាយុជីវិតដល់ជនភៀសខ្លួននោះនៅឡើយ។ បើអ្វីៗត្រូវអនុវត្តន៍ដូចកិច្ចព្រមព្រៀងនោះមែន កម្ពុជាត្រូវប្រឈមនឹងការចំណាយលុយច្រើនសន្ធឹកសន្ធាប់ស្របពេលដែលប្រទេសកម្ពុជា មានអ្នកងាយរងគ្រោះជាច្រើនដែលចាំបាច់ឲ្យរាជរដ្ឋាភិបាលជួយ។ ក្រុមទាំងនោះ រួមមានក្រុមអ្នកក្រីក្រ អ្នកនៅក្បែរបន្ទាត់ភាពក្រីក្រ ក្រុមប្រជាពលរដ្ឋគ្មានដីធ្លី ក្រុមយុវជនដែលគ្មានការងារធ្វើ និងក្រុមពលករចំណាកស្រុកជាដើម។
តាមការប៉ាន់ស្មានដោយស្ថាប័នអភិវឌ្ឍន៍នៅកម្ពុជា ក្រុមប្រជាពលរដ្ឋកម្ពុជា ទាំងនោះ មានចំនួនប្រមាណ ៩លាននាក់ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា សរុបចំនួន ១៥លាននាក់ ហើយការទទួលយកជនភៀសខ្លួននេះ រដ្ឋាភិបាលបានលើកពីហេតុផលជួយក្នុងផ្លូវមនុស្សធម៌ បើជួយក្នុងនាមមនុស្សធម៌មែននោះ តើហេតុអ្វីបានជារដ្ឋាភិបាលមិនជួយដោះស្រាយប្រជាពលរដ្ឋរបស់ខ្លួន ដែលកំពុងមានតម្រូវការជាបន្ទាន់ក្នុងការទទួលជំនួយពីរដ្ឋាភិបាលក្នុងការជួយពួកគាត់ឲ្យមានជីវភាពប្រសើរឡើងជាជាងទទួលយកជនភៀសខ្លួនពីរដ្ឋាភិបាលអូស្ត្រាលី ដែលកាន់តែដាក់បន្ទុកលើខ្លួនឯងទៅវិញ?
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
