ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលយាងចូលនិវត្តន៍លែងអើពើរឿងនយោបាយយូរមកហើយនោះ បានងាកបកមកឆាកនយោបាយសាជាថ្មីម្ដងទៀត។ ព្រះអង្គគ្រោងបង្កើតគណបក្សថ្មីមួយឈ្មោះ «គណបក្សសង្គមរាស្ត្ររាជាធិបតេយ្យ» ដើម្បីត្រៀមចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតលើកក្រោយ។
នេះមិនមែនជាលើកទីមួយទេដែលសម្ដេចក្រុមព្រះចេញចូលក្នុងឆាកនយោបាយភ្លឹបភ្លែតៗដូចសត្វអំពិលអំពែក។ ព្រះអង្គមិនដឹងជាលើកដៃបាយៗ ប៉ុន្មានលើកប៉ុន្មានសាទេ លាអ្នកនយោបាយនោះ។ ឲ្យតែភ្លេចៗខ្លួន ក៏លេចមកគ្រហើៗមករកផ្លូវចាស់ដដែល។ មើលទៅលើកក្រោយទាល់តែបៀមព្រះមកស្បថហើយទើបអាចជឿថា ព្រះអង្គអស់អាល័យពីរឿងនយោបាយពិតនោះ។
ម្ចាស់ឆ្នោតភាគច្រើនប្រហែលមិនទាន់ភ្លេចសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅឡើយទេ។ ត្បិតទ្រង់ធ្លាប់ជានាយករដ្ឋមន្ត្រីទី១ ក្រោយការបោះឆ្នោតសម័យអ៊ុនតាក់។ ព្រះអង្គក៏ជាមនុស្សតែម្នាក់គត់ដែលអាចទម្លុះទម្លាយភាពទាល់ច្រកនយោបាយកាលពីអាណត្តិទី៣ ដោយបានផិតក្បត់នឹងសម្ពន្ធភាពជាមួយលោក សម រង្ស៊ី រួចទៅលួចមានសហាយជាមួយលោក ហ៊ុន សែន។ ទំនងជាពេលនោះទ្រង់ធុញថប់ដែលអ្នកនយោបាយខ្មែរចេះតែឈ្លោះគ្នាគ្មានថ្ងៃស្វាង។ ម្យ៉ាងចង់អួតឲ្យអន្តរជាតិដឹងថា កម្ពុជាជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សផង ក៏ចេះតែទ្រាំទទួលយកតំណែងជាប្រធានរដ្ឋសភាពមួយអាណត្តិទៀតទៅ។
សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ មានបន្ទូលប្រាប់អ្នកកាសែតថា ការចូលឆាកនយោបាយពេលនេះ ដោយសារទតឃើញស្ថានភាពនយោបាយបច្ចុប្បន្នកំពុងជួបវិបត្តិដោះស្រាយមិនទាន់ចេញ ហើយសង្ឃឹមថា គណបក្សថ្មីរបស់ទ្រង់អាចជួយទម្លាយច្រកចេញរវាងគណបក្សទាំងពីរ។ ម្យ៉ាងដោយកម្ពុជាសព្វថ្ងៃមានប៉ូលនយោបាយតែ២នោះ មិនគ្រប់គ្រាន់សម្រាប់ប្រទេសប្រកាន់យករបបប្រជាធិបតេយ្យសភានិយម។ ទំនងជាទ្រង់ដឹងច្បាស់ថា ព្រះអង្គអាចធ្វើជាប៉ូលមួយទៀតក្នុងរដ្ឋសភាហើយមើលទៅ ទើបស្ម័គ្របង្កើតនយោបាយថ្មីនោះ?
បរិបទនយោបាយពេលនេះខុសពីពេលមុន។ អ្នកនយោបាយដែលសោយកេរព្រះបិតារហូតលក់កេរឪអស់គ្មានមួយអាសនៈក្នុងរដ្ឋសភានេះ អាចគ្មានឥទ្ធិពលតថ្លៃជាមួយបក្សប្រជាជនកម្ពុជា ដូចមុនទេ។ ម្ដងនេះការលេចមុខមាត់ថ្មីបង្កើតគណបក្សមួយទៀត ដើម្បីស្តារព្រះកិត្តិនាម និងប្រមូលអ្នកមានភក្ដីភាពពិតជាមួយព្រះអង្គអាចពិបាកនឹងធ្វើទៅរួច។
ដកតែមន្ត្រីថ្នាក់ខ្ពស់ៗប៉ុន្មាននាក់ដែលហែហមទ្រង់ចេញ នរណាក៏ដឹងដែរថា សម្ដេចក្រុមព្រះពីមុនបានផ្ដល់នយោបាយជូរចត់ កំសត់ បោកប្រាស់យកលាភសក្ការតែឯងទៅសោយសុខលើគំនរទុក្ខអ្នកមានភក្ដីភាពពិតលើទ្រង់។ អ្នកគាំទ្រព្រះអង្គ មិនតិចទេ ដែលអស់សង្ឃឹម និងតូចចិត្ត ចំពោះនយោបាយភ្លែតបន្ទោររបស់ទ្រង់នោះ។
លើសពីនេះ ទ្រង់ហាក់គ្មាននយោបាយច្បាស់លាស់។ ទ្រង់ធ្លាប់ដើរខុសក្នុងការដឹកនាំ៣អាណត្តិផ្ទួនៗ។ លទ្ធផលបោះឆ្នោតកន្លងមកជាភស្តុតាងស្រាប់។ ព្រះអង្គក្លាយជាអ្នកនយោបាយមួយដែលមិនចេះប្រើអំណាចនៅពេលដែលទ្រង់ធ្វើជានាយករដ្ឋមន្ត្រីទី១ កាលពីឆ្នាំ១៩៩៣។ ម្យ៉ាងពេលចូលនិវត្តន៍កន្លងមកទ្រង់ហាក់បាត់បង់ព្រះរាជតួនាទីសំខាន់ដែលសែរាជវង្សត្រូវធ្វើសម្រាប់បម្រើសង្គមតាមរយៈជំនួយមនុស្សធម៌ វប្បធម៌ និងកិច្ចការនយោបាយការទូតអន្តរជាតិ។ តាមមើលទៅទ្រង់ពិបាកដើរជាតួឯកក្នុងរឿងនយោបាយណាស់។
ទ្រង់អាចត្រឹមតែជាតួរង ឬធ្វើជាអ្នកសម្របសម្រួលនយោបាយ ឬជាតួសុំដំបូលគេជ្រករួមគ្នាទំនងជាអាចសក្ដិសមស្ដារកិត្តិនាមរបស់ទ្រង់ឡើងវិញខ្លះ។ ដូច្នេះតើការហក់ចូលនយោបាយរបស់ទ្រង់ពេលនេះមានឥទ្ធិពលដែរឬទេ?
ប្រហែលជាអាចនឹងមានដែរ តែសម្រាប់អាណត្តិក្រោយ ឬក៏នៅពេលដែលមានការបោះឆ្នោតមុនអាណត្តិក៏ថាបាន។ តាមមើលទៅទ្រង់អាចក្លាយជាកូនអុកថ្មីរបស់លោក ហ៊ុន សែន ដើម្បីក្រឡុកដណ្ដើមសំឡេងឆ្នោតពីគណបក្សប្រឆាំង។ យុទ្ធសាស្ត្របំបែកសំឡេងឆ្នោតជាទូទៅគេឃើញមានមុនការបោះឆ្នោត។ ថាមិនត្រូវសម្ដេចក្រុមព្រះអាចមានហាងឆេងខ្ពស់នៅពេលនោះ។
សេណារីយោលើកនេះ អាចមាន ២ផ្លូវ។ ទី១ ទំនងជាគណបក្សប្រជាជនកម្ពុជា ប្រើគ្រាប់អុកមួយនេះទៅបំបែកសំឡេងឆ្នោតនៅលើកក្រោយ។ ល្បែងនេះត្រូវលេងយ៉ាងណាឲ្យកូនអុករកសំឡេងគាំទ្រយ៉ាងតិចមួយកៅអីក្នុងរដ្ឋសភា ដើម្បីអាចយកមកច្របាច់បញ្ចូលបង្កើតជារដ្ឋាភិបាលចម្រុះតាមរូបមន្ត ៥០ភាគរយ បូក ១។ ពេលនោះបក្សប្រជាជនមិនត្រូវការបក្សប្រឆាំងដូចពេលនេះឲ្យចូលរដ្ឋសភាដើម្បីបង្គ្រប់ទឹករដ្ឋាភិបាលទេ។ ទី២ កូនអុកនេះក៏អាចដើរតួនាទីជាអ្នកប្រឆាំងបានដែរ គឺមានន័យថា ឲ្យចូលទៅកៀកនឹងសត្រូវ រួចប្រើយុទ្ធសាស្ត្របំបែកតាមក្រោយមុនការបោះឆ្នោត។
យ៉ាងណាទាំងនោះជារឿងអនាគតប៉ុណ្ណោះ គ្មាននរណាអាចទាយដឹងមុនថា យ៉ាងណាឲ្យប្រាកដ ហើយសម្ដេចក្រុមព្រះជាកូនអុក ឬមិនមែននោះ ក៏គ្មាននរណាដឹងច្បាស់ដែរ មានតែទ្រង់អង្គឯងទើបដឹងថា ចង់ដើរតួជាស្ដេចជិះសេះសជួយសង្គ្រោះប្រជានុរាស្ត្រ ឬជាពពកខ្មៅបង្កព្យុះភ្លៀងមកពន្លិចភូមិឋានអ្នកស្រុក។
ការចូលប្រឡូកនយោបាយជាថ្មីរបស់ទ្រង់នៅពេលនេះ អាចមិនខុសអីពីយក្សល្ខោនបាសាក់ ចេញមកបន្លាចកូនក្មេងឲ្យយំតែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
