តើមានកត្តាអ្វីដែល គ.ជ.ប អាចឲ្យ លោក សម រង្ស៊ី មានសិទ្ធិឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្របាន?
ដំណោះស្រាយខាងផ្នែកនយោបាយហាក់ជាចំណុចសំខាន់ជាងខាងផ្នែកច្បាប់ ដែលអាចធ្វើឲ្យលោក សម រង្ស៊ី ងាយទទួលសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្របាន ក្រោយពីលោកបានវិលចូលស្រុកវិញ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលគេចោទថាជាឧបករណ៍របស់គណបក្សកាន់អំណាច ផ្តល់សញ្ញាវិជ្ជមានមួយដល់ លោក សម រង្ស៊ី ក្នុងលទ្ធភាពឲ្យលោកអាចមានសិទ្ធិឈរឈ្មោះជាតំណាងរាស្ត្របាន។ ក្រោយពីមានការស្នើសុំពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅព្រះមហាក្សត្រ សុំលើកលែងទោសដល់ លោក សម រង្ស៊ី អ្វីៗហាក់ដូចជាអាចដោះស្រាយបានធូរទាំងអស់ រាប់ទាំងការអនុញ្ញាតអោយលោក សម រង្ស៊ី មានសិទ្ធិឈរឈ្មោះបោះឆ្នោត និងបោះឆ្នោត។
មន្ត្រីផ្នែកច្បាប់ គ.ជ.ប បានថ្លែងប្រាប់ កាសែត ឌឹខេមបូឌាដេលី (The Cambodia Daily) ចុះផ្សាយនៅថ្ងៃអង្គារ ទី១៦ កក្កដា ថា លោក សម រង្ស៊ី អាចត្រូវបានអនុញ្ញាតឲ្យឈរឈ្មោះជាតំណាងរាស្ត្របាន ប្រសិនបើលោកដាក់លិខិតស្នើសុំជាផ្លូវការទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ដូចនេះ ករណី លោក សម រង្ស៊ី ដែលត្រូវបានសហគមន៍ជាតិ និងអន្តរជាតិមើលឃើញថា ជារឿងនយោបាយនោះ គឺប្រាកដជាត្រឹមត្រូវមែន។ ជាក់ស្តែង ការលើកលែងទោស លោក សម រង្ស៊ី នៅពេលនេះ ក៏ដោយសារការចរចាផ្នែកនយោបាយរវាងរដ្ឋាភិបាលកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក សម រង្ស៊ី ដើម្បីបំបិទមាត់សហគមន៍អន្តរជាតិកុំឲ្យនិយាយពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា និងការបោះឆ្នោតមិនប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយសារតែមិនមានវត្តមានរបស់មេដឹកនាំគណបក្សប្រឆាំងនោះ។
លោក សម រង្ស៊ី ត្រូវបានព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហមុនី ទ្រង់ព្រះប្រទានលើកលែងទោស បន្ទាប់ពីមានការស្នើសុំពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយពីរយៈពេលជាង ៤ឆ្នាំ ដែលលោកបានរស់នៅនិរទេសខ្លួនទៅក្រៅប្រទេស ក្រោយពេលដែលតុលាការខេត្តស្វាយរៀង កាត់ទោសឲ្យលោកជាប់ពន្ធនាគារចំនួន ១២ឆ្នាំ ពីបទបំផ្លាញបង្គោលព្រំដែន បទក្លែងបន្លំឯកសារផែនទី បទបរិហារកេរ្តិ៍ និងបទផ្សាយព័ត៌មានមិនពិត។
លើសនេះទៀត ការលើកលែងទោស លោក សម រង្ស៊ី នៅដំណាក់កាលចុងក្រោយ ដែល លោក សម រង្ស៊ី ស្ទើរតែមិនមានពេលវេលាទាល់តែសោះក្នុងការមកដឹកនាំគណបក្សរបស់លោក ក្នុងការបើកយុទ្ធនាការឃោសនានេះ ក៏មកពីមានគំនាបពីប្រទេសមហាអំណាចដែរ។
នៅមុនពេលព្រះមហាក្សត្រ ព្រះរាជទានលើកលែងទោសដល់ លោក សម រង្ស៊ី ចំនួនពីរថ្ងៃ សភាអាមេរិក បានបើកកិច្ចប្រជុំជាប្រវត្តិសាស្ត្ររបស់ខ្លួនដែលអាមេរិក មិនធ្លាប់ធ្វើដូច្នេះកន្លងមក ដោយបានកំណត់មិនឲ្យរដ្ឋាភិបាលចាប់ខ្លួន លោក សម រង្ស៊ី ជាដើម។
ក្រៅពីនេះទៀត សមាជិកសភាអាមេរិក ក៏បានព្រមានកាត់បន្ថយជំនួយប្រចាំឆ្នាំពីកម្ពុជា ក្នុងមួយឆ្នាំប្រមាណ ៨០លានដុល្លារអាមេរិក ទៀតផង។ នេះហាក់ដូចជាសួរថា តើហេតុអ្វីបានជាដំណោះស្រាយខាងផ្នែកនយោបាយអាចដោះស្រាយ និងពន្លឿនបញ្ហានេះ ខណៈដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចាត់ខ្លួនឯងថាជាស្ថាប័នឯករាជ្យ និងមិនស្ថិតក្រោមអំណាចរបស់គណបក្សនយោបាយណាមួយឡើយ។
ការបើកភ្លើងខៀវឲ្យ លោក សម រង្ស៊ី មានឱកាសឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រវិញនេះ ថ្វីត្បិតតែជាការបើកឱកាសឲ្យមេបក្សប្រឆាំងមានសិទ្ធិចូលរួមប្រកួតប្រជែង ស្របទៅតាមសហគមន៍ជាតិ និងអន្តរជាតិចង់បានក្ដី ប៉ុន្តែបើពិនិត្យមើលផ្លូវច្បាប់ដែល គ.ជ.ប បានប្រកាសកន្លងមកនោះ គឺថាមិនអាចបញ្ចូលឈ្មោះ លោក សម រង្ស៊ី ទៅក្នុងបញ្ជីបោះឆ្នោតបានឡើយ លុះត្រាណាត្រូវឲ្យសភាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឡើងវិញ នេះបើតាមការធ្លាប់អះអាងរបស់ លោក ទេព នីថា ជាអគ្គលេខាធិការ គ.ជ.ប។
ក៏ប៉ុន្តែ នៅកាលៈទេសៈនេះ ចង់ឬមិនចង់ គ.ជ.ប ត្រូវតែធ្វើទៅតាមឆន្ទៈរបស់អ្នកនយោបាយ គឺគណបក្សកាន់អំណាច។ ការប្រកាសរបស់ លោក ទេព នីថា លើកមុន គឺគ្រាដែលលោកនាយរដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាដាច់ខាតថា លោក សម រង្ស៊ី អាចវិលចូលស្រុកវិញបានលុះត្រាណាលោកត្រូវជាប់ទោសជាមុនសិន។ តែរបត់នយោបាយនៅពេលនេះ បានប្រែប្រួលមួយរំពេចរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ លោក សម រង្ស៊ី។ រីឯខាង គ.ជ.ប វិញ ហាក់ដូចជាបត់បែនតាមឆន្ទៈរបស់អ្នកនយោបាយដែរ។
បន្ថែមពីលើនេះទៀត ឯករាជ្យភាពនៃប្រព័ន្ធតុលាការនៅកម្ពុជា វិញ ក៏ហាក់បង្ហាញនូវសារធាតុពិតរបស់ខ្លួនដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
