បទ​វិភាគ៖ តើ​ការ​ឃោសនា​បោះឆ្នោត​មាន​សមភាព​ដែរ​ឬ​ទេ?

ការ​ឃោសនា​បោះឆ្នោត​នៅ​កម្ពុជា សម្រាប់​រយៈពេល ១​ខែ បាន​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី២៧ មិថុនា រហូត​ដល់​ថ្ងៃ​ទី២៦ កក្កដា។ នៅ​ក្នុង​ការ​បោះឆ្នោត​នេះ មាន​គណបក្ស​នយោបាយ​ចំនួន​៨ ចូលរួម​ប្រកួត។ ប៉ុន្តែ ឆ្លង​តាម​ការ​ឃោសនា​បោះឆ្នោត​ប៉ុន្មាន​ថ្ងៃ​មក​នេះ គេ​សង្កេត​ឃើញ​ថា មាន​គណបក្ស​នយោបាយ​មិន​ដល់​ពាក់​កណ្ដាល​ផង​ដែល​បាន​ធ្វើ​សកម្មភាព​ឃោសនា​ទ្រង់ទ្រាយ​ធំ។

0:00 / 0:00

គណបក្ស​នយោបាយ​ណា​ក៏​ចង់​ឈ្នះ​ដែរ​នៅ​ក្នុង​ការ​ចូលរួម​បោះឆ្នោត ដើម្បី​ជ្រើស​រើស​សមាជិក​សភា​អាណត្តិ​ទី៥ នេះ។ ប៉ុន្តែ តើ​គណបក្ស​នយោបាយ​នីមួយៗ​ត្រូវ​ធ្វើ​សកម្មភាព​បែប​ណា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ស្គាល់ គាំទ្រ និង​បោះឆ្នោត​ឲ្យ​គណបក្ស​ខ្លួន?

នៅ​ក្នុង​រយៈពេល​ឃោសនា​បោះឆ្នោត​ប៉ុន្មាន​ថ្ងៃ​មក​នេះ គេ​ឃើញ​មាន​គណបក្ស​នយោបាយ​ចំនួន​តែ​៣ ប៉ុណ្ណោះ មាន​សកម្មភាព​ឃោសនា​ហែ​ក្បួន​ស្រែក​ជ័យឃោស​គគ្រឹកគគ្រេង ក្នុង​ចំណោម​គណបក្ស​នយោបាយ​ទាំង​៨ ដែល​ចុះ​ឈ្មោះ​ប្រកួត​នៅ​ក្នុង​ការ​បោះឆ្នោត​លើក​នេះ។ គណបក្ស​នយោបាយ​ទាំង​៣ នោះ រួម​មាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

គណបក្ស​ប្រជាជន​កម្ពុជា មាន​មនុស្ស​ចូលរួម​ហែ​សុទ្ធ​តែ​រថយន្ត​ទំនើបៗ និង​ចាក់​ភ្លេង​គគ្រឹកគគ្រេង​លាន់​ទ្រហឹង​អឺងកង និង​មាន​ក្បួន​ម៉ូតូ​កាន់​បដា ពាក្យ​ស្លោក ទង់ជាតិ ទង់​បក្ស​តាម​ផ្លូវ​នានា​នៅ​រាជធានី​ភ្នំពេញ និង​តាម​ខេត្ត ធ្វើ​ឲ្យ​សាធារណជន​រស់នៅ​តាម​ដង​ផ្លូវ​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង។

ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ វិញ ពិត​មែន​តែ​ក្នុង​ក្បួន​ហែ​មិន​សូវ​មាន​រថយន្ត​ទំនើប​ចង​ភ្ជាប់​មេក្រូ​ចាក់​បំពង​សំឡេង​ច្រើន​មែន តែ​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​ចូលរួម ដោយ​ជិះ​រថយន្ត​ធំៗ ជិះ​ម៉ូតូ ជិះ​រ៉ឺម៉ក​កង់​បី ដោត​ទង់​ជាតិ ទង់​បក្ស គ្រវី​ខ្ញៀវខ្ញារ​អឺងកង ហើយ​ភាគ​ច្រើន​សមាជិក​ហែ​នោះ​ជា​មនុស្ស​ស្ថិត​នៅ​ក្នុង​យុវវ័យ ហើយ​ពាក្យ​ស្រែក​ជ័យឃោស​របស់​ពួក​គេ​ភាគ​ច្រើន គឺ​ពាក្យ​ថា ប្ដូរ ឬ​មិន​ប្ដូរ?

ចំពោះ​គណបក្ស​ហ៊្វុនស៊ិនប៉ិច វិញ ក្បួន​ហែ​ក៏​មាន​ទ្រង់ទ្រាយ​ធំ​ដែរ ដោយ​មាន​មនុស្ស​ពាក់​អាវ​ពណ៌​លឿង ពាក់​មួក​លឿង និង​ស្រែក​ជ័យឃោស​យ៉ាង​កង​រំពង ដោយ​មាន​ប្រធាន​គណបក្ស​ជា​ស្ត្រី​ក្នុង​វ័យ​កណ្ដាល​ជា​អ្នក​ដឹកនាំ។

ចុះ​គណបក្ស​ផ្សេង​ទៀត? គណបក្ស​នយោបាយ​ផ្សេង​ទៀត​ក៏​ធ្វើ​សកម្មភាព​ឃោសនា​ដែរ ប៉ុន្តែ​គេ​មាន​របៀប​ឃោសនា​របស់​គេ​ផ្ទាល់ ដោយ​គណបក្ស​ខ្លះ​ចុះ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​តាម​ផ្ទះ​តែ​ម្តង ហើយ​គណបក្ស​ខ្លះ​ទៀត​មិន​ទាន់​កំណត់​ពេល​ធ្វើ​សកម្មភាព​ឃោសនា​តាម​របៀប​ហែ​ក្បួន​ទ្រង់ទ្រាយ​ធំ​នៅ​ឡើយ។

បើ​សិន​ជា​គិត​តាម​បែប​សាមញ្ញ​មួយ ថា​តើ​ប្រធាន​គណបក្ស​ផ្សេង​ទៀត​ចង់​ហែ​ក្បួន​ទ្រង់ទ្រាយ​ធំ ឬ​ទេ បំណាច់​នឹង​ចូលរួម​បោះឆ្នោត​ទៅ​ហើយ​នោះ? ចម្លើយ គឺ​ពិត​ជា​ចង់។ ប៉ុន្តែ មាន​មូលហេតុ​អ្វី​បាន​ជា​មិន​ធ្វើ?

ចម្លើយ​មាន​ច្រើន ប៉ុន្តែ​ចម្លើយ​តាម​បែប​សាមញ្ញ​បំផុត​នោះ គឺ​ខ្វះ​លុយ​រៀបចំ។ ប៉ុន្តែ​អ្នក​នយោបាយ​គេ​មាន​របៀប​ឆ្លើយ​របស់​គេ គឺ​មិន​និយាយ​ភាសា​អ្នក​ស្រុក​ត្រង់ៗ ថា​ខ្វះ​លុយ​រៀបចំ​ដូច្នោះ​ឡើយ។

បើ​សិន​ជា​មាន​សំណួរ​ថា តើ​សង្វៀន​ប្រកួត​ការ​បោះឆ្នោត​នៅ​កម្ពុជា នេះ មាន​យុត្តិធម៌ និង​ស្មើភាព​ឬ​ទេ​នោះ? ចម្លើយ​បាន​មក​វិញ គឺ​សង្វៀន​ប្រកួត​នេះ​មិន​មាន​សមភាព​ទេ។

មូលហេតុ​ថា មិន​មាន​សមភាព​មក​ពី​ប្រទេស​កម្ពុជា មិន​មាន​ច្បាប់​កំណត់​អំពី​ធនធាន​គណបក្ស​នយោបាយ និង​ការ​ចូល​វិភាគ​ទាន​ដើម្បី​ប្រើប្រាស់​ក្នុង​ការ​ឃោសនា​បោះឆ្នោត​ទេ។ ដូច្នេះ គណបក្ស​ណា​មាន​អ្នក​គាំទ្រ​ច្រើន មាន​អ្នក​មាន​លុយ​ជួយ​ច្រើន គណបក្ស​នោះ​ច្បាស់​ជា​សម្បូរណ៍​លុយ​ដើម្បី​ប្រើប្រាស់​ក្នុង​ការ​ធ្វើ​សកម្មភាព​ឃោសនា​ជា​មិន​ខាន។

ចំណុច​មិន​សមភាព​មួយ​ទៀត គឺ​ប្រព័ន្ធ​ឃោសនា ដូចជា វិទ្យុ កាសែត ទូរទស្សន៍ ភាគ​ច្រើន​ជា​របស់​ក្រុមហ៊ុន​ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​កាន់​អំណាច។ ដូច្នេះ ចង់​មិន​ចង់ គឺ​ប្រព័ន្ធ​ឃោសនា​ទាំង​នោះ​គាំទ្រ​គណបក្ស​កាន់​អំណាច និង​ផ្សាយ​អំពី​សកម្មភាព​ភាគ​ច្រើន​របស់​គណបក្ស​កាន់​អំណាច​ជា​មិន​ខាន។ រឿង​នេះ ក៏​មិន​អាច​បន្ទោស​បាន​ដែរ ពីព្រោះ​ពួក​គេ​ជា​ក្រុមហ៊ុន​រកស៊ី ចង់​រក​ប្រាក់​ចំណេញ និង​មិន​ចង់​មាន​ទំនាស់​ជាមួយ​អ្នក​មាន​អំណាច។ ពីព្រោះ អ្នក​មាន​អំណាច​នៅ​ប្រទេស​កម្ពុជា ចូល​ចិត្ត​ចង​គំនុំ​ជាមួយ​អ្នក​រក​ស៊ី​ណា​ដែល​មិន​គាំទ្រ​ខ្លួន ធ្វើ​ឲ្យ​ពួក​គេ​ត្រូវ​តែ​ខ្លាច។

មាន​ស្ថាប័ន​ចំនួន​៣ ទៀត មាន​ការងារ​ទាក់ទង​ជាមួយ​ការងារ​បោះឆ្នោត​ដែរ ហើយ​ដែល​សាធារណៈ​មតិ​ភាគ​ច្រើន​យល់​ថា មិន​ឯករាជ្យ គឺ​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ស្ថាប័ន​តុលាការ និង​អាជ្ញាធរ​មូលដ្ឋាន គិត​ចាប់​តាំង​ពី​ថ្នាក់​ឃុំ សង្កាត់ ឡើង​ទៅ។ ប៉ុន្តែ នៅ​លើ​លោក​នេះ​មិន​មាន​ស្ថាប័ន​ណា​មាន​ឯករាជ្យ ១០០% ដូច​មនុស្ស​ចង់​បាន​នោះ​ឡើយ។

សរុប​មក ការ​គ្មាន​សមភាព​របស់​សង្វៀន​ប្រកួត​បោះឆ្នោត​នៅ​កម្ពុជា នេះ គណបក្ស​នយោបាយ​ដែល​ចូលរួម​ប្រកួត​ទាំង​៨ សុទ្ធ​តែ​បាន​ដឹង​ទាំងអស់​គ្នា។ ប៉ុន្តែ ទោះ​បី​ជា​បាន​ដឹង​ហើយ​ក៏ដោយ ក៏​ពួក​គេ​នៅ​តែ​ចូលរួម​ប្រកួត។ ប្រកួត​ដើម្បី​ដណ្ដើម​ជ័យ​ជម្នះ។ បើ​ទោះ​បី​ជា​អ្នក​ដឹកនាំ​គណបក្ស​នយោបាយ​ខ្លះ​បាន​និយាយ​ថា ចូលរួម​ប្រកួត​តែ​មិន​ទទួល​ស្គាល់​លទ្ធផល​ប្រកួត កាល​ណា​មាន​ការ​រំលោភ​វិធាន​ផ្ទៃក្នុង​សម្រាប់​ប្រកួត​ខ្លាំង​ពេក​ក៏ដោយ។

មក​ទល់​ពេល​នេះ ថ្ងៃ​បោះឆ្នោត​កាន់​តែ​កៀក​ណាស់​ហើយ ដូច្នេះ បើ​ទោះ​បី​ជា​ចង់​កែ​សម្រួល​សង្វៀន​ប្រកួត​នោះ​ឲ្យ​មាន​ភាព​សមភាព​គ្រាន់​បើ​ជាង​នេះ ក៏​ហួស​ពេល​ទៅ​ហើយ​សម្រាប់​ការ​បោះឆ្នោត​លើក​នេះ។ ជម្រើស​មាន​តែ​មួយ​គត់​សម្រាប់​អ្នក​ចូលរួម​ប្រកួត​នៅ​ពេល​នេះ គឺ​បន្ត​ចូលរួម​ដោយ​ទទួល​យក​ការ​មិន​ស្មើភាព​នេះ ឬ​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​តែ​ប៉ុណ្ណោះ។ ហើយ​ការ​ដើរ​ចេញ​របស់​គូ​ប្រកួត អាច​បំផ្លាញ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នោះ​ចោល ហើយ​ធ្វើ​ឲ្យ​សង្គម​មាន​អស្ថិរភាព​នយោបាយ​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។