លោក ជុន ច័ន្ទបុត្រ មានបទវិភាគមួយផ្ដោតទៅលើសំណួរថា តើទង្វើ និងពាក្យសម្ដីបែបណាដែលចាត់ទុកថា ជាការមិនដង្ហែតាមព្រះរាជតម្រិះ ឬប្រមាថដល់ព្រះចេស្ដាព្រះមហាក្សត្រ?
ពាក្យទំនៀមខ្មែរពោលថា សំដីសជាតិមារយាទសពូជ។ តែបើនិយាយពីច្បាប់វិញ ការប្រើប្រាស់ពាក្យសម្ដីមិនត្រឹមត្រូវ មិនគ្រាន់តែនាំអោយគេឯងដឹងពីជាតិ ឬពូជអំបូរអ្នកនោះទេ តែអាចនាំម្ចាស់សម្ដីអោយចូលដេកគុកពីបទចោទប្រកាន់ផ្សេងៗ មានបទបរិហារកេរ្តិ៍ជាដើម។
ចំពោះព្រះមហាក្សត្រវិញ ច្បាប់រដ្ឋធម្មនុញ្ញមាត្រា៧ ជំពូក២ ថែមទាំងចែងច្បាស់មិនអោយមាននរណារំលោភបំពានថែមទៀតផង។ តើអំពើ ឬពាក្យសម្ដីបែបណាដែលចាត់ទុកថា ជាការរំលោភបំពានលើអង្គព្រះមហាក្សត្រ?
លោកមេធាវី សុក សំអឿន នាយកប្រតិបត្តិនៃក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បកស្រាយថា អ្វីដែលចាត់ទុកថា ជាការរំលោភបំពានដោយអំពើ ឬដោយពាក្យសម្ដីទៅលើអង្គព្រះមហាក្សត្រនោះ រួមមានការវាយព្រះអង្គ ការធ្វើឃាតព្រះអង្គ និងការនិយាយស្ដីទាំងឡាយណាដែលធ្វើអោយព្រះអង្គអាប់កិត្តិយសជាដើម។
លោកអ្នកច្បាប់ម្នាក់ទៀត គឺលោក ហុង គឹមសួន ដែលជាមេធាវីដើមបណ្ដឹងរដ្ឋប្បវេណីនៃសាលាក្ដីខ្មែរក្រហម ក៏មានយោបល់ស្រដៀងគ្នានឹងលោក សុក សំអឿន ដែរ។ លោកបញ្ជាក់ថា អ្វីដែលអាចចាត់ទុកថា ជាការរំលោភបំពានព្រះមហាក្សត្រនោះ មានដូចជា សម្ដីមើលងាយ ការវាយតម្លៃបន្ថោកព្រះកិត្តិនាមរបស់ព្រះមហាក្សត្រ ការជេរព្រះមហាក្សត្រ និងធ្វើអោយព្រះមហាក្សត្រថោកទាបជាដើម។
ទោះជាយ៉ាងណាក៏ដោយ លោក ហុង គឹមសួន បញ្ជាក់ថា ការបញ្ចេញទស្សនៈរបស់អ្នកនយោបាយ ឬប្រជារាស្ត្រទូទៅចំពោះព្រះមហាក្សត្រ មានដូចជាការស្នើសុំអោយព្រះអង្គមានព្រះរាជតម្រិះឡើងវិញជាដើម មិនអាចចាត់ទុកថា ជាការប្រមាថ រំលោភ ឬការមិនដង្ហែតាមព្រះរាជតម្រិះបានទេ ត្បិតវាគ្រាន់តែជាសំឡេងរបស់ប្រជារាស្ត្រសុំអោយព្រះអង្គពិចារណាឡើងវិញតែប៉ុណ្ណោះ។
បើយោងទៅតាមការបកស្រាយរបស់លោកមេធាវីទាំងពីរ ការចោទប្រកាន់ពីគណបក្សមួយទៅគណបក្សមួយទៀត ថាជាអ្នកមិនដង្ហែតាមព្រះរាជតម្រិះ ឬរំលោភបំពានលើព្រះមហាក្សត្រដែលពលរដ្ឋតែងតែឮនោះ អាចគ្រាន់តែជាការប៉ុនប៉ងលាភពណ៌ខ្មៅដាក់គ្នាតែប៉ុណ្ណោះ។
គណបក្សប្រជាជនកម្ពុជា ជាពិសេស កាន់តែគ្មានហេតុផលណាមួយក្នុងការរំលោភបំពានអង្គព្រះមហាក្សត្រនោះទេ។ គណបក្សប្រជាជនកម្ពុជា មានតែប្ដេជ្ញាចិត្តដង្ហែតាមព្រះរាជតម្រិះរបស់ព្រះមហាក្សត្រជាដរាប ត្បិតបើតាមការអះអាងសមាជិករាជវង្សមួយអង្គថា ស្ថាប័នព្រះមហាក្សត្រ និងអនាគតរាជានិយម ស្ថិតក្នុងកណ្ដាប់ដៃរបស់គណបក្សប្រជាជនទាំងស្រុងរួចទៅហើយ។
ដូច្នេះតើមានហេតុផលអ្វីដែលគណបក្សប្រជាជន ចាំបាច់ទៅរំលោភបំពានស្ថាប័នព្រះមហាក្សត្រ ដែលជារបស់ខ្លួនគ្រប់គ្រងទៅហើយនោះ?
អ្នកណាក៏ដឹងដែរថា ក្រុមប្រឹក្សារាជសម្បត្តិដែលមានសមាជិក ៩រូប សុទ្ធសឹងតែជាមនុស្សនៃគណបក្សប្រជាជនកម្ពុជា ទាំងអស់។ សមាសភាពនៃក្រុមប្រឹក្សារាជបល្ល័ង្ក រួមមានលោកនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងមន្ត្រីជាន់ខ្ពស់មកពីគណបក្សប្រជាជនកម្ពុជា ផ្សេងទៀត។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់ព្រមានព្រះមហាក្សត្រថានឹងរំលាយរបបរាជានិយមចោលផង ប្រសិនបើព្រះអង្គមិនព្រមធ្វើតាមលោក។
ទោះជាប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីជាការព្រមាន ឬប្រមាថយ៉ាងណាក៏ដោយចុះ លោកមេធាវី សុក សំអឿន អះអាងថា គ្មានច្បាប់ណាមួយនៅកម្ពុជា ចែងអំពីការដាក់ទោសទណ្ឌដល់អ្នកដែលនិយាយបំពានទៅលើព្រះមហាក្សត្រទេ។ លោកបញ្ជាក់ថា ក្នុងច្បាប់រដ្ឋធម្មនុញ្ញមានចែងតែអំពីការហាមមិនអោយនរណារំលោភបំពានព្រះមហាក្សត្រ តែមិនបានចែងអំពីកម្រិតទោសចំពោះអ្នកដែលរំលោភបំពានឡើយ។
លោកមេធាវី សុក សំអឿន នៅចាំបានថា ពេលដែលសមាជិកសភាពិភាក្សាចង់អោយមានចែងអំពីទោសទណ្ឌចំពោះការរំលោភបំពានព្រះមហាក្សត្រ មានសមាជិកសភាខ្លះសុំមិនអោយចែងពីការដាក់ទោសទេ ដោយសំអាងថា ព្រះមហាក្សត្រមិនយកទោសពៃរ៍ដល់ប្រជារាស្ត្ររបស់ព្រះអង្គឡើយ។ ប្រហែលដោយសំអាងថា ព្រះមហាក្សត្រមិនយកទោសពៃរ៍នេះហើយ បានជាទាំងរាស្ត្រ ទាំងមន្ត្រី ទាំងអ្នកនយោបាយ តែងតែហ៊ានបញ្ចេញមតិរបស់ខ្លួនទាក់ទងនឹងព្រះមហាក្សត្រ ថ្វីត្បិតតែអ្នកខ្លះនៅបែបញញើតញញើម អ្នកខ្លះហ៊ានលេងចាស់ដៃ។
ជាបន្តទៅទៀតនេះ គឺជាសម្ដីរបស់មនុស្សមួយចំនួនដែលនិយាយជាសាធារណៈទាក់ទងនឹងព្រះមហាក្សត្រ។
នេះជាប្រសាសន៍របស់បណ្ឌិត សុខ ទូច ទាក់ទងនឹងអ្វីដែលព្រះមហាក្សត្រគួរធ្វើដើម្បីដោះស្រាយវិបត្តិក្រោយការបោះឆ្នោត៖ «អ៊ីចឹងពេលនេះក្ដារអុកត្រូវចេញមកដល់ណា ទូលព្រះបង្គំសូមអភ័យទោស បើសិនជាខ្ញុំអត់ចេះភាសាស្តេត។ ពេលនេះត្រូវដើរស្ដេចហើយ សូមទោសស្ដេចត្រូវតែយាងហើយ ពីព្រោះមូលហេតុអី? ព្រោះរាស្ត្របោះឆ្នោតឲ្យ។ ហ្នឹងបានន័យថា ត្រី ចេញដើរ ត្រី ត្រីផ្ដល់អំណាចឲ្យនាយករដ្ឋមន្ត្រីទៅឲ្យសភា។ សភាជាអី? សភាជាទូក ជាសេះ។ ឥឡូវនេះទូក សេះ គាំងទាំងអស់ អ៊ីចឹងក្រឡាអុកមួយគឺព្រះមហាក្សត្រ។ អ៊ីចឹងព្រះមហាក្សត្រត្រូវទតមើលទៅលើទិដ្ឋភាពហ្នឹងសំខាន់ណាស់ថាឯកភាពហើយនៅ? បើអត់ឯកភាព ហើយបើសិនជាគណបក្សប្រឆាំងនៅតែមិនចូល យើងសួរថា គេនឹងចែកអាសនៈ? កន្លែងនេះចែកអត់បានទេ ហើយព្រះអង្គក៏អត់តាម តែខ្ញុំគិតទេ ព្រះអង្គប្រហែលជាមិនប្រជុំទេ។ បើព្រះអង្គប្រជុំ ព្រះអង្គក៏ចូលរួមចំណែកខុសនៅក្នុងរដ្ឋធម្មនុញ្ញមាត្រាទី៨នេះដែរ ពីព្រោះឯកភាពជាតិហើយនៅ? ជាតិអត់ទាន់ឯកភាពផង ចំណុចមួយទៀតដែលយើងត្រូវសិក្សាឲ្យបានច្បាស់បើសិនជាទូកមក!»។
ជាបន្តទៅទៀតនេះ ជាប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលថ្លែងនៅឆ្នាំ២០០៦ ព្រមានព្រះមហាក្សត្រ ប្រសិនបើព្រះអង្គមិនឡាយព្រះហស្តលេខាលើសន្ធិសញ្ញាបំពេញបន្ថែមថ្មីជាមួយប្រទេសវៀតណាម៖ «ខ្ញុំនិយាយជាមួយសម្ដេចក្រុមព្រះ ខ្ញុំថាព្រះអង្គនិយាយប្រាប់ឯកឧត្ដម ស៊ុន ចាន់ថុល យ៉ាងម៉េច? កុល ផេង ម៉េច? អ៊ឹង កន្ថាផាវី ម៉េច ស៊ីសុវត្ថិ ប៉ាណារ៉ា លើយន្តហោះ ហើយខ្ញុំប្រាប់សម្ដេចក្រុមព្រះពេលដែលជួបតាមទូរស័ព្ទ អត់ផង! បើលើកនេះវាពិបាកស៊ីញ៉េ ត្រូវពិនិត្យឡើងវិញ យើងគួរទុករាជានិយម ឬធ្វើសាធារណរដ្ឋ?»។
សម្ដីទាំងនេះអាចមិនមានទោសទណ្ឌអ្វីទេ ត្បិតច្បាប់ដាក់ទោសក៏មិនមាន អ្នកនិយាយក៏មិនឃើញជាប់ទោស វាបានត្រឹមតែសជាតិនិងសពូជរបស់ម្ចាស់សម្ដីតែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
