បទវិភាគ៖ តើ​អ្វី​នៅ​ពី​ក្រោយ​នៃ​ការ​ធ្វើ​ទុក្ខបុកម្នេញ​អ្នក​នយោបាយ​បក្ស​ប្រឆាំង?

0:00 / 0:00

វប្បធម៌​ចាប់ចង គំរាមកំហែង​នៅ​ពាក់កណ្ដាល​អាណត្តិ​នេះ ហាក់​កំពុង​ដើរ​តួ​ជំនួស​វប្បធម៌​សន្ទនា​ដែល​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ធ្លាប់​អួតអាង​ថា ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ហើយ​ធ្លាប់​ប្ដេជ្ញា​ថា ប្រើប្រាស់​វប្បធម៌​សន្ទនា​នោះ ដើម្បី​ដោះស្រាយ​កិច្ចការ​ប្រទេស​ជាតិ។

ពេល​នេះ​វប្បធម៌​សន្ទនា​ដែល​លេច​មុខ​បាន​តែមួយ​ភ្លែត​នោះ ហាក់​ដូចជា​លែង​ត្រូវ​គេ​និយាយ​ដល់​ទៀត​ហើយ អ្វី​ដែល​គេ​ឭ​រាល់​ថ្ងៃ​នោះ គឺ​ការ​ចាប់​ខ្លួន ឬ​ការ​កោះ​ហៅ​ជន​ទាំង​ឡាយ ដែល​រួម​មាន​មន្ត្រី​គណបក្ស​ប្រឆាំង និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ផង ប្រសិនបើ​សកម្មភាព​របស់​ពួកគេ​អាច​ប៉ះពាល់​ដល់​ប្រយោជន៍​របស់​គណបក្ស​កាន់​អំណាច។

តើ​កត្តា​អ្វី​ខ្លះ​ដែល​រុញ​ច្រាន​ឲ្យ​តុលាការ​ចាប់​ចង​ជន​ទាំង​នោះ​ជា​បន្តបន្ទាប់?

ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​គណបក្ស​ប្រឆាំង ដូចជា​ការ​ចាប់​ខ្លួន​សកម្មជន តំណាងរាស្ត្រ និង​ការ​វាយ​ដំ​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​កើត​មាន​ជា​ហូរហែ ដែល​សកម្មភាព​មួយ​ចំនួន​រដ្ឋាភិបាល​ប្រកាស​អំពី​ការ​អនុវត្ត​ច្បាប់ ឬ​ការ​រក្សា​សណ្ដាប់ធ្នាប់​ជាដើម។

ការ​ចាប់​ខ្លួន​ចុង​ក្រោយ គឺ​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​សៀមរាប ត្រូវ​បាន​សភា និង​រដ្ឋាភិបាល​ប្រកាស​ថា ជា​ការ​អនុវត្ត​ច្បាប់ ទោះបីជា​ការ​ចាប់​ខ្លួន​តំណាងរាស្ត្រ​ទាំង​មាន​អភ័យឯកសិទ្ធិ និង​មាន​ការ​រិះគន់​ថា ជា​ការ​អនុវត្ត​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ព្រមទាំង​មាន​ការ​ថ្កោលទោស​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ក្ដី។

​របត់​នយោបាយ​នៅ​ពេល​នេះ ហាក់​បី​ដូច​ជា​ប្រែប្រួល​ខ្លាំង ដោយ​រដ្ឋាភិបាល​មិន​ខ្វល់​អំពី​ការ​រិះគន់​នោះ​ទេ សំខាន់​នៅ​ត្រង់​ថា ខ្លួន​អាច​ផ្ដួល​គូ​ប្រកួត​បាន​នៅ​មុន​ពេល​កំណត់​ប្រកួត​គ្នា​នៅ​លើ​សង្វៀន​នយោបាយ​មក​ដល់ ពោល​គឺ​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​សៀមរាប លោក អ៊ុំ សំអាន (អាវ​ស) ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ពី​ក្រសួង​មហាផ្ទៃ ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៦។ Photo courtesy of VOD
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​សៀមរាប លោក អ៊ុំ សំអាន (អាវ​ស) ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ពី​ក្រសួង​មហាផ្ទៃ ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៦។ Photo courtesy of VOD (Photo courtesy of VOD)

នៅ​មុន​ពេល​ចាប់​ខ្លួន លោក អ៊ុំ សំអាន ការ​លេច​ធ្លាយ​រឿង​អាស្រូវ​ស្នេហា​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក កឹម សុខា និង​មាន​ក្រុម​យុវជន​មួយ​ក្រុម​តាម​ទារ​លោក កឹម សុខា ឲ្យ​បកស្រាយ​រឿង​នេះ និង​ប្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ថែម​ទៀត​ផង។

ពាក្យ​បណ្ដឹង​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ចាត់ការ​យ៉ាង​រហ័ស និង​ថែម​ទាំង​បើក​ស្រោម​សំបុត្រ​ទ្រព្យសម្បត្តិ​របស់​លោក កឹម សុខា តាម​បណ្ដឹង​របស់​យុវជន​ឈ្មោះ ស្រី ចំរើន។ ក្រៅ​ពី​នេះ​ទៀត ក្រោយ​ពី​ពេល ស្រីម៉ុំ បាន​សរសេរ​លិខិត​ចំហ ៤​ទំព័រ​ផ្សព្វផ្សាយ​ជា​សាធារណៈ​រៀបរាប់​ថា អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីម៉ុំ ថា មន្ត្រី​សិទ្ធិ​មនុស្សជាតិ និង​អន្តរជាតិ បាន​ប្រាប់​នាង​ឲ្យ​ឆ្លើយ​កុហក​ប្រាប់​សមត្ថកិច្ច។ ក្នុង​នោះ​នាង​បាន​ចោទ​ថា មេ​ឃុំ​ស្រក ឈ្មោះ ស៊ាង ចែត បាន​យក​លុយ​ចំនួន ៥០០​ដុល្លារ​សហរដ្ឋអាមេរិក ឲ្យ​ឪពុក​ម្ដាយ​នាង ថា​ជា​លុយ​របស់​លោក កឹម សុខា។ មិន​បង្អង់​យូរ​ទេ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ចុះទៅ​នាំ​ខ្លួន លោក​មេឃុំ ស៊ាង ចែត ភ្លាមៗ សួរ​នាំ​អំពី​រឿង​នេះ និង​បាន​បញ្ជូន​ឲ្យ​តុលាការ។

ករណី​រឿង​អាស្រូវ លោក កឹម សុខា នេះ មាន​ចម្ងល់​ជា​ច្រើន​បាន​ចោទ​សួរ​ថា ហេតុ​អី​បាន​ជា​ស្ថាប័ន​ជាតិ​សំខាន់ៗ ចាត់​វិធានការ​បន្ទាន់​ចំពោះ​ករណី​លោក កឹម សុខា និង​នាង ស្រីម៉ុំ នេះ? ស្ថាប័ន​ទាំង​នោះ រួម​មាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ តុលាការ រដ្ឋសភា ជាដើម។

ករណី​ទាំង​នេះ តាម​មើល​ទៅ​ទិសដៅ​សំខាន់​ដែល​ស្ថាប័ន​ទាំង​នេះ​ខំ​បំពេញ​ការងារ​របស់​ខ្លួន​ចាត់ការ​លើ​សំណុំរឿង​អាស្រូវ​ស្នេហា​នេះ ទិសដៅ​សំខាន់​គេ​ចង់​ចាត់ការ​លោក កឹម សុខា។ ការ​ស្វែង​រក​ភស្តុតាង​ជា​ច្រើន​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​តុលាការ ដើម្បី​ទាញ​សក្ខីកម្ម​ផ្សេងៗ ក្នុង​ការ​ដាក់​បន្ទុក​លោក កឹម សុខា។ ការ​ធ្វើ​បែប​នេះ ហាក់​បី​ដូចជា​ចង់​ចាប់ចង​លោក កឹម សុខា ញាត់​គុក ក្រោម​ហេតុផល​ថា ការ​អនុវត្ត​ច្បាប់។

បញ្ហា​នេះ តាម​មើល​ទៅ គោលបំណង​សំខាន់​គឺ​ចង់​ឲ្យ​គណបក្ស​ប្រឆាំង​ចុះ​ខ្សោយ បាក់​ស្បាត និង​បាត់បង់​ក្បាល​ម៉ាស៊ីន​ដឹកនាំ​បក្ស ខណៈ​ដែល​មេ​បក្ស គឺ​លោក សម រង្ស៊ី កំពុង​រត់​គេច​ពី​ដីកា​តាម​ចាប់​ខ្លួន​របស់​តុលាការ​ដែរ​នោះ។

នយោបាយ​យក​ឈ្នះ​ចាញ់​គ្នា​របស់​មេដឹកនាំ​ខ្មែរ បាន​ដើរ​ជាន់​លើ​ដាន​ប្រវត្តិសាស្ត្រ​ច្រំ​ដែលៗ។ បើ​ងាក​មើល​ប្រវត្តិ​នយោបាយ​ថយ​ក្រោយ​វិញ ទោះបីជា​កម្ពុជា បាន​ប្រកាន់​យក​របប​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ការ​យក​ឈ្នះ​ចាញ់​គ្នា​តាម​រយៈ​ការ​បោះ​ឆ្នោត​ក្ដី តែ​ការ​ផ្ដួល​គ្នា​ក្រៅ​សង្វៀន​បោះ​ឆ្នោត​បាន​កើត​មាន​ជា​ហូរហែ ដែល​គូបដិបក្ខ​ត្រូវ​ផ្ដួល​គ្នា​ដើម្បី​រក្សា​អំណាច ព្រោះ​ថា តាំង​ពី​កម្ពុជា បាន​ងើប​ផុត​ពី​សង្គ្រាមស៊ីវិល​រ៉ាំរ៉ៃ និង​ឈាន​ដល់​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​រៀប​ឲ្យ​មាន​ការ​បោះឆ្នោត​ចំនួន ៥​អាណត្តិ​មក​នេះ គឺ​នៅ​ក្រោយ​ពេល​បោះ​ឆ្នោត​គណបក្ស​ធំ ដែល​ជាប់​ឆ្នោត​នោះ ពុំ​សូវ​មាន​ពេល​ចាប់​ដៃ​គ្នា​អភិវឌ្ឍ​ប្រទេស​ជាតិ​រួមគ្នា​នោះ​ឡើយ។

សង្គ្រាម​ពាក្យ​សម្ដី​របស់​មេដឹកនាំ​គណបក្ស​ដែល​ជា​គូបដិបក្ខ​តែងតែ​កើត​មាន​ជា​ហូរហែ។ កាល​ពី​មុន ដៃគូ​ប្រកួត​ដ៏​ធំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា នោះ គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​កាល​ពី​ឆ្នាំ​១៩៩៧ រវាង​គូបដិបក្ខ​ទាំង​ពីរ និង​ស្ថិត​នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​តែមួយ​ផង​នោះ គឺ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ជា​នាយករដ្ឋមន្ត្រី ទី​១ និង​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ទី​២ បាន​ហែកហួរ​គ្នា​ឥត​ត្រា​ប្រណី​ឡើយ ដែល​កាល​ណោះ​គណបក្ស​ទាំង​ពីរ​មាន​កងកម្លាំង​រៀងៗ​ខ្លួន។

ក្រោយ​មក​ទៀត គណបក្ស​ប្រជាជន​កម្ពុជា បាន​រៀបចំ​យុទ្ធសាស្ត្រ​បំបែកបំបាក់​ដៃគូ​ប្រកួត​នេះ​ជា​បន្តបន្ទាប់ ដែល​ធ្វើ​ឲ្យ​គណបក្ស​រាជវង្សានុវង្ស​មួយ​នេះ មិន​ទុក​ចិត្ត​គ្នា រង្គោះរង្គើ​ក្នុង​បក្ស រហូត​ឈាន​ដល់​ការ​បណ្ដេញ​សម្ដេច​ក្រុមព្រះ​ចេញ​ពី​ព្រះប្រធាន​គណបក្ស ហើយ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​នេះ​មួយ​ចំនួន បាន​រត់​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​បន្ទាប់។

ដោយឡែក​សម្រាប់​បរិបទ​នយោបាយ​បច្ចុប្បន្ន​នេះ​វិញ ដៃគូ​ប្រកួត​ដ៏​ខ្លាំង​នោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។ គណបក្ស​កាន់​អំណាច​ហាក់​ដូចជា​ប្រើ​យុទ្ធសាស្ត្រ​ចាស់​នេះ​ដដែល​ក្នុង​ការ​វាយប្រហារ​គណបក្ស​ប្រឆាំង។ តែ​គណបក្ស​ប្រឆាំង​មិន​មាន​អាវុធ​ដូច​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នោះ​ឡើយ។ បញ្ហា​នេះ គណបក្ស​កាន់​អំណាច​មាន​តែ​ប្រើ​ប្រព័ន្ធ​ច្បាប់​ដើម្បី​ចាត់ការ​ទៅ​គណបក្ស​ប្រឆាំង ដូចជា លោក ហ៊ុន សែន ប្រកាស​ឲ្យ​តាម​ចាប់​ខ្លួន​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ។ ការ​ប្រកាស​មិន​ឲ្យ​និយាយ​ពី​ផែនទី​ក្លែងក្លាយ តុលាការ​ក៏​ចាប់​ខ្លួន​តំណាងរាស្ត្រ លោក អ៊ំ សំអាន ភ្លាម។

គណបក្ស​កាន់​អំណាច​ហាក់​ដូចជា​ប្រើ​យុទ្ធសាស្ត្រ​ដដែលៗ ដើម្បី​ផ្ដួល​គូ​ប្រកួត​ដែល​រដ្ឋាភិបាល​ហាក់​ដូចជា​ចង់​បង្វែរ​បញ្ហា​សង្គម ដែល​កំពុង​កើត​មាន​នៅ​ពេល​បច្ចុប្បន្ន ដូចជា​ការ​កាប់​បំផ្លាញ​ព្រៃឈើ​បំពាន​ច្បាប់​ដឹក​ទៅ​ក្រៅ​ប្រទេស​កាន់​តែ​មាន​សភាព​ធ្ងន់ធ្ងរ ឆ្ពោះ​ទៅ​រក​ភាព​វិនាស​សាបសូន្យ។ អ្នក​តវ៉ា​ច្រើន​អាច​ត្រូវ​ចាប់​ដាក់គុក ឬ​បាញ់​សម្លាប់។ វិបត្តិ​ដីធ្លី​មិន​អាច​ដោះស្រាយ​បាន​កើត​មាន​ពាសពេញ​ផ្ទៃ​ប្រទេស សូម្បី​តែ​ជម្លោះ​ដីធ្លី​នៅ​សហគមន៍​បុរីកីឡា និង​បឹងកក់ ក្បែរ​ច្រមុះ​រដ្ឋាភិបាល ទុក​អូស​បន្លាយ​រាប់​ឆ្នាំ​ដោះស្រាយ​មិន​ចេញ​នោះ ក៏​ដោយសារ​តែ​ម្ចាស់​ក្រុមហ៊ុន​ស្និទ្ធ​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

មនុស្ស​ចាស់​ដែល​គ្មាន​ទីពឹង រដ្ឋ​គ្មាន​កម្មវិធី​ជួយ។ ពលរដ្ឋ​ប្រមាណ ១​លាន​នាក់​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជិត​ខាង​ដោយសារ​គ្មាន​ការងារ​ធ្វើ​ក្នុង​ប្រទេស ខណៈ​មេដឹកនាំ ឬ​មន្ត្រី​មួយ​ចំនួន​មាន​ទ្រព្យ​សម្បត្តិ​កប់​ពពក។ កម្ពុជា នៅ​តែ​សុំ និង​ខ្ចី​លុយ​គេ​ដើម្បី​យក​មក​ចំណាយ និង​បំពេញ​ប្រាក់​ខែ​អោយ​មន្ត្រី​រាជការ​របស់​ខ្លួន ។ ល ។

ងាក​មក​ការ​ចាប់ចង​សកម្មជន និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​វិញ គឺ​ជា​ការ​បង្ហាញ​អំពី​ស្ថាប័ន​រដ្ឋ​សំខាន់ៗ នៅ​ក្រោម​សម្ពាធ​រដ្ឋាភិបាល ដូចជា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ សភា និង​ស្ថាប័ន​តុលាការ​ជាដើម។

សរុប​សេចក្ដី​ទៅ ថ្វីត្បិតតែ​ការ​ចាប់​ផ្ដើម​ប្រកាន់​យក​វប្បធម៌​ចាប់​ចង​ឡើង​វិញ​របស់​គណបក្ស​កាន់​អំណាច​ជំនួស​អោយ​វប្បធម៌​សន្ទនា​ដ៏​អស្ចារ្យ​នោះ ជា​យុទ្ធសាស្ត្រ​ចាស់​ដដែលៗ​របស់​គណបក្ស​នេះ​ក្តី ក៏​វា​ធ្លាប់​បាន​ជួយ​អោយ​គណបក្ស​នេះ​បំបាក់​គូប្រកួត​អោយ​បាត់បង់​ជំហរ​មុន​ការ​ឡើង​សង្វៀន​ប្រកួតប្រជែង​ជា​ផ្លូវការ​បាន​តែ​រាល់​លើក។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ បរិបទ​សង្គម និង​នយោបាយ​នៅ​ពេល​នេះ ផ្លាស់ប្ដូរ​ច្រើន។ យុវជន និង​ឪពុក​ម្ដាយ​របស់​គេ​ក៏​ចាប់​ផ្ដើម​រួមគ្នា​ងើប​តតាំង​ប្រឈម​មុខ​នឹង​ការ​គាបសង្កត់​នានា ដើម្បី​វាសនា​អនាគត​របស់​ខ្លួន និង​ប្រទេស​ជាតិ។ បច្ចេកវិជ្ជា​បាន​ផ្ដល់​ឱកាស​អោយ​មនុស្ស​ភាគ​ច្រើន​មាន​លទ្ធភាព​ទទួល​បាន​នូវ​ព័ត៌មាន​ឯករាជ្យ គេច​ផុត​ពី​ការ​គាប​សង្កត់​សិទ្ធិ​ទទួល​ព័ត៌មាន និង​ដំណឹង​ចាំបាច់​ដទៃ​ទៀត សម្រាប់​អោយ​ពួកគេ​វិនិច្ឆ័យ​ដោយ​ខ្លួន​ឯង​បាន ថា​តើ​គេ​គួរ​អោយ​មេដៃ​ឈ្នះ​ទៅ​បេក្ខជន​ណា​មួយ ទោះបីជា​បេក្ខជន​នោះ​អាច​ត្រូវ​គេ​វាយ​ទ្រម​ខ្លួន​មុន​ការ​ចូល​ប្រកួត​ក៏ដោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។