ក្រុមអ្នកស្រាវជ្រាវផ្នែកបុរាណវិទ្យា បានរកឃើញគំនូរជាង ២០០ផ្ទាំងនៅលើជញ្ជាំងប្រាសាទអង្គរវត្ត។
ទស្សនាវដ្ដីរបស់វិទ្យាស្ថាន ស្មិតសូនៀន (Smithsonian) នៅរដ្ឋធានីវ៉ាស៊ីនតុន សហរដ្ឋអាមេរិក ចុះផ្សាយថា គំនូរបុរាណទាំងអស់នោះ បង្ហាញនូវវត្ថុផ្សេងៗ ក្នុងនោះរួមមានរូបមនុស្ស អំបូរសត្វជាច្រើនប្រភេទ និងមធ្យោបាយធ្វើដំណើរនានាជាដើម។
លោកបណ្ឌិត ចិន្ត ច័ន្ទរតនា អ្នកសិក្សាស្រាវជ្រាវវប្បធម៌ និងជាប្រធានមូលនិធិកេរដំណែលខ្មែរ គូសបញ្ជាក់អំពីសារសំខាន់នៃរបកគំហើញនេះ សម្រាប់កូនខ្មែរជំនាន់ក្រោយ និងសង្គមជាតិទាំងមូល៖ «ខ្ញុំក៏រួមចំណែកក្នុងការអបអរសាទរ ដោយសារការងារស្រាវជ្រាវ គឺពេលណាដែលយើងបានរកឃើញអ្វីដែលថ្មី អ្វីដែលប្លែក គឺជាទិន្នន័យដ៏ល្អសម្រាប់សង្គម។ ទី១ យើងបានដឹងថា តើនៅសម័យនោះ គេធ្វើអ្វីខ្លះ ជាពិសេសការគោរពបូជាចំពោះប្រាសាទអង្គរវត្តទាំងមូល។ ហេតុនេះគឺជារឿងមួយដ៏ល្អ ជាព័ត៌មានមួយសម្រាប់កូនខ្មែរជំនាន់ក្រោយ ឱ្យគាត់ដឹងថា មិនមែនតែក្នុងសតវត្សទី១២ ដែលខ្មែរកសាងប្រាសាទអង្គរវត្តនោះទេ ប៉ុន្តែរហូតមកដល់សតវត្សទី១៥-១៦ ទោះបីជាប្រាសាទបុរាណនេះ ត្រូវបានគេកែប្រែមកជាបូជនីយដ្ឋានពុទ្ធសាសនាក្តី ក៏គេ (ខ្មែរ) នៅតែគោរព និងមានជំនឿលើប្រាសាទអង្គរវត្តនេះដែរ…»។
លោកបណ្ឌិត ចិន្ត ច័ន្ទរតនា ឱ្យដឹងបន្ថែមថា អ្នកបុរាណវិទូជនជាតិសិង្ហបុរីម្នាក់ គឺលោក ណូអែល ហ៊ីដាលហ្គោ តាន់ (Noel Hidalgo Tan) បានចាប់អារម្មណ៍ពិនិត្យឃើញដានព្រាលៗនៃរូបគំនូរបុរាណទាំងនោះមុនគេ។ បន្ទាប់មកលោក តាន់ បានរួមសហការជាមួយក្រុមអ្នកជំនាញផ្នែកបុរាណវិទ្យាខ្មែរ ចាប់ផ្ដើមដំណើរការសិក្សា និងចុះក្នុងអត្ថបទស្រាវជ្រាវកាលពីឆ្នាំមុន។
ក្រុមអ្នកបុរាណវិទ្យានានាសង្ឃឹមថា ការរកឃើញរូបគំនូរបុរាណទាំងអស់នេះ ដែលបន្សល់ទុកនៅលើជញ្ជាំងប្រាសាទអង្គរវត្ត នឹងជួយផ្ដល់នូវពន្លឺថ្មីក្នុងការសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្រដ៏ចំណាស់នៃប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
