អាជ្ញាធរអប្សរាដែលជាស្ថាប័នជាតិ ទទួលបន្ទុកការពារនិងថែរក្សាប្រាសាទបុរាណនៅខេត្តសៀមរាប បានប្រកាសព័ត៌មានជាថ្មីទៀត ជុំវិញរូបភាពអាក្រាតរបស់ស្រី្ដបរទេស ដែលមកថតនៅតាមប្រាសាទបុរាណខ្មែរ។
អាជ្ញាធរនេះបញ្ជាក់ថា ការស្រាវជ្រាវជំហានដំបូងគេដឹងថា ប្រភពផ្សព្វផ្សាយរូបថតនារីអាក្រាតកាយដែលថតនៅតាមប្រាសាទបុរាណខ្មែរ គឺមានមូលដ្ឋាននៅប្រទេសចិន។ ដូច្នេះអាជ្ញាធរអប្សរានឹងត្រូវធ្វើកិច្ចការមួយចំនួនជុំវិញករណីរូបថតដែលធ្វើឱ្យអាប់អោនដល់តម្លៃបេតិកភណ្ឌពិភពលោកមួយនេះ។
មន្ត្រីអាជ្ញាធរអប្សរាព្រមានប្ដឹងផ្ដល់តាមផ្លូវច្បាប់ប្រឆាំងនឹងអ្នកថតរូបស្ត្រីអាក្រាតកាយនៅតាមប្រាសាទបុរាណខ្មែរ ហើយផ្សាយចេញជាសកលតាមប្រព័ន្ធព័ត៌មានអេឡិចត្រូនិក កាលពីពេលថ្មីៗនោះ។
អ្នកនាំពាក្យអាជ្ញាធរអប្សរា គឺអ្នកស្រី ចៅ ស៊ុនកិរិយា។ អ្នកស្រីមានប្រសាសន៍កាលពីព្រឹកថ្ងៃច័ន្ទ ទី២៦ ខែមករា ថា អាជ្ញាធរអប្សរាកំពុងសហការជាមួយក្រុមអ្នកជំនាញរបស់អង្គការយូណេស្កូ (UNESCO) ដើម្បីពិនិត្យផ្នែកបច្ចេកទេសទៅលើរូបថតស្ត្រីបរទេសដែលអាក្រាតកាយល្វែងខាងលើទាំងអស់ ដោយមានជាប់រូបប្រាសាទបុរាណខ្មែរផងនោះ ថាតើវាជាការមកថតដល់ទីតាំងប្រាសាទពិតប្រាកដ ឬក៏ជាការកាត់តតាមបែបបច្ចេកទេសសម័យទំនើប?
អ្នកស្រី ចៅ ស៊ុនកិរិយា បញ្ជាក់ថា ការស្រាវជ្រាវជាជំហានដំបូង គឺអាជ្ញាធរបានរកឃើញប្រភពផ្សព្វផ្សាយ រូបថតស្រ្តីបរទេសអាក្រាតកាយដែលជាប់ជាមួយប្រាសាទបុរាណខ្មែរនោះ គឺមានមូលដ្ឋាននៅប្រទេសចិន។ ប្រសិនបើអាជ្ញាធរអប្សរារកឃើញបន្ថែមទៀតថា រូបថតស្រ្តីអាក្រាតកាយដែលមានជាប់រូបប្រាសាទបុរាណខ្មែរផង ត្រូវបានគេមកថតដល់កន្លែងពិតប្រាកដ គឺអាជ្ញាធរនឹងរៀបចំពាក្យបណ្ដឹងតាមផ្លូវច្បាប់៖ «យើងស្រាវជ្រាវមែនទែន ដោយសាររឿងនេះជាកិត្តិយសស្រុកយើង។ ឥឡូវយើងកំពុងធ្វើការជាមួយយូណេស្កូ ដែលមានអ្នកជំនាញជួយយើង ពីព្រោះតាមយូណេស្កូ មានប្រសាសន៍គឺមានតាំងតែពី ២០ឆ្នាំមុននៅប្រទេសអ៊ីតាលី។ ឥឡូវមកដល់ស្រុកយើងហើយ យើងត្រូវប្រយ័ត្ន»។
សេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរអប្សរាកាលពីថ្ងៃទី២៥ ខែមករា បញ្ជាក់ថា គេហទំព័រមួយឈ្មោះ វ៉ានីម៉ល (WANIMAL) មានមូលដ្ឋាននៅប្រទេសចិន តែងផ្សព្វផ្សាយរូបថតអាសអាភាសដែលគេតែងចុះថតផ្ទាល់នៅតាមទីតាំងល្បីៗជាច្រើនកន្លែងនៅលើពិភពលោក។ អាជ្ញាធរអប្សរាបានជំទាស់នឹងគេហទំព័រ វ៉ានីម៉ល ដែលផ្សព្វផ្សាយរូបស្ត្រីអាក្រាតកាយភ្ជាប់នឹងទេសភាពអង្គរថា គឺជាការធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរចំពោះភាពថ្លៃថ្នូររបស់នារីភេទ ព្រមទាំងអារ្យធម៌ខ្មែរដ៏ថ្កើងថ្កាន។ ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍អង្គរមួយចំនួន បានគាំទ្រប្រតិកម្មរបស់អាជ្ញាធរអប្សរាដែលជាស្ថាប័នជាតិ ការពារនិងថែរក្សាអង្គរមួយនេះ។
អនុប្រធានសមាគមទ្រទ្រង់ក្ដីសង្ឃឹមមគ្គុទ្ទេសក៍ទេសចរណ៍ លោក ព្រំ សុវណ្ណ ដែលពិនិត្យទៅលើរូបថតស្រ្តីបរទេសអាក្រាតកាយ ហើយមានជាប់រូបប្រាសាទបុរាណខ្មែរផង គឺលោកសង្ស័យថា ទំនងជាគេថតនៅក្នុងប្រាសាទបាយ័នខ្លះ និងប្រាសាទតាព្រហ្មខ្លះ។
លោក ព្រំ សុវណ្ណ គាំទ្រគំនិតអាជ្ញាធរអប្សរាដែលគ្រោងនឹងដាក់ឆ្មាំការពារប្រាសាទបន្ថែម ដើម្បីតាមឃ្លាំមើលជនបរទេសកុំឱ្យឆ្លៀតឱកាសថតរូបផ្ដេសផ្ដាសបានទៀតនោះ៖ «ខ្ញុំគិតថា រឿងថតរូបអាក្រាតវាមិនគួរឱ្យមានទាល់តែសោះ ហើយសូមសំណូមពរអាជ្ញាធរអប្សរាឱ្យបង្កើនសមត្ថភាពខ្លួនគាត់ដាក់ពង្រាយកម្លាំងឱ្យគ្រប់ជ្រុងជ្រោយកុំឱ្យធ្វើបែបនេះ ព្រោះជាបេតិកភណ្ឌពិភពលោក»។
បន្ថែមលើការគាំទ្រអាជ្ញាធរអប្សរាប្រឆាំងនឹងជនបរទេស ដែលថតរូបអាក្រាតនៅតាមតំបន់អង្គរនេះ សមាគមទ្រទ្រង់ក្ដីសង្ឃឹមមគ្គុទ្ទេសក៍ទេសចរណ៍ដែលមានក្រុមអ្នកមគ្គុទ្ទេសក៍និយាយភាសាកូរ៉េ ភាសាជប៉ុន និងភាសាចិន ជាសមាជិកអាចនឹងរួមគ្នាធ្វើជាក្រមសីលធម៌មួយសម្រាប់ពន្យល់និងណែនាំដល់អ្នកទេសចរណ៍បរទេសឱ្យដឹងពីអារ្យធម៌ខ្មែរ និងមិនគួរធ្វើអ្វីឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់សង្គមខ្មែរផងនៅពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។