អ្នកជំនាញផ្នែកវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីខ្មែរ អំពាវនាវដល់សង្គមខ្មែរឲ្យនាំគ្នាប្រើប្រាស់សករាជ ឬការរាប់ថ្ងៃ ខែ ឆ្នាំ ទៅតាមវប្បធម៌ប្រពៃណីជាតិ។
ការអំពាវនាវនេះ ពីព្រោះឃើញថា សព្វថ្ងៃ ទាំងប្រជាពលរដ្ឋ និងមន្ត្រីរដ្ឋាភិបាលស្ទើរតែទាំងអស់គ្នា និយមប្រើប្រាស់សករាជ ដែលជាវប្បធម៌បរទេស ច្រើនជាងការប្រើប្រាស់សករាជរបស់ជាតិ។ ប្រការនេះជាក្តីបារម្ភខ្លាំង ពីព្រោះអាចជំរុញឲ្យជាតិសាសន៍ខ្មែរ បាត់បង់ទំនៀមទម្លាប់សករាជរបស់ខ្លួនទៅថ្ងៃអនាគត។
ការប្រើប្រាស់សករាជ ឬការរាប់ ថ្ងៃ ខែ ឆ្នាំ ដើម្បីកំណត់សំគាល់ពេលវេលាសម្រាប់ធ្វើការងារនៅក្នុងជីវិតប្រចាំថ្ងៃអ្វីមួយនោះ សម្រាប់សង្គមខ្មែរសព្វថ្ងៃ គេឃើញមានប្រើសករាជចំនួនពីរ គឺ ពុទ្ធសករាជ និងគ្រិស្តសករាជ។ ប៉ុន្តែប្រការដែលគួរឲ្យកត់សំគាល់នោះ គឺគេនិយមប្រើប្រាស់គ្រិស្តសករាជជាផ្លូវការ ច្រើនជាងការប្រើប្រាស់ពុទ្ធសករាជ។
អ្នកជំនាញផ្នែកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីខ្មែរ មានប្រសាសន៍ថា នៅក្នុងទំនៀមទម្លាប់ វប្បធម៌ខ្មែរចាត់ទុកពុទ្ធសករាជថា ជាសករាជរបស់ជាតិ។ ប៉ុន្តែការប្រើប្រាស់ពុទ្ធសករាជនៅក្នុងសង្គមខ្មែរ បច្ចុប្បន្ន គឺឃើញមានប្រើតែនៅតាមវត្តអារាម នៅក្នុងលិខិតអញ្ជើញចូលរួមពិធីបុណ្យផ្សេងៗ ឬមួយក៏នៅក្នុងលិខិតអញ្ជើញចូលរួមពិធីអាពាហ៍ពិពាហ៍។ ក្រៅពីនេះ នៅតាមក្រសួង មន្ទីរស្ថាប័ន នៃរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋសាមញ្ញធម្មតា ភាគច្រើនគេមិនសូវចាប់អារម្មណ៍ក្នុងការប្រើប្រាស់ថ្ងៃ ខែ ឆ្នាំ ឬសករាជ តាមប្រពៃណីជាតិប៉ុន្មានទេ គឺច្រើនតែប្រើប្រាស់គ្រិស្តសករាជទុកជាផ្លូវការ។ តួយ៉ាងដូចជានៅក្នុងលិខិតអញ្ជើញចូលរួមប្រជុំ ឬធ្វើសិក្ខាសាលា ឬក៏សេចក្ដីប្រកាសព័ត៌មានអ្វីមួយជាដើម គឺគេច្រើនតែសរសេរ ថ្ងៃ ខែ ឆ្នាំ ទៅតាមគ្រិស្តសករាជ។
លោកបានបន្តថា ប្រការដែលសង្គមខ្មែរមិនសូវចាប់អារម្មណ៍ពីការប្រើប្រាស់សករាជជាតិ គឺនឹងជំរុញឲ្យមានការបាត់បង់សករាជរបស់ខ្លួនទៅថ្ងៃក្រោយ ហើយក៏នឹងនាំឲ្យបាត់បង់នូវវប្បធម៌ទំនៀមទម្លាប់ដែលជាអត្តសញ្ញាណជាតិមួយផ្នែកធំដែរ។
អ្នកសិក្សាស្រាវជ្រាវទំនៀមទម្លាប់ប្រពៃណីខ្មែរមួយរូប លោក សឹង្ហ គា មានប្រសាសន៍ថា តាមពិតទៅជនជាតិខ្មែរមានសករាជ ថ្ងៃ ខែ ឆ្នាំ របស់ខ្លួនសម្រាប់ប្រើប្រាស់តាំងពីដើមរៀងមក ដូចមានបង្ហាញនៅក្នុងឯកសារមួយឈ្មោះ "ក្រមច្បាប់សួស្ដី" ដែលបុព្វបុរសខ្មែរបានចងក្រងឡើងកាលពីក្នុងអំឡុងសង្គមខ្មែរប្រើប្រាស់មហាសករាជ គឺក្នុងឆ្នាំ១៦១៥ ដែលនៅចន្លោះសម័យឧត្តុង្គ និងលង្វែក។ បើរាប់គិតមកទល់ពេលនេះ គឺមានរយៈពេលចំនួន ៣២១ឆ្នាំហើយ។
លោកបន្តថា នៅក្នុងក្បួនច្បាប់ក្រមសួស្ដីនោះ មានបង្ហាញពីរបៀបសរសេរចុះថ្ងៃ ខែ ឆ្នាំ នៅលើសំបុត្រស្នាម ឬលិខិតផ្សេងៗជាដើម ទៅតាមសករាជប្រពៃណីជាតិ ពិសេសគឺបង្ហាញដល់មន្ត្រីរាជការក្នុងក្រសួងមន្ទីរនានានៃរាជរដ្ឋាភិបាល៖ «ពីរបៀបចុះលេខ លិខិតនានា លោកឲ្យចុះថ្ងៃប៉ុន្មានកើត ប៉ុន្មានរោច អ៊ីចឹងទៅ ហើយនិងឆ្នាំប៉ុន្មានៗអ៊ីចឹងទៅ។ មានកំណត់ ហើយគេសរសេរទៅដាក់មានថ្ងៃនៅលើ ខែនៅក្រោម ហើយបានឆ្នាំនៅខាងក្រោយ គឺគេគូសបន្ទាត់កណ្ដាល»។
នៅក្នុងឯកសារស្ដីពីវប្បធម៌ខ្មែរមួយចំនួនឲ្យដឹងដែរថា ជនជាតិខ្មែរកាលដើមឡើយ គឺបានបង្កើតឲ្យមានសករាជរបស់ខ្លួនដើម្បីប្រើប្រាស់។ ពីដំបូងគឺប្រើ "បុរាណសករាជ" បន្ទាប់មកក៏ប្ដូរប្រើ "មហាសករាជ" ក្រោយមកទៀតប្រើ "ចុល្លសករាជ" រួចក៏ប្ដូរមកប្រើ "ពុទ្ធសករាជ" រហូតដល់សព្វថ្ងៃនេះ។
ចំពោះបុរាណសករាជដែលជនជាតិខ្មែរធ្លាប់ប្រើ បើគិតរាប់មកដល់ពេលនេះគឺមានអាយុប្រមាណ២៦០០ឆ្នាំ។ ចំណែកឯពុទ្ធសករាជមានអាយុ ២៥៥៧ឆ្នាំ។ មហាសករាជ គឺកើតក្រោយពុទ្ធសករាជ ៦២០ឆ្នាំ។ រីឯចុល្លសករាជ គឺបង្កើតក្រោយពុទ្ធសករាជ ១១៨២ឆ្នាំ។
ចំពោះពុទ្ធសករាជនេះ កើតឡើងជាដំបូងដោយពួកពុទ្ធបរិស័ទនៅក្នុងប្រទេសឥណ្ឌាដោយយកថ្ងៃបរិនិព្វានរបស់ព្រះពុទ្ធជាគោលចារិក ហើយចាប់រាប់សករាជនៅក្រោយថ្ងៃព្រះពុទ្ធទ្រង់ចូលបរិនិព្វានទៅបាន១ថ្ងៃ គឺនៅថ្ងៃពុធ ១ រោច ខែពិសាខ ឆ្នាំម្សាញ់។
រីឯមហាសករាជវិញ គឺបានកើតឡើងដោយមនុស្សមួយពួក គឺពួកតាត៌ ស្ថិតនៅក្នុងប្រទេសឥណ្ឌា ដែរ គឺកាលដែលជនពួកនេះបានចូលវាយលុក វាតអំណាចនៅក្នុងប្រទេសឥណ្ឌា ប៉ែកខាងលិច ហើយក៏តែងតាំងព្រះមហាក្សត្រដែលជាជាតិសាសន៍របស់ខ្លួនព្រះនាមថា សកៈ ឬ សាលិវា ហនៈ ឲ្យសោយរាជ្យ ហើយក៏ចាប់ផ្ដើមរាប់ឆ្នាំតាំងពីមួយរៀងមកដែលហៅថា "សករាជ" រួចក៏ប្ដូរមកហៅថា "មហាសករាជ" ដែលមានន័យថា "សករាជធំ"។ ក្រោយមកប្រទេសខ្មែរដែលបានទទួលឥទ្ធិពលព្រហ្មញ្ញសាសនាពីប្រទេសឥណ្ឌា ក៏នាំគ្នាប្រើប្រាស់មហាសករាជនេះដែរ គឺក្នុងរជ្ជកាលព្រះមហាក្សត្រខ្មែរ ព្រះបាទសម្ដេច ព្រះកេតុមាលា ក្នុងរវាងសតវត្សទី១០ នៃពុទ្ធសករាជ។
ចំពោះ "ចុល្លសករាជ" គឺមានន័យថា "សករាជតូច"។ សករាជនេះ ឯកសារមួយចំនួនឲ្យដឹងថា បានកើតឡើងនៅក្នុងសម័យនគរធំ ដែលគ្រងរាជ្យដោយព្រះបាទសម្ដេចព្រះបទុម សុរិយវង្ស។ ប៉ុន្តែឯកសារខ្លះទៀតបញ្ជាក់ថា នៅក្នុងរាជព្រះបាទជយវរ្ម័នទី១ ឬទី២។
អ្នកសិក្សាស្រាវជ្រាវវប្បធម៌ទំនៀមទម្លាប់ប្រពៃណីខ្មែរ លោក សឹង្ហ គា បញ្ជាក់ពីប្រភពនាំឲ្យកើតចុល្លសករាជនៅក្នុងប្រទេសខ្មែរនេះដែរថា គឺកើតឡើងដោយសារមានព្រឹត្តិការណ៍មួយដែលទាក់ទងទៅនឹងព្រះពុទ្ធសាសនា៖ «មានសំពៅមួយ ដែលផ្ទុកព្រះត្រៃបិដក ហើយក៏អណ្ដែតមកកឿងនៅឆ្នេរម្តុំខេត្តកំពត។ អ៊ីចឹងទៅក៏ព្រះរាជាខ្មែរបានដង្ហែយកមកទុកនៅក្នុងរាជធានី ហើយក៏បង្កើតសករាជមួយទៀត ហៅថា ចុល្លសករាជ គឺដល់ឆ្នាំ២០១៤ ហ្នឹង បាន ១៣៧៦»។
សព្វថ្ងៃនេះ នៅក្នុងសង្គមខ្មែរ ការប្រើប្រាស់មហាសករាជ និងចុល្លសករាជ គេឃើញមានប្រើតែនៅក្នុងក្បួនមហាសង្ក្រាន្តរបស់គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ។ ចំពោះការប្រើពុទ្ធសករាជ គឺចាប់ផ្ដើមតាំងពីប្រទេសកម្ពុជា ទទួលឥទ្ធិពលព្រះពុទ្ធសាសនាពីប្រទេសឥណ្ឌា ដែលបានហូរចូលមកក្នុងដែនដីសុវណ្ណភូមិជាដំបូងក្នុងអំឡុងពុទ្ធសតវត្សទី៣។
ចំណែកឯគ្រិស្តសករាជវិញ គឺកើតឡើងនៅក្នុងសាសនាគ្រិស្ត (Jésus ou Jésus – Christ) ក្នុងសតវត្សទី៦ នៃពុទ្ធសករាជ (ព.ស. ៥៤៣)។ ការប្រើប្រាស់គ្រិស្តសករាជនៅក្នុងប្រទេសកម្ពុជា គឺចាប់ផ្ដើមតាំងពីរជ្ជកាលនៃព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី (ព្រះអង្គដួង) ក្នុងពុទ្ធសករាជ ២៣៩១ គឺអំឡុងពេលដែលប្រទេសកម្ពុជា នៅក្រោមការគ្រប់គ្រងរបស់អាណានិគមនិយមបារាំង។ សព្វថ្ងៃនេះ ការប្រើប្រាស់គ្រិស្តសករាជ កាន់តែពេញនិយមស្ទើរតែគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា ទាំងការសរសេរ និងទាំងការនិយាយ។
អ្នកសិក្សាស្រាវជ្រាវ វប្បធម៌ទំនៀមទម្លាប់ប្រពៃណីខ្មែរ លោក សឹង្ហ គា មានប្រសាសន៍ថា ទោះជាយ៉ាងណាក៏ដោយ សង្គមខ្មែរគប្បីងាកមកចាប់អារម្មណ៍ប្រើប្រាស់សករាជតាមប្រពៃណីជាតិរបស់ខ្លួនឲ្យបានច្រើន ជាជាងការប្រើប្រាស់សករាជតាមវប្បធម៌បរទេស។
លោកបន្ថែមថា ការជំរុញបែបនេះ គឺមិនមែនមានន័យថា ជាការរើសអើងជាតិសាសន៍នោះទេ។ ប៉ុន្តែគឺដើម្បីចង់ឲ្យសង្គមខ្មែរនាំគ្នារក្សាទុកសករាជជាតិ ដើម្បីតំណាងអត្តសញ្ញាណជាតិខ្មែរឲ្យនៅគង់វង្សតទៅមុខយូរអង្វែង៖ «ខាងក្រសួងជំនាញវប្បធម៌ហ្នឹង គួរតែមានការណែនាំស្ថាប័នអប់រំ មានគ្រឹះស្ថានសិក្សានានាហ្នឹង គឺផ្សព្វផ្សាយបញ្ចូលក្នុងកម្មវិធីអប់រំ អំពីការរាប់នូវ ថ្ងៃ ខែ ឆ្នាំ របៀបខ្មែរហ្នឹង គឺឲ្យកូនក្មេងហ្នឹងបានដឹង។ មួយទៀត គឺស្ថាប័នរដ្ឋនានាហ្នឹង គឺរាល់ការចេញលិខិតស្នាមនានា សរសេរដាក់ថា ថ្ងៃ ខែ ខ្មែរ មុនហ្នឹងមក ហើយដាក់គ្រិស្តសករាជតាមក្រោយទៅ។ អាហ្នឹងគឺប្រជាជនខ្មែរទាំងអស់នឹងតាមហើយ។ បើសិនជារដ្ឋាភិបាលមិនធ្វើទេ អាហ្នឹងប្រជាជនក៏អត់ដឹងទៅតាមយ៉ាងម៉េចបានដែរ បើខាងលើអត់ធ្វើផង។ អ៊ីចឹងធំជាងគេគឺខាងលើ»។
លោកបញ្ជាក់ទៀតថា គ្រប់ជាតិសាសន៍ក្នុងសកលលោក គេតែងតែរក្សាវប្បធម៌ ឬអត្តសញ្ញាណជាតិរបស់គេ ក្នុងនោះរួមមានទាំងសករាជផង ដូចជានៅក្នុងប្រទេសអឺរ៉ុប គេរក្សាគ្រិស្តសករាជ ជាវប្បធម៌របស់គេ ហើយនៅក្នុងបណ្ដាប្រទេសមួយចំនួនទៀត ដែលគោរពព្រះពុទ្ធសាសនា ដូចជាប្រទេសថៃជាដើម គេរក្សាសករាជជាប្រពៃណីទំនៀមទម្លាប់របស់គេ គឺពុទ្ធសករាជ។ ដោយឡែកតែនៅប្រទេសកម្ពុជា ដែលគោរពព្រះពុទ្ធសាសនាដែរ ប៉ុន្តែនាំគ្នានិយមប្រើតែគ្រិស្តសករាជទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
