ពុទ្ធសាសនិកជន​អំពាវនាវ​ឲ្យ​អ្នក​នយោបាយ​ដោះស្រាយ​បញ្ហា​តាម​ទសពិធរាជធម៌

0:00 / 0:00

ចាស់ទុំ​ពុទ្ធសាសនិក​ខ្មែរ​មួយ​ចំនួន​បាន​អំពាវនាវ​ដល់​អ្នក​នយោបាយ ពិសេស​ថ្នាក់ដឹកនាំ​ទាំង​អស់​នៃ​រាជរដ្ឋាភិបាល ឲ្យ​នាំគ្នា​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ​ដែល​កំពុង​ជួប​វិបត្តិ​ដូច​សព្វថ្ងៃ​នេះ​ឲ្យ​បាន​ឆាប់រហ័ស តាម​គោលការណ៍ «ទសពិធរាជធម៌» ពីព្រោះ​ធម៌​នេះ នឹង​ជួយ​ឲ្យ​មាន​ការ​ដោះស្រាយ​ដោយ​មិន​ប្រើ​អំពើ​ហិង្សា និង​ជួយ​ឲ្យ​មានការ​ស្មោះត្រង់​ជាមួយ​គ្នា​ជាដើម។

ពុទ្ធសាសនិក​ខ្មែរ​មួយ​ចំនួន​បាន​សំដែង​ក្ដី​បារម្ភ​ថា កម្ពុជា​នឹង​អាច​ឈាន​ទៅ​រក​ការ​បែកបាក់​សាមគ្គី​គ្នា ហើយ​និង​អាច​មាន​ភាព​ចលាចល​វឹកវរ​ដោយសារ​តែ​មេដឹកនាំ​គណបក្ស​នយោបាយ​ទាំង​អស់​មិន​ស្រុះស្រួល​គ្នា​ដោះស្រាយ​បញ្ហា​ស្រុកទេស​ឲ្យ​បាន​ឆាប់។

​អ្នក​សំដែង​ក្ដី​បារម្ភ​ដដែល​បាន​បន្ត​ថា មេដឹកនាំ​ក្នុង​បក្ស​នយោបាយ​ទាំង​អស់​គ្នា កន្លង​មក​សុទ្ធតែ​បាន​បង្ហាញ​ពី​ទស្សនៈ​របស់​ខ្លួន​រៀងៗ​ខ្លួន​ថា មាន​ចិត្ត​ស្រឡាញ់​ប្រជាពលរដ្ឋ និង​ចង់​ឲ្យ​ប្រទេស​ជាតិ​មាតុភូមិ​បាន​ទទួល​សេចក្ដី​សុខ​សន្តិភាព ថ្កុំថ្កើង​រុងរឿង​ជាដើម ដូច្នេះ​គប្បី​រក​វិធី​ដោះស្រាយ​បញ្ហា​ទៅ​តាម​ផ្លូវ​ធម៌ ដូចជា «ទសពិធរាជធម៌» ឬ​ធម៌ ១០​ប្រការ​ជាដើម ដើម្បី​ចៀសវាង​ក្តី​មហន្តរាយ​ណា​មួយ។

ក្នុង​ចំណោម​អ្នក​សំដែង​ក្តី​បារម្ភ​នេះ ព្រឹទ្ធាចារ្យ​មួយ​រូប​ឈ្មោះ ថូ អុល នៅ​ខេត្ត​កណ្ដាល ដែល​បាន​សិក្សា​ស្រាវជ្រាវ​ពី​ព្រះពុទ្ធ​សាសនា​បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ធម៌ ១០​ប្រការ​នោះ នៅ​ត្រង់​អន្លើ​ប្រការ​ទី​២ ដែល​ហៅ​ថា សីលៈ ឬ​សីល គឺ​នឹង​ជួយ​ឲ្យ​មេដឹកនាំ​ដោះស្រាយ​បញ្ហា​ជាមួយ​គ្នា​ស្ថិត​នៅ​​​ក្នុង​គុណធម៌​ល្អ មាន​ផលប្រយោជន៍​ដល់​ជាតិ និង​បាន​ទទួល​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ។

ព្រឹទ្ធាចារ្យ ថូ អុល៖ «កាលណា​បើ​យើង​ប្រើ​អំណាច យើង​អត់​មាន​សីល គេ​គោរព​តាម​យើង​ដែរ តែ​គេ​គោរព​​ខ្លាច ហើយ​ថ្ងៃ​ណា​មួយ​គេ​នឹង​រើ​បម្រះ ហើយ​គេ​នឹង​ចងពៀរ​យើង​វិញ។ បើ​យើង​មាន​សីល​វិញ គឺ​ថា​គេ​គោរព​តាម​យើង ហើយ​គេ​ប្រតិបត្តិ​តាម​យើង ហើយ​អត់​មាន​ចង់​ឲ្យ​អ្នក​ដែល​គ្រប់គ្រង​ហ្នឹង​មិន​ឲ្យ​ទៅ​ណា ឲ្យ​នៅ​ការពារ​ខ្លួន​អ្នក​ដែល​នៅ​ក្រោម​បង្គាប់​ជានិច្ច។ ដូច្នេះ​ថ្នាក់ដឹកនាំ​​ទាំង​ព្រះរាជា ទាំង​នាយករដ្ឋមន្ត្រី ប្រធានាធិបតី ឬ​ប្រមុខ​រដ្ឋ​ហ្នឹង ត្រូវ​តែ​មាន​សីល ៥​ជានិច្ច ​ដើម្បី​នឹង​ឲ្យ​អ្នក​នៅ​ក្រោម​ឱវាទ​ហ្នឹង​គេ​គោរព​តាម ហើយ​គេ​ស្រឡាញ់។ កុំ​ឲ្យ​គេ​ធ្វើតាម​ដោយ​សេចក្ដី​ខ្លាច​ភ័យ»

នៅ​ក្នុង​ឯកសារ​របស់​អ្នកប្រាជ្ញ​ពុទ្ធសាសនា​ខ្មែរ​ក៏​មាន​ការណែនាំ​ដល់​ថ្នាក់ដឹកនាំ​ទាំងឡាយ​អំពី​គុណប្រយោជន៍​នៃ​ការ​អនុវត្ត​ធម៌ ១០​ប្រការ ឬ​ទសពិធរាជធម៌​នោះ​ដែរ ដូចជា​នៅ​ក្នុង​ប្រការ​ធម៌​ទី​៣ ដែល​និយាយ​អំពី «បរិច្ចាគ» ឬ​ការ​លះបង់។ ក្នុង​ន័យ​នេះ គឺ​ចង់​បញ្ជាក់​ថា អ្នក​ដែល​មាន​តួនាទី​ធ្វើ​ជា​មេដឹកនាំ ទោះជា​ដឹកនាំ​ក្នុង​ក្រុម បក្ស​តូច​ធំ រហូត​ដល់​ដឹកនាំ​ប្រទេស​ក្តី គឺ​ហ៊ាន​លះបង់​ដើម្បី​ជា​ប្រយោជន៍​សង្គម​ជាតិ ដោយ​មិន​យក​ប្រយោជន៍​ផ្ទាល់​ខ្លួន ឬ​បក្សពួក​ក្រុម​ខ្លួន​ថា​ជា​ធំ​ទេ។ ម្យ៉ាង​ទៀត​អ្នកដឹកនាំ​គប្បី​មានគុណ​ធម៌​ទី​៤ គឺ «អាជ្ជវៈ» ឬ​ភាព​ស្មោះត្រង់ គឺ​មិន​ប្រើ​អំណាច​ផ្ដាច់ការ ដែល​ធ្វើ​ឲ្យ​អ្នក​នៅ​ក្រោម​ឱវាទ​ភ័យខ្លាច​នោះ​ឡើយ។

លោក​ព្រឹទ្ធាចារ្យ ថូ អុល អ្នក​សិក្សា​ស្រាវជ្រាវ​ព្រះពុទ្ធសាសនា​បាន​បញ្ជាក់​ប្រាប់​ដែរ​ពី​គោលការណ៍​ធម៌​​ទាំង​ពីរ​យ៉ាង​នេះ​ថា បើ​ថ្នាក់ដឹកនាំ​ទាំង​ឡាយ​ណា​បាន​គោរព​ក្បួន​ច្បាប់​ធម៌​ទាំង​នេះ គឺ​គេ​នឹង​ទទួល​​បាន​នូវ​ទំនុក​ទុកចិត្ត និង​ភាព​ស្មោះត្រង់​ពី​សំណាក់​ប្រជាពលរដ្ឋ​របស់​ខ្លួន​តប​មក​វិញ។

លោក​បាន​បន្ថែម​ទៀត​ថា គុណធម៌​ស្មោះត្រង់ និង​ការ​លះបង់​ល្អ​ដើម្បី​ប្រយោជន៍​ជាតិ​របស់​មេដឹកនាំ គឺ​នឹង​បង្ហាញ​ឲ្យ​គេ​ដឹង​ពី​បុគ្គលិកលក្ខណៈ​របស់​បុគ្គល​ជា​មេដឹកនាំ​ម្នាក់ៗ​នោះ ទៅ​តាម​អ្វី​ដែល​គេ​បាន​ធ្វើ​ពិតៗ និង​ជា​អំពើ​ល្អ មិនមែន​ធ្វើ​បន្លែបន្លំ​ឡើយ៖ «មាន​ន័យ​ថា អ្នក​គ្រប់គ្រង​ហ្នឹង​មាន​អធ្យាស្រ័យ ទៀងត្រង់​នឹង​ប្រជានុរាស្ត្រ។ អ្នក​គ្រប់គ្រង​ហ្នឹង​កុំ​ឲ្យ​ភូតភរ កុហក ឲ្យ​ត្រង់​នឹង​ប្រជានុរាស្ត្រ។ប្រជានុរាស្ត្រ​​ទុក​ចិត្ត​ថា អ្នក​គ្រប់គ្រង​ហ្នឹង​សុទ្ធតែ​ពាក្យ​ពិត​ទាំង​អស់។ ថ្នាក់ដឹកនាំ​គ្រប់គ្រង​ហ្នឹង គឺ​ថា​ធ្វើ​ឲ្យ​មាន​​សេចក្ដី​ចម្រើន​ក្នុង​ប្រទេស​ជាតិ ហើយ​ប្រជាជន​ហ្នឹង អ្នក​នៅ​ក្រោម​ឱវាទ​ហ្នឹង គឺ​ថា​គេ​ស្រឡាញ់ ហើយ​គេ​ស្ដាប់​បង្គាប់»

ក្រៅ​ពី​អនុវត្ត​នូវ​គោលការណ៍​ធម៌​ទាំង​ប៉ុន្មាន​យ៉ាង​នេះ ក្នុង​នាម​ជា​មេដឹកនាំ ក៏​ទាមទារ​អនុវត្ត​យ៉ាង​ចាំបាច់​នូវ​គោលការណ៍​ធម៌​ផ្សេង​ទៀត​ដែរ ដែល​មាន​ចែង​នៅ​ក្នុង​គោល​ធម៌ ១០​ប្រការ​នោះ គឺ «ទានៈ» បាន​សេចក្ដី​ថា អ្នកដឹកនាំ​គប្បី​ស្វែងយល់​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ពិសេស​ជន​ក្រីក្រ ឬ​ដល់​ជន​ដែល​គ្មាន​ទីពឹង​ជាដើម ហើយ​ជួយ​ចែករំលែក​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ទៅ​ប្រជាពលរដ្ឋ​ដែល​កំពុងតែ​ជួប​ការ​លំបាក។

នៅ​ក្នុង​គោលការណ៍​ធម៌​នៃ​ទសពិធរាជធម៌ បាន​បញ្ជាក់​អំពី​ការ​ធ្វើ​ទាន​របស់​មេដឹកនាំ​នោះ​ថា គឺ​ជា​ទាន​១ ដែល​ធ្វើ​ប្រកប​ទៅ​ដោយ​ចិត្ត​អាណិតអាសូរ ដោយ​មិន​រំពឹង​ចង់​បាន​ផល​ចំណេញ​អ្វី​ពី​ប្រជាពលរដ្ឋ​ដែល​ខ្លួន​បាន​ផ្ដល់​ទាន​ឲ្យ​នោះ​ទេ។ ក្រៅ​ពី​នេះ បុគ្គល​ដែល​មាន​តួនាទី​ដឹកនាំ ក៏​គប្បី​រក្សា​ធម៌ «មទ្ទវៈ» ឬ​ភាព​ទន់ភ្លន់ ដែល​ជា​ធម៌​ទី​៥ នៃ​ធម៌ ១០​ប្រការ ដើម្បី​អប់រំ​ខ្លួន​ឲ្យ​មាន​ឥរិយាបថ​ទន់ភ្លន់ មិន​ប្រកាន់​ខ្លួន មិន​ឆ្មើងឆ្មៃ​ដាក់​អ្នកដទៃ​ដែល​មាន​ឋានៈ​តូច​ទាប​ជាង​ខ្លួន​ជាដើម។

នៅ​ក្នុង​ឯកសារ​របស់​អ្នកប្រាជ្ញ​ពុទ្ធសាសនា​ខ្មែរ​សម័យ​បុរាណ​បាន​បញ្ជាក់​អំពី​ធម៌ ១០​ប្រការ​ទៀត​ថា អ្នកដឹកនាំ​គឺ​ទាមទារ​ឲ្យ​មាន «តបៈ» ឬ​ការ​ព្យាយាម ដើម្បី​កម្ចាត់​បង់​នូវ​អកុសលធម៌​ឲ្យ​ខ្លាំងក្លា ដូចជា​កម្ចាត់​អំពើ​ពុករលួយ​ជិះជាន់ កិបកេង​ប្រវ័ញ្ច​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​ជាដើម។

​ឯកសារ​ដដែល​បាន​បញ្ជាក់​ទៀត​ថា គោលការណ៍​ធម៌​ទី​៧ សម្រាប់​អ្នក​ដឹកនាំ គឺ «អក្កោធ» ឬ​ការ​មិន​ក្រោធ​ខឹង​ផ្ដេសផ្ដាស ដើម្បី​ជួយ​ទប់ស្កាត់​កុំ​ឲ្យ​វង្វេងស្មារតី នៅ​ពេល​ដែល​មាន​រឿង​អ្វី​មិនល្អ​កើត​ឡើង និង​ដើម្បី​ជួយ​ឲ្យ​ការ​ធ្វើ​ការងារ​របស់​ខ្លួន​បាន​ត្រឹមត្រូវ​ល្អ​ដែរ។ បុគ្គល​អ្នកដឹកនាំ​ក៏​គប្បី​អនុវត្ត​ធម៌ «អវិហិង្សា» គឺ​ការ​មិន​បៀតបៀន មិន​ចង​គំនុំ​ព្យាបាទ​អ្នក​ដទៃ ហើយ​មាន​ការ​អត់ធន់ ឬ​មាន «ខន្តី» ធម៌ ដែល​ជា​​ច្បាប់​អប់រំ​ទូន្មាន​តាម​គោល​ការ​ធម៌​ទី​៩ នៃ​ទសពិធរាជធម៌។

អ្នក​សិក្សា​ស្រាវជ្រាវ​ពុទ្ធសាសនា​និង​សង្គម លោក​ព្រឹទ្ធាចារ្យ មាស លី នៅ​ខេត្ត​កំពង់ចាម បាន​មាន​ប្រសាសន៍​ប្រាប់​ដែរ​ថា គោល​ធម៌​ទី​៩ នៃ​ធម៌ ១០​ប្រការ​នោះ គឺ​ចង់​អប់រំ​ថា បើ​ទោះ​បី​ជា​ស្ថិត​នៅ​ក្នុង​ស្ថានភាព​បែប​ណា​ក៏ដោយ ក្នុង​ឋានៈ​ជា​អ្នកដឹកនាំ​គប្បី​រក្សា​ធម៌​ខន្តី​នេះ​ឲ្យ​បាន​ជាប់ ដើម្បី​ជួយ​ដាស់សតិ​ស្មារតី​កុំ​ឲ្យ​សម្រេច​ចិត្ត​ខុស​ក្នុង​ការ​បំពេញ​ការងារ។

​លោក​ព្រឹទ្ធាចារ្យ មាស លី៖ «ទាល់ច្រក​យ៉ាងម៉េច​ក៏​មាន​សេចក្ដី​អត់ធន់​ក្នុង​ចិត្ត​របស់​ខ្លួន កាលណា​ក្នុង​ចិត្ត​របស់​ខ្លួន​មាន​​ ​ខន្តី​ធម៌​ជា​មេ​ហើយ នោះ​រាស្ត្រប្រជា​ខាងក្រោម​អំណាច​របស់​ខ្លួន​គឺ​យល់​ថា អ្នកដឹកនាំ​នេះឯង​ប្រកប​ដោយ​សេចក្ដី​អត់ធន់​មិន​ធ្វើ​ឲ្យ​វិនាសកម្ម​ដល់​ប្រជាពលរដ្ឋ​ណា​មួយ​ទេ»

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​មាន​តួនាទី​ដឹកនាំ គប្បី​អនុវត្ត​តាម​គោលការណ៍​ធម៌​មួយ​ទៀត​ដែល​​​មាន​ចែង​នៅ​ក្នុង​ទសពិធរាជធម៌ ត្រង់​អន្លើ​ទី​១០ គឺ «អវិរោធនៈ» ឬ​ការ​មិន​ធ្វើ​ខុស មិន​បំពាន​លើ​ច្បាប់ បើ​ថ្នាក់ដឹកនាំ​មិន​គោរព​ច្បាប់​ទេ នោះ​ក៏​ជា​ដើមចម​មួយ​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​វិនាស​អន្តរាយ​ដែរ។

អ្នក​តាម​ដាន​សភាពការណ៍​នយោបាយ រួមមាន​ទាំង​ពុទ្ធសាសនិក​ដែល​មិន​ប្រកាន់​និន្នាការ​នយោបាយ​​បាន​បញ្ជាក់​ដែរ​ថា នៅ​ក្នុង​ស្ថានភាព​តានតឹង​សព្វ​ថ្ងៃ​នេះ ថ្នាក់ដឹកនាំ​គណបក្ស​ទាំង​អស់​គប្បី​ងាក​រក​វិធី​ដោះស្រាយ​បញ្ហា​នយោបាយ​ទៅ​តាម​គោលការណ៍​ធម៌​ទាំង ១០​ប្រការ​នោះ ទើប​ធ្វើ​ឲ្យ​មាន​ទំនុក​ទុក​ចិត្ត​ពិតប្រាកដ​ពី​សំណាក់​ប្រជារាស្ត្រ ហើយ​នឹង​ជួយ​ឲ្យ​កម្ពុជា ចៀស​ផុត​ពី​ក្តី​អន្តរាយ​ផង​ទាំងពួង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។