ចោរ​ប្លន់​ប្រដាប់​អាវុធ​កម្រើក​ឡើង​នៅ​ខេត្ត​កំពង់ចាម

របាយការណ៍​ពី​ប៉ូលិស​នៅ​ខេត្ត​កំពង់ចាម បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​ក៏​មាន​ករណី​ប្លន់​ប្រដាប់​អាវុធ​ពី​២​ទៅ​៣​ករណី​ដែរ​នៅ​ខែ​មករា ដើម​ឆ្នាំ​នេះ។

0:00 / 0:00

លោក ញ៉ឹប យឿន រស់​នៅ​ភូមិ​ឃុំ​កោះថ្មី ស្រុក​កោះសូទិន បាន​ឲ្យ​ដឹង​ថា ភូមិ​ឃុំ​លោក​មាន​ភាព​ស្ងប់ស្ងាត់​ប្រមាណ​២០​ឆ្នាំ​មក​ហើយ ទើប​តែ​យប់​ទី​៧ កុម្ភៈ ក៏​មាន​ជន​មិន​ស្គាល់​មុខ​៣​នាក់​ប្រដាប់​ដោយ​អាវុធ​មួយ​ដើម​បាន​បាញ់​ប៉ង​សម្លាប់​លោក​ចំនួន​ពីរ​គ្រាប់ ហើយ​ប្លន់​យក​ប្រាក់​ទើប​លក់​គោ​បាន​ចំនួន​ជាង​៤​លាន​រៀល រួម​ទាំង​មាស​ប្រមាណ​ជាង​ពីរ​តម្លឹង​ទៀត​ផង។

លោក ញ៉ឹប យឿន មាន​ឲ្យ​ដឹង​ដូច្នេះ ៖ «យើង​នៅ​សម្ងំៗ​ថា សុខ​សប្បាយ​យូរ​ឆ្នាំ​ហើយ គោ​ក៏​មិន​អី ម៉ូតូ​ក៏​មិន​ដែល​អី ចេះ​តែ​ប្រហែសៗ​ទៅ បែរ​ជា​លេច​មក​អ៊ីចឹង​ទៀត។ សុទ្ធ​តែ​ស្លៀក​ពាក់​ប៉ារ៉ា មួក​ប៉ារ៉ា​មក​ហ្នឹង។ ចិត្ត​ហ្នឹង​សូម​កុំ​ឲ្យ​មាន​លួច​ប្លន់​ហ្នឹង»

លោក នាង សាវ៉ាត មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក បាន​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​មួយចំនួន​មាន​ការ​បារម្ភ​ចំពោះ​សុវត្ថិភាព​ក្នុង​ការ​រស់​នៅ​បន្ទាប់​ពី​មាន​ជន​ប្រដាប់​អាវុធ​បាន​ធ្វើ​សម្មភាព​ប្លន់​នៅ​តាម​ស្រុក​មួយ​ចំនួន​បែប​នេះ។

លោក នាង សាវ៉ាត មាន​ប្រសាសន៍​ថា ៖ «ទាក់ទង​ទៅ​តុលាការ​ផង ទាក់ទង​ទៅ​ប៉ូលិស​ផង ទាក់ទង​ទៅ​ស្រុក​យើង​ទូទៅ​ផង អ៊ីចឹង​ហើយ​វិធានការ​បន្ត​ដែល​យើង​ធ្វើ​រហូត​អ៊ីចឹង​ទៅ​អាហ្នឹង​វា​អាច​អនុវត្ត​បាន​ហើយ ប៉ុន្តែ​កន្លង​មក​ហ្នឹង​យើង​ឃើញ​ថា មាន​ដាច់​ជា​អន្លើៗ ដូច​ថា ឥឡូវ​យើង​ចុះ​ឆែកឆេរ​អាវុធ ឆែក​មួយ​ប្រាវ​អ៊ីចឹង​ទៅ​ក៏​បាត់​ទៅ ដល់​ពេល​បុណ្យ​ទាន​អី​យើង​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​អ៊ីចឹង​ទៅ វា​អត់​មាន​យន្តការ​បន្ត​មួយ​ជាប់​លាប់ ហើយ​ម្យ៉ាង​ទៀត​អាវុធ​នៅ​ស្រុក​យើង​មាន​ការ​ប្រើប្រាស់​តាម​ផ្ទះ»

លោក នួន សាមិន ស្នងការ​ប៉ូលិស​ខេត្ត​បាន​បំភ្លឺ​ជូន​ថា ជន​ប្លន់​ប្រដាប់​អាវុធ​៣​នាក់​នៅ​ភូមិ​ឃុំ​កោះថ្មី ស្រុក​កោះសូទិន កាល​ពី​យប់​ថ្ងៃ​ទី​៧ កុម្ភៈ ត្រូវ​បាន​ប៉ូលិស​កំណត់​មុខ​សញ្ញា​ជន​សង្ស័យ​បាន​ហើយ តែ​សុំ​លាក់​អត្តសញ្ញាណ​សិន។

លោក នួន សាមិន បំភ្លឺ​ដូច្នេះ ៖ «មិន​មែន​ភ្លេច​ខ្លួន​មិន​យក​ចិត្ត​ទុក​ដាក់​ទេ ភារកិច្ច​វា​នៅ​ជាប់​ជា​ប្រចាំ​ថ្ងៃ​អ៊ីចឹង ប៉ុន្តែ​យើង​ធ្វើ​ម៉េច​ពង្រាយ​កម្លាំង​ហ្នឹង​ឲ្យ​គ្រប់​សព្វ​កន្លែង​កន្លុកកន្លៀត​ម៉េច​នឹង​កើត? វា​មាន​ចន្លោះ​ប្រហោង​អ៊ីចឹង​ដែរ។ កិច្ចការពារ​សន្តិសុខ​វា​មិន​មែន​ពឹង​ផ្អែក​មក​លើ​សមត្ថកិច្ច​ប៉េអឹម ឬ​ប៉ូលិស​សុទ្ធសាធ​ទេ ប្រជាពលរដ្ឋ​ម្នាក់ៗ​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ការពារ​ផ្ទាល់​ខ្លួន​ដែរ ជន​ណា​សង្ស័យ​ត្រូវ​រាយ​ការណ៍​ឲ្យ​រដ្ឋ​អំណាច»

មន្ត្រី​សិទ្ធិ​មនុស្ស​បាន​រក​ទៅ​ឃើញ​ថា ដោយសារ​មាន​មូលហេតុ​នៃ​ការ​មិន​បាន​ធ្វើ​យន្តការ​បន្ត​ក្នុង​ការ​ត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ទើប​កើត​មាន​បញ្ហា​នេះ​ឡើង។

លោក នាង សាវ៉ាត មន្ត្រី​អាដហុក បាន​ឲ្យ​ដឹង​បន្ថែម​ថា កាល​ពី​ខែ​មករា ក៏​មាន​ការ​ប្លន់​បាញ់​សម្លាប់​ប៉ូលិស​នៅ​ស្រុក​ជើងព្រៃ​ម្នាក់​ដែរ តែ​ជន​ដៃដល់​ត្រូវ​បាន​ចាប់​ខ្លួន​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ក៏​លោក នួន សាមិន ស្នងការ​ខេត្ត​បាន​មាន​ប្រសាសន៍​ថា សកម្មភាព​ប្រើ​អាវុធ​ខុស​ច្បាប់​កាល​ពី​ឆ្នាំ​ទៅ​បង្ក្រាប​បាន​១២​ករណី ហើយ​បាន​ថយ​ចុះ​នៅ​ចុង​ឆ្នាំ។ កាល​ពី​ខែ​មករា ការ​កម្រើក​ឡើង​វិញ​នៃ​ចោរ​ប្លន់​ប្រដាប់​អាវុធ​ក៏​កើត​មាន​ឡើង​បន្ត​ទៀត តែ​ជន​ល្មើស​សុទ្ធ​តែ​ត្រូវ​បាន​បង្ក្រាប៕