អ្នក​ភូមិ​ក្រីក្រ​នៅ​ពោធិ៍សាត់​ចោទ​អាជ្ញាធរ​ថា​មិន​មាន​តម្លាភាព

ប្រជាពលរដ្ឋ​ក្រី​ក្រ​ជា​ច្រើន​គ្រួសារ​នៅ​ភូមិ​ក្រពើរោទិ៍ ឃុំ​ស្នាមព្រះ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ បាន​ចោទ​ប្រកាន់​អាជ្ញាធរ​ភូមិ​ឃុំ​ថា ការ​អនុវត្ត​គម្រោង​ផ្តល់​ជំនួយ​សម្រាប់​ជន​ក្រីក្រ​ដែល​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ផ្តល់​ចំពោះ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​នេះ​ខ្វះ​តម្លាភាព​និង​មិន​ចំ​មុខ​សញ្ញា​ជន​ក្រីក្រ​ពិត​ប្រាកដ​ឡើយ។

0:00 / 0:00

ស្ត្រី​វ័យ​ចំណាស់​ឈ្មោះ កួយ យាំ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ដែល​បាន​ចុះ​ផ្ទាល់​ដល់​ភូមិ​ក្រពើរោទិ៍​នៅ​ព្រឹក​ថ្ងៃ​៧ តុលា ថា អាជ្ញាធរ​ភូមិ​ឃុំ​ផ្តល់​ប្រាក់​នេះ​ឲ្យ​តែ​ខ្សែ​រយៈ​បក្ស​ពួក។

គាត់​បន្ត​ថា គាត់​បាន​ចំណាយ​ពេល​វេលា​ជា​ច្រើន​ក្នុង​ការ​ចូលរួម​រៀន​សូត្រ​ដោយ​សង្ឃឹម​ថា នឹង​បាន​ប្រាក់​នេះ​មក​ធ្វើ​ដើម​ទុន​រកស៊ី តែ​ទី​បំផុត​គាត់​ពុំ​ទទួល​បាន​អ្វី​ទាំង​អស់ ខាត​ទាំង​ពេល​វេលា ខាត​ទាំង​ការ​រក​ទទួល​ទាន​ថែម​ទៀត។

អ្នកស្រី កួយ យាំ បាន​ឲ្យ​ដឹង​ថា ៖ «សុំ​ចង្ក្រាន​មួយ... ខ្ញុំ​សុំ​កង់​មួយ គ្រាន់​ដឹក​នំ​លក់​តាម​រោង​ម៉ាស៊ីន ព្រោះ​ខែ​នេះ​ខែ​ស្រូវ​ថ្មី ខ្ញុំ​ស្រួល​លក់​ណាស់ រួច​ខ្ញុំ​ទួល​វា​ក្ដៅ​ក្បាល​ពេក។ សុំ​តែ​ប៉ុណ្ណឹង​ទេ មិន​សុំ​អី​ច្រើន ទៅ​ជា​អត់​ឈ្មោះ​ទៅ​វិញ រួច​កត់​ជាមួយ​គ្នា ធ្វើ​ជាមួយ​គ្នា គេ​មាន​ឈ្មោះ​បើក​បាន ខ្ញុំ​អត់​ឈ្មោះ! អ៊ីចឹង​បាន​ខ្ញុំ​ថា ថ្ងៃ​ក្រោយ​ខ្ញុំ​ឈប់​ហើយ...»

បុរស​ឈ្មោះ សាប់ សានិត ជា​ប្រធាន​ក្រុម​និង​ជា​អ្នក​មាន​ភារកិច្ច​កត់ត្រា​ឈ្មោះ​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​រៀន​សូត្រ និង​ដែល​ត្រូវ​ទទួល​បាន​ប្រាក់​ពី​សេវា​ជួយ​ជន​ក្រីក្រ​នេះ មាន​ប្រសាសន៍​ថា ពិត​ជា​មាន​ប្រជាពលរដ្ឋ​ក្រីក្រ​ជា​ច្រើន​ពុំ​បាន​ទទួល​ផល​ពី​សេវាកម្ម​ផ្តល់​ប្រាក់​នេះ​ប្រាកដ​មែន។

លោក សាប់ សានិត បាន​បញ្ជាក់​ថា ៖ «ខ្ញុំ​សូម​ប្រាប់​ថា គាត់​បាន​មក​រៀន​ពិត​មែន ហើយ​ដល់​ពេល​លទ្ធផល​ចេញ​មក គាត់​អត់​បាន​សោះ ខ្ញុំ​ដោះស្រាយ​អត់​កើត​ទេ...»

មណ្ឌលកែវ ៖ តើ​ទទួល​ស្គាល់​ទេ​ថា​គាត់​ជា​អ្នក​ក្រីក្រ? សាប់ សានិត ៖ ខ្ញុំ​ទទួល​ស្គាល់​ថា គាត់​ក្រីក្រ​មែន។

គួរ​បញ្ជាក់​ថា ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ជាមួយ​កម្មវិធី​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​ជុំវិញ​តំបន់​បឹង​ទន្លេ​សាប បាន​ផ្តល់​កញ្ចប់​ថវិកា​ប្រមាណ​៥​ពាន់​ដុល្លារ​ក្នុង​ភូមិ​នីមួយៗ តាម​រយៈ​ក្រុមប្រឹក្សា​ឃុំ​ដើម្បី​ផ្តល់​ប្រាក់​ឲ្យ​ប្រជាពលរដ្ឋ​ក្រី​ក្រ​ធ្វើ​អាជីវកម្ម​ខ្នាត​តូច​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។

ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ លោក ងួន ម៉ុន មេ​ភូមិ​ក្រពើរោទិ៍ មាន​ប្រសាសន៍​ថា ពុំ​មាន​ការ​រើសអើង​ឬ​បក្ស​ពួក​អ្វី​ទេ តែ​ជា​ការ​វាយ​តម្លៃ​របស់​ក្រុមប្រឹក្សា​ឃុំ​ប៉ុណ្ណោះ។

លោក ងួន ម៉ុន បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​ជម្រាប​ឲ្យ​ត្រង់ អ្នក​ដែល​បាន​ទៅ​រៀន​ហ្នឹង ជួនកាល​គាត់​ចេះ​តែ​ថា​ទេ ហើយ​គាត់​ទៅ​រៀន ជួនកាល​គាត់​អត់​បាន​ទៅ​ធ្វើ​តេស្ត​ជាមួយ​នឹង​ក្រុមប្រឹក្សា​ឃុំ​ពី​រឿង​បញ្ហា​របៀប​របប​យើង​ចង់​រកស៊ី​លក់​ដូរ​អី ហើយ​យើង​ជំនួញ​ខ្នាត​តូច​ហ្នឹង តើ​មុខរបរ​ឯង​ចង់​អី? តែ​គាត់​អត់​ទៅ​ឆ្លង​កាត់​ជាមួយ​គេ ម៉្លោះ​ហើយ​ចេះ​តែ​ថា គេ​មិន​ឲ្យ! មិន​មែន​ទេ!»

យ៉ាង​ណា​ក៏​ដោយ លោក អ៊ូច ឃឿន មេ​ឃុំ​ស្នាមព្រះ មាន​ប្រសាសន៍​ថា កម្មវិធី​ផ្តល់​ប្រាក់​ឲ្យ​ប្រជាពលរដ្ឋ​ក្រី​ក្រ​ធ្វើ​អាជីវកម្ម​ខ្នាត​តូច​មិន​ទាន់​បញ្ចប់​ទេ ក្រុមប្រឹក្សា​ឃុំ​នឹង​បន្ត​ពិនិត្យ​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ជា​បន្ត​បន្ទាប់៕