លោកបណ្ឌិត ហ៊ាន វណ្ណហន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍ថា ការអនុវត្ដផលិតកម្មស្អាតនេះជាចម្បងគឺសំដៅលើផលិតផលបន្លែនិងផ្លែឈើស្រស់ ពីព្រោះសព្វថ្ងៃវត្ថុទាំងពីរមុខនេះភាគច្រើនត្រូវបានគេដាក់សារធាតុគីមីពុលមានចំនួនលើសលុបដែលអាចប៉ះពាល់សុខភាព។
លោកបន្តថា គេនឹងធ្វើការពិនិត្យផ្ទៃដីដាំដុះ ពិនិត្យពូជបន្លែ ផ្លែឈើ ការប្រើប្រាស់ជី ព្រមទាំងទឹកដែលគេយកទៅស្រោចស្រពលើដំណាំ។ល។។
លោកបណ្ឌិត ហ៊ាន វណ្ណហន បានមានប្រសាសន៍ថា ៖ «ឧទាហរណ៍ថា ទឹកហ្នឹងទឹកសម្អុយចេញពីលូ ឬក៏ចេញពីតាមរោងចក្រដែលមានលោហៈធ្ងន់ ក៏ធ្វើឲ្យផលិតផលហ្នឹងបង្កគ្រោះថ្នាក់ដល់សុខភាព ហើយពូជដែលមានការហ្មងសៅដល់សុវត្ថិភាពអាហារក៏យើងមិនឲ្យដាំដែរ។ បញ្ហាជី អ្នកដែលដាំបន្លែគាត់មានពាងត្រាំជី អាចរហូតដល់លាមក គ្រប់ប្រភេទ ប្រសិនបើកាកសំណល់ទាំងអស់នោះមានភ្ជាប់ទៅមីក្រុបឬបាតេរីណាមួយ ផលិតផលនោះមិនសុវត្ថិភាពដែរ»។
មន្ដ្រីសិក្សាស្រាវជ្រាវផ្នែកបរិស្ថាននៃសមាគមថែរក្សាបរិស្ថាននិងវប្បធម៌ លោក តឹក វណ្ណរា បានបញ្ជាក់ប្រាប់ដែរថា លោកសូមគាំទ្រចំពោះគោលការណ៍អនុវត្ដផលិតកម្មស្អាតនេះ ពីព្រោះជាជំហានមួយជួយឲ្យកសិករចូលរួមថែរក្សាបរិស្ថានជុំវិញខ្លួននិងសុខភាព ប៉ុន្តែក្នុងនោះគេក៏ចង់ឲ្យក្រសួងកសិកម្មធ្វើយ៉ាងណាធ្វើការត្រួតពិនិត្យទៅលើផលិតផលផ្លែឈើនិងបន្លែដែលនាំមកពីក្រៅស្រុកផងដែរ។
លោក តឹក វណ្ណរា បានឲ្យដឹងថា ៖ «ដើម្បីឲ្យលក្ខណៈទាក់ទងរវាងកសិករនិងទំនិញក្រៅស្រុក ក្នុងស្រុកអាចប្រកួតប្រជែងបាន ត្រូវគិតគូរលក្ខខណ្ឌឬកម្រិតគ្រួសារ កម្រិតផ្គត់ផ្គង់នៅក្នុងទីផ្សារក្នុងស្រុកផងដែរ ហើយគួរជួយការងារបច្ចេកទេសខ្លះទៅដល់កសិករបន្ថែមទៀត»។
មន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឲ្យដឹងដែរថា ចំពោះការអនុវត្ដផលិតកម្មស្អាត(GAP)នោះគឺជាគោលការណ៍ណែនាំមួយដែលបណ្ដាប្រទេសអាស៊ានទាំង១០ ក្នុងនោះរួមមានកម្ពុជាផងបានធ្វើកិច្ចពិភាក្សាគ្នាកាលពីពេលកន្លងទៅនេះដោយមានការចុះហត្ថលេខាព្រមព្រៀងរបស់រដ្ឋមន្ដ្រីកសិកម្មនៃប្រទេសទាំងនោះ។
លោកបានឲ្យដឹងដែរថា ផលិតកម្មស្អាតនេះត្រូវបានគេចាត់ទុកថាជាវិធានការមួយល្អអាចជួយដល់វិស័យសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗទៀត ជាពិសេសជួយកាត់បន្ថយបញ្ហាប្រើប្រាស់សារធាតុគីមីឬថ្នាំពុល។
មន្ដ្រីដដែលបានបន្ដទៀតថា សេចក្តីព្រាងនៃលិខិតបទដ្ឋានច្បាប់ផលិតកម្មស្អាតនោះសម្រាប់កម្ពុជាគឺគេបានធ្វើចប់សព្វគ្រប់អស់ហើយដោយនៅតែរង់ចាំការសម្រេចពីរដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ហើយដែលគេរំពឹងថាប្រហែលនឹងត្រូវបានអនុវត្តក្នុងបំណាច់ឆ្នាំនេះ៕
