សិលាចារឹកនេះត្រូវបានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តយកមករក្សាទុកស្រួលបួលហើយ ក្នុងបំណងអភិរក្សតទៅអនាគត ដែលខេត្តនេះនឹងបង្កើតសារមន្ទីរមួយដើម្បីតម្កល់វត្ថុបុរាណនានា និងវត្ថុផ្សេងៗរបស់សហគមន៍ជនជាតិដើមដែលប្រើប្រាស់ក្នុងជីវិតរស់នៅរបស់ពួកគាត់។
ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈលោក អ៊ុន ស្រេង មានប្រសាសន៍ថា នេះជាលើកដំបូងហើយដែលខេត្តរតនគិរីបានរកឃើញសិលាចារឹកមួយកំណាត់នេះ។ លោកជឿថា ប្រហែលជាមួយកំណាត់ទៀតស្ថិតនៅក្នុងព្រៃឃុំសឺងនៅឡើយ។
លោក អ៊ុន ស្រេង បានឲ្យដឹងដូច្នេះ ៖ «រតនគិរី និយាយពីសិលាចារឹក ការចារឹកនៅលើផ្ទាំងសិលាទើបតែឃើញមួយផ្ទាំងហ្នឹងទេ។ ទំហំមិនធំទេ ប្រហែលជាទទឹងខ្ទង់៣តឹក ហើយបណ្ដោយប្រហែលជា៥តឹក ឬ៦តឹក ប៉ុន្តែហ្នឹងវាជាបំណែកមួយ។ មិនទាន់ដឹងថា និយាយអំពីអីទេ នៅជំនាន់ណាទេ មិនចេះមើលអក្សសំស្រ្កឹតហ្នឹង»។
សិលាចារឹកមួយកំណាត់ផ្ទាំងនេះ មិនទាន់អាចសន្និដ្ឋានបាននៅឡើយទេថា តើនឹងមាននិយាយពីអ្វីខ្លះ ហើយត្រូវបានគេឆ្លាក់ក្នុងសតវត្សរ៍ណា។
មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តអះអាងថា នៅពេលដែលក្រុមមន្រ្តីជំនាញក្រសួងវប្បធម៌ចុះមកពិនិត្យទើបគេដឹងបានអំពីប្រវត្តិទាក់ទងនឹងសិលាចារឹកនេះ៕
