ពលរដ្ឋ​ចោទ​ប៉ូលិស​បាត់ដំបង​ថា​ចាប់​មនុស្ស​ជំរិត​ទារ​ប្រាក់

ប៉ូលិស​ខេត្ត​បាត់ដំបង បាន​ចាប់​មនុស្ស​វ័យ​ក្មេង​៤​នាក់ យក​ទៅ​ឃុំ​ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង អស់​រយៈ​ពេល​១​យប់ ហើយ​បាន​កោះ​ហៅ​ឪពុក​ម្ដាយ​របស់​ក្មេងៗ ទាំង​នោះ​ទៅ​ជំរិត​ឲ្យ​បង់​ប្រាក់ ក្នុង​ម្នាក់ៗ ចំនួន​១៦​ម៉ឺន​រៀល ដើម្បី​ជា​ថ្នូរ​និង​ការ​ដោះ​លែង។

ជន​រង​គ្រោះ ឈ្មោះ ហៀង ហុង អាយុ​២២​ឆ្នាំ រស់​នៅ​ភូមិ​គីឡូ​ម៉ែត្រ​លេខ​៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី​៣ ខែ​កញ្ញា​ថា កាល​ពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​១ ខែ​កញ្ញា កម្មករ​ចំនួន​៩​នាក់​កំពុង​លី​សែង​ពោត​ដាក់​ឡាន​ឲ្យ​ថៃ រី​ឯ​កម្មករ​ខ្លះ​ទៀត បាន​អង្គុយ​ផឹក​ស្រា​នៅ​ខាង​ក្រោយ​រថ​យន្ត នៅ​ចំណុច​ត្រាវ​ជូរ ក្នុង​ឃុំ​សន្តិភាព។

ហៀង ហុង បន្ត​ថា នៅ​គ្រា​នោះ កម្មករ​ម្នាក់ ឈ្មោះ កូ បាន​បោះ​ដប​ស្រា​ចោល​ទៅ​ផ្នែក​ម្ខាង​នៃ​ចំហៀង​រថ​យន្ត ស្រាប់​មាន​ប៉ូលិស​ពីរ​នាក់ ដែល​ដើរ​កាត់​ទី​នោះ​ឃើញ ក៏​ចោទ​ប្រកាន់​ថា មាន​បំណង​គប់​ដប​ស្រា​ទៅ​លើ​ប៉ូលិស រួច​ក៏​ចាប់​កម្មករ​៤​នាក់​ទៅ​ឃុំ​ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន​តែ​ម្ដង ៖ «វា​បាំង​ឡាន​ថៃ បោះ​ទៅ​មិន​ឃើញ​គាត់​ដើរ​មក​ទេ យប់​ប្រហែល​ម៉ោង​៧ វា​ងងឹត ហើយ​គាត់​ដើរ​មក​បាំង​ឡាន​មើល​អត់​ឃើញ​គាត់ បោះ​ទៅ​អត់​ត្រូវ​គាត់​ទេ ឆ្ងាយ​ពី​គាត់​ប្រហែល ២​ទៅ​៣​ម៉ែត្រ តែ​ប៉ូលិស​ចោទ​ថា គប់​ក្បាល​គាត់​នឹង​ដប យក​ខ្ញុំ​ទៅ​ដាក់​ប៉ុស្តិ៍ ឃុំ​ខ្លួន​គ្នា​ខ្ញុំ​ទាំង​អស់ ៩​នាក់ ប៉ុន្តែ​ចាប់​តែ​៤​នាក់​មក​ក្មេងៗ»

ក្រុម​អ្នក​ភូមិ​ជា​សាក្សី​បាន​ថ្លែង​ថា ក្រុម​ប៉ូលិស​ខូច ព្រោះ​នៅ​ពេល​នោះ ប៉ូលិស​មាន​អាកា​ស្រវឹង ៖ «ប៉ូលិស​ហ្នឹង​វា​ខូច ព្រោះ​ប៉ូលិស​ឈ្មោះ សូ សាវ៉ាត ហ្នឹង​ស្រវឹង ដល់​ស្រវឹង ដើរ​មក​បាន​ប្រហែល​ចំនួន ១០​ម៉ែត្រ ក្មេង​កម្មករ ៤​នាក់​គ្នា​បោះ​សំបក​ដប ដល់​បោះ​ទៅ​វា​ឃើញ​អា​ដប​ធ្លាក់​មក វា​ថា គប់​វា តាម​ការ​ពិន​មិន​មែន​ទេ»

ក្រុម​ប៉ូលិស​ដែល​រង​ការ​ចោទ​ប្រកាន់​ខាង​លើ នៅ​មិន​ទាន់​ទាក់​ទង​ដើម្បី​សុំ​ការ​បញ្ជាក់​ជុំវិញ​ដំណើរ​រឿង ដែល​នាំ​ទៅ​ការ​ចាប់​ឃុំ​ខ្លួន ជំរិត​ទារ​លុយ​នេះ​បាន​ទេ។

លោក​ស្រី ឯក យ៉ុង អាយុ​៥៣​ឆ្នាំ ជា​ម្ដាយ​ឈ្មោះ ហៀង ហុង បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​កូនៗ ពួក​គាត់​កំពុង​ជាប់​ឃុំ ក្រុម​ប៉ូលិស​បាន​គំរាម​ពួក​គាត់​ជា​ឪពុក​ម្ដាយ បង់​លុយ​ក្នុង​ម្នាក់ៗ​ជា​ច្រើន​ម៉ឺន​រៀល ៖ «ប៉ូលិស​បាន​ទារ​លុយ​ដាក់​កាត់​ទូរស័ព្ទ​អស់ ៤​ម៉ឺន ២​ពាន់ ហើយ​ចំពោះ​គេ​ទារ​ថ្លៃ​ខ្លូង ម្នាក់ៗ អស់​១៥​ម៉ឺន​រៀល​ម្នាក់។ ដូច​ថា វា​ជិះ​ជាន់​ពេក ហើយ​ប្រជា​ជន​ដូច​អត់​មាន ដូច​អត់​មាន​សិទ្ធិ​តវ៉ា​បន្តិច​សោះ ចេះ​តែ​សង្កត់​យកៗ ប៉ូលិស​រៀន​ច្បាប់​គ្រប់​កន្លែង​ដែរ ចុះ​ម៉េច​បាន​ធ្វើ​ខុស​ច្បាប់​អ៊ីចឹង»

កម្មករ​ក្មេង​ទាំង​៤​នាក់​នោះ មាន​ឈ្មោះ ហៀង ហុង អាយុ​២២​ឆ្នាំ ឈ្មោះ អេន អាយុ​១៦​ឆ្នាំ ឈ្មោះ កូ ១៨​ឆ្នាំ និង ឈ្មោះ ចិន អាយុ ២១​ឆ្នាំ អ្នក​ទាំង​៤​រស់​នៅ​ភូមិ​គីឡូ​ម៉ែត្រ​លេខ​៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ត្រូវ​ប៉ូលិស​ដោះ​លែង​មក​វិញ កាល​ពី​ថ្ងៃ​ទី​២ ខែ​កញ្ញា បន្ទាប់​ពី​ឪពុក​ម្ដាយ​របស់​ពួក​គាត់​យក​លុយ​ទៅ​បង់​ឲ្យ​ប៉ូលិស ក្នុង​ម្នាក់​ចំនួន ១៦​ម៉ឺន​រៀល៕