ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រស់នៅ​លើ​បឹងកក់​ប្រឈម​មុខ​នឹង​ការបណ្ដេញ​ចេញ

នៅ​រាជធានី​ភ្នំពេញ​វិញ ក្រុម​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​មួយ​ចំនួន មាន​ក្តី​បារម្ភ​ថា ពលរដ្ឋ​ខ្មែរ​រស់នៅ​តាម​មាត់​បឹងកក់ ពី​៣០០០ ទៅ ៤២០០​គ្រួសារ អាច​នឹង​ជួប​ប្រទះ​ការបណ្តេញ​ឲ្យ​រុះរើ​ផ្ទះ​សម្បែង​ដោយ​បង្ខំ ដូច​ពលរដ្ឋ​រស់នៅ​សង្កាត់​ទន្លេបាសាក់ ដែល​ត្រូវ​អាជ្ញាធរ​បង្ខំ​ឲ្យ​ទៅ​នៅ​តំបន់​ដីក្រហម ក្នុង​ស្រុក​អង្គស្នួល​នោះ។

អង្គការ​ឈ្មោះ Amnesty International និង​អង្គការ​ឈ្មោះ Center on Housing Rights and Eviction បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ កាល​ពី​ថ្ងៃ​ពុធ ២៧ សីហា ដោយ​និយាយ​ថា ការចាក់​ដី​លុប​បឹង ដោយ​មិន​បាន​ជូន​ដំណឹង​ក្នុង​ពេល​វេលា​សមរម្យ​មួយ​ដល់​ពលរដ្ឋ​រស់នៅ​ទីនោះ គឺ​ជា​ការបំពាន​ច្បាប់​ខ្មែរ​ផង ច្បាប់​អន្តរជាតិ​ផង។

កាលពី​ឆ្នាំ​២០០៧ សាលាក្រុង​បាន​សម្រេច​ធ្វើ​សម្បទាន​ដី​បឹងកក់​សម្រាប់​រយៈកាល ៩៩​ឆ្នាំ ទៅ​ក្រុមហ៊ុន ស្ហូការគូ (Shukaku Ltd.) ដើម្បី​ធ្វើការ​អភិវឌ្ឍ​លើ​ផ្ទៃ​ដី និង​ទឹក ១៣៣​ហិកតារ។

នាយក​គ្រប់គ្រង​ក្រុម ហ៊ុន ស្ហូកាគូ គឺឧកញ៉ា ឡោ ម៉េងឃិន ស្វាមី​អ្នកស្រី ជឹង សុភាព ហៅ​យាយ​ភូ។ ក្រុមហ៊ុន​នេះ បាន​ឲ្យ​គេ​ផ្តើម​ដឹកដី​ចាក់​លុប​បឹងកក់​ជា​បណ្តើរៗ​ហើយ៕