សត្វក្រៀលគឺសត្វដ៏កម្រមួយនៅលើពិភពលោក។ ក៏ប៉ុន្តែនៅប្រទេសកម្ពុជា គឺស្ថិតនៅតំបន់ដីសើមក្នុងស្រុកកំពង់ត្រាច ខេត្តកំពត គេឃើញវត្តមានសត្វក្រៀលដ៏កម្រនេះ ប្រមាណ ២០០ក្បាល មករស់នៅទីនោះ ដែលរដ្ឋាភិបាល និងអង្គការអភិរក្សសត្វព្រៃកំពុងការពារថែរក្សាយ៉ាងប្រុងប្រយ័ត្ន ដើម្បីកុំឲ្យផុតពូជ។
អន្លង់ព្រីង គឺជាតំបន់អភិរក្សសត្វក្រៀល ស្ថិតក្នុងឃុំព្រែកក្រឹស និងឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។
អន្លង់ព្រីង ជាតំបន់ទេសចរណ៍ដាច់ស្រយាលមួយ ក្បែរមាត់សមុទ្រ ជាវាលស្មៅទំនាបមានព្រែកតូចៗ កាត់ផ្ទៃបឹងដ៏ធំ ដែលជាដែនកំណត់អភិរក្ស និងការពារសត្វក្រៀល ដែលជាសត្វដ៏កម្រ។
រៀងរាល់ថ្ងៃក្នុងរដូវប្រាំង ចាប់ពីព្រលឹមរហូតដល់ពេលល្ងាចថ្ងៃរៀបលិច មានគេឃើញសត្វក្រៀលទាំងហ្វូងៗ ចុះស៊ីចំណីក្នុងបឹងនេះ។ ពួកវាប្រមូលផ្ដុំគ្នាជាក្រុមៗ ហើយយូរៗម្ដង វាបន្លឺសំឡេងដែលអាចឮបានដល់ចម្ងាយ ១០០ម៉ែត្រ (សំឡេងក្រៀល)។
លោក ជុំ គា ជាអ្នកដឹកភ្ញៀវទេសចរតាមព្រែកមើលសត្វក្រៀល ឲ្យដឹងថា នៅខែនេះហ្វូងសត្វក្រៀលមកស៊ីចំណីនៅទីនេះមិនទៀងពេល។ អ្នកទេសចរដែលចង់មើលសត្វក្រៀលផ្ទាល់ភ្នែក ជួនកាលត្រូវចំណាយពេលមួយថ្ងៃពេញដើម្បីរង់ចាំហ្វូងវាចុះ៖ «និយាយទៅអត់ទៀង ជួនមកពេលព្រលឹមជួនថ្ងៃរសៀល។ យើងដឹកតាមដងព្រែក គាត់មើលតាមធម្មតា ចម្ងាយ ២០ម៉ែត្រ ៣០ម៉ែត្រ ៥០ម៉ែត្រ។ ពេលព្រឹកមិនសូវជួបវា យើងមកថ្ងៃល្ងាច ម៉ោង ៤ ម៉ោង ៥ វាចុះមកជិតផ្លូវទូកល្អមើលណាស់។ ឥឡូវវាខុសប្លែកពីដើមដៃ ឥឡូវច្រើនថ្ងៃរសៀល ម៉ោង ៤ ម៉ោង ៥ វានៅក្បែរផ្លូវដែរ»។
ចំពោះថ្លៃសំបុត្រចូលទៅមើលសត្វក្រៀលវិញ អ្នកទេសចរខ្មែរត្រូវបង់ ៥ពាន់រៀល ជនបរទេសបង់ ៣ដុល្លារ ឬប្រមាណ ១២.០០០រៀល។

នាយកកម្មវិធីប្រចាំកម្ពុជា នៃអង្គការសត្វស្លាបអន្តរជាតិ (Bird life) លោក ប៊ូ វរសក្ស បានឲ្យដឹងថា សត្វក្រៀលប្រមាណ ២០០ ទៅ ៣០០ក្បាល បានបន្លាស់ទីពីតំបន់ផ្សេងៗ ដូចជាមកពីខេត្តព្រះវិហារ និងតំបន់ទន្លេសាប មករកចំណី និងរស់នៅទីនេះក្នុងរដូវប្រាំង ហើយនៅរដូវវស្សាពួកវាក៏ត្រឡប់វិញ៖ «ព្រោះថា សត្វនេះជាសត្វបន្លាស់ទីខ្ពស់បំផុត គឺនៅខែ២ ចូលដល់ខែ៣ វាចាប់ផ្ដើម ខែ៥ វាអស់ទាំងស្រុងតែម្ដង ហើយតំបន់យើងជាតំបន់ដែលជាទីជម្រករកចំណីក្រោយពីបន្តពូជហើយ»។
ប្រជាពលរដ្ឋនៅមូលដ្ឋាននេះឲ្យដឹងថា ហ្វូងសត្វក្រៀលមានវត្តមាននៅតំបន់នេះតាំងពីឆ្នាំ២០០៤ មក។ ពួកគាត់ថា កាលនោះសត្វក្រៀលដែលមានមាឌធំខ្ពស់ស្ទើរស្មើចង្កេះមនុស្សចាស់នោះ បានប្រឈមនឹងការរងគ្រោះយ៉ាងខ្លាំង ដោយត្រូវគេបាញ់សម្លាប់ធ្វើជាម្ហូបអាហារស្ទើររាល់ថ្ងៃ។
ដោយឃើញដូច្នេះ រដ្ឋាភិបាលបានចុះបញ្ជីតំបន់អន្លង់ព្រីងទំហំ ២១៧ហិកតារ ជាតំបន់អភិរក្សសត្វក្រៀល ស្ថិតក្នុងគម្រោងតំបន់ដីសើម។
ចំណែកអង្គការការពារសត្វស្លាប និងបរិស្ថានមួយចំនួន បានចុះមកសិក្សាស្រាវជ្រាវ ហើយបានបង្កើតសហគមន៍ការពារ និងអភិរក្សសត្វក្រៀលនៅនឹងកន្លែង និងបង្កើតសហគមន៍ទេសចរណ៍ដើម្បីការពារសត្វក្រៀលកុំឲ្យផុតពូជ។ ក៏ប៉ុន្តែ តំបន់ទេសចរណ៍ដែលសម្បូរទៅសត្វកម្រនៅលើពិភពលោកនេះ បែរជាកម្រមានអ្នកទេសចរណាមកលេងទៅវិញ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល ដែលទទួលស្គាល់ថា មិនមានភ្ញៀវទេសចរទៅលេងតំបន់សត្វក្រៀលនៅអន្លង់ព្រីងនោះ អះអាងថា បញ្ហានេះដោយសារតែភ្នាក់ងារទេសចរឯកជនមិនជួយផ្សព្វផ្សាយអំពីតំបន់នេះ។
សព្វថ្ងៃមានអង្គការមួយចំនួន កំពុងខិតខំអភិរក្សតំបន់អន្លង់ព្រីង ដែលជាតំបន់ដីសើមទឹកប្រៃក្បែរមាត់សមុទ្រជាប់ប្រទេសវៀតណាម មួយនេះ។ អង្គការទាំងនោះមានដូចជា អង្គការម្លប់បៃតង អង្គការសត្វស្លាបជាដើម។
នាយកប្រតិបត្តិនៃអង្គការម្លប់បៃតង លោក វ៉ា មឿន បញ្ជាក់ពីមូលហេតុដែលភ្ញៀវទេសចរមិនសូវមកលេងតំបន់សត្វក្រៀលអន្លង់ព្រីងនេះ គឺដោយសារខ្វះការផ្សព្វផ្សាយ និងខ្វះការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ រួមទាំងប្រព័ន្ធភ្លើងអគ្គិសនី និងអនាម័យ៖ «ទី១ យើងមិនទាន់ធ្វើAdvertisement (ផ្សព្វផ្សាយ) ហើយទី២ទៀត គឺផ្លូវដែលចូលទៅហ្នឹងវារាងដាច់គេ យើងចង់ភ្ជាប់ជាមួយ Tour company (ក្រុមហ៊ុនទេសចរណ៍) ពីភ្នំពេញ ទៅលេងកែប យើងចង់ភ្ជាប់ចូលទៅកន្លែងហ្នឹង តែយើងអត់ទាន់ធ្វើបាន»។
ក្រៅពីនេះ លោកថា តំបន់ទេសចរអន្លង់ព្រីង ជាតំបន់ទេសចរធម្មជាតិតាមរដូវកាល គឺក្នុង ១ឆ្នាំមានតែ ៥ខែ ព្រោះថា នៅរដូវវស្សាសត្វក្រៀលបានបន្លាស់ទីចេញពីទីនេះអស់។ ចំណែកចំនួនភ្ញៀវទេសចរវិញលោកថា មានប្រមាណ ១០០នាក់ប៉ុណ្ណោះ រីឯប្រាក់ចំណូលវិញបានប្រមាណតែប្រមាណ ៤០០ដុល្លារក្នុងមួយរដូវកាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
