អ្នក​បឹងកក់​ដើរ​ក្បួន និង​បន់​ស្រន់​សុំ​ឲ្យ​មាន​យុត្តិធម៌​ក្នុង​ប្រព័ន្ធ​តុលាការ

ក្រុម​អ្នក​ភូមិ​បឹងកក់ ប្រមាណ ៥០​នាក់​នាំ​គ្នា​ដើរ​មក​កាន់​រមណីយដ្ឋាន​វត្ត​ភ្នំ នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១២ ដើម្បី​បន់​ស្រន់​សុំ​ឲ្យ​បារមី​លោក​យាយ​ដូនពេញ ផ្ដល់​ភាព​យុត្តិធម៌​ឲ្យ​អ្នកស្រី យ៉ោម បុប្ផា សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ បាន​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​របស់​តុលាការ​រាជធានី​ភ្នំពេញ។
ដោយ ម៉ម មុនីរតន៍
2012-12-28
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ការ​បន់​ស្រន់​របស់​អ្នក​ភូមិ​បឹងកក់ នេះ ធ្វើ​ឡើង​ក្រោយ​ពេល​មួយ​ថ្ងៃ​បន្ទាប់​ពី​ចៅ​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សួស សំអាត បាន​ចេញ​សាល​ក្រម​ដាក់​ទោស​សកម្មជន​ដីធ្លី និង​គ្រួសារ ៣នាក់​ផ្សេង​ទៀត​ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ដែល​បាន​ប្រព្រឹត្ត​កាល​ពី​ថ្ងៃ​ទី៧ ខែ​សីហា ឆ្នាំ​២០១២ នៅ​មុខ​ផ្ទះ​សំណាក់​បុប្ផា ក្នុង​រាជធានី​ភ្នំពេញ បណ្ដាល​ឲ្យ​អ្នក​រត់​ម៉ូតូ​ឌុប ២​នាក់​រង​របួស។

អ្នកស្រី យ៉ោម បុប្ផា និង​មនុស្ស ៣​នាក់​ផ្សេង​ទៀត ត្រូវ​តុលាការ​ផ្ដន្ទាទោស​កាល​ពី​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​២០១២ ឲ្យ​ជាប់​គុក ៣ឆ្នាំ និង​ពិន័យ​ប្រាក់​ចំនួន ៣០​លាន​រៀល​ក្នុង​ម្នាក់ៗ។

ដោយ​ការ​អស់​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ ក្រុម​អ្នក​ភូមិ​បាន​ដើរ​ជា​ក្បួន​នៅ​តាម​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ និង​បាន​បាច​អំបិល បាច​ម្ទេស ដាក់​បណ្ដាសា​ដល់​មន្ត្រី​ពុក​រលួយ និង​មន្ត្រី​ដែល​កេង​ប្រយោជន៍​ពី​ក្រុម​អ្នក​ភូមិ​បឹងកក់ និង​ដើម្បី​ទាម​ទារ​រក​យុត្តិធម៌​ឲ្យ​អ្នកស្រី យ៉ោម បុប្ផា។

អ្នកស្រី ទេព វន្នី តំណាង​អ្នក​ភូមិ​បឹងកក់ ថ្លែង​ថា ពួក​គាត់​នឹង​នៅ​បន្ត​សកម្មភាព​ដើម្បី​ស្វែង​រក​យុត្តិធម៌​ឲ្យ​អ្នក​រងគ្រោះ​ដោយ​ការ​បណ្ដេញ​ចេញ និង​អ្នកស្រី យ៉ោម បុប្ផា បន្ត​ទៀត៖ «អ្នក​ដែល​ប្រព្រឹត្ត​នូវ​អំពើ​ពុក​រលួយ ជាពិសេស​មន្ត្រី​ដែល​មាន​លុយ និង​មាន​អំណាច​ឲ្យ​បន្ត​នៅ​រីក​ដុះដាល​ឡើង​កាន់​តែ​ច្រើន​ទៅៗ ដើម្បី​ធ្វើ​បាប​ប្រជាពលរដ្ឋ​ដែល​ស្លូត​ត្រង់ ដែល​រងគ្រោះ ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​សារ​ដីធ្លី។ នេះ​គឺ​ជា​សម្ពាធ​មួយ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ពួក​ខ្ញុំ​ដែល​ជា​ស្ត្រី​ដែល​ជា​ប្រជាពលរដ្ឋ​ដែល​ទាម​ទារ​សិទ្ធិ​ការ​រស់រាន​មាន​ជីវិត​របស់​ពួក​ខ្ញុំ ការពារ​ដីធ្លី​របស់​ពួក​ខ្ញុំ ពួក​ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ ភាព​អយុត្តិធម៌​នេះ​ពួក​ខ្ញុំ​នឹង​ទាមទារ​តស៊ូ​រហូត​ដល់​ថ្ងៃ​ចុង​ក្រោយ​នៃ​ជីវិត​របស់​ពួក​ខ្ញុំ»

នៅ​ចំពោះ​មុខ​រូប​សំណាក់​យាយ​ដូនពេញ ក្រុម​អ្នក​ភូមិ​បាន​ដុត​ធូប បួង​សួង ព្រម​ទាំង​ដាក់​បណ្ដាសា​ទៅ​ដល់​អ្នក​មួល​បង្កាច់​តំណាង​របស់​ពួក​គេ​ឲ្យ​មាន​ទោស​ដោយ​អយុត្តិធម៌។

អ្នកស្រី បូវ សោភា និយាយ​ថា បើ​ទោះ​ជា​ការ​ទាម​ទារ​ទាំង​នោះ​ពុំ​ទទួល​បាន​លទ្ធផល​ភ្លាមៗ​យ៉ាង​ណា​ក្ដី ក៏ប៉ុន្តែ​សកម្មភាព​នៃ​ការ​តវ៉ា​នេះ​អ្នកស្រី​បញ្ជាក់​ថា បាន​បង្ហាញ​ពី​សកម្មភាព​របស់​រដ្ឋាភិបាល​ដែល​នៅ​តែ​បន្ត​ខក​ខាន​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស​តាម​ការ​សន្យា​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល