ក្មេងរងគ្រោះអាយុ១៣ឆ្នាំ រស់នៅភូមិអូររំចេក បានថ្លែងនៅថ្ងៃពុធ ២៧ មករាថា លោក ស៊ុំ សៅ មន្ត្រីនគរបាលឃុំព្រែកជីកនិងបក្សពួកចំនួន៦នាក់ កាលពីយប់ថ្ងៃទី១៩ ខែមករា បានជិះម៉ូត៣គ្រឿងទៅឈប់នៅផ្សារអូររំចេក។ កុមារនេះបន្តថា មន្ត្រីនគរបាលនោះបានគំរាមខ្លួនឲ្យដើររកឈ្មោះ លន ឌឿន ដែលមានជម្លោះជាមួយឈ្មោះ មុំ ស៊ឺ ត្រូវជាប្អូនប្រុសនគរបាលរូបនោះ តែនៅពេលរកមិនឃើញនគរបាលនោះបានវ៉ៃនិងបាញ់កាំភ្លើងតែម្តង។
កុមារារងគ្រោះបានឲ្យដឹងដូច្នេះ ៖ «វាថា ...អ្ហែងដឹងថា អញហ្នឹងស្អីឬអត់? គាត់ថា អញហ្នឹងប៉ូលិសអ្ហែងដឹងឬអត់? ស្ទាវនៅព្រែកជីកគ្មាននរណាហ៊ាននឹងអញទេ ...អញបាញ់គេបែកមេជើងមួយ។ បន្ទាប់មកទៀតគាត់ក៏បាញ់កាំភ្លើង»។
លន ឌឿន អាយុ១៩ឆ្នាំ ត្រូវជាបងប្រុសក្មេងរងគ្រោះបញ្ជាក់ថា មុនកើតហេតុខ្លួននិងមិត្តភក្កិម្នាក់ទៀតឈ្មោះ អឿន បានទៅមុជទឹកអូរចម្ងាយពីផ្ទះប្រហែល៣០០ម៉ែត្រ លុះពេលត្រឡប់មកវិញ ខ្លួនបានជួបប្អូនប្រុសលោក ស៊ុំ សៅ តែប្អូនលោក ស៊ុំ សៅ ឈ្មោះ មុំ ស៊ឺ បានស្តីកុំឲ្យមើលមុខ ក៏តពាក្យសម្ដីបន្តិចដាក់គ្នា រួចទៅផ្ទះរៀងខ្លួន ៖ «មើលមុខប្អូនប៉ូលិស បន្ទាប់មកវាសួរខ្ញុំថា អ្ហែងមើលមុខធ្វើអ្វី?»។
លោក ស៊ុំ សៅ នគរបាលឃុំព្រែកជីក បានថ្លែងថា ខ្លួនបានទះកំផ្លៀងក្មេងនោះមួយដៃនិងបានបាញ់កាំភ្លើងមួយគ្រាប់ ដោយសារតែខ្លួនខឹងក្មេងរងគ្រោះមិនគោរពខ្លួនជាមន្ត្រីនគរបាល ៖ «ដល់ខ្ញុំថាអ៊ីចឹង ឡូឡាសម្លុតដាក់ខ្ញុំវិញ»។
លោក ស៊ុំ សៅ បន្តថា ការបាញ់កាំភ្លើងគំរាមនោះ គឺខ្លួនទទួលបានបទបញ្ជាពីលោក អោម សែម មេឃុំព្រែកជីក និងលោក ស៊ិន សំអុន ជាអធិការរងនគរបាលស្រុករុក្ខគិរី។
មិនអាចទាក់ទងលោក អោម សែម មេឃុំព្រែកជីក និងលោក ស៊ិន សំអុន ដើម្បីបញ្ជាក់ជុំវិញការអះអាងរបស់លោក ស៊ុំ សៅ នេះបានទេ។
ក្រុមអ្នកភូមិជាសាក្សីបានថ្លែងថា លោក ស៊ុំ សៅ បានប្រើអំពើហិង្សាបាញ់គំរាមនិងវ៉ៃក្មេងដោយសំអាងថា ខ្លួនជាប៉ូលិស ៖ «ប៉ូលិសហ្នឹងដើរមកវ៉ៃក្មេងនៅមុខផ្សារហ្នឹង។ មនុស្សច្រើនដែរ»។
លោក យិន ម៉េងលី មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាហុក ដែលបានចុះស៊ើបអង្កេតករណីនេះ មានប្រសាសន៍ថា លោក ស៊ុំ សៅ បានឆ្លើយដោះសា។ លោកបានស្នើឲ្យក្រសួងមហាផ្ទៃ និងស្នងការនគរបាលខេត្តបាត់ដំបង ចាត់វិធានការ។
លោក យិន ម៉េងលី មានប្រសាសន៍ដូច្នេះ ៖ «ត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យជនរងគ្រោះ ឬក្រុមគ្រួសារជនរងគ្រោះបានស្ងប់ចិត្ត លែងមានការភ័យខ្លាច។ ទី២ ត្រូវមានវិធានការចំពោះបុគ្គលនេះ ដើម្បីកុំឲ្យមានអំពើនេះកើតឡើងទៀត»។
ក្រុមគ្រួសារក្មេងរងគ្រោះបានឲ្យដឹងថា កូនប្រុសអាយុ១៣ឆ្នាំរបស់ពួកគាត់បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សីនៅក្រោយការវ៉ៃនិងបាញ់គំរាម។ ជាមួយគ្នានេះ ពួកគេក៏បានដាក់ពាក្យប្តឹងទៅអាជ្ញាធរមូលដ្ឋានស្រុករុក្ខគិរីរួចរាល់ហើយដែរ៕
