នគរបាល​ខេត្ត​បាត់ដំបង​រង​ការ​ចោទ​ថា​បិទ​បាំង​សំណុំ​រឿង​ព្រហ្មទណ្ឌ

2010-01-13

នគរបាល​ខេត្ត​បាត់ដំបង​ត្រូវ​ប្រជាពលរដ្ឋ​ចោទ​ថា បាន​ព្យាយាម​បិទ​បាំង​សំណុំ​រឿង​ព្រហ្មទណ្ឌ​ទាក់ទិន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​សាំង​របស់​ក្រុមហ៊ុន​តេលា​បុក​ម៉ាស៊ីន​គោយន្ត​ច្នៃ ឬ​ហៅ​ថា​រថយន្ត​ច្នៃ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​និង​រង​របួស​កាល​ពី​ថ្ងៃ​៩ មករា​កន្លង​ទៅ។

មន្ត្រី​ការិយាល័យ​ជំនាញ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មករា​ថា លោក ប៉ែន ឬទ្ធី ស្នងការ​រង​នគរបាល និង​លោក យឹម វិចិត្រ អធិការ​នគរបាល​ស្រុក​ថ្មគោល បាន​ដោះស្រាយ​សំណុំ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​ស្ងាត់ៗ​ខុស​ជំនាញ និង​ពុំ​បាន​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ​តាម​នីតិ​វិធី ៖ «សំណុំ​រឿង​ដោះស្រាយ​ចប់​ត្រូវ​បញ្ជូន​ឲ្យ​ការិយាល័យ​ជំនាញ ដើម្បី​ការិយាល័យ​ជំនាញ​ត្រួត​ពិនិត្យ​ថា​តើ​គ្រប់​ឬ​នៅ ដើម្បី​បញ្ជូន​ទៅ​ព្រះរាជ​អាជ្ញា​ដើម្បី​ធ្វើការ​ចោទ​ប្រកាន់​លើ​បណ្តឹង​អាជ្ញា។ យើង​អត់​មាន​សិទ្ធិ​ពន្លត់​បណ្តឹង​អាជ្ញា​នៅ​ការិយាល័យ​ជំនាញ​ទេ»

កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មករា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​សាំង​ក្រុមហ៊ុន​តេឡា​ទៅ​បុក​គោយន្ត​ច្នៃ​នៅ​ភូមិ​វាលទ្រា ឃុំ​អូរតាគី ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់​និង​របួស​៣​នាក់។

លោក យឹម វិចិត្រ អធិការ​នគរបាល​ស្រុក​ថ្មគោល បាន​មាន​ប្រសាសន៍​ថា ករណី​ខាង​លើ​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​ជាមួយ​ជន​រងគ្រោះ ដោយ​មាន​ការ​ឯកភាព​ពី​លោក​ស្នងការ​រង ប៉ែន ឫទ្ធី។

លោក យឹម វិចិត្រ មាន​ប្រសាសន៍​ដូច្នេះ ៖ «ខ្លាច​តែ​ផ្ទៃ​ក្នុង​លោក​ជំនាញ​នៅ​ខេត្ត​រក​រឿង​អី​ថា នៅ​ស្រុក​គេ​ដោះស្រាយ​មិន​ឲ្យ​គេ​ដោះ​អី ប៉ុន្តែ​ថ្នាក់​លើ​ឯកភាព​រួច​ហើយ។ លោក​ចង់​ឆ្ងល់ សួរ​លោក ប៉ែន ឫទ្ធី ទៅ»

លោក ប៉ែន ឫទ្ធី ស្នងការ​រង​នគរបាល​ខេត្ត​បាត់ដំបង បាន​ទទួល​ស្គាល់​ករណី​ខាង​លើ​នេះ​ថា ៖ «អូ!អាហ្នឹង​សំណូមពរ​របស់​ក្រុមហ៊ុន ការ​ចាំបាច់​របស់​គេ គេ​ឲ្យ​ដោះ​នៅ​ស្រុក។ អាហ្នឹង​គេ​ត្រូវ​បញ្ជូន​តាម​ឋានានុក្រម​អ៊ីចឹង មក​ខ្ញុំ​ចុះ​ហត្ថលេខា​បាន​បញ្ជូន​ទៅ​តុលាការ»

លោក សាត គឹមសាន ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​បាន​មាន​ប្រសាសន៍​ថា ការិយាល័យ​ជំនាញ​ពុំ​បាន​ទទួល​របាយការណ៍​ជុំវិញ​ករណី​គ្រោះថ្នាក់​ខាង​លើ​នេះ​ទេ។

លោក ស យសថាវរៈ ព្រះរាជ​អាជ្ញា​តុលាការ​ខេត្ត​បាត់ដំបង បាន​មាន​ប្រសាសន៍​ថា ករណី​ខាង​លើ​នេះ ប៉ូលិស​បាន​អនុវត្ត​ខុស​ច្បាប់ ៖ «មាន​ដល់​ស្លាប់ គាត់​សម្រួល​ខុស​ហើយ!»

លោក យិន ម៉េងលី មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស បាន​មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ករណី​ខាង​លើ​នេះ​ថា ៖ «ការ​ប៉ះពាល់​ដល់​រាងកាយ ឬ​ក៏​ស្លាប់ នោះ​ត្រូវ​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ មិន​អាច​បញ្ចប់​បាន​ទេ»

ជន​រងគ្រោះ​ស្លាប់​មាន​ឈ្មោះ ទី សែ អាយុ​១៥​ឆ្នាំ និង​អ្នក​រង​របួស​បី​នាក់ មាន​ឈ្មោះ ប៉ាច វាសនា អាយុ​១៩​ឆ្នាំ ឈ្មោះ យើន ប៊ុនថេត អាយុ​១៩​ឆ្នាំ ឈ្មោះ ទី ហុង អាយុ​២៣​ឆ្នាំ រស់​នៅ​ស្រុក​ថ្មគោល។ អ្នក​រងគ្រោះ​ទាំង​៤​នាក់​ត្រូវ​បាន​ភាគី​ក្រុមហ៊ុន​ដោះស្រាយ​ឲ្យ​លុយ​សរុប​ចំនួន​៩​លាន​រៀល​ដើម្បី​បញ្ចប់​សំណុំ​រឿង៕

មតិ

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។






សូមវាយបញ្ចូលតួអក្សរដែលអ្នកឃើញនៅក្នុងរូបភាព



ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ចម្លង​រឿង​នេះ​ទុក
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

កម្ពុជា​ផ្អាក​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​រៀបការ​ជាមួយ​កូរ៉េ

មន្ត្រី​សិទ្ធិ​មនុស្ស​សុំ​ឲ្យ​សមត្ថកិច្ច​ស៊ើប​អង្កេត​ករណី​បុរស​ម្នាក់​ត្រូវ​ប៉ូលិស​បាញ់

មន្ត្រី​សិទ្ធិ​មនុស្ស៖ ប៉េអឹម​​ចាប់​មនុស្ស​ទារ​ប្រាក់​ដោយ​មិន​​បាន​ស៊ើប​អង្កេត

នាយករដ្ឋមន្ត្រី​សម្ពោធ​ឲ្យ​ប្រើប្រាស់​ផ្លូវ​ជាតិ​លេខ​៧៨

ក្រុម​សហគមន៍​ខក​ចិត្ត​ដោយសារ​​មិន​បាន​ប្រគល់​ញត្តិ​ដល់​នាយករដ្ឋមន្ត្រី

ជន​រង​គ្រោះ​ដោយសារ​អគ្គីភ័យ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​វាស់វែង​ដី

នាយក​រដ្ឋមន្ត្រី​ក្រើន​រំឭក​ឲ្យ​អាជ្ញាធរ​បង្ក្រាប​ការ​ជួញដូរ​គ្រឿង​ញៀន

សង្គម​ស៊ីវិល​មួយ​ចំនួន​បារម្ភ​ពី​ផល​ប៉ះពាល់​លើ​ជនជាតិ​ដើម​ភាគ​តិច

អាជ្ញាធរ​គ្រោង​ប្រគល់​ញត្តិ​ស្ដីពី​ផល​ប៉ះពាល់​នៃ​ទំនប់​វារីអគ្គិសនី​ជូន​នាយក​រដ្ឋមន្ត្រី

អ្នក​ភូមិ​នៅ​ស្រុក​ត្រាំកក់​តវ៉ា​សុំ​ឲ្យ​បើក​ទឹក​ដើម្បី​ស្រោចស្រព​ដំណាំ