កម្ពុជា​ពន្យារ​ពេល​បើក​ទីផ្សារ​ភាគហ៊ុន​ជាតិ

កម្ពុជា​ពន្យារ​ពេល​បើក​ទីផ្សារ​ភាគហ៊ុន​ជាតិ​នៅ​ឆ្នាំ ២០០៩ នេះ ដែល​បាន​ព្រមព្រៀង​ចុះ​កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង ឈ្មោះ Korea Exchange (KRX) កាល​ពី​ឆ្នាំ​មុន។

ប្រភព​ព័ត៌មាន អាអេហ្វប៉េ (AFP) ផ្សាយ​កាល​ពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា លោក ម៉ៃ វ៉ាន់ ប្រធាន​នាយកដ្ឋាន​ឧស្សាហកម្ម​និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ច បាន​មាន​ប្រសាសន៍​ថា ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​បច្ចុប្បន្ន កម្ពុជា​នៅ​មិន​ទាន់​ត្រៀម​ខ្លួន​រួច​ជា​ស្រេច និង​មាន​ដើមទុន​សម្រាប់​បើក​ទីផ្សារ​ភាគហ៊ុន​ជាតិ​នៅ​ឡើយ​ទេ ហើយ​ចំពោះ​កាលបរិច្ឆេទ​ថ្មី​ក៏​នៅ​មិន​ទាន់​កំណត់​បាន​នៅ​ឡើយ​ដែរ តែ​ថា ប្រហែល​ជា​ចាប់ផ្តើម​នៅ​ចុង​ឆ្នាំ ២០១០ ខាង​មុខ​នេះ។

លោក ម៉ៃ វ៉ាន់ មាន​ប្រសាសន៍​បន្ត​ថា ការ​បង្កើត​ជា​ទីផ្សារ​ភាគហ៊ុន​របស់​រដ្ឋ​នេះ​គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​សេដ្ឋកិច្ច​ខ្មែរ ដែល​អាច​ជួយ​ប្រមូល​ប្រាក់​បាន​ពី​បរទេស​សម្រាប់​ប្រព័ន្ធ​ធនាគារ​ក្នុង​ការ​ធ្វើ​វិនិយោគ​ទុន​ក្នុង​ប្រទេស៕