រយៈពេល ៧ឆ្នាំមកហើយ មជ្ឈមណ្ឌលបេតិកភណ្ឌនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសហការជាមួយសាលាអេកូសៃយ៉ូ នៃប្រទេសបារាំង បង្កើតបានសាលាបេតិកភណ្ឌមួយ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកស្ថាបត្យករបេតិកភណ្ឌនៅកម្ពុជា វៀតណាម និងឡាវ។
ការខិតខំប្រឹងប្រែង ៧ឆ្នាំមកនេះ សាលាបេតិកភណ្ឌថ្នាក់តំបន់ បានបណ្ដុះបណ្ដាលអ្នកជំនាញស្ថាបត្យករ សំណង់បូរាណកម្ពុជា បានចំនួន ២៥រូប វៀតណាម ២៥រូប និងឡាវ ១២រូប។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈអះអាងថា ប្រទេសកម្ពុជា ទើបតែទទួលបានគ្រូបន្តវេនខាងជំនាញស្ថាបត្យករបេតិកភណ្ឌថ្នាក់តំបន់ចំនួន ៦រូប សម្រាប់ជួយបង្ហាត់បង្រៀនកូនខ្មែរជំនាន់ក្រោយ ឱ្យចេះជំនាញជួសជុល និងអភិរក្សប្រាសាទ និងសំណង់បូរាណ ឱ្យកាន់តែច្រើនឡើងៗ នៅពេលអនាគត។
អ្នកជំនាញផ្នែកស្ថាបត្យករបេតិកភណ្ឌនេះ គឺប្រទេសកម្ពុជា ត្រូវការយ៉ាងខ្លាំងក្នុងការសិក្សាទៅលើប្រាសាទបុរាណនានា ដែលកំពុងត្រូវការអភិរក្សនិងជួសជុល ព្រមទាំងសំណង់និងទីក្រុងបូរាណជាច្រើនទៀត។
នាយកមជ្ឈមណ្ឌលបេតិកភណ្ឌនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គឺ។ អ្នកម្នាងមានប្រសាសន៍កាលពីរសៀលថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ថា ពិធីប្រគល់សញ្ញាបត្រជូនគ្រូបន្តវេនផ្នែកស្ថាបត្យករបេតិកភណ្ឌថ្នាក់តំបន់ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៤ ខែមិថុនា កន្លងទៅ នៅកន្លែងអភិរក្សអង្គរ។ ក្នុងចំណោមគ្រូបន្តវេនថ្នាក់តំបន់ទាំងនោះ គឺមានជនជាតិខ្មែរចំនួន ៦រូប វៀតណាមចំនួន ៥រូប និងឡាវ ចំនួន ៣រូប។
អ្នកម្នាង ម៉ែន ច័ន្ទទេវី៖ «នៅក្នុងហ្នឹង គឺយើងបានរៀនផ្នែកស្ថាបត្យករ ដោយសិក្សាពីប្រាសាទបុរាណ ពីសំណង់ផ្ទះបូរាណ ហើយសិក្សាពីទីក្រុង តើការរៀបចំទីក្រុងយ៉ាងម៉េចខ្លះ? ទីក្រុងចាស់យ៉ាងម៉េច ប្រៀបធៀបទៅនៅក្នុងសំណង់ចាស់យ៉ាងម៉េច? បរិស្ថានជុំវិញហ្នឹងយ៉ាងម៉េចខ្លះ? ទេសភាពយ៉ាងម៉េចខ្លះ? ដូច្នេះអ្នកទាំងអស់ហ្នឹង គឺជាអ្នកជំនាញ គេមានសមត្ថភាពក្លាយទៅជាអ្នកជំនាញវ័យក្មេង។ យើងអាចហៅថា អ្នកជំនាញថ្មីៗ»។
ចាប់តាំងពីឆ្នាំ២០០៧ រដ្ឋាភិបាលបារាំង បានផ្ដល់ជំនួយឱ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយសាលាបារាំង អេកូសៃយ៉ូ បង្កើតបានជាសាលាបេតិកភណ្ឌថ្នាក់តំបន់នៅកម្ពុជា។
ក្នុងរយៈពេល ៣ឆ្នាំ ចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១០ សាលាបេតិកភណ្ឌថ្នាក់តំបន់ បណ្ដុះបណ្ដាលអ្នកជំនាញខាងស្ថាបត្យករ បេតិកភណ្ឌបានចំនួន ៦២នាក់ ដែលក្នុងនោះមានជនជាតិខ្មែរចំនួន ២៥រូប វៀតណាម ២៥រូប និងឡាវ ១២រូប។ ក៏ប៉ុន្តែជំនាញនេះ កំពុងជួបប្រទះលើបញ្ហាខ្វះគ្រូបង្រៀនបន្តវេនជាចាំបាច់ ពីព្រោះតែជំនាញនេះពិបាករើសរកនិស្សិត ឬក៏បូរាណវិទូដែលមានសមត្ថភាពខ្ពស់ជាស្រេចមកបណ្ដុះបណ្ដាល ដោយប្រើភាសាអង់គ្លេស និងបារាំង។ ដូច្នេះនៅក្នុងគម្រោងថ្មី ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៤ គឺសាលាបានសម្រេចរើសយកសិស្សពូកែដែលធ្លាប់បណ្ដុះបណ្ដាលពីជំនាន់មុនៗ មកហ្វឹកហ្វឺនបន្ថែម ឱ្យក្លាយទៅជាគ្រូបន្តវេនបានចំនួន ១៤នាក់។
អគ្គនាយកអាជ្ញាធរអប្សរា លោក ប៊ុន ណារិទ្ធិ មានប្រសាសន៍ថា ជាច្រើនឆ្នាំមុន រហូតមកដល់ពេលនេះ នៅតាមការដ្ឋានជួសជុលប្រាសាទ គឺមានជនជាតិខ្មែរជាច្រើនរយនាក់ដែលកំពុងចូលរួមធ្វើការងារជួសជុលប្រាសាទបូរាណជាច្រើនកន្លែង ជាមួយអ្នកជំនាញជប៉ុន អាល្លឺម៉ង់ ចិន និងឥណ្ឌា ជាដើម។ ជនជាតិខ្មែរទាំងនោះបានទៅសិក្សាជំនាញផ្នែកជួសជុល និងថែរក្សាប្រាសាទផ្សេងៗពីគ្នា ក៏ប៉ុន្តែស្ថាបត្យករដែលទើបតែបញ្ចប់ការសិក្សាថ្នាក់តំបន់នេះ គឺមានជំនាញទូលំទូលាយជាងអ្នកជួសជុលប្រាសាទទាំងនោះ។
លោក ប៊ុន ណារិទ្ធិ៖ «ខាងពួកខ្ញុំសិក្សា សំខាន់គឺខាងប្រាសាទ ប៉ុន្តែសំខាន់ខាងបេតិកភណ្ឌគេនេះ រៀនជំនាញទូលំទូលាយ ដូចគេសំដៅទូទៅ ទាំងបេតិកភណ្ឌក្រុង។ នៅក្នុងទីក្រុងដូចផ្ទះចាស់ៗយូរមកហើយក៏ជាបេតិកភណ្ឌដែរ។ អ៊ីចឹងសាលាបេតិកភណ្ឌហ្នឹងគេបណ្ដុះបណ្ដាល ជំនាញមានរហូតបេតិកភណ្ឌក្រុង ដើម្បីមានអ្នកជំនាញគិតគូរពីរឿងបេតិកភណ្ឌ»។
ប្រទេសកម្ពុជា ដែលជាប្រទេសសំបូរទៅដោយប្រាសាទបុរាណ និងទីក្រុងចាស់ៗ ជាច្រើនកន្លែង ក៏ប៉ុន្តែបច្ចុប្បន្ន ធនធានមនុស្សខាងស្ថាបត្យករសម្រាប់ជួសជុលថែរក្សា និងអភិរក្ស សំណង់បុរាណនៅខ្វះខាតជាច្រើននៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
