រដ្ឋាភិបាលកម្ពុជា បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាពេទ្យថ្មីមួយ មានកម្ពស់ ៨ជាន់ នៅថ្ងៃទី៣ ខែមីនា។ ពិធីសម្ពោធនេះមានលោកឧបនាយករដ្ឋមន្រ្តី គាត ឈន់ បានចូលរួមជាគណៈអធិបតី។
អគារសិក្សាពេទ្យថ្មីនេះ ស្ថិតនៅក្នុងបរិវេណសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល តាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្នុងពិធីសម្ពោធនៅថ្ងៃទី៣ មីនា លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ មានប្រសាសន៍ថា អគារសិក្សាពេទ្យថ្មីកម្ពស់ ៨ជាន់នេះ បានមកពីការបង់ថ្លៃសិក្សារបស់និស្សិតពេទ្យកន្លងមក។
សកលវិទ្យាធិការនៃសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ បង្ហាញរបាយការណ៍ថា អគារសិក្សាពេទ្យថ្មីនេះ ត្រូវបានចំណាយទឹកប្រាក់អស់ជាង ៨ពាន់លានរៀល (៨.៥៩៦.៦២៤.៩៧៤)៖ «អគារសិក្សាថ្មី ដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ ទី ៣ ហើយ ដែលត្រូវបានសាងសង់ឡើងដោយប្រើប្រាស់ថវិកាបង់ថ្លៃរបស់និស្សិត ក្រោយពីសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ត្រូវបានប្រែក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ចាប់តាំងពីចុងឆ្នាំ២០១១ មក»។
លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ឱ្យដឹងដែរថា និស្សិតដែលបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល តាំងពីឆ្នាំ១៩៨០ រហូតមកដល់ឆ្នាំ២០១៣ មានចំនួនជាង ១ម៉ឺន ៥ពាន់នាក់ហើយ។ អ្នកទាំងនេះភាគច្រើនកំពុងប្រើការងារនៅតាមស្ថាប័នរដ្ឋ និងឯកជនទូទាំងប្រទេស។
លោកសាស្ត្រាចារ្យឱ្យដឹងដែរថា និស្សិតដែលបានចុះឈ្មោះចូលសិក្សា នៅសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សម្រាប់ឆ្នាំសិក្សា ២០១៣-២០១៤ នេះ មានចំនួន ៦.៩៩៩នាក់ ដែលក្នុងនោះ មាននិស្សិត ៧៩២នាក់ ជានិស្សិតអាហារូបករណ៍របស់រាជរដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
