WB កំណត់​យក​អ្នក​ក្រ​បំផុត​​នៅ​កម្ពុជា​ជា​គោលដៅ​សម្រាប់​កម្មវិធី​ថ្មី

ធនាគារ​ពិភពលោក (WB) កំពុង​កំណត់​យក​ពលរដ្ឋ​អ្នក​ក្រីក្រ​បំផុត​ក្នុង​ប្រទេស​កម្ពុជា​ធ្វើ​ជា​គោលដៅ​សម្រាប់​កម្មវិធី​ថ្មី​ដែល​ផ្តោត​អំពី​សន្តិសុខ​ស្បៀង​និង​បណ្តាញ​សុវត្ថិភាព​សង្គម។

ធនាគារ​ពិភពលោក​ទើប​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្មី​មួយ​ចុះ​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០០៩​នេះ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​តម្លៃ​ស្បៀង​អាហារ​កើន​ឡើង​ខ្ពស់​ក្នុង​ឆ្នាំ​២០០៨ បាន​ប៉ះពាល់​ប្រទេស​កម្ពុជា ពលរដ្ឋ​អ្នក​ក្រីក្រ។

អ្នក​ងាយ​រងគ្រោះ​ភាគ​ច្រើន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយសារ​ការមាន​ចំណុច​ខ្សោយ​មួយចំនួន​នៃ​ប្រព័ន្ធ​ផលិតកម្ម​កសិកម្ម​ខ្នាត​តូច​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ប្រមាណ​១​សែន​នាក់​ត្រឡប់​ទៅ​កាន់​ភាព​ក្រីក្រ​វិញ។

ចាប់​ពី​ឆ្នាំ​២០០៨​មក វិបត្តិ​ហិរញ្ញវត្ថុ​បង្ក​ឲ្យ​កម្មករ​ប្រមាណ​២​សែន​នាក់​បាត់បង់​ការងារ​ពី​វិស័យ​កាត់​ដេរ សំណង់​និង​ទេសចរណ៍ ដែល​នាំ​ឲ្យ​មាន​យន្តការ​ផ្តោត​លើ​តម្រូវការ​កាន់តែ​ខ្លាំង​ឡើង​ដើម្បី​គាំពារ​សង្គមកិច្ច​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

ធនាគារ​ពិភពលោក​អះអាង​បន្ត​ទៀត​ថា ដើម្បី​បំពេញ​បន្ថែម​នូវ​ការខិតខំ​ប្រឹងប្រែង​ក្នុង​ការឆ្លើយ​តប​នឹង​តម្រូវការ​សន្តិសុខ​ស្បៀង​និង​គាំពារ​សង្គមកិច្ច គឺ​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០០៩​នេះ ធនាគារ​ពិភពលោក​បាន​យល់​ព្រម​ផ្តល់​ថវិកា​ចំនួន​១៣​លាន​ដុល្លារ​អាមេរិក​សម្រាប់​ប្រតិបត្តិការ​គោល​នយោបាយ​អភិវឌ្ឍ​កសិកម្ម​ខ្នាត​តូច​និង​ការគាំពារ​សង្គម​នៅ​កម្ពុជា។

កម្មវិធី​នេះ​ជា​ការខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​អូស្រ្តាលី ជប៉ុន អាល្លឺម៉ង់ ធនាគារ​អភិវឌ្ឍន៍​អាស៊ី អង្គការ​ស្បៀង​អាហារ កសិកម្ម និង​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក គឺ​មាន​គោលដៅ​បង្កើន​សន្តិសុខ​ស្បៀង​សម្រាប់​គ្រួសារ​ពលរដ្ឋ​អ្នក​ក្រីក្រ​និង​ពង្រីក​ការគាំទ្រ​បណ្តាញ​សុវត្ថិភាព​សង្គម៕