ធនាគារពិភពលោកទើបបានចេញសេចក្តីថ្លែងការណ៍ថ្មីមួយចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០០៩នេះ បានឲ្យដឹងថា នៅពេលតម្លៃស្បៀងអាហារកើនឡើងខ្ពស់ក្នុងឆ្នាំ២០០៨ បានប៉ះពាល់ប្រទេសកម្ពុជា ពលរដ្ឋអ្នកក្រីក្រ។
អ្នកងាយរងគ្រោះភាគច្រើនប៉ះពាល់យ៉ាងខ្លាំងដោយសារការមានចំណុចខ្សោយមួយចំនួននៃប្រព័ន្ធផលិតកម្មកសិកម្មខ្នាតតូចដែលធ្វើឲ្យពលរដ្ឋកម្ពុជាប្រមាណ១សែននាក់ត្រឡប់ទៅកាន់ភាពក្រីក្រវិញ។
ចាប់ពីឆ្នាំ២០០៨មក វិបត្តិហិរញ្ញវត្ថុបង្កឲ្យកម្មករប្រមាណ២សែននាក់បាត់បង់ការងារពីវិស័យកាត់ដេរ សំណង់និងទេសចរណ៍ ដែលនាំឲ្យមានយន្តការផ្តោតលើតម្រូវការកាន់តែខ្លាំងឡើងដើម្បីគាំពារសង្គមកិច្ចនៅទូទាំងប្រទេសកម្ពុជា។
ធនាគារពិភពលោកអះអាងបន្តទៀតថា ដើម្បីបំពេញបន្ថែមនូវការខិតខំប្រឹងប្រែងក្នុងការឆ្លើយតបនឹងតម្រូវការសន្តិសុខស្បៀងនិងគាំពារសង្គមកិច្ច គឺថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០០៩នេះ ធនាគារពិភពលោកបានយល់ព្រមផ្តល់ថវិកាចំនួន១៣លានដុល្លារអាមេរិកសម្រាប់ប្រតិបត្តិការគោលនយោបាយអភិវឌ្ឍកសិកម្មខ្នាតតូចនិងការគាំពារសង្គមនៅកម្ពុជា។
កម្មវិធីនេះជាការខិតខំប្រឹងប្រែងរបស់ប្រទេសអូស្រ្តាលី ជប៉ុន អាល្លឺម៉ង់ ធនាគារអភិវឌ្ឍន៍អាស៊ី អង្គការស្បៀងអាហារ កសិកម្ម និងកម្មវិធីស្បៀងអាហារពិភពលោក គឺមានគោលដៅបង្កើនសន្តិសុខស្បៀងសម្រាប់គ្រួសារពលរដ្ឋអ្នកក្រីក្រនិងពង្រីកការគាំទ្របណ្តាញសុវត្ថិភាពសង្គម៕
