លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា មានប្រសាសន៍កាលពីថ្ងៃសុក្រ ១៩ មីនា ថា កម្ពុជាបានផ្ញើកំណត់ទូតមួយពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១០ ទៅស្ថានទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា ជូនដំណឹងអំពីការផ្អាកបណ្ដោះអាសន្ននោះ។
លោកបន្តថា កម្ពុជាចង់បញ្ជាក់ឲ្យបានច្បាស់ថា អាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរនិងកូរ៉េនោះ ជារឿងពិតមិនក្លែងបន្លំ ហើយក៏មិនពាក់ព័ន្ធនឹងការជួញដូរមនុស្សទៀតផង។
ទីភ្នាក់ងារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង រាយការណ៍ពីថ្ងៃសុក្រថា ចំនួនស្ត្រីខ្មែរដែលរៀបការជាមួយបុរសកូរ៉េខាងត្បូង បានកើនជាង២ដង គឺក្នុងឆ្នាំ២០០៩ មាន ១,៣៧២ករណី ចំណែកក្នុងឆ្នាំ២០០៨ មាន ៥៥១ករណី។
ការហាមនេះធ្វើឡើងបន្ទាប់ពីអង្គការអន្តរជាតិអន្តោប្រវេសន៍ (IOM) រាយការណ៍ថា ស្ត្រីជាច្រើនដែលរៀបការបានរងទុក្ខដោយការរំលោភ បន្ទាប់ពីនារីនោះបានទៅស្នាក់នៅឯប្រទេសកូរ៉េខាងត្បូង ដោយសារអាពាហ៍ពិពាហ៍ប្រញាប់ប្រញាល់រៀបចំឡើងដោយមេអណ្ដើកដែលទទួលកម្រៃខ្ពស់នោះ៕
