ប្រធានគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាព័ត៌មានរដ្ឋសភា លោក ឈាង វុន នឹងចូលរួមសន្និសីទលើកទី៤ រវាងគណៈកម្មការកិច្ចការបរទេស រដ្ឋសភា នៃប្រទេសកម្ពុជា ប្រទេសឡាវ និងប្រទេសវៀតណាម ស្ដីពីតួនាទីរបស់សភាក្នុងការជំរុញ និងពង្រឹងការអភិវឌ្ឍតំបន់ត្រីកោណព្រំដែនប្រទេសទាំងបី នៅថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១២ នៅខេត្តងេអាន (Nghe An) ប្រទេសវៀតណាម។
សេចក្តីប្រកាសឲ្យដឹងថា សន្និសីទនេះ ធ្វើឡើងក្នុងគោលបំណង ពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាប្រពៃណី កម្ពុជា-ឡាវ-វៀតណាម និងផ្តល់ការគាំទ្រដល់រដ្ឋាភិបាល នៃប្រទេសទាំងបី ក្នុងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍រួម ក្នុងតំបន់ព្រំដែនត្រីកោណ។
តំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា វៀតណាម និង ឡាវ គ្របដណ្ដប់លើខេត្តចំនួន១៣ របស់ប្រទេសទាំង ៣។ ខេត្តក្នុងប្រទេសកម្ពុជា មាន ៤ខេត្ត គឺខេត្តស្ទឹងត្រែង រតនគិរី ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។ ប្រទេសឡាវ មានខេត្តអាតាពើ (Attapeu) ចំប៉ាសាក់ (Chmapasak) សារ៉ាវ៉ាន់ (Saravan) សេកុង (Sekong)។ ប្រទេសវៀតណាម មានខេត្តដាក់ឡាក់ (Dac Lac) ខេត្តដាក់ណុង (Dac Nong) ខេត្តកនទុំ (Kon Tum) ខេត្តចាឡាយ (Gia lia) និងខេត្តប៊ិញហ្វ៊ឺក (Binh Phuoc)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
