ក្នុងបញ្ជីរបស់អង្គការស្បៀងនិងកសិកម្ម ឬ អង្គការហ្វាវ (FAO) នេះ រួមមានប្រទេសកម្ពុជាផងដែរ ។
នាសន្និសីទកំពូលរយៈពេលបីថ្ងៃនៅក្រុងរ៉ូមប្រទេសអ៊ីតាលី លោក Jacques Diouf អគ្គនាយកអង្គការហ្វាវ បានកត់សម្គាល់អំពីភាពមិនស្ថិតស្ថេរនៃលំនឹងរវាងការផ្គត់ផ្គង់ស្បៀងពិភពលោក និងតម្រូវការរបស់ប្រជាជនលើពិភពលោក ។
លោកថា លោកសង្ឃឹមថា មេដឹកនាំពិភពលោកដែលអញ្ជើញទៅប្រជុំនៅក្រុងរ៉ូម ពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍នេះ នឹងព្រមព្រៀងគ្នាទទួលយកនូវវិធានការបន្ទាន់ដែលចាំបាច់ ដើម្បីបង្កើនការផលិតកសិផល ខណៈដែលមានការចាត់វិធានការជួយការពារនិងបញ្ចៀសជនក្រីក្រពីបញ្ហាទំនិញ ដែលចេះតែឡើងថ្លៃ នាពេលបច្ចុប្បន្ននេះ ។
លោក Jacques Diouf ក៏មានប្រសាសន៍ផងដែរថា មេដឹកនាំចាំបាច់ត្រូវតែយល់ស្របគ្នាអំពីការជួយសង្គ្រោះជនក្រីក្រ រួមមានការជួយគាំទ្រ កុំឲ្យទំនិញឡើងថ្លៃ និងការផ្តល់លុយកាក់នោះ ជាដើម ៕
