កម្ពុជា​បញ្ជូន​ជនជាតិ​ចិន​ដី​គោក​៤​នាក់​ទៅ​ប្រទេស​ចិន

មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា ជន​ជាតិ​ចិន​ដីគោក​ចំនួន​៤​នាក់ ក្នុង​ចំណោម​១៥​នាក់ ដែល​អាជ្ញាធរ​កម្ពុជា​ចាប់​បាន​ពាក់ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋ​ឆ្លង​ដែន​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Internet) ក្រសួង​មហា​ផ្ទៃ​បញ្ជូន​ចេញ​ពី​កម្ពុជា​នៅ​យប់​ថ្ងៃ​សៅរ៍ ទី​២៥ សីហា។

0:00 / 0:00

លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ថា ក្នុង​ចំណោម​ជនជាតិ​ចិន​១៥​នាក់​នោះ​មាន​ជនជាតិ​ចិន​ដីគោក​៤​នាក់​ដែល​មាន​លិខិត​ឆ្លង​ដែន ពួក​គេ​នឹង​ចេញ​ពី​កម្ពុជា តាម​យន្តហោះ​នៅ​យប់​ថ្ងៃ​សៅរ៍ ទី​២៥ សីហា។ រីឯ​ជនជាតិ​តៃវ៉ាន់​១១​នាក់​ទៀត​នោះ នៅ​ពន្យារ​ពេល​សិន ដោយ​សារ​ពួក​គេ​ពុំ​មាន​លិខិត​ឆ្លង​ដែន ប៉ុន្តែ​យ៉ាង​ណា ពួក​គេ​នឹង​អាច​បញ្ជូន​ចេញ​ពី​កម្ពុជា ជា​បន្ត​បន្ទាប់៖ «ព្រោះ​១១​នាក់​នោះ អត់​មាន​លិខិត​ឆ្លង​ដែន​ទេ។ ព្រោះ​គាត់​មក​ធ្វើ​កិច្ចការ​ហ្នឹង មេ​ខ្លោង​គាត់​បាន​ដក​ហូត​លិខិត​ឆ្លង​ដែន​គាត់​ទៅៗ»

តំណាង​នគរបាល​ចិន​៣​នាក់ មក​ពី​ប្រទេស​ចិន បាន​មក​ដល់​ប្រទេស​កម្ពុជា កាល​ពី​យប់​ថ្ងៃ​អង្គារ ទី​២១ ខែ​សីហា ឆ្នាំ​២០១២ ដើម្បី​ទទួល​យក​ជនជាតិ​ចិន​ទាំង​១៥​នាក់។ តំណាង​នគរបាល​ចិន​ទាំង​៣​នាក់ បាន​ជួប​ជាមួយ​អាជ្ញាធរ​កម្ពុជា ហើយ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង ដើម្បី​ទទួល​ពួក​គេ​ទៅ​ប្រទេស​ចិន វិញ។

ជន​ជាតិ​ចិន​ទាំង​១៥​នាក់​នោះ មាន​ប្រុស​១១​នាក់ មាន​អាយុ​ពី​២៥ ដល់​៤៤ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា ចាប់​ខ្លួន​នៅ​ឯ​ផ្ទះ​សំណាក់​អប្សរា ក្នុង​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១២។

ការ​បញ្ជូន​ជន​ជាតិ​ចិន​ទាំង​នេះ​ចេញ​ពី​កម្ពុជា ត្រូវ​បាន​ធ្វើ​ឡើង​តាម​សេចក្ដី​សម្រេច​មួយ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១២។

គិត​មក​ដល់​ពេល​នេះ កម្ពុជា​បាន​បញ្ជូន​ជន​ជាតិ​ចិន​ទៅ​ប្រទេស​ចិន វិញ មាន​ចំនួន​សរុប​២៣១​នាក់។ ហើយ​នេះ គឺ​ជា​លើក​ទី​៣ ដែល​សមត្ថកិច្ច​កម្ពុជា ចាប់​ខ្លួន​ជន​ជាតិ​ចិន​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន តាម​រយៈ​ការ​គំរាម​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។