បុគ្គលិក​ក្រុមហ៊ុន​កាំមីនតែល​ធ្វើ​កូដកម្ម

បុគ្គលិក​ក្រុមហ៊ុន​កាំមីនតែល (CAMNINTEL) ប្រមាណ ១០០​នាក់ ប្រចាំ​នៅ​រាជធានី​ភ្នំពេញ បាន​​តវ៉ា​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ​២០១២ នៅ​ក្នុង​ទីស្នាក់ការ​ក្រុមហ៊ុន​របស់​ខ្លួន ទាមទារ​ឱ្យ​ក្រុមហ៊ុន​នេះ​ផ្លាស់​ប្ដូរ​លក្ខខណ្ឌ ៣​ចំណុច។

ចំណុច​ទាំង ៣​នោះ​ រួម​មាន៖ ទី​១ ស្នើ​លុប​ចោល​កាតព្វកិច្ច​ធ្វើការ​បន្ថែម ២​ថ្ងៃ​ក្នុង ១​ខែ ទី​២ កាត់​បន្ថយ​ម៉ោង​ការងារ​ក្នុង ១​សប្តាហ៍​មក​ត្រឹម ៤០​ម៉ោង និង​ទី​៣ ទាមទារ​ដំឡើង​ប្រាក់​ថែម​ម៉ោង និង​ប្រាក់​ធ្វើ​ការ​ថ្ងៃ​បុណ្យ។

ក្រុម​អ្នក​តវ៉ា​អោយ​ដឹង​ប្រហាក់​ប្រហែល​គ្នា​ថា អ្នក​គ្រប់​គ្រង​ក្រុម​ហ៊ុន​ដែល​ជា​ជន​ជាតិ​កូរ៉េ បាន​រំលោភ​បំពាន​លើ​សិទ្ធិ​ការងារ​របស់​បុគ្គលិក​គ្រប់​ផ្នែក​ដោយ​មិន​បាន​យក​ច្បាប់​ការងារ​របស់​កម្ពុជា ជា​គោល​ក្នុង​ការ​បង្កើត​គោលការណ៍​នានា ក្នុង​ក្រុមហ៊ុន​នេះ​ឡើយ។

ក៏​ប៉ុន្តែ​មក​ដល់​រសៀល​ថ្ងៃ​ដដែល​ក្រុម​អ្នក​តវ៉ា​បាន​សម្រេច​ចូល​ធ្វើការ​វិញ បន្ទាប់​ពី​នាយក​គ្រប់​គ្រង​ក្រុមហ៊ុន​កាំមីនតែល លោក ជ័រ ដឹងម៉ាន់ (Choi Deung Man) បាន​យល់​ព្រម​ដោះ​ស្រាយ​ការ​ទាម​ទារ​ចំនួន ២​ចំណុច​ធំៗ គឺ​លុប​ចោល​កាតព្វកិច្ច​ធ្វើការ​បន្ថែម ២​ថ្ងៃ​ក្នុង ១​ខែ និង​ផ្ដល់​ប្រាក់​ចំនួន ១០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ការងារ​ថែម​ម៉ោង​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ។ ចំណែក​ចំណុច​ទាមទារ​ដែល​នៅ​សេស​សល់ ក្រុមហ៊ុន​សន្យា​ថា នឹង​បន្ត​ចរចា​ដោះ​ស្រាយ​បណ្ដើរៗ។

ក្រុមហ៊ុន​ទូរស័ព្ទ​កាំមីនតែល ដំបូង​ឡើយ​ជា​ក្រុមហ៊ុន​ពាក់​កណ្ដាល​រដ្ឋ និង​ឯកជន។ កាល​ពី​ឆ្នាំ​២០១០ រដ្ឋ​បាន​លក់​ផ្ដាច់​មុខ​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​របស់​កូរ៉េ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។