ពាណិជ្ជករក្នុងស្រុកម្នាក់ បានបណ្ដាក់ទុនបង្កើតរោងចក្រកែច្នៃដំឡូងមី នៅតាមបណ្ដាខេត្តជាប់ព្រំដែនខ្មែរ-ថៃ ដើម្បីប្រមូលទិញដំឡូងមីពីកសិករ។
ក្រុមហ៊ុនមួយឈ្មោះ ផៅវើ យូនីធី ខេមបូឌា អ៊ីនវ៉េសមែន (Power Unity Cambodia investment) ទើបបានធ្វើការបណ្ដាក់ទុនប្រមាណ ២,៥លានដុល្លារអាមេរិក ដើម្បីសាងសង់ការដ្ឋានជាច្រើនកន្លែងនៅតាមបណ្តាខេត្ត ភាគខាងលិច និងភាគឧត្តររបស់ប្រទេសកម្ពុជា ក្នុងការប្រមូលទិញដំឡូងមីពីកសិករខ្មែរសម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។
ក្រុមហ៊ុននេះបានសង់អាគារ និងទីធ្លាដ៏ធំមួយកន្លែងនៅក្នុងភូមិសំបាត ឃុំខ្នាពោ ស្រុកសូទ្រនិគម ខេត្តសៀមរាប ហើយកំពុងទទួលទិញដំឡូងមីពីប្រជាកសិករខ្មែរ។
លោក ហួរ សៀកផេង ជាប្រធានក្រុមហ៊ុន ផៅវើ យូនីធី ខេមបូឌា អ៊ីនវ៉េសមែន។ លោកបានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកមានភាគហ៊ុនជាមួយថៃ និងចិន ដោយប្រមូលទិញដំឡូងមី ពីប្រទេសកម្ពុជា នាំចេញទៅកាន់ទីផ្សារប្រទេសចិន។
លោកបានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកទើបតែចាប់ផ្ដើមដំណើរការរយៈពេលប្រមាណ ៣ខែមកនេះ ដោយមានសាខាទទួលទិញនៅតាមបណ្តាខេត្តមួយចំនួន៖ «សៀមរាបយើង ១ ព្រះវិហារ ១ ត្រពាំងប្រាសាទ ១ បន្ទាយស្រី ១ ម៉ាឡៃ ១ សំពៅលូន ១ គឺ ៦ចំណុចហើយ។ ទិញទាំងដំឡូងស្រស់ និងទាំងដំឡូងក្រៀម ប៉ុន្តែដំឡូងក្រៀមខ្ញុំត្រូវមើលសំណើម និងជាតិដី។ បើសិនជាមិនល្អខ្ញុំអត់ទិញទេ។ ឥឡូវនេះខាងក្រុមហ៊ុនដាក់តម្លៃ ២៥០រៀល ក្នុង ១គីឡូក្រាមដំឡូងស្រស់ ហើយដំឡូងស្ងួតក្នុង ១គីឡូ ៦៦០រៀល ប៉ុន្តែនៅក្នុងនោះក៏យើងបានពិនិត្យពីគុណភាពសំណើមដី ហើយនិងជាប់ទង។ ពេលណាតែមានហ្នឹង គឺខាងក្រុមហ៊ុនគេកាត់ភាគរយ»។
ការកើតចេញរូបរាងក្រុមហ៊ុនដែលទទួលទិញដំឡូងមីនេះ បានធ្វើឱ្យកសិករខ្មែរមួយចំនួនមានក្តីសង្ឃឹមថា ពួកគេនឹងមិនប្រឈមមុខលើបញ្ហាខ្វះទីផ្សារលក់ដំឡូងមីទៀតទេសម្រាប់ឆ្នាំក្រោយៗ។
លោក វ៉ាន់ ម៉ាន ជាកសិករដាំដំឡូងមីម្នាក់នៅក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ គាត់បានមានប្រសាសន៍ថា វត្តមានរបស់ក្រុមហ៊ុនទទួលទិញដំឡូងមីនេះ វាគឺជាទីផ្សារយូរអង្វែងមួយ ដែលធ្វើឱ្យ កសិករមានក្តីសង្ឃឹមសម្រាប់ការប្រឹងប្រែងដាំដំឡូងមីឱ្យបានច្រើនថែមទៀតនៅឆ្នាំក្រោយ។ ក៏ប៉ុន្តែកសិករដដែលនោះនៅមិនទាន់សំដែងការពេញចិត្តចំពោះតម្លៃដែលក្រុមហ៊ុនទទួលទិញក្នុងមួយគីឡូក្រាមថ្លៃ ២៥០រៀល សម្រាប់ដំឡូងស្រស់ និង ៦៦០រៀល សម្រាប់ដំឡូងស្ងួតនោះនៅឡើយទេ។
លោក វ៉ាន់ ម៉ាន៖ «តម្លៃហ្នឹងតាមហាងឆេង អន់ជាងឆ្នាំទៅ។ ឆ្នាំទៅដំឡូងក្រៀមក្នុងខែធ្នូ គឺ ១.២០០រៀល មកដល់ឆ្នាំនេះបានតែ ៦៥០ ទៅ ៦៨០រៀល។ ជួនកាលគ្នាដែលធ្វើជួបទឹកជំនន់នោះ គឺមិនរួចខ្លួនទេ គឺខាត»។
ទោះយ៉ាងណាកសិករដដែលបានចាត់ទុកថា តម្លៃនេះវានៅតែគ្រាន់បើជាងការគ្មានទីផ្សារ ដែលកន្លងទៅមានតែក្រុមឈ្មួញដើរទិញនាំចេញទៅប្រទេសវៀតណាម ហើយបញ្ចុះតម្លៃស្រេចតែចិត្ត។
អ្នកគ្រប់គ្រងក្រុមហ៊ុន ផៅវើ យូនីធី ខេមបូឌា អ៊ីនវ៉េសមែន មានគំរោងជួយជ្រោមជ្រែងដល់កសិករខ្មែរជាច្រើនឱ្យចិញ្ចឹមសត្វ និងផ្ដល់ជីឱ្យកសិករផង ដើម្បីលើកទឹកចិត្តឱ្យកសិករខ្មែរខិតខំដាំដំឡូងមី ឱ្យបានកាន់តែច្រើនថែមទៀត។
ក្រុមហ៊ុននេះបានឱ្យដឹងថា ប្រទេសចិន ចាំទទួលទិញដំឡូងមីចំនួនច្រើន ដែលបច្ចុប្បន្នការនាំចេញមិនទាន់គ្រប់គ្រាន់តាមតម្រូវការទីផ្សារនៅឡើយទេ។
នៅមុនថ្ងៃទី២០ ខែកុម្ភៈ នេះ ក្រុមហ៊ុន ផៅវើ យូនីធី ខេមបូឌា អ៊ីនវ៉េសមែន មានគំរោងនាំចេញ ដំឡូងមីក្រៀមពីប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន ឱ្យបាន ៦ពាន់តោន ហើយជាបន្តបន្ទាប់ក្រុមហ៊ុននៅតែប្រមូលទិញដំឡូងមីពីកសិករកម្ពុជា។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជា លោក ម៉ៅ ធូរ៉ា ធ្លាប់បានមានប្រសាសន៍កាលពីខែធ្នូ ឆ្នាំ២០១១ កន្លងទៅថា មន្ត្រីរដ្ឋាភិបាលខ្មែរ និងចិន ធ្លាប់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភូតគាមអនាម័យកន្លងទៅ ហើយនៅពេលខាងមុខនឹងមានការនាំចេញដំឡូងមីទៅកាន់ប្រទេសចិនដោយផ្ទាល់៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
ប្រភពកំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០១១ និង២០១២
ការវិនិយោគលើការសាងសង់កើន ៥% ក្នុងត្រីមាសទីមួយ
សេដ្ឋកិច្ចកម្ពុជាបន្តឡើងខណៈសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ
អ្នកស្រី មួរ សុខហួរ ស្វាគមន៍ការផ្អាកគម្រោងផ្ដល់ដីសម្បទានសេដ្ឋកិច្ច
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុត្រូវសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ
ខ្មែរអនុញ្ញាតឲ្យចិនមកសង់ម៉ាស៊ីនកែច្នៃផលិតផលកសិកម្មទំនើប
ជប៉ុនផ្ដល់ជំនួយជិត ១៩លានដុល្លារ ឲ្យកម្ពុជា
អ្នកទីរួមខែត្រកំពង់ធំត្អូញពីអគ្គិសនីដាច់ញឹក
កត្តាសំខាន់នៃការប្រើប្រាស់ប្រាក់រៀល និងប្រាក់ដុល្លារនៅកម្ពុជា
មតិ
Click here to add your own comment