នៅក្នុងសេចក្តីថ្លែងការណ៍ថ្មីមួយ ចុះថ្ងៃទី៨ ខែឧសភានេះ គឺមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលជាអង្គការសង្គមស៊ីវិល បានថ្កោលទោសការដែលសមាជិកគណបក្សប្រជាជនកម្ពុជាមួយរូប ឈ្មោះ នូវ ណិយ ដែលជាប្រធានភូមិបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានវាយទាត់ធាក់លើរាងកាយរបស់លោក ហែម ពៅ ដែលជាប្រធានក្រុមក្នុងភូមិនោះដែរ ។
អំពើហិង្សានេះបានកើតមានឡើងនៅបន្ទាប់ពីលោក ហែម ពៅ ទាមទារដកខ្លួនចេញពីសមាជិកភាពនៃគណបក្សប្រជាជនកម្ពុជា ។
ជនដៃដល់គឺលោក នូវ ណិយ បានសារភាពថា បានប្រព្រឹត្តអំពើហិង្សានោះមែន តែថាមកពីលោក ហែម ពៅ មាក់ងាយគណបក្សប្រជាជនកម្ពុជា ។
តែទោះជាយ៉ាងនេះក្តី មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចាត់ថា អំពើហិង្សានោះជាការបំពានទាំងស្រុង លើសិទ្ធិក្នុងការទទួលបាននូវសន្តិសុខផ្ទាល់ខ្លួន សិទ្ធិស្វ័យសម្រេចរបស់បុគ្គល និងសេរីភាពកាន់និន្នាការនយោបាយរបស់ពលរដ្ឋគ្រប់រូប ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ទទូចស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ធ្វើការស៊ើបអង្កេតនិងនាំជនដៃដល់ទៅកាត់ទោសតាមច្បាប់ ៕
