មន្រ្តី​អង្គការ​សេដាក់​ខេត្ត​ពោធិ៍សាត់​រង​ការ​ចោទ​ថា​មិន​មាន​តម្លាភាព

ប្រជាពលរដ្ឋ​នៅ​ភូមិ​ក្រពើរោទិ៍ ឃុំ​ស្នាមព្រះ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ បាន​ចោទ​ប្រកាន់​មន្រ្តី​អង្គការ​សេដាក់​ថា បាន​បែង​ចែក​មិន​ត្រឹម​ត្រូវ​ប្រាក់​ជំនួយ​របស់​កម្មវិធី​ទ្រទ្រង់​ជីវភាព​ប្រជាពលរដ្ឋ​ក្រីក្រ​ជុំវិញ​បឹង​ទន្លេ​សាប ដែល​ទទួល​អនុវត្ត​ដោយ​អង្គការ​សេដាក់​ប្រចាំ​ខេត្ត​ពោធិ៍សាត់។

0:00 / 0:00

ស្ត្រី​ឈ្មោះ វឿន នាង មាន​ប្រសាសន៍​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី នៅ​ព្រឹក​ថ្ងៃ​៧ តុលា​ថា ការ​ផ្តល់​ប្រាក់​នេះ​ពុំ​មាន​តម្លាភាព​និង​ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង។ គាត់​បន្ត​ថា បន្ទាប់​ពី​រៀន​សូត្រ​និង​សម្ភាស​រួច​ហើយ ក្រុម​ប្រឹក្សា​វាយ​តម្លៃ​ក៏​បាន​យល់​ព្រម​ថា នឹង​ផ្តល់​ប្រាក់​និង​សម្ភារៈ​ដែល​ពួក​គាត់​បាន​សំណូមពរ តែ​លុះ​ដល់​ទៅ​ទទួល​យក​គឺ​ពុំ​ដូច​ការ​សន្យា​ឲ្យ​នោះ​ឡើយ។

ស្រ្ដីឈ្មោះ វឿន នាង ឲ្យ​ដឹង​ដូច្នេះ ៖ «...បំពង់​៦០ ខ្ទះ​មួយ កាំបិត ខ្សែ​លួស​ចង​បង្អោង​ហ្នឹង​ប្រមាណ​៣​គីឡូ​អ៊ី​អ៊ីចឹង​ចង​គ្រប់ សូម​ឲ្យ​ធ្លាក់​មក​បាន​ប៉ុណ្ណឹង​មក ហើយ​ឥដ្ឋ​អី​សូម​ឲ្យ​បាន​ប៉ុណ្ណឹង​មក កុំ​ឲ្យ​មាន​គេ​ស៊ី​ពី​លើ​យើង»

លោក សាប់ សានិត ប្រធាន​ក្រុម​និង​ជា​អ្នក​មាន​ភារកិច្ច​កត់ត្រា​ឈ្មោះ​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​រៀន​សូត្រ និង​ដែល​ត្រូវ​ទទួល​បាន​ប្រាក់​ពី​សេវា​ជួយ​ជន​ក្រីក្រ​នេះ មាន​ប្រសាសន៍​ថា លោក​ក៏​មាន​ការ​ងឿង​ឆ្ងល់​ចំពោះ​បញ្ហា​នេះ​ផង​ដែរ។

លោក សាប់ សានិត មាន​ប្រសាសន៍​ដូច្នេះ ៖ «អត់​បាន​តាម​សំណើ​ដូច​ដែល​គាត់​ដាក់​ទេ អ្នក​ខ្លះ​ទៅ ឧបមាថា គាត់​ដាក់​រក​ស៊ី​លក់​បន្លែ ត្រូវការ​កង់ ជញ្ជីង កញ្ឆេរ​ទៅ ពេល​បាន​មក ខ្លះ​បាន​តែ​ជញ្ជីង កង់ ខ្លះ​បាន​តែ​កង់​អត់​ជញ្ជីង​ទៅ អត់​កញ្ឆេរ ខ្លះ​បាន​តែ​លុយ​ទៅ»

លោក សយ ទិត មន្ត្រី​ទទួល​បន្ទុក​អនុវត្ត​គម្រោង​របស់​អង្គការ​សេដាក់ ពន្យល់​ចំពោះ​ការ​ចោទ​ប្រកាន់​លើ​បញ្ហា​នេះ​ថា ៖ «ខ្ញុំ​ស្រង់​ទៅ​តាម​អ្វី​ដែល​មាន ប៉ុន្តែ​ពេល​ខ្លះ ទី​១​យើង​ស្រង់​អត់​អស់ ឬ​មួយ​ក៏​ប្រជាជន​ខ្លះ​យើង​អត់​ទាន់​ស្គាល់​មុខ​របរ​ទេ អ៊ីចឹង​គឺ​យើង​អត់​ទាន់​ផ្ដល់​ឲ្យ​ទេ អ្នក​ដែល​មុខ​របរ​ខុស ឬ​ស្អី គឺ​យើង​អត់​ទាន់​ផ្ដល់​ឲ្យ​ទេ។ អ៊ីចឹង​នៅ​ពេល​ខាង​ខ្ញុំ​ទទួល​ព័ត៌មាន​បាន​ច្បាស់ ចែក​អ្នក​ដែល​មាន​ឈ្មោះ​ត្រឹមត្រូវ យើង​ចែក​ហើយ ដល់​ពេល​អ្នក​ដែល​នៅ​សល់ គឺ​ចែក​តាម​ក្រោយ»

យ៉ាងណា​ក៏ដោយ លោក អ៊ូច ឃឿន មាន​ប្រសាសន៍​ថា អង្គការ​សេដាក់​បាន​សន្យា​ជាមួយ​ក្រុម​ប្រឹក្សា​ឃុំ​ថា នឹង​ប្រគល់​សម្ភារៈ​និង​ថវិកា​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ បន្ទាប់​ពី​ការ​ពិនិត្យ​បញ្ជី​ស្នាម​ជា​ថ្មី​ឡើង​វិញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

គួរ​បញ្ជាក់​ថា កម្មវិធី​ជួយ​ទ្រទ្រង់​ជីវភាព​ប្រជាពលរដ្ឋ​ក្រីក្រ​ជុំវិញ​បឹង​ទន្លេ​សាប បាន​ទទួល​ថវិកា​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី។ ភូមិ​នីមួយៗ​មាន​កញ្ចប់​ថវិកា​ប្រមាណ​៥​ពាន់​ដុល្លារ តាម​រយៈ​ក្រុម​ប្រឹក្សា​ឃុំ ដើម្បី​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ធ្វើ​អាជីវកម្ម​ខ្នាត​តូច​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។

សម្រាប់​ភូមិ​ក្រពើរោទិ៍ ប្រជាពលរដ្ឋ​ចំនួន​៤៦​គ្រួសារ ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ទទួល​ជំនួយ​នេះ។ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា សំណើ​ដែល​ត្រូវ​បាន​យល់​ព្រម ខ្ពស់​បំផុត​គឺ​ប្រមាណ​៤៧​ម៉ឺន​រៀល និង​ទាប​បំផុត​គឺ​ប្រមាណ​២៧​ម៉ឺន​រៀល តែ​ពេល​ទៅ​យក​គឺ​បាន​មិន​ដល់​ពាក់​កណ្តាល​នៃ​សំណើ​ដែល​បាន​យល់​ព្រម​ដោយ​ក្រុម​ប្រឹក្សា​វាយ​តម្លៃ​ផង៕