សេដាក ជំរុញ​កសិករ​ធ្វើ​ស្រែ​ល្អ​ដើម្បី​ទទួល​បាន​ផល​ខ្ពស់

នៅ​រដូវ​វស្សា​ឆ្នាំ​២០១២ នេះ អង្គការ សេដាក (CEDAC) បាន​ជំរុញ​នូវ​ចលនា “ស្រែ​ល្អ” ក្នុង​ចំណោម​ប្រជាកសិករ​អ្នក​ធ្វើ​ស្រែ​នៅ​ទូទាំង​ប្រទេស។
ដោយ សេង សេរីរ័ត្ន
2012.06.15
សេដាក់៣០៥ គេហទំព័រ​អង្គការ​សេដាក់ (CEDAC)
Screenshot, RFA

គោល​បំណង​សំខាន់ គឺ​ចង់​ឱ្យ​កសិករ​ទទួល​បាន​នូវ​បទ​ពិសោធន៍​ជាក់​លាក់​ពី​សក្ដានុពល​របស់​ដី​ស្រែ មាន​ន័យ​ថា បើ​យើង​ធ្វើ​ឱ្យ​បាន​ល្អ​បំផុត តើ​ដី​ស្រែ​អាច​នាំ​មក​ចំណូល​ខ្ពស់​បំផុត​ដល់​កំរិត​ប៉ុន្មាន ដែល​ក្នុង​នោះ​មាន​ផល​ស្រូវ និង​កសិផល​ផ្សេងៗ​ទៀត ដូច​ជា សណ្ដែក ដំណាំ​ផ្សេងៗ ត្រី កង្កែប។

ប្រជាពលរដ្ឋ​បាន​អះអាង​ថា កន្លង​មក​កសិករ​ដែល​ធ្វើ​បាន​ល្អ​បំផុត អាច​ទទួល​ផល​ពី ៥-៧ តោន​ក្នុង ១​ហិកតារ ហើយ​ផល​នេះ​នឹង​បន្ត​កើន​ថែម​ទៀត​ជាប់​ជានិច្ច។

អង្គការ សេដាក ជំរុញ​អោយ​កសិករ​ធ្វើ​ស្រែ​ល្អ ដើម្បី​អាច​ទទួល​បាន​ចំណូល​ខ្ពស់​ពី​ដី​ស្រែ​នៅ​ក្នុង​រដូវ​វស្សា​ឆ្នាំ​២០១២ នេះ។

លោក បណ្ឌិត យ៉ង សាំងកុមារ ប្រធាន​អង្គការ សេដាក មាន​ប្រសាសន៍​ថា លោក​នឹង​បញ្ជូន​បុគ្គលិក​របស់​អង្គការ សេដាក ចុះ​ទៅ​ផ្ទាល់ ដើម្បី​ធ្វើ​ការ​ជាមួយ​កសិករ ហើយ​បន្ទាប់​មក​ទៀត លោក​នឹង​ជ្រើស​រើស​កសិករ​បង្គោល ដើម្បី​អោយ​គាត់​ជួយ​ផ្សព្វ​ផ្សាយ និង​ជួយ​ផ្តល់​យោបល់​អោយ​កសិករ​ផ្សេង​ទៀត។

លោក​ថា ធ្វើ​យ៉ាង​ម៉េច​ដើម្បី​អោយ​កសិករ​ទទួល​បាន​នូវ​ការ​ធ្វើ​ស្រែ​ល្អ​នោះ។ លោក​បណ្ឌិត​បន្ត​ទៀត​ថា ចំពោះ​កសិករ​ដែល​ចង់​កែ​ប្រែ​ស្រែ​ខ្លួន​ឱ្យ​ក្លាយ​ទៅ​ជា​ស្រែ​ល្អ តាម​គោលការណ៍​ប្រព័ន្ធ​ប្រពលវប្បកម្ម​ចម្រុះ កសិករ​អាច​ចាប់​ផ្ដើម​លើ​ដី​តូច ដែល​អាច​ធ្វើ​បាន ហើយ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ឱ្យ​បាន​ល្អ​បំផុត នូវ​គោលការណ៍ និង​បច្ចេកទេស​ស្រែ​ល្អ ជា​ពិសេស​ដើម្បី​អាច​ដឹង​ថា តើ​ផល​ស្រូវ​ខ្ពស់​បំផុត​អាច​បាន​ផល​ប៉ុន្មាន​នៅ​រដូវ​វស្សា​នេះ។

លោក​ស្រី ម៉េង ប៉ាវ រស់​នៅ​ខេត្ត​តាកែវ បាន​ប្រាប់​ឲ្យ​ដឹង​ថា ដោយ​សារ​បាន​រៀន​បច្ចេកទេស​ពី​អង្គការ សេដាក លោក​ស្រី​ធ្វើ​ស្រែ​បាន​ល្អ ហើយ​បាន​លទ្ធផល​ច្រើន​ជាង​ឆ្នាំ​មុន​ទៀត។

លោក​ស្រី​បន្ត​ទៀត​ថា កាល​ពី​មុន​លោក​ស្រី​ធ្វើ​ស្រែ​ហូប​មិន​គ្រាន់​ទេ ប៉ុន្តែ​ឥឡូវ​ហូប​បាន​គ្រប់​គ្រាន់ ហើយ​អាច​យក​ទៅ​លក់​បាន​ទៀត ដែល​ធ្វើ​អោយ​កូនៗ​របស់​គាត់ អាច​បាន​ទៅ​រៀន និង​ជីវភាព​បាន​ល្អ​បន្ថែម​ទៀត។

លោក​បណ្ឌិត យ៉ង សាំងកុមារ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ការ​ធ្វើ​ឱ្យ​បាន​ល្អ​នូវ​អ្វី​ដែល​អាច​ធ្វើ​បាន​នៅ​លើ​ដី​តូច វា​ចំណេញ​ជាង​ការ​ធ្វើ​ឱ្យ​បាន​រួច​ពី​ដៃ​នៅ​លើ​ដី​ធំ។ លោក​បណ្ឌិត​បន្ត​ថា ប្រជាកសិករ​ទាំង​អស់​គួរ​ផ្លាស់​ប្ដូរ​មក​ចាប់​យក នូវ​ទម្លាប់​រៀន​ធ្វើ​ស្រែ​នៅ​លើ​ដី​តូច​ឱ្យ​បាន​ល្អ​បំផុត ទៅ​តាម​អាច​ធ្វើ​បាន ដើម្បី​ឈាន​ទៅ​ធ្វើ​លើ​ដី​ធំ និង​ទទួល​បាន​ផល​កាន់​តែ​ល្អ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។