មនុស្សប្រមាណ១០០នាក់បានមកជួបជុំគ្នានៅឯសុរ៉ាវ នៃសាសនាឥស្លាមនៅភូមិដាច់ស្រយាលមួយឈ្មោះភូមិថ្មី ក្នុងឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ដើម្បីប្រារព្ធពិធីបុណ្យសាសនាមួយមានឈ្មោះថាបុណ្យ«ម៉ាឡុត»។
មេដឹកនាំសាសនាឥស្លាមក្រុមកនអ៊ីម៉ាំសាន់នៃភូមិថ្មី លោកតា ស៊ីត សុះ អាយុ៧៥ឆ្នាំ បានមានប្រសាសន៍ថា បុណ្យ«ម៉ាឡុត»មិនត្រឹមតែជាពិធីបុណ្យប្រពៃណីនៃសាសនាឥស្លាមប៉ុណ្ណោះទេ តែវាថែមទាំងមានអត្ថន័យជ្រាលជ្រៅក្នុងការរួបរួមសាមគ្គីគ្នានិងជួយគ្នាទៅវិញទៅមកទៀតផង។
លោក ស៊ីត សុះ បានឲ្យដឹងដូច្នេះ ៖ «បុណ្យហ្នឹងថាជនជាតិក៏បាន សាសនាក៏បាន។ បើជនជាតិខាងកនអ៊ីម៉ាំសាន់គេធ្វើអ៊ីចឹង ទំនៀមទម្លាប់ប្រពៃណីហ្នឹងមិនព្រមចោលទេ នៅតែតស៊ូរឿងបុណ្យហ្នឹង ព្រោះបុណ្យហ្នឹងខាងកនអ៊ីម៉ាំសាន់ ប្រពៃណីហ្នឹងបាត់មិនបានទេ»។
ហាកឹមនិងជាប្រធានភូមិថ្មី គឺលោក ស្លេះ ឯល មានប្រសាសន៍ថា ខ្លឹមសារនៃពិធីបុណ្យថ្ងៃនេះ គឺដើម្បីថែរក្សាប្រពៃណីនៃជនជាតិចាមផង ហើយក៏ដើម្បីប្រមូលបច្ច័យជួយដល់ជនក្រីក្រក្នុងភូមិ ជាពិសេសគឺស្ត្រីមេម៉ាយ ហេតុនេះហើយទើបលោកជ្រើសរើសយកថ្ងៃ៨ មីនា ប្រារព្ធពិធីបុណ្យនេះ។
លោក ស្លេះ ឯក មានប្រសាសន៍ដូច្នេះ ៖ «សំខាន់ជាងហ្នឹងទៅទៀត ដូចជាបញ្ហាការសាមគ្គីភាពរវាងជនជាតិនិងជនជាតិពីភូមិមួយទៅភូមិមួយ ពីឃុំមួយទៅឃុំមួយ ពីស្រុកមួយទៅស្រុកមួយ បើសិនជាមានលទ្ធភាពដល់ខេត្តមួយទៅខេត្តមួយក៏ល្អដែរ ព្រោះជួនកាលអាចឆ្លងទៅខេត្តមួយ ជួនកាលអាចឆ្លងត្រឹមស្រុក។ ឥឡូវហ្នឹងខេត្តដែលខ្ញុំធ្វើហ្នឹង ជាក់ស្ដែងខេត្តបាត់ដំបងក៏មក ខេត្តកំពង់ឆ្នាំងក៏មកដែរ»។
អ្នកស្រី ម៉ាត់ ណះ ជនជាតិចាម អាយុ៥៦ឆ្នាំ ដែលបានចូលរួមក្នុងពិធីបុណ្យប្រពៃណី«ម៉ាឡុត»នេះ បានសម្ដែងពីទឹកចិត្តរំភើបរីករាយរបស់គាត់ថា ៖ «មានចិត្តសប្បាយដែលបានបងប្អូនមកជួបជុំ ហើយដែលមានប្រពៃណីខាងខ្ញុំ សាសនាខាងខ្ញុំហ្នឹងគេសប្បាយរីករាយបានជួបជុំបងប្អូនញាតិសន្ដាន»។
ហាកឹមនិងជាប្រធានភូមិថ្មី គឺលោក ស្លេះ ឯល បានឲ្យដឹងថា ពិធីបុណ្យ«ម៉ាឡុត»នេះ ក្នុងប្រពៃណីសាសនាឥស្លាមគេប្រារព្ធជារៀងរាល់ឆ្នាំក្នុងខែមីនា ដោយជ្រើសយកថ្ងៃណាក៏បាន។ លោកបន្តថា ពិធីបុណ្យនេះមានលក្ខណៈប្រហាក់ប្រហែលនឹងបុណ្យកឋិនទានក្នុងព្រះពុទ្ធសាសនាដែរ ពោលគឺប្រមូលបច្ច័យដើម្បីកសាងឬជួយជនក្រីក្រខ្វះខាតក្នុងភូមិ៕
