ក្នុងចំណោមជនជាតិចាមចំនួន ៦០នាក់ ដែលបានចេញដំណើរទៅធ្វើបុណ្យហាជ្ជ នៅទីក្រុងម៉ាក្កៈ នៃប្រទេសអារ៉ាប៊ីសាអូឌីត អស់រយៈពេលជាង១ខែមកនេះ មានស្រ្តីមា្នក់ស្លាប់ដោយសារមានជំងឺលើសឈាម ខណៈដែលស្រ្តីរួបនោះកំពុងបំពេញការធ្វើហាជ្ជ ឬហៅថា រ៉កុនហាជ្ជី។
អ្នកដឹកនាំជនជាតិចាមទៅធ្វើបុណ្យហាជ្ជនេះ គឺលោក អារី បានប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៤ ធ្នូ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញថា ៖ «ស្រ្តីដែលស្លាប់នោះមានអាយុជាង ៧០ឆ្នាំរស់នៅភូមិអន្លង់សាន ស្រុកកោះធំ ខែត្រកណ្តាល»។
លោក អារី បានបញ្ជាក់ថា អ្នកចូលរួមចំនួន ៥៩នាក់ដែលវិលត្រឡប់មកវិញជាមួយនឹងលោក គឺមិនមានបញ្ហាអ្វីនោះទេ ពួកគេបានបំពេញកាតព្វកិច្ចហាជ្ជបានល្អ និងសុវត្ថិភាព។
លោក អារី បានបញ្ជាក់ថា ៖ «ការរស់នៅតាំងពីថ្ងៃទៅរហូតដល់ថ្ងៃមកបានសុខរហូត ប៉ុន្តែថា មានម៉ីយើងម្នាក់នៅកោះធំ គាត់ចាស់មានជំងឺលើសឈាមទៀត។ គាត់ស្លាប់មុនថ្ងៃទី៨កើត មួយថ្ងៃ»។
ការទៅចូលរួមធ្វើបុណ្យហាជ្ជ គឺមានសាសនិកអ៊ិស្លាមរាប់លាននាក់នៅលើសាកលលោកបានទៅចូលរួមនៅទីក្រុងម៉ាក្កៈ ប្រទេសអារ៉ាប៊ីសាអូឌីត ដែលមានចែងនៅក្នុងច្បាប់ទី៥ នៃសាសនាអ៊ិស្លាម ចំពោះអ្នកមានទ្រព្យសម្បត្តិគ្រប់គ្រាន់ត្រូវតែទៅបំពេញកាតព្វកិច្ចបុណ្យនេះ។
ជនជាតិចាមនៅកម្ពុជាជាង ៣០០នាក់នៅស្ទើរតែគ្រប់ខែត្រក្រុងបានទៅចូលរួមធ្វើបុណ្យហាជ្ជ ឬហៅថា ហាជ្ជី ក្នុងឆ្នាំ២០០៩ ហើយនៅមានក្រុមអ្នកទៅធ្វើបុណ្យហាជ្ជភាគច្រើនទៀតនឹងវិលមកកម្ពុជាវិញជាបន្តបន្ទាប់៕
