លោក ជា ស៊ីម មិន​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​ជួប​សួរ​សុខ​ទុក្ខ

ប្រធាន​ព្រឹទ្ធ​សភា លោក ជា ស៊ីម មិន​ព្រម​ជួប​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ចង់​ស្នើ​សុំ​ចូល​សួរ​សុខទុក្ខ​លោក​នោះ​ទេ។

លិខិត​របស់​ខុទ្ទកាល័យ​ប្រធាន​ព្រឹទ្ធសភា​ចុះ​ថ្ងៃ​ទី​២០ ខែ​សីហា អោយ​ដឹង​ថា លោក ជា ស៊ីម មមាញឹក​ក្នុង​ការងារ ពុំ​អាច​ជួប​ជា​មួយ​ក្រុម​សមាជិក​សភា និង​ព្រឹទ្ធ​សភា ដែល​ស្នើ​សុំ​ចូល​សួរ​សុខ​ទុក្ខ​នៅ​ថ្ងៃ​ទី​២២ ខែ​សីហា នោះ​បាន​ទេ។

ការ​លើក​ឡើង​របស់​ខុទ្ទកាល័យ លោក ជា ស៊ីម គឺ​ជា​ការ​ឆ្លើយ​តប​ចំពោះ​សំណើ​ចូល​សួរ​សុខ​ទុក្ខ​របស់​ក្រុម​មន្ត្រី​គណបក្ស សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​១៩ ខែ​សីហា។

សមាជិក​ព្រឹទ្ធ​សភា និង​ជា​ប្រធាន​ស្ដីទី​គណបក្ស សម រង្ស៊ី លោក គង់ គាំ មាន​ប្រសាសន៍​ថា នោះ​គ្រាន់​ជា​ការ​សួរ​សុខ​ទុក្ខ​ធម្មតា នៅ​ពេល​ពួក​គេ​ទទួល​ព័ត៌មាន​ពី​ស្ថាន​ភាព​សុខភាព​របស់​លោក ជា ស៊ីម៖ «ឮ​ថា​គាត់​មាន​សុខភាព​មិន​បរិបូណ៌​ហ្នឹង គឺ​ត្រូវ​តែ​សាក​សួរ​អ៊ីចឹង​ហើយ ដើម្បី​ការ​គួរ​សម។ យើង​អត់​មាន​ទទូច​ទេ ប្រហែល​ជា​គេ​គិតគូរ​ថា យើង​រំខាន​ដល់​ពេលវេលា​ថែ​ទាំ​របស់​គាត់​នឿយ​ហត់​អី​យ៉ាង​ណា។ យើង​បាន​ត្រឹម​តែ​ស្នើ​សុំ​ជា​ផ្លូវ​ការ ដើម្បី​នឹង​សាក​សួរ​ពី​សុខភាព​ហ្នឹង​ជា​ការ​គួរសម​ហើយ​ពុំ​មាន​ការ​អាក់​អន់​ចិត្ត​អី​ទេ»

មន្ត្រី​គណបក្ស សម រង្ស៊ី ដែល​មាន​បំណង​ចូល​សួរ​សុខ​ទុក្ខ លោក ជា ស៊ីម នោះ មាន​សមាជិក​ព្រឹទ្ធ​សភា លោក គង់ គាំ អ្នកស្រី កែ សុវណ្ណរតន៍ សមាជិក​សភា អ្នកស្រី មូរ សុខហួរ និង​លោក សុន ឆ័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។