ចិន​ចង់​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​៦​ម៉ឺន​ហិកតា​ធ្វើ​ចម្ការ​កៅស៊ូ

តំណាង​រដ្ឋាភិបាល​ចិន​ដី​គោក​កំពុង​ពិភាក្សា​ជាមួយ​មន្រ្តី​រាជ​រដ្ឋាភិបាល​ចង់​បាន​ដី ៦​ម៉ឺន​ហិកតា​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​កម្ពុជា​ដើម្បី​ធ្វើ​ចម្ការ​កៅស៊ូ។

ទីភ្នាក់ងារ​ព័ត៌មាន រ៉យទ័រ កាល​ពី​ថ្ងៃ​ទី​២២ កុម្ភៈ បាន​ស្រង់​ប្រសាសន៍​លោក លី ផល្លា ប្រធាន​អគ្គ​នាយកដ្ឋាន​ចម្ការ​កៅស៊ូ ឲ្យ​ដឹង​ថា ឯកអគ្គរដ្ឋទូត​ចិន​បាន​សម្ដែង​ទឹក​ចិត្ត​ចង់​បាន​ដី​ដាំ​កៅស៊ូ​ដើម្បី​នាំ​ចេញ​ទៅ​ក្រៅ ដែល​គេ​គិត​ថា អាច​ផលិត​កៅស៊ូ ៦​ម៉ឺន​តោន​សម្រាប់​នាំ​ចេញ។

លោក​ថា ចិន​ត្រូវការ​កៅស៊ូ​ច្រើន​ក្នុង​ផលិតកម្ម​ចាក់​កៅស៊ូ​កង់​រថយន្ត។ ថៃឡង់ដ៍​នាំ​ចេញ​កៅស៊ូ​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក​គឺ ២​លាន ៧​សែន ៤​ម៉ឺន​តោន ក្នុង​ឆ្នាំ​២០០៩។

ក្រៅ​ពី​ចិន ក្រុមហ៊ុន​យៀកណាម​ចំនួន​១១​បាន​ប្រកាស​ថា គេ​បាន​ទទួល​ដី​សម្បទាន​ដាំ​កៅស៊ូ ១​សែន​ហិកតា​រួច​ហើយ។ តាម​លោក លី ផល្លា ថា ក្រុមហ៊ុន​យៀកណាម​ខ្លះ​បាន​ធ្វើ​អាជីវកម្ម​ដាំ​កៅស៊ូ​តាំង​ពី​ឆ្នាំ​២០០៧ ហើយ​ទើប​តែ​ធ្វើ​អាជីវកម្ម​លើ​ផ្ទៃ​ដី ១​ម៉ឺន​ហិកតា​ប៉ុណ្ណោះ។

យៀកណាម​ដាក់​ទុន ២១០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០០៩។ យៀកណាម​នាំ​ទំនិញ​ចូល​កម្ពុជា​មាន​ទឹក​ប្រាក់ ១​ពាន់ ១​រយ​លាន​ដុល្លារ រីឯ​កម្ពុជា​នាំ​ទំនិញ​ចូល​យៀកណាម​មាន​ទឹក​ប្រាក់ ១៧២​លាន​ដុល្លារ៕