ប្រទេស​ចិន​ចង់​វិនិយោគ​ដំណាំ​កៅស៊ូ​នៅ​ស្រុក​ខ្មែរ

ទីភ្នាក់ងារ​ព័ត៌មាន អាកាប៉េ (AKP) រាយ​ការណ៍​ពី​ថ្ងៃ​សុក្រ​ថា នៅ​ក្រុង​ភ្នំពេញ​ក្នុង​ការ​សម្ដែង​ការ​ជម្រាប​លា​លោក​ឧប​នាយក​រដ្ឋមន្ត្រី សុខ អាន ខណៈ​ដែល​បញ្ចប់​បេសកកម្ម​នៅ​កម្ពុជា ឯកអគ្គរដ្ឋទូត​ចិន លោក​ស្រី ហ្សាង ហ្ស៊ិនហ្វេង (Zhang Jinfeng) បាន​មាន​ប្រសាសន៍​ថា មាន​ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​ចិន​ចង់​ដាំ​កៅស៊ូ​លើ​ដី​ទំហំ ៦​ម៉ឺន​ហិកតា​នៅ​ស្រុក​ខ្មែរ។

ជា​ការ​ឆ្លើយ​តប​វិញ​នោះ លោក សុខ អាន មាន​ប្រសាសន៍​ថា លោក​ស្វាគមន៍​ហើយ​នឹង​ជួយ​សម្រួល​ដល់​ការ​វិនិយោគ​លើ​ដំណាំ​កៅស៊ូ​នេះ ហើយ​និង​លើក​ទឹក​ចិត្ត​បន្ថែម​ទៀត​ដល់​ការ​វិនិយោគ​របស់​ចិន​លើ​ផ្នែក​ទេសចរណ៍ កសិ​-​ឧស្សាហកម្ម និង​ផ្នែក​កាត់​ដេរ​សម្លៀក​បំពាក់ ដែល​រួម​ចំណែក​យ៉ាង​ច្រើន​ដល់​កំណើន​សេដ្ឋកិច្ច​ខ្មែរ៕