ប្រភពព័ត៌មានចិនស៊ីនហួ រាយការណ៍កាលពីម្សិលមិញថា ក្នុងជំនួបជាមួយលោកឧបនាយករដ្ឋមន្ត្រី ស ខេង និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃអង្គារម្សិលមិញ លោក Meng Jianzhu សមាជិកក្រុមប្រឹក្សារដ្ឋាភិបាលចិននិងជារដ្ឋមន្ត្រីសន្តិសុខសាធារណៈ បានអំពាវនាវសុំឲ្យមានសហប្រតិបត្តិការបន្ថែមជាមួយរាជរដ្ឋាភិបាលខ្មែរក្នុងការទប់ស្កាត់ប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជនអន្តោប្រវេសន៍ខុសច្បាប់ ការបញ្ជូនជនសង្ស័យពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មត្រឡប់ទៅប្រទេសដើមវិញនិងពង្រីកវគ្គហ្វឹកហ្វឺនដល់អាជ្ញាធរប៉ូលិសនៃប្រទេសទាំងពីរ។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង ក៏បានបញ្ជាក់ប្រាប់លោក Meng Jianzhu សមាជិកក្រុមប្រឹក្សារដ្ឋាភិបាលចិនថា រាជរដ្ឋាភិបាលខ្មែរវាយតម្លៃខ្ពស់នៃទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជានិងចិន ហើយប្រុងប្រៀបរួចជាស្រេចដើម្បីពង្រឹងពង្រីកសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំងពីរ។
សូមជម្រាបថា ក្នុងជំនួបនេះ លោក ស ខេង និងលោក Meng Jianzhu ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានិងសហប្រតិបត្តិការនៃរដ្ឋាភិបាលប្រទេសទាំងពីរ ក្នុងការទប់ស្កាត់ការជួញដូរនិងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់៕
